Monday, October 12, 2015

Study Of Story Khmer សិក្សាអត្ថបទរឿង “ចន្ទកុមារជាតក”

                   ជំពូក១៖ សិក្សាអត្ថបទរឿង “ចន្ទកុមារជាតក”
I.          សិក្សាប្រភពរឿង
១. ទីតាំងស្នាដៃ
                រឿងចន្ទកុមារដែលយើងខ្ញុំនឹងលើកយកមកសិក្សាក្នុងពេលនេះជារឿង ដែលដកស្រង់យកតាម ស្នាដៃ​​​របស់បណ្ឌិតមហា ឈឹម សុមន៍ ក្នុងសៀវភៅដែលមានចំណងជើងថា​​ "សង្ខេបទសជាតក៍” ចាប់ពីទំព័រ ២០៣​ដល់ ២១៦​ ដែលបោះពុម្ពលើកទី៦ នាពុទ្ធសករាជ ២៥១៤ ត្រូវនឹងគ្រិស្ដសករាជ ១៩៧១​ដោយរោងពុម្ព​-តារារស្មី។
២. ប្រភព
រឿងចន្ទកុមារនេះជារឿងពុទ្ធនិយមសុទ្ធ មានក្នុងគម្ពីរពុទ្ធសាសនា ពោលគឺមាន​នៅក្នុង​ទសជា​តក​ដែលប្រភពដើមជាភាសាបាលី មានក្នុងគម្ពីរ ខុទ្ទកនិកាយជាតក មហានិបាត ដែលគេប្រកាន់​ជឿ​ថាជា​ពុទ្ធវចនៈហើយ និងក្នុងគម្ពីរជាតកអដ្ឋកថាដែល​មានមកជាងពីរពាន់ឆ្នាំមកហើយ។ ចំពោះរឿងនេះ ក្នុង គម្ពីរ​ត្រៃបិតកគឺមាននៅ​ក្នុងព្រះសូត្រ ត្រូវនឹងភាគទី​៦២ ដែលមានជាភាសាបាលី ព្រមទាំងមាន​ការ​ប្រែជា ភាសា​ខ្មែរ​ ប៉ុន្តែសុទ្ធ​តែជា​គាថា​ខ្លីៗ លំបាកយល់ លំបាកស្ដាប់ ហើយដំណើររឿងមានលក្ខណៈ កាត់ៗ គ្មាន​ការផ្ដើម ឬជួនកាលគ្មានបញ្ចប់ ដែល​ជាប្រការមួយជាឧបសគ្គសម្រាប់ការសិក្សា​។ ទន្ទឹមនឹង​នេះ សេចក្ដីក្នុង​អដ្ឋកថា ដែលជាគម្ពីរសម្រាយនូវពុទ្ធវចនៈ ទើបដំណើររឿងមា​នសេចក្ដីក្បោះក្បាយ។
ឯអ្នកប្រាជ្ញក្នុងប្រទេសខ្មែរនាសម័យបុរាណបានប្រែសម្រាយពីគម្ពីរអដ្ឋកថាយ៉ាង​​ពិស្ដារ ហើយចារ​ក្នុង​​សាស្រ្តា​ស្លឹករឹត តួយ៉ាងដូចជា​សាស្រ្តាស្លឹករឹតបុរាណខ្មែរលេខបញ្ជី ៧៥៧ ដែលវិទ្យាស្ថាន​ពុទ្ធសាសន-​បណ្ឌិត​​​បាន​មកពីខេត្តកំពង់ឆ្នាំង ព.ស ២៤៧០ ជាដើម។
រឿងចន្ទកុមារជារឿងជាតកទី៧ គឺជាជាតិទី៧នៃជាតិចុងក្រោយទាំង១០របស់ព្រះសម្មាសម្ពុទ្ធ កាល​ទ្រង់នៅជាព្រះពោធិសត្វហើយត្រាច់រង្គាត់បំពេញបារមីក្នុងវដ្តសង្សារដើម្បីបានត្រាស់ជាព្រះពុទ្ធ​។
ហេតុដូចជាការបង្ហាញខាងលើ ការសិក្សារឿងក្នុងពេលនេះគឺយកតាមស្នាដៃរឿងដែលជាការ​រៀប-​រៀង​​ដោយ បណ្ឌិតមហា ឈឹម សុមន៍ ក្នុងសៀវភៅដែលមានចំណងជើងថា “សង្ខេបទសជាតក៍” ​ព្រោះ​ជា​រឿង​ដែល​មានសេចក្តីសម្រាយងាយអាន ងាយ​យល់​​ មានការផ្ដើម និង បញ្ចប់ត្រឹមត្រូវ។​
៣. កាលបរិច្ឆេទ
បើនិយាយពីកាលបរិច្ឆេទនៃការតែងនិពន្ធរឿងចន្ទកុមារ គឺមានតមកក្នុង​គម្ពីរត្រៃបិដក​ដែលជា​ពុទ្ធ-​វចនៈ​​របស់ព្រះបរមសាស្ដាចារ្យនៃយើង នៅប្រមាណជាសតវត្សទី ៦មុនគ.ស ហើយត្រូវបានសម្រាយពន្យល់​យ៉ាង​ក្បោះ​ក្បាយ​ក្នុងគម្ពីរអដ្ឋកថាជាភាសាបាលីដែលមានអាយុកាលមកជាងពីរពាន់ឆ្នាំដូចគ្នា។
ដោយឡែករឿងចន្ទកុមារដែលជាស្នាដៃនៃការចងក្រងរៀបរៀង និងប្រែសម្រួលជាភាសាខ្មែរដោយ​បណ្ឌិតមហា ឈឹម សុមន៍ ​ក្នុងសៀវភៅ “សង្ខេបទសជាតក៍” តាក់តែងឡើងក្នុងគ.ស ១៩៦០ និងបានបោះពុម្ព​លើកទី១នៅឆ្នាំ ១៩៦៣។
៤. អំពីអ្នកនិពន្ធ
                    ក.ជីវប្រវត្តិ
          លោកសាស្រ្តាចារ្យ ឈឹម សុមន៍ កើតក្នុងគ.ស ១៩០៥ ដែលត្រូវនឹងព.ស ២៤៥០ នៅឃុំបរសែត ស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ។
            លោកបានសាងផ្នួសជាសាមណេរក្នុងអាយុ​​ ១២ឆ្នាំ(ព.ស​២៤៦២) បានសិក្សាក្នុងសំណាក់លោ​កគ្រូ​អាចារ្យ កន នៅឃុំវាល ស្រុកគងពិសី ដែលជាអ្នកប្រាជ្ញឆ្នើមមួយរូបក្នុងជំនាន់នោះ។ ក្នុងសំណាក់​នៃលោក​-គ្រូ​​រូប​នេះ សាមណេរឈឹម សុមន៍បានរៀន​មេសូត្រ រៀនតាំងតួ រៀនប្រែសម្ពន្ធមូលកច្ចាយនៈ រៀនប្រែ​គម្ពីរ-​ធម្ម​បទដ្ឋ​កថា (ស្លឹករឹត) ក្នុងរយៈពេល ៤ឆ្នាំ។
            ដល់លោកមានអាយុ ២០ឆ្នាំ បានចូលរៀនមូលកច្ចាយនៈវេយ្យាករណ៍ និងសម្ពន្ធម្ដងទៀតក្នុង​សំណា​ក់ព្រះតេជព្រះគុណព្រះវិភទ្ទញ្ញាណ សោម ឡុច (មហា៤ប្រយោគ)វត្តលង្កា ក្រុងភ្នំពេញ។​
            ដល់អាយុ ២១ឆ្នាំ ទើបបំពេញឧបសម្បទាជាភិក្ខុ ជាសិស្សសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ។​ លោក បាន​រៀនផ្ទាល់ពីសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ព្រះសង្ឃរាជគណៈមហានិកាយ កាលព្រះ​អង្គ​នៅជា​គ្រូសង្ឃសត្ថា សាស្រ្តាចារ្យសាលាបាលីជាន់ខ្ពស់។ ក្នុងឆ្នាំដដែលនោះលោកបានប្រឡងជា​ប់សាលា​បាលី​ជាន់ខ្ពស់ ហើយបានធ្វើជាគ្រូឧទ្ទេសាចារ្យបង្រៀនបាលី នៅវត្តលង្កាកុសុមារាមក្រុងភ្នំ​ពេញជាវត្ត​មាន​សិស្ស​ច្រើនជាងគេ ទូទាំងប្រទេស អស់៥ឆ្នាំ ទើបព្រះអាចារ្យអ៊ុក ជា បង្រៀនជំនួសតមកទៀ​ត។
            ក្នុងអាយុ ២៤ឆ្នាំ លោកបានបង្រៀនវិជ្ជាខ្មែរ ដល់សិស្សខ្មែរមកពីវៀតណាមខាងត្បូង សិស្ស​លាវ​មក​ពីប្រទេសលាវ​ និងកូនចៅទាហាន។
            ឋានៈ និងតួនាទីដែលទទួលបាន៖         
            ¬ ជាគ្រូបង្រៀនសាលាបាលីរង វត្តលង្កា ក្រុងភ្នំពេញ
            ¬ ជាសមាជិកក្រុមជំនុំបកប្រែព្រះត្រៃបិដក
            ¬ ជាសាស្រ្តាចារ្យ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ក្រុងភ្នំពេញ
            ¬ ជាសមាជិកក្រុមប្រឹក្សាអភិបាលនៃសមាជិកអ្នកនិពន្ធខ្មែរ
            លោកបានលាចាកសិក្ខាបទមកជាគ្រហស្ថ និងមានភរិយាឈ្មោះនុត សៀក។ ចំពោះបុត្រមិនបាន​ដឹងច្បាស់លាស់ទេ ប៉ុន្តែគ្រាន់តែដឹងថាលោកមានកូនប្រុសម្នាក់ឈ្មោះ ឈឹម សុមេធ បច្ចុប្បន្នបម្រើការ​នៅ​វិទ្យុ​សំឡេង​​សហរដ្ឋអាមេរិច។
                    ខ. ស្នាដៃ
ស្នាដៃនៃការតែងនិពន្ធក្បួនច្បាប់ គឺលោកបាននិពន្ធសៀវភៅចំនួន ៣៣ឈ្មោះ ចែកជាភាគមា​ន៖
            ១. ធម្មបទកថា នានានិទាន(អាគារវិន័យ)
            ២. វេយ្យាករណ៍បាលី
            ៣. ប្រស្នាវិន័យភាគ១-២-៣-៤
            ៤. ពុទ្ធប្រវត្តិកថា(ប្រវត្តិទី១នៃព្រះពុទ្ធសាសនា)
            ៥. អធិប្បាយគាថាធម្មបទ ភាគ ១-២-៣-៤
            ៦. ឧភយពាក្យវិលាសិនី ភាគ១ ខ្មែរ-បាលី ភាគ ១-២
            ៧. ជាតកធម្មបទ (គំរូតែងរឿង)
            ៨. វិជ្ជាគុណកថាពាក្យកាព្យ
            ៩. ទសានុស្សតិ និងព្រះត្រៃលក្ខណ៍
            ១០. វិធីសម្ពន្ធសង្ខេប
            ១១. អត្ថនិទស្សន៍ការពន្យល់សេចក្ដីនៃពាក្យ(បរមត្ថ)
            ១២. បញ្ញាសជាតក
            ១៣. កុម្ភជាតក
            ១៤. ពុទ្ធឃោសាចារ្យប្រវត្តិ
            ១៥. សង្គហធម៌ ៤ប្រការ
            ១៦. អត្ថាធិប្បាយសុភាសិត(កាព្យបទផ្សេងៗ)
            ១៧. ប្រវត្តិសម្ដេចព្រះធម្មលិខិត​​ ល្វី ឯម
            ១៨. គោត្តមប្រវត្តិ(ពាក្យកាព្យ)
            ១៩. ពុទ្ធប្បវត្តិកថា និងសង្គីតិប្រវត្តិ(ប្រវត្តិទី២)
            ២០. រឿងសម្រំាង(ការអានសរសេរតាមសូត្រ)
            ២១. អត្ថ និងទស្សន៍ភាគទី២ បទានុក្រមក្នុងទសជាតក៍
            ២២. សង្ខេបទសជាតក៍សម្រាប់ថ្នាក់ទី២ទំនើប
            ២៣. ធម្មាធម្មកថា(របៀបទេសនា)
            ២៤. ពហុការធម្មកថា
            ២៥. សប្បុរិសធម្មកថា
            ២៦. ខេមាខេមសរណគមន៍
            ២៧. បុណ្ណោវាទសូត្រ
            ២៨. វិធុរោវាទ
            ២៩. កម្មបទកថា
            ៣០. ព្រះពុទ្ធសាសនា
            ក្រៅពីនេះនៅមានស្នាដៃលោកជាច្រើនទៀតក្នុងទស្សនាវដ្ដីកម្ពុជសុរិយា និងទស្សនាវដ្ដីពន្លឺ​ពុទ្ធចក្រ មិត្ត​សាលាបាលី ពុទ្ធិកសិក្សាជាដើម។
            លោកបណ្ឌិតមហាឈឹម សុមន៍ ប្រហែលបានអនិច្ចកម្មនៅឆ្នាំ......(១៩៧៥?)
