Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេជោយ៉ត(ត) "អត្ថបទ និងអ្នកនិពន្ធ"

 I. អត្ថបទ និងអ្នកនិពន្ធ “រឿងតេជោយ៉ត”
                             ១. អត្ថបទ                                   
                              ក. ប្រភពរឿង
 “តេជោយ៉ត”  គឺជាចំណងជើងរឿងមួយ ដែលប្រសូតឡើងក្រោមស្នាដៃនិពន្ធរបស់ លោក
ទី ជីហួត ក្នុងឆ្នាំ ១៩៨៣។  តែទន្ទឹមនឹងនេះផងដែរ យើងក៏ឃើញមានអ្នកនិពន្ធមួយរូបទៀតគឺ
លោក គង្គ ប៊ុនឈឿន ក៏បានបង្កើតវណ្ណកម្មមួយមានចំណងជើងប្រហាក់ប្រហែលគ្នានេះដែរ គឺរឿង
“តេជោមាស តេជោយ៉ត”  ដែលបាននិពន្ធឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០២។  តែបើយើង ក្រឡេកមើលខ្លឹមសារនៃសាច់រឿងវិញ ថ្វីត្បិតតែវាមានលំនាំស្រដៀងគ្នាក៏ពិតមែន តែក៏មានលក្ខណៈ ខុសគ្នាមួយចំនួនផងដែរ រីឯបែបផែននៃតំណែងនិពន្ធក៏ខុសគ្នាគឺ មួយសរសេរជាពាក្យរាយ ឯមួយ​ទៀតជាប្រភេទល្ខោន ។
ពេលនេះ ក្រុមយើងខ្ញុំសូមលើកយករឿង “តេជោយ៉ត” ដែលជាស្នាដៃរបស់លោក ទី ជីហួត មកធ្វើការសិក្សា។ រឿងតេជោយ៉តដំបូងឡើយ ពុំត្រូវបានគេចងក្រងជាឯកសារសៀវភៅទេ មានតែ ឯកសារជាកាសែត(ម៉ាញ៉េ) ដែលត្រូវបានគ្រូបង្រៀនភាសាខ្មែរថ្នាក់ទី១២ ខ្លះជាវជាកាសែត(ម៉ាញ៉េ) តៗគ្នាមកចាក់ឲ្យសិស្សស្តាប់ នៅពេលដែលបង្រៀនដល់មេរៀននេះ។ លុះក្រោយមក នៅឆ្នាំ២០០២ នេះ គេបានប្រទះឃើញឯកសារជាសៀវភៅមួយចម្លងចេញពីកាសែត  ដែលបានរៀបរៀងដោយ
សស្ត្រាចារ្យ នុត វរភក្ដិ នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង។ តែទោះបីយ៉ាងណាក៏ដោយ ក៏វានៅពុំទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេ គឺនៅមានឆាកខ្លះបាត់ការសន្ទនា និងខ្វះឃ្លា​ចម្រៀងរបស់តួអង្គ។ បច្ចុប្បន្ន ដោយយល់ឃើញថាស្នាដៃនេះមានអត្ថប្រយោជន៍ចំពោះ អ្នកសិក្សា អ្នកស្រាវជ្រាវ និងអ្នកអានទូទៅ អ្នកស្រី ប៊ី គឹមសែន ក៏បានរៀបរៀងសរសេរ​បំពេញ​កន្លែង ខ្វះចន្លោះទៅលើឯកសារដើមដែលមានស្រាប់។
          ខ. ប្រភេទរឿង
រឿង“តេជោយ៉ត”  គឺជាប្រភេទរឿងល្ខោនបាសាក់លំនាំប្រវត្តិសាស្ត្រ ដែលមានភាពល្បីល្បាញ ក្នុងចំណោមរឿងល្ខោនអាយ៉ៃជាច្រើន។ អត្ថបទរឿងល្ខោនមានលក្ខណៈពិសេសខុសពី អត្ថបទ ពាក្យរាយត្រង់មានចែកចេញជា ឈុតឆាកសន្ទនាតាំងពីដើមរឿងរហូតដល់បញ្ចប់រឿង និងមានរាយ ឈ្មោះតួអង្គខាងឆ្វេងដៃ។ រឿងនេះចែកចេញជា១៨ឆាក។ រីឯអត្ថបទពាក្យរាយជាអត្ថបទដែលមាន ផ្នែកពោល ផ្នែកសន្ទនា មានឈ្មោះតួអង្គនៅក្នុងសាច់រឿងតែម្តង និងចែកជាវគ្គ ឬផ្នែក។ ([1])
           
