Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង តេជោយ៉ត(ត) "សិក្សាអត្ថន័យ"

II. សិក្សាអត្ថន័យ “រឿងតេជោយ៉ត”
                            ១. ប្រធានរឿង
            ប្រធានរឿង គឺជាបញ្ហាដែលមានលក្ខណៈរួមបំផុតរបស់រឿង  ឬជាគំនិតដឹកនាំរឿងដែល​
អ្នក​និពន្ធយើងចង់បង្ហាញដល់អ្នកអាន។ វាអាចជាគោលបំណង ជាបុព្វ​ហេតុដែលនាំឲ្យមានដំណើរ​រឿងតាំងពីដើមរហូតមកដល់ចប់ ឬជាដំណើរបញ្ហារបស់អ្នកនិពន្ធដែលត្រូវបានធ្វើការឆ្លុះបញ្ចាំង។([1])
ប្រធានរឿង ដែលយើងកំពុងសិក្សានេះគឺនិយាយជុំវិញ “វីរភាពរបស់តេជោយ៉ត" ។ តេជោយ៉តតួអង្គតំណាងឲ្យមេទ័ពខ្មែរនៅសម័យឧដុង្គដែលមានគំនិតស្រលាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលទង្វើនេះគឺជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែង​ក្រៃលែង។
                        ២. មូលបញ្ហារឿង
មូលបញ្ហា គឺជាបញ្ហាដែលអ្នកនិពន្ធបង្ហាញបន្តបន្ទាប់នៅក្នុងរឿង ឬជាភាពលម្អិតនៃ
ប្រធាន​រឿង​។​ មូលបញ្ហាជាបញ្ហា ដែលគ្របដណ្តប់ទៅលើដំណើរសាច់រឿងទាំងមូល​ ហើយដែលមាន
ខ្លឹមបញ្ហា​​​បែកព្រែកចេញជាបញ្ហាតូចៗតទៅទៀត។([2])
            មូលបញ្ហាក្នុងរឿងតេជោយ៉តមានដូចជា ៖
-បញ្ហាទី១​  បញ្ហាស្នេហា                
បែបផែនស្នេហាមានច្រើនបែបណាស់។ ស្នេហាខ្លះធ្វើឲ្យមនុស្សចម្រើន បើកាលណាស្នេហា​នោះជាស្នេហាស្មោះភក្តី ប្រកបដោយគតិពិចារណាមិនងប់ងល់ ឬផ្កាប់មុខខុសទំនង។ “តេជោយ៉ត”​ជាវណ្ណកម្មមួយ ដែលបង្កប់នូវបញ្ហាស្នេហាច្រើនបែប វាជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យយើងជាអ្នកសិក្សា​អាចប្រមើមើលលំនាំនេះនៅក្នុងសង្គមបាន។ តួយ៉ាងផ្ទៃរឿងបានបង្ហាញពីបញ្ហាស្នេហាជាតិ ស្នេហា​បុរសស្ត្រី ស្នេហាគ្រួសារជាដើម ។
បញ្ហាស្នេហាសង្គមជាតិ
បញ្ហាស្នេហាជាតិ ត្រូវបានបង្ហាញឲ្យឃើញដោយច្រើនរូបភាពតាមរយៈតួអង្គតេជោមាស តេជោយ៉ត ជំទាវស្រែន្យ កងទ័ពខ្មែរ និងតួអង្គអ្នកបម្រើមួយចំនួនទៀត។ ផ្ទៃរឿងទាំងមូល​និយាយ​តែជុំវិញការធ្វើពលិកម្ម ដោយមិនស្តាយស្រណោះអ្វីទ្បើយ ពោលគឺហ៊ានលះបង់ប្រយោជន៍​ផ្ទាល់ខ្លួនដើម្បីបុព្វហេតុការពារទឹកដី  ការពារប្រជាជនរួមជាតិ។ កម្លាំងស្នេហានេះ គឺ​រឹងមាំណាស់ និងមាន​​ អត្ថន័យធំទូលាយប្រកបដោយ​ ប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសជាតិ។ ជាក់ស្តែង​ពលិកម្មរបស់ តេជោមាស តេជោយ៉ត ក៏ដូចជាជំទាវស្រែន្យដែលបានរំដោះ ប្រទេសជាតិ​ឲ្យរួចផុត​ពីការឈ្លានពានពីបរទេស និងបង្ក្រាបបានរាល់ ការបះបោរផ្ទែក្នុងទៀតផង នាំឲ្យនគររុងរឿង ។
ឧទាហរណ៍ៈ តេជោយ៉តៈ ...ទូលព្រះបង្គំពុះពារជាដាច់ខាតសូម្បីជីវិតក៏ហ៊ានបូជាដែរ ដើម្បីបុព្វហេតុ​ប្រទេសជាតិ មាតុភូមិ!  (ទំពរ ៦១)
ស្នេហាប្រុសស្រី់