          អត្ថបទដកស្រង់ចេញពីស្នាដៃផ្ទាល់ ៖ ព្រះពុទ្ធសាសនា
            ព្រះពុទ្ធសាសនាប្រភេទ៖ ព្រះពុទ្ធសាសនាចែកចេញជាច្រើនប្រភេទផ្សេងៗគ្នាដោយពាក្យ ហៅមាន​​ច្រើនប្រការ គឺមានប្រការដោយការសំដៅដល់វិមុត្តិរស មាន២ប្រការ ដោយការសំដៅដល់ ធម៌ និងវិន័យ​មាន​៣​ប្រការ ដោយការសំដៅដល់បឋមពុទ្ធវចនៈ មជ្ឈិមពុទ្ធវចនៈ និងបច្ឆិមពុទ្ធវចនៈ។
            បានសេចក្ដីថា មានរសឆ្ងាញ់ពិសានៅត្រង់ការញ៉ាំងសត្វ អ្នកប្រតិបត្តិតាមឲ្យបាននូវវិមុត្តិជាសម្លា​ញ់​។ ការ​រួចស្រឡះ ឬការគេចផុតស្រឡះពីសឹកសត្រូវគឺកិលេស លោកហៅថាវិមុត្តិ គឺជាព្រះនិព្វាន។ ព្រះពុទ្ធ -​សាសនា​​ទោះបីជាដំបូន្មានមានបែបបទច្រើនយ៉ាងណាក៏ដោយ ក៏ដំបូន្មានទំាងនោះសុទ្ធតែ​ជាពាក្យ​​កៀង​ប្រមូល​សត្វ​ឲ្យ​ចូលទៅកាន់ព្រះនិព្វានតែមួយមុខប៉ុណ្ណោះ ព្រោះហេតុនោះបានជាឳជារ​សនៃដំបូន្មាន​​ទំាំង -​នោះ​លោកហៅថា វិមុត្តិរស។
            វិន័យបិតកគឺជាគម្ពីរដែលរួបរួមពុទ្ធប្បញ្ញតិ្ត និងពុទ្ធានុញ្ញាតទំាងអស់ហៅថា វិន័យ ព្រះពុទ្ធវចនៈ​​ដ៏វិសេស​ក្រៅចាកវិន័យហៅថា ធម៌។
            ត្រង់ឧទានគាថាដែលព្រះសាស្ដាទ្រង់នឹកភ្នកអស្ចារ្យក្នុងព្រះទ័យលាន់ចេញមកជាព្រះវាចាក្នុងកាល​ដែលទើបបានត្រាស់ថ្មីៗថា៖
            “កាលតថាគតអន្ទោលទៅមកយោនយកកំណើតក្នុងសង្សារវដ្ដអស់ជាតិជាអនេកស្វែងរកជាង​ផ្ទះ​គឺតណ្ហា មិនទាន់បានជួបប្រទះនៅឡើយ ម្ល៉ោះហើយជាតិតែងនាំមកនូវសេចក្ដីទុក្ខលំបាកជារឿយ​ៗ នែ​ជាងផ្ទះ តថាគត​រកឃើញអ្នកហើយ អ្នកលែងបានសង់ផ្ទះគឺអត្តភាពឲ្យតថាគតទៀតហើយ(ព្រោះ​ថា)​​គ្រឿងប្រក់របស់អ្នក តថាគត​​បោចរោចបំបាក់រលីងហើយទំាងកំពូលផ្ទះ តថាគតកាច់ចោលហើយ​ដែរ ចិត្ត(របស់​តថាគត)ផុតស្រឡះ​ចាក​ការតាក់តែងហើយព្រោះតថាគតបានដល់នូវការអស់ទៅនៃ​តណ្ហានេះ​ហៅ​ថា​បឋមពុទ្ធវចនៈ”។
            ពុទ្ធវចនៈដែលព្រះមានព្រះភាគទ្រង់ត្រាស់ផ្ដាំជាបំផុតក្នុងកាលទៀបបរិនិព្វានជាអវសាន្ដ ឧទាន​ថាៈ “ម្នាលភិក្ខុទាំងឡាយ! ឥឡូវនេះ តថាគតផ្ដាំអ្នករាល់គ្នាថា សង្ខារទាំងឡាយរមែងមានសភាព​សោះសូន្យ​ទៅជា​ធម្មតា​(ហេតុនេះ)អ្នករាល់គ្នាចូរញ៉ាំងកិច្ចការទាំងពួងឲ្យបានសម្រេចដោយសេចក្ដី​មិនប្រហែសធ្វេស” នេះ​ហៅ​ថា​បច្ឆិម​ពុទ្ធវចនៈ។
            ពុទ្ធវចនៈទាំងអស់ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថាក្នុងកាលជាចន្លោះ ជាកណ្ដាលនៃពុទ្ធ​វចនៈ​ទាំងពីរ គឺបឋមពុទ្ធវចនៈ និងបច្ឆិមពុទ្ធវចនៈហៅថា មជ្ឈិមពុទ្ធវចនៈ។​ (ទស្សនាវដ្ដីពុទ្ធិកសិក្សា ឆ្នាំ​ទី០១ លេខ ៦ ខែធ្នូ ឆ្នាំ ១៩៥៦ទំព័រទី៤០-៤២)
II.         សង្ខេបរឿង
កាលព្រះពុទ្ធគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបញ្ជាឲ្យខ្មាន់ធ្នូ ៣១នាក់​មកធ្វើគុត​ព្រះអង្គ​ ប៉ុន្តែមិនបាន​សម្រេច​ ដោយខ្មាន់ធ្នូទាំងនោះត្រូវព្រះអង្គសម្ដែងអរិយសច្ចៈរហូតសម្រេចសោតាបត្តិផល។​ ភិក្ខុសង្ឃ​​ទាំងឡាយ​​បាន​ជ្រាប​រឿងហើយនាំគ្នាសរសើរបារមីព្រះសាស្ដា ព្រះពុទ្ធជាបរមសាស្ដាទ្រង់ត្រាស់​ថា “មិនតែ​ជាតិ​ឥឡូវនេះទេ ពី​ដើមមកក៏ធ្លាប់យ៉ាងនេះដែរ” ហើយទ្រង់បាននាំអតីតនិទានមកសម្ដែងថា៖
អតីតេ ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅមានព្រះរាជបុត្រព្រះបាទវសវតី ព្រះនាមព្រះ​បាទ-​​​ឯករាជ​ សោយរាជ្យនានគរបុប្ផវតី មានរាជបុត្រព្រះនាមចន្ទកុមារជាឧបរាជ។ កណ្ឌហាលព្រាហ្ម​ណ៍​ជា​អ្នក-​បង្រៀន​​​ប្រដៅ​ អត្ថ និងធម៌។ កណ្ឌហាលព្រាហ្មណ៍កាន់តំណែងខាងវិនិច្ឆ័យតែងស៊ីសំណូក​ហើយ​កាត់ក្ដី​ដោយ​អយុត្តិធម៌​។​ ថ្ងៃមួយមានអ្នកចាញ់ក្ដីទៅទូលរឿងរបស់ខ្លួនដល់ព្រះចន្ទកុមារ ព្រះចន្ទ​កុមារបានយក​សំណុំ​រឿងមកពិនិត្យ ហើយកាត់សេចក្ដីតាមគតិយុត្តិធម៌។ ព្រះរាជាទ្រង់ជ្រាបរឿងនេះ ព្រះអង្គបាន​ដកហូត​តំណែង​កណ្ឌហាល​ព្រាហ្ម​ណ៍ ហើយតែងតាំងព្រះចន្ទកុមារជាអ្នកវិនិច្ឆ័យវិញ។​ នេះធ្វើឲ្យកណ្ឌហាល​មាន​ការគុំគួន គិត​ផ្តន្ទាជាមួយព្រះចន្ទ​កុមារ​ជានិច្ច។
ថ្ងៃមួយព្រះបាទឯករាជទ្រង់សុបិននិមិត្ត ឃើញបានទៅស្ថានត្រៃត្រឹង្ស ហើយចង់ទៅកើតនៅ​ឋា​នសួគ៌​នោះ ទើបសួរទៅកាន់កណ្ឌហាលព្រាហ្មណ៍ថា “តើខ្ញុំត្រូវធ្វើបុណ្យដូចម្ដេច ទើបទៅកើតនៅ​ឋានត្រៃត្រឹង្ស? ចូរអ្នក​ប្រាប់ខ្ញុំឲ្យធ្វើឲ្យខាងតែបានទៅកើតដូចប្រាថ្នា”។
កណ្ឌហាលព្រាហ្មណ៍ទូលថា “សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់នូវ​បុគ្គ​ល​​​ដែលមិនគួរសម្លាប់ ទើបបានទៅកើតឯស្ថានសួគ៌។ ព្រះអង្គគប្បីបូជាយញ្ញដោយបុត្រទំា​ងឡាយ ៤ ព្រះអគ្គ​មហេសីទំាងឡាយ៤ សេដ្ឋីទាំងឡាយ៤ គោឧសភរាជទំាងឡាយ៤ សេះជាអាជា​នេយ្យទាំងឡាយ៤ ហើយនិង​សត្វ​ទាំងឡាយមួយមុខៗ សុទ្ធតែ៤ៗ ទើបបានទៅកើតឯឋានសួគ៌”។
បន្ទាប់មកព្រះរាជាទ្រង់បានចេញរាជបញ្ជាឲ្យទៅចាប់រាជកុមារទាំងឡាយ មានចន្ទកុមារ សុរិយកុមារ ភទ្ទសេន​កុមារ សុរកុមារ និងរាមគោត្តកុមារ កុមារីទាំងឡាយមាន នាងឧបសេនា នាងកោកិលា នាង​​មិទិតា និងនាង​នន្ទា មហេសីទាំងឡាយមាន នាងវិជយា នាងឯរាវតី នាងកេសិនី និងនាងសុនន្ទា គហ​បតីទាំងឡាយ​មានបុណ្ណមុខ ភទ្ទិយ លិង្គាល​ និងវឌ្ឍ ព្រមទាំងសត្វដែលមានឈ្មោះល្បីក្នុងព្រះនគរផង ដើម្បីជា​ប្រយោជន៍​ដល់​ការបូជា​យញ្ញ​។ សូរសម្រែកដ៏គួរឲ្យខ្លោចផ្សានៃមនុស្សប្រុសស្រី ចាប់ផ្ដើម លាន់ឮឡើងពេញរាជបុរី។
ព្រះមាតា និងព្រះបិតាព្រះបាទឯករាជទ្រង់ឃាត់ថា “ម្នាលកូនអើយ អ្នកកុំជឿកណ្ឌហាលព្រា​ហ្មណ៍​ថា សុគតិបានដល់ការបូជាបុត្រ ភរិយាជាដើមយ៉ាងនេះឡើយ ផ្លូវហ្នឹងជាផ្លូវទៅកាន់នរក ចូរអ្នក​ឲ្យទាន​ដល់​សម​ណៈ​ ជីព្រាហ្មណ៍វិញ ទើបជាផ្លូវនៃសុគតិភព”។
ព្រះចន្ទកុមារអង្វរថា “បពិត្រព្រះបិតា សូមទ្រង់កុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គ​ព្រះរាជទានទូលបង្គំជាខ្ញុំទំាងឡាយឲ្យជាទាសករនៃកណ្ឌហាលព្រាហ្មណ៍ ឬក៏បំបរបង់ចា​កព្រះនគរក៏បាន”។
ព្រះបាទឯករាជទ្រង់តបថា “អ្នកទំាងឡាយបង្កើតទុក្ខដល់យើង យំស្រែកព្រោះចង់បានជីវិត ចូរអ្នក​លែង​​​កុមារទាំងឡាយទៅ ការបូជាយញ្ញដោយកូនល្មមលើកលែង”។ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍​ទូលថា “ការ-​បូជាយញ្ញ​ជាអំពើធ្វើបានដោយកម្រ ជនទាំងឡាយណាបូជាដោយខ្លួនឯងក្ដី ឲ្យគេបូជាក្ដី ឬគ្រាន់តែ​អនុមោ- ទនាតាមការ​បូជា​មហា​យញ្ញក្ដី ក៏រមែង​ទៅកាន់សុគតិភពដែរ”។