ឧទាហរណ៍ៈ អត្ថបទល្ខោនបាសាក់រឿង “តេជោយ៉ត” ឆាកទី២
ស្តេចសម្រែៈ តាំងខ្លួនឯងជា ព្រះសម្រែរាជាធិរាជ មិនយូរមិនឆាប់ យើងនឹងបានគ្រប់គ្រងរាជ្យជាស្តេច នៅអាណាចក្រកម្ពុជាទាំងមូលមិនខាន(ច្រៀង) ដើមឡើយជារាស្ត្រស្រុកក្រាំងសម្រែ ឥឡូវពូកែដោយ ចេះវិជ្ជា(២ដង)តាំងខ្លួនជាស្តេចមានកងយោធា ល្បីល្បាញខ្ទរខ្ទារ អឺយ.....កៀរកេណ្ឌ ពលរដ្ឋ....។ (និយាយ) ឯណាទៅលោកឧកញ៉ា ពិភា ?
ឧកញ៉ាពិភាៈ ករុណាថ្លៃវិសេស !
ស្តេចសម្រែៈ .........................................................................
                                   គ. ចលនា
 យើងដឹងហើយថា អក្សរសិល្ប៍ខ្មែរត្រូវបានចែកចេញជា ៤ចលនាគឺចលនាព្រាហ្មណ៍និយម ចលនាពុទ្ធនិយម ចលនាខេមរនិយម និងចលនាបរទេសនិយម។ យ៉ាងណាមិញ តេជោយ៉ត គឺជារឿង មួយដែលស្ថិតក្នុងចលនាខេមរនិយម ព្រោះរឿងនេះបានបង្កប់អត្ថន័យ យ៉ាងជ្រាលជ្រៅនូវតម្លៃរបស់ មនុស្សខ្មែរ ដែលជឿលើកម្លាំងខ្លួនឯង។ ជាក់ស្តែង បញ្ហាទាំងអស់ក្នុងរឿងបានធ្វើការដោះស្រាយ ដោយប្រើហិង្សាក្តី អហិង្សាក្តីគឺប្រើប្រាស់មធ្យោបាយ និងគំនិតផ្ទាល់ខ្លួនជាវិធីសាស្ត្រដោយ​មិនយក​ជំនឿសាសនាធ្វើជាគោលឡើយ។  បន្ថែមលើនេះទៀត ដំណើររឿងបានបង្ហាញពីបញ្ហា​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យឧដុង្គ​ក្នុងរជ្ជកាលរបស់ព្រះបាទជ័យចេស្តា។ ម្យ៉ាងទៀត រឿងនេះពុំបានទទួលឥទ្ធិពលពីណា​ទេគឺជារឿងដែល មានលក្ខណៈមនុស្សសុទ្ធសាធ។
                                      ឃ. កាលបរិច្ឆេទ 
អត្ថបទនេះនិពន្ធឡើងនៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្រោយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ដំបូងរឿងនេះបានចាក់ផ្សាយតាមវិទ្យុជាតិជាច្រើនលើក ច្រើនសារក្នុងកំឡុងដើមឆ្នាំ ១៩៨៧ និងឆ្នាំបន្តបន្ទាប់ទៀត ហើយក៏មានការគាំទ្រពីសំណាក់ទស្សនិកជនខ្មែរ នាសម័យនោះជា
ខ្លាំង។ ក្រោយមកឆ្នាំ២០០១ ក្រសួងអប់រំបានដកស្រង់វគ្គខ្លះមកបញ្ចូលក្នុងកម្មវិធីសិក្សាភាសាខ្មែរ​ថ្នាក់ទី១២ ជំពូក៣ មេរៀនទី៨ អំណានទី១  ។
ឆ្នាំនិពន្ធៈ           - គ.ស ១៩៨៣ ត្រូវនឹងពុទ្ធសករាជ ២៥២៦     