ធម្មជាតិបង្កើតឲ្យមានស្នេហាប្រុសស្រីតែដោយឡែកស្នេហា ដែលថ្លៃថ្នូរប្រកបដោយគតិ​ពិចារណានាំមកនូវ​​​ សុភមង្គល។ ជាក់ស្តែងរឿងនេះ បានបង្ហាញស្នេហារវាងតេជោមាស និងជំទាវ​ស្រែន្យជាស្នេហាថ្លៃថ្នូរចេះយល់ទុក្ខធុរៈអធ្យាស្រ័យអត់ឱន បង្កប់នូវមេត្តាភាពនាំឲ្យ តេជោមាស​ទទួល​​​បានភាពថ្កុំថ្កើនដោយសារជំទាវស្រែន្យ​ ឯជំទាវស្រែន្យក៏ទទួលបានការគោរពនិងកោត​ស្ញប់ស្ញែង​ ពីមហាជនផងដែរ។ ទាំងនេះបញ្ជាក់ពីសុភមង្គល ដែលទទួលបានដោយសារប្តីនិងប្រពន្ឋចេះគោរព និងឲ្យតម្លៃគ្នា។ រីឯស្នេហានាងម៉ៃចំពោះយ៉តក៏ជាស្នេហាដែលថ្លែថ្នូរដែរ ព្រោះទោះបីជាមានការ​ជំទាស់ពីយ៉តក៏នាងម៉ៃអាចទទួលយក​ និងរាប់អានគ្នាជាបងប្អូនដោយស្មោះត្រង់។  ដោយឡែក ស្នេហាយ៉តចំពោះជំទាវស្រែន្យក៏ប្រកបដោយកិត្តិយស ពោលគ្មានការបង្ខិតបង្ខំ ឬប្រើហិង្សាទ្បើយ។ តេជោយ៉ត យកឈ្នះជំទាវស្រែន្យដោយសន្តិវិធី។ តែផ្ទុយទៅវិញ បុគ្គលណាដែលងប់នឹងតណ្ហា ខ្វះការពិចារណានាំឲ្យអន្តរាយខ្លួនដូចជាស្តេចសម្រែជាដើម។ ទន្ទឹមនឹងនេះ ព្រះចៅចេស្តាស្ទើរតែ​បាត់បង់នគរក៏ព្រោះ ការស្រលាញ់ចំពោះអ្នកម្នាងនូភ្លេចត្រូវខុសដែរ។
ស្នេហាគ្រួសារ
ជំទាវស្រែន្យ និងតេជោមាសមានព្រហ្មវិហារធម៌ចំពោះយ៉ត ឯយ៉តក៏ហ៊ានលះបង់ជិវិត​ជួយ​តេជោមាសឲ្យរួចផុតពីដាវរបស់ស្តេចសម្រែ។ តេជោមាស ព្រោះតែស្រលាញ់យ៉ត បានរៀបចំការ​ផ្ទេរ​តំណែងឲ្យយ៉តមុនខ្លួនស្លាប់។ យ៉តស្តាប់បង្គាប់ និងដំបូន្មានតេជោមាសជារហូត បើទោះ​តេជោមាស​ ស្លាប់ទៅហើយ ក៏មិនដែលភ្លេចសោះនូវបណ្តាំរបស់លោក។ យ៉តជាមនុស្សល្អ ក្លាហានពូកែក៏ដោយ សារតេជោមាសដែរ។ ប៉ុន្តែចំពោះស្នេហាអ្នកម្នាងនូ និងម៉ឺនចៃចុងរ៉ាក់ដែលត្រូវជាប្អូនបង្កើត គឺជា​ការ ស្រលាញ់ដែលខុសឆ្គង ខុសច្បាប់សង្គម។ តួយ៉ាងអ្នកម្នាងនូ​ តែងតែជួយប្អូនប្រព្រឹត្តនូវទង្វើ កិបកេង​​ កេងប្រវ័ញ្ចប្រយោជន៍ជាតិបណ្តាលឲ្យប្អូនប្រុសស្លាប់ព្រោះតែការអាងខ្នង។ ទីបំផុតអ្នកម្នាង​ខ្លួនឯងក៏ អន្តរាយជីវិតដែរ ។
- បញ្ហាទី២  ការគ្រប់គ្រង
                តាមរយៈរឿងតេជោយ៉ត អាចបង្ហាញឲ្យឃើញថា សម័យឧដុង្គក្នុងរាជ្យព្រះចៅជ័យចេស្តា​មាន​រចនាសម្ព័ន្ធនៃការគ្រប់គ្រងប្រទេសបានរៀបរយល្អ ព្រោះយើងសង្កេតឃើញមានការរៀបចំតាម​ឋានន្តរសក្តិ ដូចជាមាន ស្តេចផែនដី មេហេសី អ្នកម្នាង តេជោ ឧកញ៉ាក្រឡាហោម ឧកញ៉ាចក្រី ជំទាវ ក្រុមអាលក្សណ៍ កងទ័ព ស្មៀន អ្នកបម្រើ.....។
រឿងនេះក៏បានបង្ហាញឲ្យឃើញពីភាពឆ្លាតវៃក្នុងការគ្រប់គ្រងកងទ័ពរបស់តេជោមាស តេជោយ៉ត (ក្បួនធ្វើសឺក១២)។ ពិសេសយើងសង្កេតឃើញពីប្រពៃណី នៃការចេញច្បាំងរបស់មេទ័ពម្តងៗត្រូវ មានការអនុញ្ញាត និងប្រគល់ដាវអជ្ញាសឹកពីព្រះរាជា។ ទាំងនេះបង្ហាញឲ្យឃើញថា ប្រទេសនៅ​សម័យ​នោះគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ។
-បញ្ហាទី៣  ការអប់រំ