ព្រះចន្ទកុមារបានតវ៉ាដោយលើកយករឿងពីកុមាររហូតដល់ពេញកម្លោះថា ឥតមានទោស​កំហុ​ស​សោះ និងជាមនុស្សពាក់គ្រឿងក្រោះ ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រ ពុំមែនសម្រាប់បូជាយញ្ញទេ។
ព្រះរាជាទ្រង់លើកលែងការបូជាយញ្ញ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍នៅតែទទូចទាមទារដដែលៗ ហើយ​ព្រះ​​ចន្ទ​កុមារបានតបទៅវិញដោយពោលថា “បើជនណាត្រូវបូជាយញ្ញហើយទៅកើតនៅឋានទេវលោក​មែន កណ្ឌហាល​ព្រាហ្ម​​ណ៍​គប្បីបូជាកូនគាត់មុនចុះ សឹមបូជាខ្ញុំជាក្រោយ”។ ពេលនោះកណ្ឌហាលព្រាហ្ម​ណ៍​ហាក់​ដូចជា​គាំង​មួយស្របក់ វសុលរាជកុមារ និងសេលារាជកុមារីបម្រះននៀល និងទូលអង្វរទៅ​ព្រះរា​ជា​ជា​អយ្យកោថា “សូម​ព្រះអង្គ​កុំ​​សម្លាប់ព្រះបិតាខ្ញុំព្រះអង្គឡើយព្រោះខ្ញុំព្រះអង្គនៅក្មេង”។ ព្រះ​រាជាក៏ឲ្យលើកលែង​ការបូជាយញ្ញ​ទៀត​ ប៉ុន្តែ​កណ្ឌហាល​ទូលឲ្យព្រះរាជាយាងចេញទៅទុកខ្លួនជាអ្នកទទួ​លខុសត្រូវចំពោះពិធីនេះ ដោយឲ្យ​ព្រះរាជា​ចំា​រីករាយ​នៅ​ស្ថាន​សួគ៌ ហើយឲ្យយកចន្ទកុមារ និងសុរិយ​កុមារនៅកាន់​កន្លែងបូជា​យញ្ញ​មុនគេ។
ព្រះនាងគោត្តមីទេវី ជាព្រះមាតាព្រះចន្ទកុមារបានបម្រះននៀលទៀបបាទាព្រះរាជាទូលថា “ខ្ញុំម្ចាស់​ជា​​ស្រី​ឆ្កួត សាបសូន្យចាកសេចក្ដីចម្រើន ប្រឡាក់ប្រឡូសដោយធូលីដី ឬបែកធ្លាយនូវជីវិតឥន្រ្ទី​យ៍បើគេ​សម្លាប់​​​​ចន្ទកុមារ និងសុរិយកុមារ...” ហើយក៏ដួលសន្លប់បាត់ស្មារតី។ ព្រះចន្ទកុមារស្ទុះមកឳប មាតា​សោយ-​សោកថា “បពិត្រ​ព្រះមាតា ព្រះអង្គបានបង្កើតបុត្រ មានទុក្ខព្រួយច្រើនព្រោះតែការចិញ្ចឹម​ខ្ញុំជាកូន ខ្ញុំសូមលា​ព្រះមាតា​ទៅ​កាន់​ស្លាប់​​ដើម្បីព្រះបិតាទៅកាន់ស្ថានសួគ៌ ហើយសូមព្រះមាតាអនុ​ញ្ញាតិឲ្យ​ខ្ញុំថ្វាយបង្គំ​ព្រះមាតា​ទៅកាន់​ទីព្រាត់​ប្រាស​”។ ព្រះនាងចន្ទាទេវីជាមហេសីចន្ទកុមារ​ បានប្រហា​រខ្លួនឯងដោយបាតដៃទាំងពីរ ហើយ​ពិលាបថា “​ការ​រស់​នៅ​ក្នុងលោកនេះល្មមប៉ុណ្ណឹងហើយ អញនឹងផឹ​កថ្នាំពិសឲ្យស្លាប់”។​​ ក្នុងគ្រាដែល​ព្រះចន្ទកុមារ និងសុរិយកុមារ​រៀប​ត្រូវប្រហារដើម្បីបូជាយញ្ញ ព្រះនា​ងចន្ទាបញ្ចាលរាជធីតា​បានស្ទុះចូល​តាម​ចន្លោះពួកបរិស័ទ ហើយស្រែក​ប្រកា​ស​ថា “កណ្ឌហាលព្រាហ្មណ៍ជាមនុស្សអាក្រក់យល់ខុសធ្វើបាបកម្ម  ខ្ញុំ​សូមស្លាប់ជាមួយព្រះស្វាមី និង សូមឲ្យ​ពួកអ​មនុស្សជួយធ្វើសេចក្ដីខ្វល់ខ្វាយ ចំពោះមនុស្ស​ដែលត្រូវ​ពួក​បច្ចា-​មិត្រផ្ចាញ់”។ ព្រះឥន្ទ្រាធិរាជ​ទ្រង់ សណ្ដាប់​ហើយ​ក៏គ្រ​វីដែកស្រែកគម្រាមព្រះបាទឯករាជថា “ម្នាល​ស្ដេចកាឡ-​កណ្ណី​អប្រិយលាមក អញនឹងសំពង​​​​​​​​​​ក្បា​លឥឡូវ ឯងមានដែលឃើញពីអង្កាល់អ្នកដែលសម្លាប់បុត្រ មហេសី សេដ្ឋី គហបតី ព្រោះប្រាថ្នាស្ថាន សួគ៌​នោះ​”។ រំពេចនោះព្រះរាជា និងកណ្ឌហាលព្រាហ្មណ៍​បានស្ទុះ​ទៅ​ស្រាយ​ចំណងជនទាំងនោះ។ ជនទាំងនោះរួច​ពី​ចំណងហើយក៏នាំគ្នា​យកដុំដីគប់កណ្ឌហាលព្រាហ្មណ៍​រហូត​ដល់ស្លាប់ និងធ្វើពិធី​រាជាភិសេក លើកស្វេត​ឆ័ត្រ​ថ្វាយព្រះចន្ទកុមារ។ ព្រះចន្ទកុមារសោយរាជ្យ​ប្រកប​ដោយ​ធម៌ក្នុងការបរិ​ច្ចាគទាន ដរាបដល់អវសាន្ត​នៃជីវិតទៅ​កើតក្នុងស្ថានសួគ៌ទេវលោក។
ជាចុងក្រោយព្រះពុទ្ធជាបរមសាស្ដាបានសម្ដែងថា៖ “កណ្ឌហាលព្រាហ្មណ៍កាលនោះគឺទេវទត្តនេះ ព្រះនាងគោត្តមីទេវីគឺព្រះនាងមហាមាយា ព្រះនាងចន្ទាទេវីគឺជាមាតានៃរាហ៊ុល វសុលរាជកុមារគឺជារាហ៊ុល សេលារាជកុមារីគឺនាងឧប្បលវណ្ណា សុរកុមារគឺជាអានន្ទ រាមគោត្តកុមារគឺកស្សប ភទ្ទសេនកុមារ​គឺ​មោគ្គល្លាន សុរិយកុមារគឺសារីបុត្រ ព្រះឥន្ទ្រគឺជាអនុរុទ្ធ បរិស័ទទាំងឡាយគឺបរិស័ទក្នុងកាលឥឡូវនេះ ឯ​ព្រះចន្ទ​កុមារ​គឺជា​អង្គអញតថាគតអរហន្តសម្មាសម្ពុទ្ធហ្នឹងឯងហោង”។
III.​   វិភាគតួអង្គសំខាន់ៗ
ក. រាយឈ្មោះ និងមុខងាររបស់តួអង្គ
១. ព្រះបាទឯករាជ ព្រះមហាក្សត្រនៃនគរបុប្ផវតី
២. កណ្ឌហាលព្រាហ្មណ៍ ជាមនុស្សជំនិតព្រះបាទឯករាជ
៣. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
៤. ព្រះមាតាព្រះបាទឯករាជ
៥. ព្រះវសវតី ព្រះបិតាព្រះបាទឯករាជ
៦. វសុលរាជកុមារ បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
៧. សេលារាជកុមារី បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
៨. ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាព្រះចន្ទកុមារ
៩. ព្រះនាងចន្ទាទេវី មហេសីព្រះចន្ទកុមារ
១០. ព្រះឥន្ទ្រាធិរាជ
១១. សុរិយកុមារ បុត្រព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
១២. ភទ្ទសេនកុមារ រាជបុត្រព្រះបាទឯករាជ
១៣. សុរកុមារ រាជបុត្រព្រះបាទឯករាជ
១៤. រាមគោត្តកុមារ
១៥. នាងឧបសេនា
១៦. នាងកោកិលា
១៧. នាងមិទិតា
១៨.​ នាងនន្ទា
១៩. ព្រះនាងវិជយា
២០. ព្រះនាងឯរាវតី
២១. ព្រះនាងកេសនី
២២. ព្រះនាងសុនន្ទា
២៣. អ្នកចាញ់ក្ដី
២៤. គហបតីបុណ្ណមុខ
២៥. គហបតីភទ្ទិយ
២៦. គហបតីលិង្គាល
២៧. គហបតីវឌ្ឍ
២៨. គោឧសភ
២៩. សេះអាជានេយ្យ
៣០.​ ពួកបរិស័ទ
៣១. សមណៈជីព្រាហ្មណ៍
ខ. វិភាគតួអង្គសំខាន់
១. ព្រះបាទឯករាជ
Ë គុណសម្បត្តិ
¬ ជាព្រះមហាក្សត្រនៃនគរបុប្ផវតី
¬ ជាបិតាដែលមានទឹកចិត្តអាណិតអាសូរ ស្រឡាញ់បុត្រ និងមហេសី
Ë គុណវិបត្តិ
¬ សេពគប់ជាមួយបុគ្គលអាក្រក់មានចិត្តពាលសាមាន្យដូចជាកណ្ឌហាលព្រាហ្មណ៍
¬ ជាមនុស្សងងឹតងងល់ឥតមានគំនិតត្រិះរិះពិចារណា ជាក់ស្ដែង ការបូជាបុត្រ មហេសី សេដ្ឋី គហ-​បតី និងសត្វផ្សេងទាំងឡាយ គឺត្រូវបានមនុស្សជាច្រើនជាញាតិវង្សមានមាតាបិតា មហេសី បុត្រ ជាដើម​យល់​ច្បាស់​ណាស់ថាជាទង្វើអាក្រក់នាំខ្លួនឲ្យធ្លាក់ទៅនរក ក៏ព្រះបាទឯករាជនេះនៅងងើលហាក់​មិនបាន​យល់​អ្វី​ទាល់តែសោះ
¬ ចង់ទៅកើតឯស្ថានសួគ៌ហួសហេតុ តែមិនយល់ថាអ្វីជាអំពើល្អ អ្វីជាអំពើអាក្រក់ហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាង
¬ ជាស្ដេចមិនប្រកបដោយទសពិធរាជធម៌ ដោយការធ្វើទុក្ខបុកម្នេញចំពោះញាតិវង្ស និង​ជនទាំងឡាយ​​ទំាងដែលមិនមានទោសសោះ
¬ មិនយល់ពីទុក្ខលំបាករបស់សាច់ញាតិអ្នកដែលត្រូវយកទៅបូជាយញ្ញ
¬ ជាមនុស្សអាត្មានិយមដើម្បីសម្រេចបំណងខ្លួនតែម្នាក់ឯងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ទោះជា​ការបៀតបៀន​​អា​យុជីវិត​នរណាក៏ដោយ