            - គ.ស ១៩៨៣ ត្រូវនឹងមហាសករាជ ១៩០៥
                        - គ.ស ១៩៨៣ ត្រូវនឹងចុល្លសករាជ ១៣៤៥។
                                    ង. សង្គមបរិយាកាស
           ដំណើររឿងប្រព្រឹត្តទៅរវាងឆ្នាំ ១៥៧៥-១៥៩៣([2]) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការ ទន្ទ្រានយាយីពីបរទេស និង ទំនាស់ផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ ដែលបណ្តាលឲ្យប្រទេសមានភាព ចលាចលលើគ្រប់វិស័យ។ ប៉ុន្តែផ្នែកអក្សរសិល្ប៍វិញមានការរីកចម្រើនជាខ្លាំង សូម្បីតែសព្វថ្ងៃនេះក៏ពុំ​អាចមានកម្រិតស្មើនឹងសម័យឧដុង្គបានទ្បើយ។ ហេតុដូចនេះហើយ ទើបអ្នកសិក្សាអក្សរសិល្ប៍ បានឯកភាពគ្នាកំណត់ថា អក្សរសិល្ប៍ក្នុងសម័យឧដុង្គបានចូលដល់យុគមាសរបស់ខ្លួន។ ដោយយោង​លើ​សមត្ថភាពអ្នកនិពន្ធ អត្ថន័យ អត្ថរូបរបស់ស្នាដៃអក្សរសិល្ប៍នៅសម័យនោះ។([3])
            យើងសង្កេតមើលផ្នែកនយោបាយវិញម្តង គឺព្រះចៅជ័យចេស្តា ជាមហាក្សត្រខ្មែរមួយអង្គគង់ នៅក្រុងឧដុង្គមានជ័យ ព្រះអង្គជាស្តេចដែលបន្តការដឹកនាំពីព្រះបិតា ព្រះនាមស្រីសុរិយោពណ៌។  ដោយ​​​​​សារតែ ចង់ឲ្យពួកសៀមកោតញញើត ខ្លាចមិនហ៊ានឈ្លានពានប្រទេសរបស់ខ្លួន ព្រះបាទ​ស្រីសុរិយោពណ៌ ក៏បានចងសម្ព័ន្ធភាពជាមួយពួកក្រុងអណ្ណាម។  ឯព្រះចៅក្រុងអណ្ណាមបាន​មើល​ឃើញពីផលប្រយោជន៍វែងឆ្ងាយ  ក៏ព្រមព្រៀងរៀបអភិសេកបុត្រីរបស់ខ្លួន ឲ្យធ្វើជាព្រះទេពី​របស់​ព្រះជ័យចេស្តា។ យួន ក៏ចាប់ផ្តើមចូលទឹកដីខ្មែរតាំងពីពេលនោះមក។ ចំណែកឯការដឹកនាំ​ប្រទេស​របស់ព្រះចៅជ័យចេស្តា ក៏បានយកលំអានតាមយួនដោយអន្លើ។
លំដាប់ក្រោយមក ក្រុងអណ្ណាមមានជម្លោះជាមួយចិន ក៏ពឹងព្រះចៅជ័យចេស្តាឲ្យជួយ ដោយ សុំខ្ចីខេត្តកោះក្របីព្រៃនគរ ធ្វើជាមូលដ្ឋានទ័ពហ្វឹកហាត់ទាហានត្រៀមច្បាំង ជាមួយចិនរយៈពេល​ប្រាំឆ្នាំ រួចនឹងប្រគល់ជូនវិញ។ ដោយការប៉ិនប្រសប់លួងលោម បបោសអង្អែលរបស់ព្រះភគវតីអង្គចូវ និង ដើម្បីឲ្យយួនជួយទប់ទល់ជាមួយសៀមផងនោះ ព្រះជ័យចេស្តា ឬព្រះជ័យជេដ្ឋាក៏យល់ព្រមឲ្យ​ព្រះចៅ ក្រុងហ្វេដាក់ទ័ពតាមព្រះរាជសំណើ ។