ការអប់រំគឺសំដៅលើការពន្យល់ណែនាំ បង្ហាត់បង្រៀនរបស់បុគ្គលមួយទៅបុគ្គលដទៃទៀត។ ការអប់រំនៅសម័យឧដុង្គ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ តាមរយៈផ្ទែ​រឿង​ក៏បាន​បង្ហាញផងដែរពីក្បួនធ្វើសឹកដ៏ល្អទាំង ១២ ដែលបានចងក្រងដោយបណ្តាមេទ័ពខ្លាំងៗត​រៀង​មក។
ម៉្យាងទៀត យើងឃើញថាទាំងតេជោយ៉ត តេជោមាស និងស្តេចសម្រែសុទ្ធតែមានវិជ្ជាគុណខ្លាំងពូកែ ព្រោះបានឆ្លងកាត់ការសិក្សារៀនសូត្របានយ៉ាងដិតដល់។ ចំពោះស្ត្រីវិញ នៅសម័យនោះគេឲ្យរៀន​ដេរប៉ាក់ចាក់ជុល ដាំស្លផ្សេងៗព្រោះតម្លៃរបស់ស្ត្រីស្ថិតនៅលើអត្តចរិត និងកិច្ចការមេផ្ទះ។
-បញ្ហាទី៤   បញ្ហាវណ្ណៈ
គ្រប់សម័យទាំងអស់តែងតែមានការបែងចែកវណ្ណៈតាមរូបភាពផ្សេងៗទៅតាមសម័យកាល។ ដោយឡែកនៅសម័យ នោះគេមានការប្រកាន់ចំពោះពូជសាសន៍ជាខ្លាំង។ យ៉តជាកូនពួកភ្នង ដូចនេះ​មិនមានអ្នកណាឲ្យតម្លៃឡើយ បើកុំតែមានការជួយលាក់ប្រវត្តិពីសំណាក់តេជោមាស កុំអីយ៉តពិបាក​នឹង​រស់នៅក្នុងសង្គមនេះណាស់។ ជំទាវស្រែន្យក៏ជាបុគ្គលម្នាក់ដែលប្រកាន់វណ្ណៈដែរ ព្រោះតែខ្លាច​គេ​និន្ទា សុខចិត្តបដិសេធជាមួយយ៉ត ទោះបីជាជំទាវយល់ថាយ៉តមានគុណសម្បត្តិជាតេជោក៏ដោយ ក៏​ជំទាវនៅតែប្រកាន់អតីតកំណើតជាជនជាតិភាគតិច និងអតីតបាវបម្រើរបស់គាត់។ លក្ខណៈនេះ​បានបង្ហាញពីទំនាស់វណ្ណៈរវាង   តេជោយ៉ត និងជំទាវស្រែន ដែលជាទស្សនៈអយុត្តិធម៌បំផុត។
ម៉្យាង​​ទៀត អ្នកមានអំណាច មានឋានៈខ្ពង់ខ្ពស់មានអំណាចគ្របលើអ្នកតូចទាបជាង ដែល​បណ្តាល ឲ្យអ្នកមានអំណាចប្រើប្រាស់ក្នុងទង្វើខុសច្បាប់ផ្សេងៗ។ ជាក់ស្តែងអ្នកម្នាងនូប្រើពាក្យសម្តីមើលងាយ មើលថោកដល់តេជោយ៉ត អាងអំណាចជាអ្នកម្នាងទទួលសំណូក សូកប៉ាន់ពីពួកក្បត់ជាតិនាំ​ឲ្យ​ជាតិ អន្តរាយ។
-បញ្ហាទី៥   សាសនា
ប្រជាជនគោរពព្រះពុទ្ធសាសនា ព្រោះមានការបូជាដល់ព្រះពុទ្ឋរូប  ការធ្វើបុណ្យរំឮកដល់អ្នក​ដែល​បានចែកឋានទៅ ។
ឧទាហរណ៍ៈ     ជំទាវស្រែន្យៈ ... ខ្ញុំទៅដុតធូបថ្វាយបង្គំសិន ទើបយើងយករណ្តាប់ទៅចូលបុណ្យជា
ក្រោយ។  (ទំព័រ១០១)


-បញ្ហាទី៦  សេដ្ឋកិច្ច
            ដោយប្រទេសជាតិជួបវិបត្តិសង្គ្រាមច្រើន ទាំងសង្គ្រាមក្នុងស្រុក និងសង្គ្រាមក្រៅស្រុក ដូចនេះ​ប្រទេសកម្ពុជានៅសម័យនោះពុំទាន់មានការរីកចម្រើនខ្លាំងក្លាទេ។            
   ៣. ឧត្តមគតិរឿង
         ឧត្តមគតិរឿង គឺជាគំនិតដឹកនាំរឿង ដែលអ្នកនិពន្ធចង់បង្ហាញឬអប់រំដល់អ្នកអាន។  តាម
ធម្មតាឧត្តមគតិរឿង និមួយៗសុទ្ធតែបាញ់ឆ្ពោះទៅលើការអប់រំ ឬជាប្រយោជន៍សម្រាប់មនុស្សជាតិ។ មុននឹងបង្កើតស្នាដៃមួយ​​ អ្នកនិពន្ធមានគំនិតរួចជាស្រេចទៅហើយក្នុងការដឹកនាំអ្នកអានទៅកាន់​គោលដៅមួយជាកំណត់។