២. កណ្ឌហាលព្រាហ្មណ៍
Ë គុណសម្បត្តិ
¬ ជាមនុស្សជំនិតព្រះបាទឯករាជ
¬ ជាអ្នកប្រៀនប្រដៅនូវអត្ថ និងធម៌ក្នុងនគរបុប្ផវតី
¬ ស្រឡាញ់ខ្លួន និងក្រុមគ្រួសារខ្លួន
Ë គុណវិបត្តិ
¬ ជាមន្ត្រីពុករលួយ ស៊ីសំណូក លោភលន់ទ្រព្យសម្បតិ្ត
¬ ជាមនុស្សវង្វេងមិនដឹងខុសត្រូវ ក្នុងនាមជាអ្នកបង្រៀននូវអត្ថ និងធម៌តែបែរជាបង្រៀនគេឲ្យ​ធ្វើ​អំពើជា​អកុសលលាមក
¬ ជាមនុស្សរមិលគុណ មិនដឹងគុណូបការៈរបស់ចៅហ្វាយនាយ ដូចជាព្រះរាជាជាម្ចាស់​ជីវិត​បែរជា​មាន​គំនិតចង់ប្រទូស្ដជាមួយទ្រង់ និងក្រុមគ្រួសារញាតិវង្សរបស់​ព្រះអង្គ
¬ ស្រឡាញ់យសសក្ដិ លាភសក្ការៈ និងជាមនុស្សមានចិត្តចងអាឃាតជាប់ជានិច្ចពេលដែលត្រូវគេ​​ធ្វើឲ្យ​ខាតបង់លាភសក្ការៈ
¬ ហ៊ានសម្លាប់ជីវិតមនុស្ស និងសត្វមិនមានកំហុស ដែលមិនធ្លាប់ប្រទូស្ដជាមួយខ្លួនដើម្បីតែ​ការសង-​សឹក ជាក់ស្ដែង កណ្ឌហាលព្រាហ្មណ៍នេះ ហ៊ានបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងសត្វ​ជាច្រើនក៏​ព្រោះ​​​ដើម្បី​បាន​សងសឹកនឹងចន្ទកុមារ។
៣. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
Ë គុណសម្បត្តិ
¬ ជាមហាឧបរាជនៃនគរបុប្ផវតី
¬ មានគតិយុត្ដិធម៌ក្នុងការវិនិច្ឆ័យក្ដី
¬ តម្កល់ចិត្តខន្តីជាប់ជានិច្ច ដោះស្រាយបញ្ហាដោយសន្ដិវិធី
¬ មានទឹកចិត្តសប្បុរស អាណិតអាសូរអ្នកទន់ខ្សោយ ស្រឡាញ់ការធ្វើទាន
¬ អង់អាចក្លាហានក្នុងបុព្វហេតុជាតិ
¬ ជាអ្នកមានបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ចេះលើកហេតុផលសមរម្យពន្យល់ដល់បិតា
¬ ជាព្រះរាជាល្អ ដឹកនាំប្រទេសឲ្យជួបនឹងសុខសន្ដិភាព
Ë គុណវិបត្តិ
¬ ទន់ជ្រាយ ចំពោះហេតុការណ៍ដែលកើតមានចំពោះមុខ
¬  ព្រមឲ្យគេយកទៅសម្លាប់ដោយមិនគិតពីទុក្ខសោករបស់មហេសី បុត្រ និងមាតា
៤. ព្រះមាតា និងព្រះបិតាព្រះបាទឯករាជ
Ë គុណសម្បត្តិ
¬ ជាអ្នកមានគំនិងវែងឆ្ងាយ ចេះដឹងថា អ្វីជាអំពើត្រឹមត្រូវនាំទៅកាន់ស្ថានសួគ៌ និងអ្វីជាអំពើ​​មិនត្រឹមត្រូវ​នាំ​ទៅ​កាន់នរក នេះមានន័យថា កាលទ្រង់ជាព្រះមហាក្សត្រសោយរាជ្យ ទ្រង់ពិតជាព្រះរាជាដ៏ល្អ
¬ ខិតខំណែនាំពន្យល់បុត្រឲ្យស្គាល់នូវអ្វីជាទង្វើល្អ អ្វីអាក្រក់
¬ ទោះជាដាក់រាជសម្បតិ្ត ក៏ទ្រង់នៅតែមានចិត្តខ្វល់ខ្វាយចំពោះសុខទុក្ខញាតិវង្ស មន្ត្រី ប្រជា​រាស្រ្ត​ក៏ដូច​​ជាព្រះនគរ
Ë គុណវិបត្តិ
¬ អសមត្ថភាពក្នុងការពន្យល់ណែនាំបុត្របង្កើតរបស់ខ្លួនឲ្យបញ្ឈប់អំពើអាក្រក់
៥. វសុលរាជកុមារ និងសេលារាជកុមារី​                               
Ë គុណសម្បត្តិ
¬ ជាបុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
¬ ជាកូនដែលមានទឹកចិត្តក្លាហាន ហ៊ានស្លាប់ព្រោះស្រឡាញ់មាតាបិតា
¬ ជាក្មេងដែលមានបញ្ញាញាណខ្ពស់អាចដឹងអ្វីខុស អ្វីត្រូវ គឺមានបញ្ញាខ្ពស់ជាងព្រះបាទឯករាជជា​អយ្យកោ​ទៅ​​ទៀត
៦.  ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាចន្ទកុមារ
Ë គុណសម្បត្តិ
¬​ ជាមហេសីព្រះបាទឯករាជ និងជាមាតាចន្ទកុមារ
¬ ជាម្ដាយដែលមានទឹកចិត្តស្រឡាញ់កូន សុខចិត្តស្លាប់បើគេសម្លាប់កូន
Ë គុណវិបត្តិ
¬ ជាមនុស្សទន់ជ្រាយមិនចេះរកដំណោះស្រាយអ្វី ក្រៅពីការយកក្ដីស្លាប់មកដាក់ពីមុខ
៧. ព្រះនាងចន្ទាទេវី
Ë គុណសម្បត្តិ
¬ ជាមហេសីព្រះចន្ទកុមារ
¬ មានភក្ដីភាពយ៉ាងលើសលប់ចំពោះស្វាមី
¬ ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងសូម្បីជីវិតដើម្បីស្វាមី
¬ ជានារីមានទឹកចិត្តក្លាហាន ហ៊ានស្រែកដៀលត្មិះគូបដិបក្សដែល​ជាមនុស្សអាក្រក់​​ដោយគ្មានខ្លាចញញើត
¬ មានទឹកចិត្តបរិសុទ្ធក្នុងការបួងសួងរហូតធ្វើឲ្យព្រះឥន្ទ្រចុះមកអន្តរាគមន៍
Ë គុណវិបត្តិ
¬ មិនចេះគិតគូរវែងឆ្ងាយ ឆាប់ចុះចាញ់ស្ថានការណ៍ ប្រហារខ្លួនឯងដោយទន់ជ្រាយ
¬​ ពុំបានរកមធ្យោបាយជួយស្វាមីដែលខ្លួនស្រឡាញ់បំផុតឲ្យរួចផុតការបូជា
¬ សុខចិត្តស្លាប់មិនគិតពីបុត្រដែលនៅរហង់
¬ មានជំនឿអរូបីជ្រុល
៨. ព្រះឥន្ទ្រាធិរាជ
Ë គុណសម្បត្តិ
¬ ជាស្ដេចទេវតាដែលមានយុត្តិធម៌ជួយគាំពារមនុស្សដែលសាងអំពើល្អ
¬ ចេះជួយឈឺឆ្អាលចំពោះមនុស្សលោកដែលកំពុងមានវិបត្តិ
¬ ជាតួអង្គតែមួយគត់ដែលអាចដោះស្រាយបញ្ហាក្នុងរឿងទាំងមូលបាន
IV.       សិក្សាអត្ថន័យ
១. ប្រធានរឿង
ប្រធានរឿងក្នុងរឿងចន្ទកុមារនេះ គឺ​ “ការបំពេញបារមី(ខន្តីបារមី)របស់ព្រះពោធិសត្វ”។
រឿង “ចន្ទកុមារជាតក”ជារឿងនៃជាតិទី៧​ ក្នុងជាតិចុងក្រោយទាំង១០របស់ព្រះពុទ្ធសមណ​គោ​តម​ដែល​​បានរៀបរាប់ពីដំណើរជីវិតរបស់ព្រះពោធិសត្វក្នុងការកសាង និងសន្សំបារមីដើម្បីការត្រាស់​ដឹង។​
២. មូលបញ្ហារឿង
មូលបញ្ហាក្នុងរឿងនេះគឺ​ និយាយពីទំនាស់ដែលកើតចេញពីការគុំគួន តាមព្យាបាទព្រះចន្ទកុមារ​របស់​​កណ្ឌហាលព្រាហ្មណ៍។
នៅក្នុងដំណើររឿងនេះ បានរៀបរាប់ពីការចង់បានរបស់ព្រះបាទឯករាជាព្រះបិតារបស់ចន្ទ​កុមារ​ដែល​​ចង់​ទៅកើតនៅស្ថានសួគ៌ទើបប្រឹក្សាជាមួយកណ្ឌហាលព្រាហ្មណ៍។ កណ្ឌហាលព្រាហ្មណ៍ជា​មនុស្ស​អាក្រក់អន្ធពាល ដែលមានចិត្តគុំគួនជាមួយព្រះចន្ទកុមារបរមពោធិសត្វដោយសារទំនាស់កន្លងមក គឺថា​កណ្ឌហាលព្រាហ្មណ៍​នេះ ពីមុនត្រូវព្រះរាជាតែងតាំងជាអ្នកទទួលកាត់ក្ដីក្នុងរឿងវិវាទឲ្យប្រជានុរាស្រ្ត ដោយ​ចិត្ត​លោ​ភ​​ព្រាហ្ម​ណ៍​នេះ​តែងតែទទួលសំណូកសូកប៉ាន់ពីគេ ហើយកាត់ក្ដី​មួលបង្កាច់​ឲ្យអាក្រក់​ទៅជា​ល្អ សជាខ្មៅ ម្ចាស់ទៅជា​ចោរ ឯ​ចោរ​ទៅជាម្ចាស់ទៅវិញ។ ក្រោយមកប្រជារាស្រ្តស្លូតត្រង់ដែលចាញ់ក្ដី​បាន​ទៅ​ប្ដឹងព្រះចន្ទកុមារ ទ្រង់ក៏សើរើ​កាត់ក្ដី​ជាថ្មីដោយយុត្តិធម៌។​ ព្រះរាជាទ្រង់ជ្រាបរឿងនេះ ក៏ដកសេចក្ដីទុកចិត្ត​ពី​កណ្ឌហាលព្រាហ្មណ៍ ដែលធ្វើឲ្យ​​ព្រាហ្មណ៍ទទួលការខាត​បង់លាភសក្ការៈ។ ការណ៍នេះហើយ​ដែលនាំឲ្យ​កណ្ឌហាលព្រាហ្មណ៍​អន្ធពាលមានចិត្ត​គុំគួនខ្លាំង​ជា​មួយចន្ទកុមារ ។
ដោយសារបានឳកាសសម្រាប់ការសងសឹកជាមួយចន្ទកុមារ កណ្ឌហាលព្រាហ្មណ៍បានទូលព្រះរាជា​ទាំងទោសា​គតិ​ថា“សូមឲ្យព្រះអង្គធ្វើទានដ៏ក្រៃលែងគឺសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់”។ ការទូលបែបនេះ​គឺដើម្បីឲ្យ​ព្រះរាជា​សម្លាប់ព្រះចន្ទកុមារតែម្ដង។​
៣. ឧត្ដមគតិរឿង