            នាពេលនោះទ័ពយួនបានដឹកកូន ជញ្ជូនចៅមកនៅខេត្តកោះក្របី ព្រៃនគរ។  បន្ទាប់ពី ព្រះជ័យជេដ្ឋា ឡើងគ្រងរាជ្យ បាន៣ឆ្នាំព្រះចៅថៃណា ព្រះរាជាក្រុងស្រីអយុធ្យាក៏អាក់អន់ព្រះទ័យថា ខ្លួនធ្លាប់ជួយទំនុកបម្រុងឲ្យពលសៀម លាវចូលទៅជួយប្រាបប្រាមសឹកសត្រូវក្នុងព្រះនគរកម្ពុជា រហូត បានគ្រងរាជសម្បត្តិ បែរជាទៅចងមេត្រីភាពជាមួយព្រះចៅក្រុងអណ្ណាមទៅវិញ។ ពេលនោះ ធ្វើឲ្យ ក្រុងទេពបុរីស្រីអយុធ្យាក្តៅចុងច្រមុះក៏លើកទ័ពមកវាយលុកនគរខ្មែរ តែត្រូវបរាជ័យជាច្រើនលើក ច្រើនសារ។
                        ២. អ្នកនិពន្ធ និងស្នាដៃ
                             ក. ជីវប្រវត្តិសង្ខេប([4])
-  ឈ្មោះអ្នកនិពន្ធៈ ​​ លោក ទី ជីហួត
-  ថ្ងៃខែឆ្នាំកំណើតៈ  ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៥២
- ស្រុកកំណើតៈ  ភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
      -​​ កំរិតវប្បធម៌ៈ  ថ្នាក់ទី៣ទំនើបជាតិ សាលាអនុវត្ត (មុនឆ្នាំ ១៩៧៥)​
            - កំរិតភាសាបរទេសៈ អាន និងសរសេរភាសាបារាំង
           -​ ទទួលមរណភាពៈ​ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៧ ដោយជម្ងឺក្រិនថ្លើម នៅរាជធានីភ្នំពេញ។
                                    ប្រវត្តិការងារ( [5])
            មុនឆ្នាំ ១៩៧៥
           - ជាជាងកាត់សក់ ជិតផ្សារអូរឫស្សី នៅភ្នំពេញ   
​     -​​ ជាសិស្សសាលាផង ដើរលក់នំប៉័ង លក់ប៉ោងៗ បម្រើតុតាមហាង ដើម្បីចិញ្ចឹមគ្រួសារក្នុងនាម                          កូនច្បង                   
            - ត្រូវគេចាប់ធ្វើទាហាន ។
            ក្រោយឆ្នាំ ១៩៧៥
            - ជន្លៀសទៅស្រុកខាងម្តាយនៅភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បាន៦ខែ។      
- ត្រូវបានខ្មែរក្រហមបញ្ជូនទាំងគ្រួសារឲ្យទៅនៅភូមិត្រពាំងថ្ម សង្កាត់ប៉ោយចារ ស្រុកភ្នំស្រុក
ខេត្តបាត់ដំបង  មានការងារជាអ្នកលាយជីលេខមួយ គឺលាមកមនុស្ស។
                       ក្រោយឆ្នាំ ១៩៧៩
            - បានមកខេត្តសៀមរាប ពីរខែ។
            - បន្តដំណើរទៅរស់នៅស្រុកខាងម្តាយជាថ្មីទៀត។
            - ក្រោយមកលោកបានមករស់នៅភ្នំពេញ និង ចូលបម្រើការងារនៅវិទ្យុជាតិកម្ពុជា។
           ខ. ស្នាដៃ​​​([6])
-​ ឆ្នាំ១៩៦៨ សរសេរកំណាព្យមួយឈ្មោះ “ក្តីលំបាកវេទនារបស់កូនអ្នកក្រ និងការបែងចែក
វណ្ណៈក្នុងសង្គមមនុស្ស”
- ឆ្នាំ១៩៧០ សរសេររឿង “អ្នកលេងជាយសមុទ្រ”  ជាប្រភេទប្រលោមលោក ដោយបោះលក់ តាមទីផ្សារ