លោកទី ជីហួត គឺជាអ្នកនិពន្ធដ៏មានទេពកោសល្យមួយរូប។ ស្នាដៃរបស់លោកដែលបាន លាតត្រដាងតាមរយៈ រឿងតេជោយ៉ត ពិតជាផ្តល់នូវឧត្តមប្រយោជន៍យ៉ាងជ្រាលជ្រៅចំពោះអ្នកអាន អ្នកស្តាប់ អ្នកទស្សនា ឬអ្នកសិក្សាទូទៅ។ តម្លៃអប់រំខ្លះធ្វើការបង្ហាញដោយត្រង់ៗ ហើយខ្លះទៀត​បញ្ចូលនូវការគិតពិចារណាឲ្យបានម៉ត់ចត់ ទើបអាចទាញតម្លៃអប់រំនោះបាន។  ដូចនេះឧត្តមគតិ​រឿង​​មានដូចតទៅ ៖
-       បណ្តុះស្មារតីដល់កូនខ្មែរគ្រប់រូបឲ្យមានឆន្ទៈ ទឹកចិត្តស្រលាញ់ការពារ និងលើកស្ទួយប្រទេស​ជាតិខ្លួន  ។
ប្រទេសជាតិ ពិតជាមិនអាចមានការវិវឌ្ឍបានឡើយ បើពលរដ្ឋគ្រប់រូបខ្វះស្មារតីលើកស្ទួយ ខ្វះស្មារតីភាពក្នុងការការពារ ប៉ុន្តែផ្ទុយទៅវិញសត្រូវទាំងក្នុង ទាំងក្រៅប្រទេស មិនអាចមើលងាយ​ឬឈ្លានពានបានទេ បើកម្លាំងកាយ កម្លាំងចិត្ត កម្លាំងសាមគ្គីជាតិរឹងមាំ ។
-       ជនានុជនទូទៅគប្បីអនុវត្តនូវវិធីសាស្ត្រច្បាស់លាស់ ក្នុងការបំពេញភារកិច្ចអ្វីមួយ
នៅសម័យឧដុង្គុមានក្បួនធ្វើសឹក និងយុទ្ធសាស្ត្រធ្វើសឹក១២យ៉ាង គួបផ្សំជាមួយស្មារតី​ម្ចាស់ការលើភារកិច្ចរបស់មេទ័ព ផងទើបនាំឲ្យចម្បាំងធ្វើឡើងដោយទទួលួជោគជ័យ។ រីឯអ្នកសិក្សា​ក៏ដូចគ្នា ចាំបាច់ត្រូវមានវិធីសាស្ត្រសិក្សាឲ្យបានច្បាស់លាស់ រឹងមាំ និងប្រកបដោយភាពឆ្លាតវៃ ទើប​នាំ​មកនូវជោគជ័យលើការសិក្សាបាន ។
-       បុគ្គលគ្រប់រូបត្រូវមានទំនួលខុសត្រូវចំពោះភារកិច្ច និងដោះស្រាយបញ្ហាចំពោះមុខដោយភាពឆ្លាតវៃ ។ 
ទង្វើនេះ ជាតម្លៃសម្រាប់មនុស្សទូទៅដែលគប្បីត្រូវប្រកាន់ភ្ជាប់ព្រោះនឹងនាំមកនូវភជោគជ័យ និងឧត្តមភាពចំពោះខ្លួនមិនខាន។ ពេលជួបបញ្ហាត្រូវប្រើគំនិត ភាពឆ្លាតវៃមកដោះស្រាយ ពោល​គឺ​មិន​ត្រូវលុតជង្គង់ចុះញ៉មចំពោះឧបសគ្គឡើយ ។
-       ពញ្ញាក់ស្មារតីដល់សង្គមខ្មែរ លើបញ្ហាតម្លៃស្ត្រីចំពោះការចូលរួម កិច្ចការប្រទេសជាតិ។
ថ្វីត្បិតតែស្ត្រីមានកម្លាំងកាយទន់ខ្សោយក៏ពិតមែន​​ ប៉ុន្តែស្ត្រីក៏មានសមត្ថភាពខាងបញ្ញាមិន​ចាញ់បុរសដែរពោលស្ត្រីគឺជាជំហរទ្រទ្រង់ប្រទេសជាតិឲ្យរឹងមាំ ហើយប្រទេសជាតិនឹងមិនអាចមាន​ការ​អភិវឌ្ឍ​ទៅបានទេបើគ្មានស្ត្រី។ ដូចនេះបុរសគ្រប់រូប គប្បីលើកតម្កើងស្ត្រី ជៀសវាងការ​ប្រកាន់​រើសអើងស្ត្រីភេទ រីឯស្ត្រីក៏ត្រូវស្គាល់សមត្ថភាព និងតម្លៃដ៏មហិមារបស់ខ្លួនឯងផង ។               
-       ​​​​ ធ្វើជាមនុស្សត្រូវចេះប្រកាន់ឲ្យបាននូវទង្វើដឹងគុណតបគុណ គឺសំដៅលើភាពកតញ្ញូ​ចំពោះ​បុគ្គល​ធ្វើគុណលើ ។                ដូចនេះ មនុស្សត្រូវចេះប្រតិបត្តិខ្លួនឲ្យសមតម្លៃជាមនុស្ស។ បុគ្គលធ្វើគុណ​លើត្រូវចេះទទួលស្គាល់ហើយធ្វើគុណចំពោះគេវិញ មិនត្រូវផ្តល់ទុក្ខទោសឲ្យគេដូចសត្វក្រពើ​វង្វេង​បឹងនោះទេ។
-       ​ មនុស្សល្អ​ ត្រូវចេះប្រើប្រាស់ចំណេះដឹងរបស់ខ្លួនក្នុងផ្លូវត្រូវ ព្រោះជាវិថីនាំខ្លួនទៅរក
ឧត្តមភាព។