ជាការពិតណាស់ រឿង “ចន្ទកុមារ” ស្ថិតក្នុងចលនាពុទ្ធនិយមដែលចង់បង្ហាញនូវការអប់រំដ៏ជ្រា​លជ្រៅ​ដល់​មនុស្សឲ្យចេះប្រើធម៌ខន្តីក្នុងការដោះស្រាយបញ្ហាដើម្បីសម្រេចបានជោគជ័យ។​
-មួយវិញ​ទៀត រឿងនេះបានចូលរួមបង្ហាញទស្សនៈកម្មពៀរដែលជាទ្រឹស្ដីសំខាន់របស់ព្រះពុទ្ធ​សាស-​នា​​​​គឺថា​បុគ្គ​លណាបានប្រព្រឹត្តអី្វតែងតែបានទទួលផលចំពោះទង្វើរបស់ខ្លួន ជាក់ស្ដែង កណ្ឌហាលព្រា​ហ្មណ៍​ដែល​ជា​មនុស្សចិត្តបាបមានគំនិតប្រទូស្ដជាមួយមនុស្សល្អមានគុណធម៌យ៉ាងប្រសើរ ចុង​បញ្ច​ប់​ត្រូវគេគប់​នឹង​ដុំដីរហូត​ដល់ស្លាប់ ហើយថែមទាំងទៅសោយទុក្ខនៅនរកទៀត។​ ចំណុចនេះធ្វើ​ឲ្យ​មនុ​ស្ស​មាន​ទឹកចិត្ត​ប្រព្រឹត្តអី្វ​ដែលវៀរ​ចាកអកុសល ពោលគឺធ្វើតែអំពើល្អជាកុសលដែលជាកត្តា​នំាមក​នូវ​សន្ដិភា​ព សាមគ្គី​ភាព​​ ភាតរភាព សណ្ដាប់ធ្នាប់ និងភាពរីកចម្រើនរុងរឿងដល់សង្គមជាតិ។​
-ម្យ៉ាងទៀត​បុគ្គល​ជាចៅក្រមដែលមានការវិនិច្ឆ័យក្ដីប្រកបដោយសុគតិ យុត្តិធម៌នោះ រមែង​ទទួលនូវ​ការ​​គាំទ្រ កោតសរសើរនិងគោរពស្រឡាញ់ពីអ្នកដទៃ។​ ផ្ទុយទៅវិញបុគ្គលជាចៅក្រមដែលកាត់ក្ដី​ប្រកប​ដោយ​​​​លោភា​គតិ គឺកាត់ក្ដីដោយអយុត្តិធម៌ព្រោះតែលាភសក្ការៈនោះតែងតែទទួលនូវការស្អប់ខ្ពើម​ពីមនុស្ស​ទូទៅ ចៀស​មិនផុត​ត្រូវ​ទទួលការបាត់បង់តំណែងថែមទៀត។
-លើសពីនេះរឿងនេះអប់រំមនុស្សថា មុននឹងធ្វើអ្វីមួយត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់​ និង​ត្រឹមត្រូវ​ជាមុនសិន ជាពិសេសគឺកុំសេពគប់នឹងបុគ្គលពាលព្រោះបុគ្គលជំពូកនេះតែងនាំខ្លួន ក្រុមគ្រួ​សារ និង​សង្គមជាតិ​ទៅរក​សេចក្ដីវិនាសជាក់ជាពុំខាន។ ឧទាហរណ៍ ព្រះបាទឯករាជដែលទៅភប់ប្រសព្វរាប់​អាន​បុគ្គល​ពាលដូចជា​កណ្ឌហាលព្រាហ្មណ៍ វិះតែនឹងធ្វើឲ្យក្រុមគ្រួសារ​រាជវង្សានុវង្ស និងប្រ​ជារាស្រ្ដ​ទូទាំងនគរ​មានអន្ដរាយ នេះក៏​ដោយ​​សារការសេពគប់បុគ្គលពាលទាំងងងឹតងងល់ដែរ។
-ជាចុងក្រោយរឿងនេះអប់រំយើងឲ្យចេះអត់ធ្មត់ ទប់ទល់ចំពោះកំហឹង ប្រើធម៌អហិង្សាក្នុងការ​ដោះ-​ស្រាយ​​បញ្ហា នោះទើបជាជោគជ័យពិតប្រាកដជាជោគជ័យដែលមានន័យយ៉ាងទូលាយសម្រាប់​មនុស្សជាតិ។​ជាក់​ស្ដែ​ង​​​​ការដែលព្រះចន្ទកុមារអង្វរព្រះរាជាដោយសុខចិត្តធ្វើជាទាសៈកណ្ឌហាល ឬ​ដើរសុំទានគេ។ តាម​រយៈ​ទង្វើ​របស់​ព្រះចន្ទកុមារនេះ យើងអាចយកមកធ្វើជាគំរូមួយដ៏ល្អ សម្រាប់យកមកអនុវត្ត​ក្នុង​ជីវភាព​ប្រចាំថ្ងៃផង​​ដែរ​។
៤. ​បញ្ហាទំនាស់ និងដំណោះស្រាយ
នៅក្នុងរឿង “ចន្ទកុមារ” គេសង្កេតឃើញថា ​មានទំនាស់តូចៗជាច្រើនដែលជាបច្ច័យឈាន​ទៅ​ដល់​​​ទំនាស់ធំរួចក៏ឈានដល់ដំណោះស្រាយជាចុងក្រោយ។​ ទំនាស់ទំាងអស់បាន​ផ្ដួចឡើងជារឿង​តាម​ដំណាក់ៗ​ដូច​តទៅ៖
—      ­ទី១៖ ការចងគំនុំរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះព្រះចន្ទកុមារ
ទំនាស់ផ្ដើមចេញដំបូងគឺដោយសារតែកណ្ឌហាលព្រាហ្មណ៍ជាបុគ្គលមានចិត្តលោភ ប្រព្រឹត្ត​ទុច្ចរិត ស៊ីសំណូករួចវិនិច្ឆ័យដោយអយុត្តិធម៌។ ដោយមូលហេតុនេះ ធ្វើឲ្យអ្នកចាញ់ក្ដីមានសេច​ក្ដី​ក្ដៅ​ក្រហាយ និង​បានទូលរឿងរ៉ាវដល់ព្រះចន្ទកុមារ ទ្រង់ក៏វិនិច្ឆ័យរឿងក្ដីសារជាថ្មី។ កណ្ឌហាល ត្រូវបាត់បង់​​មុខតំណែង និង លាភសក្ការៈ ក៏ចេះតែមានចិត្តគុំគួនគួចចង់សងសឹកនឹងព្រះចន្ទកុមារជា​និច្ច។​
ឧទាហរណ៍៖ “កណ្ឌហាលព្រាហ្មណ៍នោះកាន់តំណែងខាងការវិនិច្ឆ័យផង​ គាត់តែងស៊ីសំណូក​ធ្វើ​ម្ចាស់​ឲ្យមិនមែនជាម្ចាស់វិញ..........ផលអាក្រក់របស់កណ្ឌហាលព្រាហ្មណ៍ក៏ដាច់រលត់ទៅ បានជាព្រាហ្មណ៍​កើត​ក្ដី​មួម៉ៅគិតផ្ដន្ទាព្រះចន្ទកុមារ​”។ (សង្ខេបទសជាតក ទំ.១៩៣-១៩៤)​
—      ទី២៖ បញ្ហាការសុបិនរបស់ព្រះបាទឯករាជ
ព្រះបាទឯករាជទ្រង់សុបិននិមិត្តឃើញឋានត្រៃត្រឹង្ស ក៏មានព្រះទ័យចង់ទៅកើតសោ​យសុខនាស្ថាន​​​នោះ​។ ព្រះអង្គទ្រង់ទៅពិភាក្សាជាមួយកណ្ឌហាលព្រាហ្មណ៍ ពីរឿងថា តើត្រូវធ្វើយ៉ាងណា​ដើម្បីបាន​ទៅកើត​នៅ​ស្ថាន​សួ​គ៌​។ ជាឳកាសល្អសម្រាប់ការសងសឹក កណ្ឌហាលព្រាហ្មណ៍ដែលជា​មនុស្សអន្ធពាល​ឥតដឹង​ការណ៍​​អ្វី​សោះ ក៏​ទូល​​ថ្វាយព្រះបាទឯករាជដោយមោហៈ និងទោសៈឲ្យទ្រង់​ធ្វើនូវទានក៏ក្រៃលែងគឺការសម្លាប់​នូវបុគ្គល​ដែល​មិន​គួរ​សម្លាប់។​ ការទូលបែបនេះ កណ្ឌហាលព្រាហ្មណ៍មានគោលបំណងធំមួយគត់ គឺដើម្បី​ឲ្យព្រះរាជា​សម្លាប់​ព្រះចន្ទកុមារ។
ឧទាហរណ៍នៅក្នុងរឿង៖ “ថ្ងៃមួយទ្រង់សុបិននិមិត្តថាៈ បានទៅឃើញឋានត្រៃត្រឹង្ស.​.......ទើប​សួរ​កណ្ឌ​​ហាលព្រាហ្មណ៍ថា ខ្ញុំត្រូវធ្វើបុណ្យដូចម្តេចដើម្បីនឹងបានទៅកើតឯស្ថានត្រៃត្រឹង្ស?” (សង្ខេបទសជាតក ទំ.១៩៤-១៩៥)
 “ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់​បុគ្គល​ដែល​មិន​គួរសម្លាប់ទើបបានទៅកើតនៅឋានសួគ៌”។ (សង្ខេបទសជាតក ទំ.១៩៥)
—      ទី៣៖ បញ្ហាការបូជាយញ្ញរបស់ព្រះបាទឯករាជ
ដោយសារជាមនុស្សល្ងង់អាប់ប្រាជ្ញា ព្រះបាទឯករាជក៏ទទួល​ជឿតាមពាក្យមុសាផ្ដេស​ផ្ដាសប្រកប​ដោយ​​គំនិតយ៉ាងអាក្រក់​​​របស់​កណ្ឌ​​​ហាលព្រាហ្មណ៍ ប្រៀបដូចជាមនុស្សដែលវង្វេងផ្លូវមួយសប្ដាហ៍​ទៅសួរ​រក​ផ្លូវចំ​មនុស្ស​ដែលវង្វេងផ្លូវ​កន្លះខែដូច្នោះ។ ដើម្បី​បាន​ទៅ​កើតនាស្ថានត្រៃត្រឹង្ស ព្រះអង្គសុខចិត្ត​បញ្ជាឲ្យ​គេ​សម្លាប់​ បុត្រ មហេសី សេដ្ឋី គោឧសភរាជ សេះជា​ អាជា​នេយ្យ ដំរីរាជ គឺចំនួន៤ៗក្នុងមួយមុខ។ ដំណាក់​កាល​នេះ​ព្រះចន្ទ​កុមារកំពុងជួប​បញ្ហាព្រោះនឹងត្រូវ​គេយក​ទៅ​បូជាយញ្ញជាមួយមនុស្ស និងសត្វជាច្រើន​ទៀត​។ ដំណើររឿងកាន់តែតានតឹងឡើងជាលំដាប់។​ ព្រះរាជកុមារ​ព្រះ​ចន្ទកុមារទ្រង់ព្យាយាម​ដោះស្រាយ​បញ្ហាដែល​​កើត​ឡើង​ចំពោះ​មុខដោយចិត្តខន្តី។​ ព្រះចន្ទកុមារបានទូល​អង្វរ ដល់ព្រះ​រាជា​ជាបិតាដោយ​សុខចិត្ត​ធ្វើជា​ទាសៈរបស់កណ្ឌហាល​ព្រាហ្មណ៍ ឬត្រូវនិរទេសពីនគរ ទ្រង់សុខចិត្ត​ដើរ សុំទានគេ​ចិញ្ចឹមជីវិត។​ ក្នុងនាម​ជា​មហាឧបរាជដែលមាន​អំណាច​សុខចិត្តបន្ទាបខ្លួនធ្វើជាទាសៈមនុស្ស​អាក្រក់​ដូច​កណ្ឌ​ហាល​ព្រាហ្មណ៍ នេះ ស​បញ្ជាក់ថាព្រះចន្ទ​កុមារ​មានចិត្តអំណត់ អត់ធ្មត់ខ្លាំងណាស់ដើម្បី​ទប់ទល់នឹង​បញ្ហា។​ ទោះ​បីជាការ​អង្វរករ​របស់​ព្រះចន្ទកុមារ​ធ្វើឲ្យបិតា​ទ្រង់មានចិត្តអាណិត និងបញ្ជាឲ្យបញ្ឈប់​យញ្ញពិធីពិត​មែន ប៉ុន្តែ ព្រាហ្មណ៍-​កណ្ឌ​ហាល​នៅតែទទូចតវ៉ា​ឲ្យព្រះបាទ​ឯករាជ​បន្តការបូជាយញ្ញដដែល។​ ព្រះចន្ទកុមារមិនព្រមចុះ​ចាញ់​នៅតែ​​ព្យាយាមពន្យល់ព្រះបិតាដោយ​លើកយក​ហេតុផលជាច្រើន ថាទង្វើបែបនេះមិន​មែនជា​ដំណើរ​​ទៅ​សួគ៌​លោកទេ តែជាដំណើរទៅកាន់នរក​ដោយពិត​ប្រាកដ។​ ឯកណ្ឌហាលក៏នៅតែ​តវ៉ាដូចមុនដដែលៗ​ទៀត​។​ ទំនាស់កាន់តែតានតឹងដោយព្រះនាងចន្ទាទេវី​សម្រេច​ចិត្ត​សម្លាប់ខ្លួនតាម​ព្រះចន្ទកុមារជាស្វាមី និងបួង​សួង​​សូម​ឲ្យពួកអមនុស្ស ទេវតាជួយថែរក្សាព្រះនាង និង​ស្វាមី​ផង។