-  ឆ្នាំ១៩៧២សរសេររឿង“គុហាថ្មលឿង” ជាប្រភេទប្រលោមលោកភាគ(៥ភាគ)បានធ្វើឲ្យគាត់ ល្បីឈ្មោះ
- ឆ្នាំ១៩៧២ បានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ
            - មុនឆ្នាំ១៩៧៥ គាត់សរសេរប្រលោមលោកបាន៨ស្នាដៃ
            -ក្រោយឆ្នាំ១៩៧៩ គាត់សរសេរបាន១៧៩ស្នាដៃ ដែលក្នុងនោះមានអត្ថបទជាល្ខោនបាសាក់ ល្ខោនយីកេ ប្រលោមលោក ចម្រៀងអាយ៉ៃជាដើម។
            - ស្នាដៃចុងក្រោយរបស់លោក គឺរឿង “ក្បូនជីវិត” (២៨.០៣.១៩៨៧)
                                                ឈ្មោះស្នាដៃ មុនឆ្នាំ១៩៧៥

ល.រ
ឈ្មោះរឿង
ប្រភេទ
កាលបរិច្ឆេទ
១
រឿងអ្នកលេងជាយសមុទ្រ
ប្រលោមលោក
១៩៧០
២
រឿងគុហាថ្មលឿង
----
១៩៧១-១៩៧២
៣
រឿងអ្នកតាត្បូងខ្មៅ
----
១៩៧២
៤
រឿងឃាតករអាវ៉ាសែ
----
១៩៧២
៥
រឿងម្រាមភ្លើង
----
១៩៧៣
៦
រឿងម្រេញគង្វាល
----
១៩៧៤
៧
រឿងយមរាជប្រមឹក
----
១៩៧៤
៨
រឿងដាវផ្កា ៦ពណ៌
----
១៩៧៥
៩
រឿងអញមកវិញហើយ
----
១៩៧៥      


ស្នាដៃមួយចំនួនក្រោយ ឆ្នាំ១៩៧៩ (តាមលំដាប់)
ល.រ
ឈ្មោះរឿង
ប្រភេទ
កាលបរិច្ឆេទនិពន្ធ
១
ជ្រោយទង់ប្រយុទ្ធដើម្បីបំបាត់ភាព​ មិនចេះអក្សរ
អាយ៉ៃឆ្លើយឆ្លង
១២.០៧.១៩៨០
២
អបអរខួបទី៣៥បុណ្យឯករាជ្យ
សាធារណរដ្ឋវៀតណាម
        ------
២៣.០៨.១៩៨០
៣
ពង្រឹងស្មារតីចំពោះឧបាយកលខ្មាំង
        ------
១២.០៩.១៩៨០
៤
ប្រជាជនកម្ពុជាអបអរនឹងបុណ្យ
ភ្ជុំបិណ្ឌតាមប្រពៃណី
        ------
០៦.១០.១៩៨០
៥
រឿងទម្ងន់ទោសរបស់បនក្បត់
ប៉ុលពត ក្នុងភ្លើងនរកអវិចី
យីកេរឿង
០៧.១០.១៩៨០
៦
រឿង៧មករាថ្ងៃជោគជ័យនៃ​បដិវត្តន៍សង្គមមិនបរិសុទ្ធ
        ------
៣០.១០.១៩៨០
៧
រឿងមាយើង(យកតាមលំនាំដើម)
        ------
១៩.១១.១៩៨០
៨
រឿងជីវិតថ្មីក្រោយថ្ងៃ៧មករា
         ------
០១.០១.១៩៨១
៩
រឿងម៉ាកថឺង(៣ខ្សែ)
         ------
០៩.០៦.១៩៨១
១០
រឿងការផ្ទេរតំណែងរវាងស្វានិងមាន់
អាយ៉ៃរឿង
៣១.០៨.១៩៨១
១១
រឿង៧មករាមហាជោគជ័យ
យីកេ
១៥.១២.១៩៨១
១២
រឿងទំងន់ទោសបនក្បត់ក្នុងភ្លើង អវិចី
         ------
១៩៨២
១៣
រឿងវិធីផ្ទេរតំណែងរវាងមាន់និងឆ្កែ
អាយ៉ៃរឿង
៣០.០៣.១៩៨២
១៤
រឿងចិត្តប្រណី(២ខ្សែ)
ល្ខោននិយាយ
០៧.០៤.១៩៨២
១៥
រឿងមាគ៌ាសន្តោសប្រោសប្រណី
អាយ៉ៃរឿង
១៤.០៨.១៩៨២
១៦
រឿងព្រះឥន្ទ្រខ្វាក់ភ្នែក(២ខ្សែ)
ល្ខោនបាសាក់
៣០.១១.១៩៨២
១៧
រឿងឃុនឆាង ឃុនផែន(៣ខ្សែ)
យីកេ
០៧.០៤.១៩៨៣
១៨