បុគ្គលខ្លះមានចំណេះដឹង មានសមត្ថភាពពេញលេញ ប៉ុន្តែខ្វះវិចារណញាណ ខ្វះមនសិការ​ចំពោះចំណេះដឹងរបស់ខ្លួន បែរជាយកទៅប្រើក្នុងផ្លូវខុស ផ្លូវដែលនាំឲ្យអន្តរាយដល់អ្នកដទៃ​ និង​ប្រទេសជាតិទៅវិញ  ដូចជាទង្វើខុសឆ្គងរបស់ស្តេចសម្រែជាដើម។
-       ស្វាមី ភរិយាគ្រប់រូបត្រូវចេះឲ្យតម្លៃ និងធ្វើការពិភាក្សាជួយទុក្ខធុរៈគ្នា ។
ស្វាមីមិនត្រូវរើសអើងភរិយា និងឲ្យតម្លៃចំពោះគំនិតភរិយាថាអត់ជាងខ្លួន ធ្វើការពិភាក្សា
កិច្ចការធំដុំមិនបាននោះទេ ព្រោះនាំមកនូវការមិនយល់ចិត្តគ្នា និងបែកបាក់គ្នា ។
-អប់រំឲ្យមន្ត្រីរាជការទូទៅ គួរជៀសវាងអំពើពុករលួយ ស៊ីសំណូកផ្សេងៗព្រោះអាចបង្ក​បាតុភាពអសកម្ម ឬអសន្តិសុខដល់សង្គម ។
ដរាបណាមានមន្ត្រីជំពូកនេះច្រើន ប្រទេសជាតិនឹងប្រឈមមុខនូវការបង់ខាតជាច្រើន ។
-       សង្គមរស់នៅគួរជៀសវាងការប្រកាន់វណ្ណៈ​​ ហើយត្រូវចេះយល់ពីតម្លៃពិតរបស់មនុស្សទើប​ត្រឹមត្រូវ។      
មនុស្សខ្លះ ដែលឋិតនៅក្នុងត្រកូលថ្លៃថ្នូរ​ តែបែរជាគ្មានចរិតជាអ្នកថ្លៃថ្នូរបន្តិចសោះ ខុសពី​អ្នក​ក្រីក្រមួយចំនួនដែលប្រកបដោយសមត្ថភាព និងគុណធម៌គួរឲ្យគោរព។
- អប់រំដល់អ្នកគ្រប់គ្រងទូទៅ ត្រូវមានភាពប៉ិនប្រសប់ក្នុងការមើលចរិកមនុស្ស និងចេះធ្វើការ​វែកញែកអ្វីមួយឲ្យបានម៉ត់ចត់ និងឆ្លាតវៃ ទើបរកឃើញ“ដង្កូវក្នុងសាច់ ”។
            - ជៀសវាងវង្វេងនឹងស្រីស្អាត វង្វេងកាមតណ្ហា ខ្វះគំនិតពិចារណាដែលនាំឲ្យអន្តរាយដល់ខ្លួន
            - មិនត្រូវប្រកាន់ភ្ជាប់វិធីតែមួយក្នុងការដោះស្រាយបញ្ហានោះទេ មនុស្សឆ្លាតត្រូវចេះបត់បែន​តាម​​កាលៈទេសៈ
មនុស្សត្រូវប្រើវិធីហិង្សា និងអហិង្សា សន្តិភាព សង្គ្រាមហើយក៏ត្រូវចេះប្រើល្បិចដោះស្រាយ​បញ្ហាចំពោះមនុស្សអាក្រក់  “ ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ ”។
            - ធ្វើមនុស្សមិនត្រូវក្បត់សម្តីខ្លួនឯងឡើយ ត្រូវប្រកាន់ពាក្យសច្ចៈជានិច្ច ។
- មនុស្សទូទៅត្រូវមានស្នេហាស្មោះត្រង់ ថ្លៃថ្នូរ និងចេះទទួលយកការពិត  ។
ដូចនេះថ្វីត្បិតតែ ដំណើររឿងតេជោយ៉តប្រព្រឹត្តទៅនៅសម័យឧដុង្គក៏ពិតមែន ប៉ុន្តែខ្លឹមសា​រ​អប់រំ​មានវិសាលភាពគ្រប់ សម័យកាលទាំងអស់។ “អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម” ពាក្យ​នេះ​ពិតជាត្រូវឥតខ្ចោះដែលអ្នកសិក្សាត្រូវទទួលស្គាល់ ហើយយកគម្រូល្អៗមកអនុវត្ត និងទាត់ចោលគម្រូ​អាក្រក់ដែលខុសឆ្គងចំពោះខ្លួនឯង គ្រួសារ សង្គមជាតិ។ យើងគ្រប់គ្នាជាកោសិកាសង្គម បើយើង​បាន​ធ្វើខុស បង្កចលាចលនោះនឹងនាំមកវិញនូវបញ្ហាចំពោះសង្គម ហើយម៉្យាងបើសង្គមមិនរីកចម្រីន តើមនុស្សក្នុងសង្គមរីកចម្រើនយ៉ាងម៉េច? ក្នុងនាមយើងជាកុលបុត្រ កុលធីតាខ្មែរត្រូវរួមគ្នាជាធ្លុងមួយ​ជួយទ្រទ្រង់ និងអភិវឌ្ឍ ជាតិមាតុភូមិរបស់យើងឲ្យកាន់តែរីកលូតលាស់ជាដរាប ។
                          ៤. ចំណោទបញ្ហារឿង