ឧទាហរណ៍៖ “ព្រះមាតានៃព្រះបាទឯករាជ និងព្រះបាទវសវតីជាព្រះបិតាទ្រង់ឃាត់ថាៈ ម្នាលកូន! អ្នក​កុំជឿកណ្ឌហាលព្រាហ្មណ៍........ផ្លូវហ្នឹងជាផ្លូវទៅកាន់នរកទេកូន”។ (ទំ.១៩៧)
“ព្រះចន្ទកុមារអង្វរថាៈ បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំឡើយ សូមព្រះអង្គ​រាជទាន​​ទូលបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ ..........ទូលបង្គំ​ជាខ្ញុំទាំងឡាយ​សុខចិត្ត​ដើរសុំទានគេចិញ្ចឹមជីវិតដែរ”។ (ទំ.១៩៨)
—      ដំណោះស្រាយបញ្ហាដោយអន្តរាគមន៍របស់ព្រះឥន្ទ្រាធិរាជ
ខណៈដែលទំនាស់ចេះតែតានតឹង និងឈានដល់កម្រិតកំពូលហើយនោះ ដំណោះស្រាយ​ចុង​ក្រោយ​នៃ​​ដំណើររឿងគឺមានការជួយអន្តរាគមន៍ពីព្រះឥន្ទ្រាធិរាជ។​ ក្រោយពីទ្រង់ព្រះសណ្ដាប់ពាក្យ​របស់ព្រះនាង-​ចន្ទាទេវី​រួចមក សក្កទេវរាជទ្រង់គ្រវីដំបងដែកស្រែកគម្រាមដល់ព្រះបាទឯករាជ កុំឲ្យ​សម្លាប់ជីវិតព្រះចន្ទកុមារ​ដែលជា​មនុស្សប្រកបដោយគុណធម៌យ៉ាងវិសេសឲ្យសោះ។​ វត្តមានរបស់ព្រះឥន្ទ្រាធិរាជ បានធ្វើឲ្យព្រះរាជា និងកណ្ឌ​ហាល​​មាន​ការ​ភិតភ័យ​យ៉ាងខ្លាំង ហើយទ្រង់បានចេញបញ្ជាយ៉ាងប្រញាប់ឲ្យគេដោះលែង​ព្រះចន្ទ-​កុមារ ជនទាំង​ឡាយ និងសត្វ​ទាំងឡាយ​។​ ចំណែកកណ្ឌហាលព្រាហ្មណ៍ត្រូវមនុ​ស្សទាំងឡាយគប់នឹងដុំដី ដល់​នូវមរណាទៅ​សោយ​ទុក្ខនៅនរក។ ព្រះចន្ទកុមារត្រូវបានអភិសេកដោយមានសក្កទេវរាជ និងទេវបរិស័ទ ទេពកញ្ញា សម្ដែង​សេចក្ដីអបអរ​ពាសពេញ​អាកាស។ ព្រះចន្ទកុមារ​សោយរាជសម្បត្តិប្រកបដោយធម៌ ត្រេកអរ​​ក្នុង​ការ​បរិច្ចាគទាន លុះអវសាន្តជីវិតបានទៅ​កើតនៅស្ថាន​សួគ៌។​
ឧទាហរណ៍៖ “ព្រះឥន្ទ្រាធិរាជ ទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏គ្រវីដែក​ស្រែកគម្រាម​ព្រះបាទ​ឯក-​រាជ​ថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក ចូរឯងដឹងចុះកុំឲ្យអញសំពងក្បាលទាន់! ឯងកុំសម្លាប់បុត្រច្បង ដែល​ជាអ្នកអង់អាចដូចរាជសីហ៍ ឥតសេចក្ដីប្រទូស្ដ!.......ក៏ស្ទុះទៅស្រាយចំណងពីជនទាំងឡាយមួយរំពេច”។
 (ទំ.​២០៣)



V.        សិក្សាអត្ថរូប
១. ភេទរូប
ក. ផ្ដើមរឿង
អ្នកនិពន្ធបានចាប់ផ្ដើមរឿងដោយធ្វើការរំលឹកដល់ពុទ្ធប្រវត្តិរបស់ព្រះពុទ្ធបរមសាស្ដា កាលដែល​ទេវទត្ត​តាមព្យាបាទព្រះអង្គ។
ឧទាហរណ៍៖ កាលព្រះពុទ្ធជាបរមសាស្ដាគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបានសុំនាយខ្មាន់ធ្នូចំនួន ៣១​នាក់ពី​​សំណាក់​ព្រះបាទអជាតិសត្រូវ ហៅខ្មាន់ធ្នូម្នាក់មកនិយាយដោយសម្ងាត់ថា ឯងត្រូវទៅបាញ់​សម្លាប់​សមណ​គោ​តម​លើ​ភ្នំគិជ្ឈកូដ.......។
                        ខ. តួរឿង
            នៅក្នុងតួរឿងនេះ បានបង្ហាញពីទំនាស់ដែលកើតដោយការគុំគួនរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះ ព្រះចន្ទកុមារ​ ហើយអ្នកនិពន្ធបានបង្ហាញនូវសកម្មភាពដ៏អស្ចារ្យនៃតួអង្គព្រះពោធិសត្វគឺបង្ហាញពីខន្ដី​បារមី ការអត់​ធ្មត់ អំណត់ក្នុងការសាងបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធ។
                        គ. បញ្ចប់រឿង
អ្នកនិពន្ធបានបញ្ចប់រឿងដោយឲ្យតួអង្គឯក និងក្រុមគ្រួសារបានជួបជុំគ្នាវិញ គឺព្រះចន្ទកុមារត្រូ​វបាន​​អភិសេកជាព្រះមហាក្សត្រសោយរាជ្យប្រកបដោយធម៌នៅនគរបុប្ផវតី ហើយក្សត្រទាំងអស់ក្រោ​យសោយ-​ទីវង្គត​បាន​ទៅកើតនៅស្ថានសួគ៌តុសិត។ ចំណែកតួអង្គអាក្រក់ដូចជាកណ្ឌហាលព្រាហ្មណ៍​ត្រូវស្លាប់ ហើយ​ទៅ​សោយ​ទុក្ខ​នៅនរក។ ព្រមជាមួយនេះក៏បានបង្ហាញ​ពីការសជាតិរបស់តួអង្គ​នីមួយៗផងដែរ​។
            អ្នកនិពន្ធបានប្រើនូវសិល្ប៍វិធីក្នុងការតែងរឿងដូចខាងក្រោម៖
            ២. វចនវិធី
            វចនវិធីជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទ។
នៅក្នុងអត្ថបទទសជាតកដែលជាច្បាប់ដើមដែលមានក្នុងគម្ពីរត្រៃបិដកសរសេរឡើងជាភាសាបាលី។​
ឧទាហរណ៍៖ រាជាសិ លុទ្ទកកម្មោ ឯករាជា បុប្ផវតិយាយំ សោបុច្ឆិ ព្រហ្មពន្ធុំ ខណ្ឌហាលំ បុរោហិតំ មុឡ្ហំ សក្កា​ន​ មគ្គមាចិក្ខ.......។
            ចំណែកនៅទីនេះគឺអត្ថបទរឿងជាស្នាដៃរៀបរៀងដោយបណ្ឌិតមហាឈឹម សុមន៍គឺសរសេរជា ភាសា​ខ្មែរ ដោយមានលាយឡំនឹងឃ្លាភាសាបាលីខ្លះៗ។ ​
            ឧទាហរណ៍៖ “អតីតេ ភិក្ខវេ” ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅហើយព្រះរាជាជាបុត្រព្រះបា​ទវសវតី ​គឺ​ព្រះបាទឯករាជសោយរាជ្យក្នុងនគរបុប្ផវតី........។
          ៣.រចនាវិធី
            ជាវិធីដែលអ្នកនិពន្ធប្រើប្រាស់ភាសា របៀបនៃការតែងរឿងដើម្បីឲ្យស្នាដៃ ឬអត្ថបទនោះមាន​សម្រស់​​​បង្កើត​ជាភាពអណ្ដែតអណ្ដូងសប្បាយរីករាយ ឬទុក្ខព្រួយ។
            រឿងចន្ទកុមារអ្នកនិពន្ធសរសេរដោយប្រើពាក្យខ្មែរលាយឡំនឹងពាក្យបាលី សំស្រ្កឹត ហើយតែង​ជា​ពាក្យ​រាយសម្រាយងាយអាន ងាយស្ដាប់ និងងាយយល់ តាំងពីដើមដល់ចប់។
            ឧទាហរណ៍៖ ព្រាហ្មណ៍ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយ..........។
            ជួនកាលអ្នកនិពន្ធប្រើជាពាក្យចួន រណ្ដំណែងណងផងដែរ។
ឧទាហរណ៍៖ ព្រះឥន្ទ្រាធិរាជទ្រង់ព្រះ​សណ្ដាប់​ពាក្យនោះហើយក៏គ្រវីដែកស្រែក​គម្រាម​ព្រះបាទ​ឯក​-រាជ​ថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក”។(ទំ.​២០៣)
                        ក. ឯកវាទវិធី
            ឯកវាទវិធីគឺជាវិធីដែលអ្នកនិពន្ធប្រឌិតឲ្យតួអង្គនិយាយឬគិតអ្វីមួយតែម្នាក់ឯង ឬនិយាយរំលឹកពី​ហេតុភេទ ឬរឿងទុក្ខសោក ការឈឺចាប់របស់ខ្លួនតែម្នាក់ឯង។
            ឧទាហរណ៍៖ ព្រះនាងបញ្ចាលរាជធីតារៀបរាប់ទួញសោក សូមសច្ចាដល់អស់ទេវតាពេលដែ​លគេ​ចាប់​​យកស្វាមី(ចន្ទកុមារ)ទៅសម្លាប់ថា៖ “ខ្ញុំសូមព្រមព្រៀងស្លាប់ជាមួយនឹងស្វាមី! សច្ចៈវាចានេះសូម​ពួក-​អមនុស្ស សូម​ពួកទេវតា សូមពួកសត្វដែលកើតហើយ សូមពួកសត្វដែលត្រូវកើត ជួយធ្វើ​សេចក្ដីខ្វល់ខ្វាយ​ចំពោះខ្ញុំ! សូម​ជួយថែរក្សាខ្ញុំជាមនុស្សអនាថាកំពុងស្វែងរកទីពឹង!...”។