រឿងប្រាំឆ្នាំក្នុងជីវិតថ្មី(១ខ្សែ)
         ------
០៣.១២.១៩៨៣
១៩
រឿងសម្លេងនៃក្តីសង្ឃឹម(១ខ្សែ)
         ------
០៩.១២.១៩៨៣
២០
រឿងតេជោយ៉ត(៣ខ្សែ)
ល្ខោនបាសាក់
២៨.១២.១៩៨៣
២១
រឿងវិលរកទ្រនំ
ល្ខោននិយាយ
២៩.១២.១៩៨៣
២២
រឿងវិលរកទ្រនំ
ប្រលោមលោក
១៩៨៤
២៣
រឿងនាងបដាចារ(២ខ្សែ)
ល្ខោនបាសាក់
០៦.០៤.១៩៨៤
២៤
រឿងឈាមពលករ(២ខ្សែ)
យីកេ
០៧.០៤.១៩៨៤
២៥
រឿងស្នងសូរមនោកែវ(១ខ្សែ)
         ------
២៧.០៦.១៩៨៤
២៦
រឿងអរុណរះនៅទិសបូព៌
ល្ខោនបាសាក់
២៨.០៦.១៩៨៤
២៧
រឿងគូព្រេងចម្លែក (៤ខ្សែ)
         ------
០៥.១២.១៩៨៤
២៨
រឿងជនឥស្សរៈ(១ខ្សែ)
យីកេ
០១.០១.១៩៨៥
២៩
រឿងបុរសបេះដូងមាស(២ខ្សែ)
         ------
១៩.០៤.១៩៨៥
៣០
រឿងកុំភ្លេចរឿងចាស់ (២ខ្សែ)
         ------
១៩.០៥.១៩៨៥
៣១
រឿងមេឃបាត់ដួងចន្ទ
ប្រលោមលោក
១៥.០៩.១៩៨៥
៣២
រឿងជីវិតអាថ៌កំបាំង
(មិនទាន់ផ្សាយ)
         ------
១៩៨៦
៣៣
រឿងព្រលឹងបន្ទាយស្រី(៥ខ្សែ)
ល្ខោនបាសាក់
១២.០៤.១៩៨៦
៣៤
រឿងកងទ័ពគម្រូ
អាយ៉ៃរឿង
២៧.០៥.១៩៨៦
៣៥
រឿងក្បូនជីវិត(៣ខ្សែ)
យីកេ
២៨.០៣.១៩៨៧
៣៦
ចម្រៀងបុរាណ ៥០បទ


៣៧
ចម្រៀងសម័យ ៤៨បទ


                 
                   ៣. សង្ខេបរឿង                                                                        
នៅដែនដីកំពង់ស្វាយមានបុរសម្នាក់ឈ្មោះ “មាស” ​ មានងារជាឧកញ៉ាតេជោបរមរាជ ដែល​គេ​ហៅថា “តេជោមាស” មានភរិយាឈ្មោះ “ ស្រែន្យ ” មានងារជាជំទាវ និង មានសិស្ស​ជំនិត​ម្នាក់ឈ្មោះ​ “យ៉ត”​ ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមី ភរិយា​ទាំងពីរ​នេះ​មាន​ទឹកចិត្តស្រលាញ់រាប់អាន “យ៉ត” ជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា​“ស្តេចសម្រែរាជាធិរាជ” បានតាំងទីកងទ័ពនៅកំពង់ហៅ(កំពង់ឆ្នាំង)ដោយបានរៀបចំបន្ទាយមួយ​ឲ្យឈ្មោះថា“បន្ទាយនគរ”។ ស្តេចសម្រែ ជាមេបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើម​អំណាចគ្រប់គ្រងផែនដី។  តេជោមាស និងសិស្សជំនិតយ៉ត បានព្យាយាមលើកទ័ពទៅបង្ក្រាប​ក្រុម​បះបោរនេះដែរ តែត្រូវបរាជ័យ។ ជំទាវស្រែន្យ បានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុងអន្លង់​ស្នេហាចំពោះរូបនាង ហើយបង្អក​ស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ ត្រូវបាន តេជោមាស និងយ៉ត ព្រមទាំងកងទ័ពចាប់យកទៅថ្វាយព្រះចៅ ជ័យចេស្តា​ កាត់ទោសតាមច្បាប់នគរ។