ចំណោទបញ្ហារឿង គឺជាបញ្ហាដែលកើតមាននៅក្នុងសាច់រឿង ហើយអ្នកនិពន្ធបាន​បង្កើត​ឡើងដើម្បីញ៉ាំងឲ្យមាន ទំនាក់ទំនងគ្នាបង្កើតបានជារឿងនិងបញ្ហាឡើង។ លុះបានជារឿង ជាបញ្ហា​ហើយ​អ្នកនិពន្ធក៏សាកល្បងដោះស្រាយចំណោទ និង សម្រាយរឿងនោះ។ ទន្ទឹមនឹងនោះ​អ្នកនិពន្ធ​ក៏​ឆ្លៀតបញ្ចូលគំនិតទស្សនៈសំខាន់ៗអំពីសុខទុក្ខ ល្អអាក្រក់ បុណ្យបាបរបស់មនុស្សនៅក្នុងនោះដែរ([3]) ។ ចំណោទបញ្ហា​ ជាទូទៅកើតឡើងពីទំនាស់។
យ៉ាងណាមិញនៅក្នុងរឿង “តេជោយ៉ត” មានចំណោទបញ្ហាដូចតទៅៈ
ក. បញ្ហាចោទទី១ “ចំម្បាំងការពារការជ្រែករាជ្យ”
មូលហេតុៈ មានរាស្ត្រម្នាក់ចេះគុណវិជ្ជាខ្លាំងពូកែ ហើយមិនយកសមត្ថភាពរបស់ខ្លួនទៅបម្រើ​ជាតិទេបែរជាបង្កឲ្យមាន ចលាចលបំបះបំបោរបង្កើនទ័ពដើម្បីដណ្តើមរាជ្យសម្បត្តិ ពិសេសនោះបាន​តាំងខ្លួនឯងថាជាស្តេចព្រះសម្រែរាជាធិរាជ។
            ដំណោះស្រាយៈ តេជោមាសដែលជាមេទ័ពដ៏អស្ចារ្យម្នាក់រួមទាំងសិស្សជំនិតឈ្មោះយ៉ត បាន​ដឹក​នាំទ័ពទៅបង្ក្រាប ក្រុមបះបោរនេះតែត្រូវបរាជ័យទៅវិញ។ ដោយសារតែស្តេចសម្រែបានចាប់អ្នក​នាំសារសម្ងាត់របស់តេជោមាសបាននាំឲ្យផែនការត្រូវបរាជ័យ។
ខ. បញ្ហាចោទទី២ “ក្តៅស៊ីរាក់​ ត្រជាក់ស៊ីជ្រៅ”
មូលហេតុៈ ដោយសារសេចក្តីស្នេហារចំពោះស្វាមី និងប្រទេសជាតិជំទាវស្រែន្យ បានសុំ​តេជោមាសដែលជាប្តីចូលរួមចំណែកនៅក្នុងការរៀបផែនការកម្ចាត់ស្តេចសម្រែ។ ជំទាវស្រែន្យ បាន​ធ្វើ​​ជាលែងលះជាមួយស្វាមី ហើយបែរជាមកបើកផ្ទះលក់ត្រីងៀត លក់អាវុធ ដោយលក់​ក្នុងតម្លៃ​ថោកចំពោះទ័ពស្តេចសម្រែ និងលក់ថ្លៃចំពោះទ័ពតេជោមាស ដើម្បីទាក់ទាញទឹកចិត្តស្តេច​សម្រែ​ឲ្យ​កាន់តែមានទំនុកចិត្តលើខ្លួន ឯស្តេចសម្រែវិញបានចាប់ចិត្តប្រតិព័ទ្ធលើជំទាវស្រែន្យយ៉ាងខ្លាំង។
ដំណោះស្រាយៈ ជំទាវស្រែន្យ បានអញ្ជើញស្តេចល្មោភកាមឲ្យចូលរួមក្នុងពីធីមង្គលការក្មួយ ហើយប្រើពាក្យសម្តីលួងលោមបន្ទន់ចិត្ត ហើយដាក់ថ្នាំសណ្តំនៅក្នុងម្ហូបអាហារ  រួចក៏ចាប់ស្តេច
សម្រែ​និងបក្សពួក នាំយកទៅកាត់ទោសតាមច្បាប់នគរ។
គ. បញ្ហាចោទទី៣  “មរណភាពរបស់តេជោមាស”
            មូលហេតុៈ នៅពេលប្រយុទ្ធជាមួយស្តេចសម្រែ តេជោមាសបានផុងជើង​ក្នុងរណ្តៅ​ភ្លាត់ស្នៀត​បណ្តាលឲ្យជនក្បត់ជាតិ រូបនេះដាល់ត្រូវមួយដៃចំដើមទ្រូង។
            ដំណោះស្រាយៈ តេជោមាសត្រូវស្លាប់ក្រោមកណ្តាប់ដៃមហាទម្ងន់របស់ស្តេចសម្រែ តែមុន​នឹង​លាចាកលោក តេជោមាស បានឲ្យឧកញ៉ាព្រហ្មស្រីនាំយកចុតហ្មាយទៅថ្វាយព្រះជ័យចេស្តា​ដើម្បី​ផ្ទេរតំណែងមេទ័ពឲ្យយ៉ត ហើយព្រះអង្គក៏យល់ព្រម។
ឃ.បញ្ហាចោទទី៤  “ដង្កូវក្នុងសាច់”
 មូលហេតុៈ​ពួកឈ្លើយសឹកសៀមបះបោរវាយដណ្តើមបានស្រុកពីរនៅខេត្តពោធិសាត់ហើយកំពុងតែមានកម្លាំងខ្លាំងទ្បើង។ លោកឧកញ៉ាក្រឡាហោម និងឧកញ៉ាចក្រីលើកទ័ពទៅបង្ក្រាបតែត្រូវបរាជ័យ។ តេជោយ៉ត​យល់ច្បាស់ថា ប្រាកដជាមានសត្រូវពីក្រោយខ្នងហើយបានស្នើឲ្យព្រះរាជាទ្រង់ព្រះតម្រិះពីបញ្ហានេះ។