ខ. សំវាទវិធី
          សំវាទវិធីគឺជាវិធីដែលអ្នកនិពន្ធ ឬកវីលើកឡើងដោយឲ្យតួអង្គចាប់ពី២នាក់ឡើងទៅមានសក​ម្មភាព​ឆ្លើយ​ឆ្លងគ្នាពីបញ្ហាអ្វីមួយ។
            ឧទាហរណ៍៖ “ព្រះបាទឯករាជទ្រង់ដណ្ដឹងសួរទៅកណ្ឌហាលព្រាហ្មណ៍ដើម្បីធ្វើយ៉ាងបានទៅ​សោយ-​សុខ​​នាឋានត្រៃត្រឹង្សថាៈ ខ្ញុំត្រូវធ្វើបុណ្យដូចម្ដេចដើម្បីឲ្យបានទៅកើតឯស្ថានត្រៃត្រឹង្ស?.................​ ព្រាហ្មណ៍​ក្រាប​បង្គំ​​ទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោសជនទាំងឡាយគប្បីឲ្យទានដ៏ក្រៃលែង សម្លាប់​បុគ្គល​ដែល​មិនគួរ​សម្លាប់​ទើប​បានទៅកើតឯស្ថានសួគ៌”។
                        គ. សន្ទេហវិធី
          សន្ទេហវិធីជាវិធីដែលកវី អ្នកនិពន្ធធ្វើឲ្យអ្នកអាន អ្នកទស្សនាចង់ដឹងពីរឿងអ្វីមួយដែលនឹងកើត​មាន​តទៅ​ទៀតក្នុងដំណើររឿង។
            ឧទាហរណ៍៖ នៅពេលដែលចន្ទកុមារ និងសុរិយកុមារត្រូវគេចាប់យកទៅបូជាយញ្ញមុនគេ ក្រោ​យពី​ពួកគេតស៊ូខាងពាក្យសម្ដីអស់ចិត្តអស់ចង់ហើយ អ្នកអានច្បាស់់ជាមានចម្ងល់ខ្លាំងណាស់ថា តើរា​ជកុមារ​ទំាងពីរ​​អង្គ​នេះអាចនឹងស្លាប់ដែរឬទេ?
                        ឃ. ពិពណ៌នាវិធី
          ពណ៌នាវិធីជាវិធីដែលអ្នកនិពន្ធធ្វើការរៀបរាប់ពីតួអង្គ ធម្មជាតិ ទេសភាព ឬទីកន្លែងផ្សេងៗ។
            ឧទាហរណ៍៖ “ម្នាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយព្រះរាជបុត្រព្រះបាទវសវតីព្រះនាម-​ព្រះបាទ​​​ឯករាជសោយរាជ្យក្នុងនគរបុប្ផវតីមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមចន្ទកុមារជាមហាឧបរា​ជ”។​(ទំ.១៩៣)
            ការរៀបរាប់ពីទិដ្ឋភាពនាឋានត្រៃត្រឹង្សដែលបង្ហាញដូចតទៅ៖ “រីក្នុងវិមាននោះដ៏ពេញនីទៅនូវ​​ពួកស្រី​​​ទេព​​អប្សរបវរពិចិត្ត រីវិមាននោះសោត គឺដ៏អ្នកប្រដាប់រចនានី​ទៅ​នូវ​ត្រីសូលកំពូលគាងឃ្វាយមុខ​ដាច់​ស្លឹក​​ខ្នុរ​រ័ត្នន​ព័ទ្ធ​ជុំវិញប្រពៃ......រីកម្ពស់ត្រីសូលមហាប្រាសាទនោះសោត ៦០​យោជន៍។ រីអស់ស្រីទេពអប្សរ​បវរកញ្ញា​នោះ​មាន​ស្រីខ្លះផ្លុំ ខ្លះចេះប្រគុំ ខ្លះចេះរាំបម្រើជាប្រក្រតី”។(ទំ.១៩៥-១៩៦)
                        ង. វណ្ណនាវិធី
          វណ្ណនាវិធីជាការរៀបរាប់របស់អ្នកនិពន្ធលើទេសភាព ឬសកម្មភាពជីវភាពតួអង្គ។
            ឧទាហរណ៍៖ ប្រាសាទនេះជាវិការៈនៃមាសដេរដាសដោយផ្កាកម្រង ឥឡូវនេះព្រះរាជបុត្រទាំ​ង ៤​ព្រះអង្គ​​ត្រូវគេនាំទៅសម្លាប់។ ឧទ្យាននេះមានផ្ការីកសព្វកាលជាទីរីករាយ ឥឡូវព្រះរាជបុត្រទាំង​៤ត្រូវគេ​នាំ​ទៅ​​​សម្លាប់​។​(ទំ.២០១)
                        ច. ឧបមានវិធី
          ឧបមានវិធីជាវិធីដែលអ្នកនិពន្ធប្រើការប្រៀបធៀបតួអង្គ ឬសកម្មភាពនៅក្នុង​ដំណើររឿង​ដើម្បី​រំលេច​​ចេញ​នូវជីវរូបារម្មណ៍ ឬមនោរម្មណ៍​។
            ឧទាហរណ៍៖ ឯងកុំសម្លាប់បុត្រច្បងដែលជាអ្នកអង់អាចដូចរាជសីហ៍......។(ទំ.២០៣)
                        ឆ. វឌ្ឍមានវិធី
          វឌ្ឍមានវិធីជាវិធីដែលអ្នកនិពន្ធបានប្រើដើម្បី ធើ្វឲ្យដំណើររឿងកាន់តែតានតឹងឡើងៗ តាំងពីកម្រិត​ទាប​​រហូតដល់កម្រិតខ្ពស់បំផុត។ នៅក្នុងរឿងនេះ អ្នកនិពន្ធបានប្រើវឌ្ឍមានវិធី​ដោយធ្វើស្ថានភាព​រឿងឲ្យ​កាន់តែ​តឹង​តែងឡើងៗចាប់តាំងពីព្រះរាជាបានបញ្ជាឲ្យគេទៅចាប់បុត្រ ចាប់មហេសី និងអ្នកឯទៀត​ទៅធ្វើ​ពិធី​បូជាយញ្ញ រហូត​​ដល់ពេលដែលមានមនុស្សជាច្រើនត្រូវឈឺចាប់ ស្រែកទួញសោក បោកខ្លួន ខ្លះចង់​សម្លាប់​​ខ្លួន ហើយ​ស្ថាន​ភាព​កាន់តែតានតឹងមែនទែនពេលគេចាប់ចងចន្ទកុមារ និងសុរិយកុមារ​បម្រុងនឹង​សម្លាប់។
            ឧទាហរណ៍៖ “ព្រះនាងចន្ទាទេវី មហេសីពោធិសត្វប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ទ្រង់ពិលាប​ថា​....​.....ព្រះនាងកៀកព្រះសុរងជាប់ដើម្បីស្លាប់ជាមួយគ្នា”។(ទំ.២០៣)
VI.       សិក្សាអត្ថរស
អត្ថរសជាតម្លៃអប់រំរបស់រឿង។ នៅក្នុងរឿងចន្ទកុមារដែលជារឿងបែបពុទ្ធនិយម តម្លៃជាមូល​ដ្ឋាន​គឺ​សកម្ម​ភាពដ៏ពិសិដ្ឋ ភាពអស្ចារ្យ សេចក្ដីខន្ដី សេចក្ដីព្យាយាមរបស់តួអង្គចន្ទកុមារជាអង្គ​ព្រះពោធិសត្វ​។
តាមរយៈរឿងចន្ទកុមារនេះអ្នកនិពន្ធបានស្ដែងឡើងនូវតម្លៃអត្ថរសដូចខាងក្រោម៖
១. វិសិដ្ឋរស
វិសិដ្ឋរសជាតម្លៃដែលលេចចេញតាមរយៈការឆ្លុះបញ្ចាំងរបស់អ្នកនិពន្ធជាសកម្មភាពដ៏អស្ចារ្យរបស់តួអង្គ ដែលកម្រមានតួអង្គមនុស្សណាមួយអាចធ្វើបាន។ រឿងនេះជារឿងបែបសាសនា គឺអក្សរ​សិល្ប៍​​​ពុទ្ធ-​និយ​មដែលទូន្មានមនុស្សឲ្យប្រព្រឹត្តតែអំពើជាកុសល ដូច្នេះរឿងនេះ​ប្រាកដណាស់​គឺមាន​វិសិដ្ឋរស​ជា​ចម្បង។ វិសិដ្ឋរសក្នុងរឿងនេះ គឺចិត្តខន្ដីដ៏អស្ចារ្យ​របស់តួអង្គចន្ទកុមារជា​ព្រះពោធិសត្វ​ដែល​បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន​តាំងពីដើមរហូតដល់ចប់ ពោលគឺព្រះអង្គអត់ធ្មត់ មិនក្រោធខឹង ប្រើពាក្យសម្ដី​ទ្រគោះ​បោះបោក បើទោះ​ជា​​ចំពោះ​អ្នក​ដែលចង់សម្លាប់ខ្លួនក៏ដោយ។
ឧទាហរណ៍៖ ព្រះចន្ទកុមារអង្វរថាៈ “បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ​ឡើយ សូមព្រះអង្គព្រះរាជទានទូលព្រះបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ។ ចំណែក​ទូលព្រះ​បង្គំជាខ្ញុំទាំងឡាយជាអ្នកជាប់ចំណងហើយ នឹងឃ្វាលដំរី នឹងចាក់ចោលនូវមូលដំរី នឹងចាក់ចោល​នូវ​​មូល​​សេះ​​(អាចម៍សេះ)របស់កណ្ឌហាលព្រាហ្មណ៍ ឬមួយបំបរបង់ទូលព្រះបង្គំ​ទាំងឡាយចាកផែនដី​គឺទូល-​ព្រះបង្គំ​​​​​​ទាំងឡាយ​សុខចិត្តដើរសុំទានចិញ្ចឹមជីវិតដែរ”។ (ឈឹម សុមន៍ ទសជាតក ទំព័រ២០៩)
២. ទារុណរស
ជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើររឿង​ ពីការប្រយុទ្ធព្យាបាទ សងសឹក និងធ្វើទុក្ខ​ទោស​ដាក់ទណ្ឌកម្មយ៉ាងកាចសាហាវរហូតដល់បាត់បង់ជីវិតតួអង្គដែលទន់ខ្សោយដោយអយុត្តិធម៌។
ទារុណរសនៅក្នុងរឿងគឺតាមរយៈតួអង្គចន្ទកុមារ សុរិយកុមារ ព្រះនាងគោត្តមី ព្រះនាងចន្ទាទេវី វសុល​រាជកុមារ សេលារាជកុមារី....ដែលសុទ្ធតែរងទុក្ខទោស ដោយការដាក់ទោសទណ្ឌ​ទាំងអយុត្តិធម៌​ធ្វើឲ្យ​ពួកគេមាន​ការលំបាកយ៉ាងខ្លាំងទាំងផ្លូវកាយ ពិសេសផ្លូវចិត្ត ហើយសុខចិត្តស្លាប់ទៅតាមគ្នា។