             ក្រោយពីបានទទួលជោគជ័យលើ ស្តេចសម្រែរួចមក តេជោមាស ក៏ទទួលអនិច្ចកម្មទៅ។
 ព្រះរាជាប្រទានងារនោះឲ្យទៅតេជោយ៉ត បំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉ត បានទទួលរាជ បញ្ជា និងដាវអាជ្ញាសឹកទៅបង្ក្រាបពួកបះបោរនៅខេត្តពោធិសាត់។ ឆ្លងតាមរយៈ​ បទពិសោធរបស់​ឧកញ៉ាចក្រី និងក្រឡាហោម ដែលទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹក នៅទីនោះមាន ម៉ឺនចៃចុងរ៉ាក់ ដែលជាប្អូនថ្លៃមហាក្សត្រផងដែរ។ ដើម្បីរកខ្មាំងខាងក្រោយខ្នង តេជោយ៉ត បានបញ្ជា​ឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សីបញ្ច្រាស់ចុង ដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងនឹងត្រូវ​សម្លាប់ចោល។ បក្សពួកម៉ឺនចៃចុងរ៉ាក់ មិនបានធ្វើតាមបញ្ជានេះឡើយ ហើយថែមទាំងធ្វើតាម​ទំនើងចិត្តខ្លួន​ព្រោះសំអាងលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹង​ជួយ​ឲ្យរួចពីកំណែន​​​នេះ។ ទង្វើនោះត្រូវ តេជោយ៉ត រកឃើញថាមឺនចៃចុងរ៉ាកនេះឯង​ជាខ្មាំង​ពី​ក្រោយខ្នង ហើយ​ក៏ចាប់យកទៅសម្លាប់ចោលទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់​អ្នកម្នាងនូក៏បានទូលថ្វាយព្រះរាជាឲ្យចាប់ តេជោយ៉ត យកទៅប្រហារជីវិត។ ព្រះរាជាធ្វើតាមការ សុំរបស់អ្នកម្នាង តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាប​សត្រូវបះបោរ ចាំរួចការនេះខ្លួននឹងមកទទួលទោសដោយខ្លួនឯង។  ដោយការទទូចសុំរបស់អ្នកម្នាងនូ​ខ្លាំងពេកព្រះរាជាបានបង្ខំឲ្យតេជោយ៉ត មកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹកបើកឱកាស​ឲ្យសត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ធ្វើឲ្យកងទ័ពបាក់ស្មារតី និយាយរួចក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនៅពេលនោះទៅ។តេជោយ៉ត ប្រកាសជម្រាបមន្ត្រីទាំងអស់​ នោះថា ចាំបង្ក្រាបសត្រូវរួចនឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង ។