            ដំណោះស្រាយៈ តេជោយ៉តបានបញ្ជាឲ្យពលទ័ពទាំងអស់ អូសឫស្សីបញ្ច្រាស់ចុងដើម្បី​យក​មក​សង់បន្ទាយ តែក្នុងចំណោមពលទ័ពទាំងអស់ គឺមានតែម៉ឺនចៃចុងរ៉ាក់ និងបក្សពួកទេ ដែលមិន
ស្តាប់​តាមបញ្ជា រួចតេជោយ៉តក៏នាំយកទៅសម្លាប់ចោល។ អ្នកម្នាងនូ មានការខឹងសម្បារ​ចំពោះ​តេជោយ៉ត​​ ដែលហ៊ានសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួន ហើយក៏បានទូលព្រះរាជាឲ្យនាំយ៉ត​មក​កាត់ទោស​ស្របពេលដែលកំពុងជាប់ដៃនៅក្នុងសង្គ្រាម។ លុះស្ថានភាពបានធូរស្រាលបន្តិច លោក​មេទ័ពក៏មកជួបនិយាយតទល់ជាមួយអ្នកម្នាងនូ ដោយបកអាក្រាតពីអំពើក្បត់របស់អ្នកម្នាងរូបនេះ រួចក៏ប្រើស្នៀតគប់កូនដាវសម្លាប់ស្រីក្បត់ជាតិ នេះចោលទៅ ។
ង. បញ្ហាចោទទី៥ “ទំនួលខុសត្រូវរបស់វីរជន”
               មូលហេតុៈ តេជោយ៉ត បានសម្លាប់ប្អូនថ្លៃ និងអ្នកម្នាងរបស់ព្រះចៅចេស្តា​ហើយសន្យា​ថា​នឹង​ប្រគល់ខ្លួនឲ្យស្តេច កាត់ទោសបន្ទាប់ពីចប់សង្គ្រាម។
               ដំណោះស្រាយៈ លុះបង្ក្រាបបក្សពួកជនឈ្លានពានបានជោគជ័យ តេជោយ៉តក៏ចូលខ្លួនឲ្យ​ស្តេចកាត់ទោសតាមពាក្យសន្យា ដោយបំពាក់ឃ្នាងខ្លួនឯង ហើយដើរចូលមកក្នុងបរមរាជវាំង ដើម្បី​ថ្វាយដាវអាជ្ញាសឹកវិញ។ ប៉ុន្តែព្រះរាជាបានលើកលែងទោសឲ្យយ៉ត ព្រោះដឹងពី​ទង្វើ​អាក្រក់​របស់​អ្នកម្នាងនូ។
ច. បញ្ហាចោទទី៦  “ការស្វែងរកសុភមង្គលរបស់តេជោយ៉ត”
            មូលហេតុៈ យ៉តបានចាប់ចិត្តដិតអារម្មណ៍ស្នេហាចំពោះជំទាវស្រែន្យជាខ្លាំង ហើយបាន​បដិសេធសេចក្តីស្នេហារបស់នាងម៉ៃចំពោះខ្លួន។ តែផ្ទុយទៅវិញ ជំទាវស្រែន្យបែរជាប្រកែកនឹងយ៉ត   ហើយបែរមានគំនិតរកភរិយាផ្សេងឲ្យយ៉តទៅវិញ។ នេះមិនមែនមានន័យថាលោកជំទាវស្រែន្យមិនស្រលាញ់យ៉តទេ តែនាងគិតថាយ៉តធ្លាប់ជាបាវបម្រើ ហើយ​មានកំណើតជាកូនភ្នង បើរៀបការជាមួយច្បាស់ជាអ្នកផងសើចនិន្ទាជាមិនខាន។
 ដំណោះស្រាយៈ យ៉តបានប្រារឰធ្វើពិធីបុណ្យ ដោយតាំងរូបតេជោមាសជាទីសក្ការៈ។ តាម​ពិត​រូបនេះ គឺយ៉តបានបញ្ជាឲ្យកូនចៅលួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យមកឆ្លាក់កាឡៃ ដើម្បី​ដាស់តឿន​ចិត្តជំទាវឲ្យឈប់រើសអើងវណ្ណៈទៀត។ ទង្វើបែបនេះ បានធ្វើឲ្យស្មារតីជំទាវស្រែន្យភ្លឺស្វាង ហើយយល់ព្រមស្ម័គ្រស្មោះជាមួយយ៉តដោយមិនរារែកឡើយ។
             សរុបសេចក្តីមក គ្រប់បញ្ហាដែលកើតឡើង រមែងមានដើមហេតុច្បាស់លាស់ ទើបអាចលេច​ចេញជាដំណោះស្រាយ និងលទ្ធផល។ ជាក់ស្តែងរឿងតេជោយ៉តនេះ ដំណើររឿងរមែងជួប​ប្រទះ​នូវ​បញ្ហាតានតឹងជាច្រើន តាំងពីដើមរឿងរហូតដល់បញ្ចប់រឿង ហើយក៏មានដំណោះស្រាយតាម​​បែប​ ផែន​​​​​ផ្សេងៗផងដែរ។
៥. វិភាគតួអង្គសំខាន់ៗ