៣. អច្ឆរិយរស
គឺជាតម្លៃដែលលេចចេញមកអំពីការបង្ហាញអច្ឆរិយភាពដែលមានលក្ខណៈអស្ចារ្យ ហួសពីលក្ខណៈ​ដែល​មនុស្សអាចធ្វើបានដូចជាការហោះហើរ ដើរលើអាកាស ជ្រែកទឹក ជ្រែកដី......។
អច្ឆរិយរសនៅក្នុងរឿងស្ថិតនៅត្រង់ចុងបញ្ចប់នៃរឿងដែលអ្នកនិពន្ធធ្វើឲ្យមានអច្ឆរិយភាព គឺធ្វើឲ្យ​មានព្រះឥន្រ្ទាធិរាជចុះមកជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាតាមការបួងសួងរបស់ព្រះនាងចន្ទាទេវី។
ឧទាហរណ៍៖ ព្រះឥន្ទ្រាធិរាជ​ទ្រង់សណ្ដាប់​ហើយ​ ក៏គ្រ​វីដំបងដែកស្រែកគម្រាមព្រះបាទឯករាជថា “ម្នាល​​​ស្ដេចកាឡកណ្ណីអប្រិយលាមក អញនឹងសំពង​​​​​​​​​​ក្បា​លឥឡូវ ឯងមានដែលឃើញពីអង្កាល់​អ្នកដែល​សម្លាប់​បុត្រ មហេសី សេដ្ឋី គហបតី ព្រោះប្រាថ្នាស្ថានសួគ៌​នោះ”។
៤. កុសលរស
កុសលរស ឬតម្លៃឧបទេសគឺជាតម្លៃទាក់ទងដល់ការអប់រំ។
កុសលរសនៅក្នុងរឿងគឺកាអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ មានទឹកចិត្តមេត្តាករុណា ចេះឲ្យទាន មាន​ចិត្តខន្ដី  យុត្តិធម៌ ពោលគឺចៀសវាងឲ្យបាននូវអំពើអាក្រក់គ្រប់បែបយ៉ាង។
          ៥. តថរស
            តថរសជាតម្លៃដែលលេចចេញមកអំពីការឆ្លុះបញ្ចាំងតថភាពនៅក្នុងស្នាដៃអក្សរសិល្ប៍ និងសិល្បៈ។ គ្រប់​ស្នាដៃអក្សរសិល្ប៍ និងសិល្បៈសុទ្ធតែមានតម្លៃតថៈទាំងអស់ ព្រោះថាស្នាដៃអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះ​បញ្ចាំង​​តថភាពនៃសង្គមសត្យានុម័តក្នុងដំណាក់កាលណាមួយ។
            រឿងចន្ទកុមារបានឆ្លុះបង្ហាញពីសង្គមឥណ្ឌាសម័យបុរាណ​ ដែលមានជំនឿលើពិធីយញ្ញគឺការបូជា​មនុស្ស​ និងសត្វទំាងរស់ ដោយគេជឿថានឹងបានទៅកើតនៅសុគតិភព ពិសេសពួកព្រាហ្មណ៍ និងព្រះរាជា។
            យើងដឹង​ហើយថាសម័យបុរាណ ប្រជាជនឥណ្ឌាគេមានជំនឿខ្លាំងណាស់លើព្រហ្មញ្ញសាសនា។ ពួកព្រាហ្ម​ណ៍គឺជា​អ្នកប្រៀន​ប្រដៅ​សាសនាបានណែនាំឲ្យពួកសាសនិកអនុវត្តពិធីនេះ ដើម្បីធ្វើឲ្យអាទិទេព​សប្បាយ​ព្រះទ័យ​នឹង​បានទៅកាន់​សុគតិ​ភព។ ផ្ទុយទៅវិញ រឿងនេះបានរិះគន់វាយ​ប្រហារចំៗ​របស់ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា ចំពោះជំនឿ​បែប​ល្ងង់​ខ្លៅ​ និងប្រកបដោយបាបកម្មមួយនេះ។
            តថភាពមួយទៀតដែលយើងតែងឃើញនៅគ្រប់សង្គម និងគ្រប់សម័យកាលនោះ គឺការកាត់វិនិច្ឆ័យ​ក្ដីនៅ​តុលាការ ដោយមានទាំងការកាត់ក្ដីដោយអយុត្តិធម៌ព្រោះការសូកប៉ាន់ និងការកាត់ក្ដីដោយ​គតិ​យុត្ដិ-​ធម៌​។
       ៦. វីររស
            វីររសជាតម្លៃដែលចេញពីវីរសកម្មភាពរបស់តួអង្គវីរជនណាម្នាក់។
ក្នុងរឿងបានរៀបរាប់ពីវីរភាពរបស់ព្រះចន្ទកុមារថា ​តាំងពីកុមាររហូតដល់ពេញកម្លោះ ទ្រង់ឥត​ដែល​​មាន​ទោស​កំហុ​ស​សោះ និងជាមនុស្សពាក់គ្រឿងក្រោះ ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រ​ដោយ​មិនដែលមាន​ភាព​រួញរាសូម្បីបន្ដិចឡើយ ។
       សរុបសេចក្ដី
សរុបមក យើងឃើញថារឿងចន្ទកុមារនេះសក្ដិសមជាពុទ្ធវចនៈ ជារឿងមួយដែលមានតម្លៃ​ខាងអប់រំ​​មនុស្ស​ឲ្យមានទឹកចិត្តស្រ​ឡាញ់នូវអំពើជាកុសល និងវៀរចាកអំពើជាអកុសលទាំងពួង។

VII.      សន្និដ្ឋាន
យើងបានដឹងតាមរយៈការបកស្រាយមកហើយថារឿង ចន្ទកុមារជាតកនេះជារឿងបែបសាសនា ក៏ប៉ុន្តែ​រឿង​នេះ​មិនមែនមានតម្លៃតែចំពោះសាសនានោះទេគឺ មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានអត្ថ-​ប្រយោជ​ន៍យ៉ាងច្រើន សម្រាប់សង្គមជាតិគ្រប់សម័យកាលទាំងអស់។ យើងសង្កេតឃើញថា គោលគំនិត​មួយ​ដែល​បាន​ពន្លេចឡើងនិង​មានតម្លៃបំផុតនោះ គឺការប្រកាន់នូវខន្តីជាប់ជានិច្ច​ក្នុងចិត្ត ព្រោះវាជាទ្រឹស្ដី​ដ៏សំខាន់​នៃ​វប្បធម៌សន្តិភាព រវាង​បុគ្គល​ គ្រួសារ សង្គម និងពិភពលោកទំាងមូល។​ រឿងនេះបានឆ្លុះបញ្ចាំង​ស្ទើរគ្រប់​ទិដ្ឋភាព​នៃសង្គម មានទាំង​របបគ្រប់គ្រង ជំនឿសាសនា ការកាត់សេចក្ដីក្នុងតុលាការ សេចក្ដីលោភលន់ ការស៊ីសំណូក ការចងគំនុំតាម​ផ្ដន្ទា មនោសញ្ចេតនាក្នុងគ្រួសារ -ល- ដែលទាំងនេះសុទ្ធតែជា​បញ្ហាដែល​មនុស្ស​នៅជួបប្រទះរហូតមកដល់សព្វ​ថ្ងៃនេះ។
ផ្នត់គំនិតរបស់ប្រជាជនខ្មែរនៅគ្រប់សម័យកាល អំពីទស្សនៈកម្ម-ផល ក៏ត្រូវបានជះឥទ្ធិពល​ពីរឿ​ង​នេះ​ដែរ ដោយរឿងបានបង្ហាញថា បុគ្គលដែលសាងអាក្រក់រមែងទទួលផលអាក្រក់នៅបច្ចុប្បន្នជាតិ និង​តទៅ​​អនាគត​ជាតិទៀត។ ហេតុដូចបានរៀបរាប់ខាងលើ ទស្សនៈនេះបានចូលរួម​វិភាគទានយ៉ាងធំធេង​ក្នុង​ការអប់រំមនុស្ស​ឲ្យកសាងតែអំពើល្អជាកុសល ចៀសវាងអំពើអាក្រក់ជាអកុសលគ្រប់បែបយ៉ាង ដែលជា​ប្រភព​នាំមកនូវក្ដីសុខ សន្ដិភាព និងសណ្ដាប់ធ្នាប់ដល់សង្គមជាតិ ។
ជារួមមក រឿងនេះធ្វើឲ្យយើងខ្ញុំបានយល់កាន់តែច្រើនពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃស្នាដៃ ចំពោះ​វិស័យអក្សរសាស្រ្តជាតិនៅគ្រប់សម័យកាល។ មិនតែប៉ុណ្ណោះ យើងខ្ញុំបានជ្រួតជ្រាបទទួល​បាននូវ​បទពិសោធន៍ គោលគំនិតល្អៗ សម្រាប់ជាទុនជីវិតក្នុងការរស់នៅ​សំដៅសម្រេចបានជោគជ័យ​នៅក្នុងជីវិត​ប្រចំាថ្ងៃ។



ឯកសារពិគ្រោះ

១.  ឆវិន សរៈខាំ ប្រែសម្រួលដោយ នៅ សាខន ប្រវត្តិសាស្រ្តនៃព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា
ឆ្នាំ ២០០៦
២. ជួន ណាត វចនានុក្រមខ្មែរ បោះពុម្ភ លើកទី៥ ឆ្នាំ ១៩៦៧
​            ៣.  ឈឹម សុមន៍ សង្ខេបទសជាតក បោះពុម្ពលើកទី៦ រោងពុម្ពតារារស្មី ឆ្នាំ ១៩៧១
៤. ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី ២៨ លេខ ១១ ខែវិច្ឆិកា ព.ស ២៤៩៩ គ.ស ១៩៥៧
៥. ធ សោ វិធីសាស្ត្រនៃការសិក្សាស្នាដៃអក្សរសិល្ប៍ ឆ្នាំ ២០០៩
            ៦. ពន់ ឆាយ អក្សរសិល្ប៍ខ្មែរ ឆ្នំា ២០០៧-២០០៨
៧.  ពន់ ឆាយ   ប្រវត្តិអក្សរសាស្ត្រខ្មែរ ឆ្នំា ២០០២
​៨. ពុទ្ធសាសនបណ្ឌិត គម្ពីរព្រះត្រៃបិដក ភាគទី ៦២ ភ្នំពេញ ឆ្នាំ ១៩៦១
៩. លាង ហាប់អាន សិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ ភាគ ១-២ ឆ្នាំ ១៩៦៦
១០. លាង ហាប់អាន សិក្សាប្រវត្តិអក្សរសាស្រ្តខ្មែរ ឆ្នាំ ១៩៦៧






2 comments:

  1. តើម្ចាស់Addmin មានអត្ថបទវិភាគរឿងមហោសថដែរឬទេ?

    ReplyDelete
  2. បើមានសូមជួយpostមកផង ខ្ញុំត្រូវការវា

    ReplyDelete