            ការបង្ក្រាបឈ្លើយសៀមបានជោគជ័យ តេជោយ៉ត ក៏ឲ្យគេធ្វើឃ្នាងហើយដាក់ខ្លួនឯង ដើរចូល​ទៅទទួលទោសពីព្រះរាជា ពីបទដែលខ្លួនបានសម្លាប់អ្នកម្នាងនូ  ព្រះរាជាមិនឲ្យចូលជួបរួចបញ្ជាឲ្យ​មន្ត្រីដោះលែង និងឲ្យទៅត្រួតការនៅឯខេត្ត កំពង់ស្វាយ។ តេជោយ៉ត បានគួចចិត្តប៉ងប្រាថ្នាយក​ជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេព្រោះជំទាវបានគិតថា តេជោយ៉ត ជាជនជាតិ​ភាគតិច​ ហើយជាសិស្សប្តីនាងពីមុនទៀតផង។​ ដោយសង្កេតឃើញជំទាវរើសអើងស្នេហាប្រកាន់​វណ្ណៈ​បែបនេះ តេជោយ៉ត  បានប្រើល្បិចលួចយកកាំជណ្តើរផ្ទះ ជំទាវស្រែន្យ មកឲ្យជាងដាប់​ឆ្លាក់​ជារូបព្រះពុទ្ធបដិមា និងរូបសំណាកតេជោមាស។ ក្រោយពីជំទាវស្រែន្យថ្វាយបង្គំរូបសំណាកនេះ ទើបតេជោយ៉តប្រាប់ការពិតថា ថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ ជំទាវស្រែន្យយល់ន័យនៃទង្វើ​របស់​តេជោយ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយួតេជោយ៉ត នាពេល នោះទៅ។
៤. ឈ្មោះតួអង្គ និងមុខងារ
១. តេជោមាសៈ ជាស្វាមីជំទាវស្រែន្យ មានងារជាតេជោបរមរាជ ត្រួតខេត្តកំពង់ស្វាយ។
២. តេជោយ៉តៈ តេជោត្រួតខេត្តកំពង់ស្វាយបន្ទាប់ពី តេជោមាសស្លាប់ទៅ។
៣. ជំទាវស្រែន្យៈ ជាភរិយារបស់តេជោមាស ជាស្ត្រីដែលមានល្បិចឆ្នើម អាចចាប់ស្តេចសម្រែក្បត់​ជាតិយកទៅកាត់ទោស។
៤. ព្រះចៅជ័យចេស្តាៈ មហាក្សត្រខ្មែរគង់នៅឧដុង្គមានជ័យ។
៥. អ្នកម្នាងនូៈ បងស្រីម៉ឺនចៃចុងរ៉ាក់ និងជាអ្នកម្នាងរបស់ព្រះចៅជ័យចេស្តា។
៦. ស្តេចសម្រែៈ មេបះបោរបម្រុងដណ្តើមរាជ្យពីព្រះចៅជ័យចេស្តា។
៧. ឧកញ៉ាពិភាៈ មន្ត្រីជំនិតរបស់ស្តេចសម្រែ។
​​​៨. ឧកញ៉ាព្រះស្រីទ្វារប្រាសាទដប់ៈ បម្រើការងារជាមួយតេជោមាស និងតេជោយ៉ត។
៩​​. នាងម៉ៃៈ បុត្រីឧកញ៉ាព្រះស្រីទ្វារប្រាសាទដប់ និងជាអ្នកតាមស្រលាញ់តេជោយ៉ត។
១០. នាយឈិតៈ ឈ្លើយសឹកសៀម និងជាមេបះបោរប្រឆាំងព្រះរាជាខ្មែរ។
១១. ម៉ឺនចៃចុងរ៉ាក់ៈ ប្អូនអ្នកម្នាងនូ ប្រឆាំងតេជោយ៉ត ហើយត្រូវតេជោយ៉តសម្លាប់ចោល។




1.     នួន សារឿន ចម្លើយ លំហាត់ សំណួរ និងតែងសេចក្តី ភាសាខ្មែរថ្នាក់ទី១២ ២០០១-២០០២ ទំ ៨៥
2)សូ អឿន ប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា ទំ ១៨
3) បណ្ឌិត ធ សោ សំណួរ និង ចម្លើយវប្បធម៌ ខ្មែរភាគ២ ១៩៩៣ ទំ ៧២
4) តាមឯកសារ​ស្រាវជ្រាវរបស់និស្សិតមហាវិទ្យាល័យអក្សរសាស្រ្ត ជំនាន់ទី៩ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ១៩៨៨-១៩៩២
៥)​ ៦) ប៊ី គឹមសែន តេជោយ៉ត ២០០៤ ទំ ២-៦




1 comments:

  1. ខ្ញុំចង់បានរឿងប្រលោមលោករឿង វិលរកទ្រនំ

    ReplyDelete