            ប្រសិនបើយើងសិក្សាលើចំណុច “ការវិភាគតួអង្គ” គឺយើងត្រូវតែគិតពីគុណសម្បត្តិ និង​គុណវិបត្តិ​​​​​របស់​តួអង្គនិមួយៗ។ តួអង្គសំខាន់ៗ​ នៅក្នុងរឿងតេជោយ៉តមានលក្ខណៈសម្បត្តិដូចតទៅៈ
                                    ១. តេជោយ៉ត
  -គុណសម្បត្តិ
- មេទ័ពខ្លាំងពូកែចេះវិជ្ជាគុន និងក្បួនធ្វើសឹក
- វីរជនស្នេហាជាតិ ហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ
-​​​​​​​​​ តស៊ូអំណត់ជំនះនូវការមើលងាយ មើលថោកពីអ្នកដទៃព្រោះតែខ្លួនជាកូនព្នងចុងស្រុក
​​​​​  ​​​​           - មនុស្សឆ្លាតវៃ រហ័សរហួន ឆាប់យល់ហេតុការណ៍ និងល្បិចកលរបស់សត្រូវ
- ជាបុរសស្មោះស្នេហ៍ គោរពស្រលាញ់ជំទាវស្រែន្យដោយមិនប្រកាន់ថាជាស្ត្រីមេម៉ាយ
             - ប្រកាន់នូវពាក្យសច្ចៈ (ក្រោយបង្ក្រាបឈ្លើយសឹកសៀមចប់ ចូលខ្លួនឲ្យស្តេច​កាត់ទោស​តាម​ពាក្យសន្យា)
- មិនមែនជាបុរសឱកាសនិយម មិនស្រលាញ់គឺប្រាប់តាមត្រង់ដល់នាងម៉ៃ
- បុគ្គលដែលមានសន្តានចិត្តល្អទុកឱកាសឲ្យមនុស្សទាល់ច្រក តួយ៉ាងទុកជិវិតឲ្យនាយទិន
            - ជាសិស្សកតញ្ញូ គោរពដឹងគុណជានិច្ច ចំពោះតេជោមាស
- ក្លាហានហ៊ានសម្លាប់សូម្បីស្នំឯក និងប្អូនថ្លៃស្តេច
- ស្រលាញ់យុត្តិធម៌ ស្អប់អំពើពុករលួយ
            - ជាមនុស្សដែលយកឈ្នះចិត្តជំទាវស្រែន្យបានដោយសន្តិវិធី ប្រើល្បិចវិធីខ្ពស់។
                                        -គុណវិបត្តិ          
- មានកំណើតជាកូនព្នងចុងស្រុក
            - យកជំទាវស្រែន្យ ដែលជាភរិយារបស់គ្រូធ្វើជាប្រពន្ធ
-មាន​គំនិតជាចោរហ៊ានលួចកាំជណ្តើរផ្ទះរបស់ជំទាវស្រែន្យ ដើម្បីសម្រេចសេចក្តីស្នេហ៍​របស់​ខ្លួន។
            សរុបមក តួអង្គតេជោយ៉តអាចចាត់ទុកថាជាតួអង្គវិជ្ជមានព្រោះពោរពេញដោយគុណសម្បត្តិ ច្រើនជាងគុណវិបត្តិ។ តេជោយ៉តពិតជាវីរជនស្នេហាជាតិ មានសណ្តានចិត្តល្អគរួឲ្យគោរព​លើក​តម្កើង និងយកគម្រូតាមមែន។
                                    ២. តេជោមាស
                                    -គុណសម្បត្តិ 
            - មេទ័ពខ្លាំងពូកែខាងធ្វើសឹកសង្ក្រាម និងមានគោរម្យងារជាឧកញ៉ាតេជោបរមរាជា
            - ជាឧត្តមស្វាមីស្រលាញ់ និងលើកតម្កើងភរិយា
            -ជាមនុស្សដែលមានសណ្តានចិត្តល្អ សណ្តោសប្រណីចិញ្ចឹមបីបាច់បង្ហាត់​បង្ហាញយ៉ត​បាន​យ៉ាង​ល្អ
- ជាមេទ័ពស្នេហាជាតិហ៊ានលះបង់ជីវិត និងធ្វើជាលែងលះជាមួយភរិយាដោយ​មិនខ្លាច​ពាក្យ​រិះគន់
            - ជាបុគ្គលដែលពូកែស៊ូទ្រាំនឹងការឈឺចាប់ផ្នែករូបរាងកាយរហូតដល់ស្លាប់
            - ចូលរូមក្នុងផែនការកម្ចាត់ស្តេចសម្រែបានយ៉ាងល្អ
- ជាគ្រូដ៏ល្អ ចេះគិតគូពីអនាគតយ៉តទាំងមុខតំណែង និងបញ្ហាគូស្រករ
            - មានប្រពន្ធស្អាត និងឈ្លាសវៃ
            - រៀបចំការផ្ទេរតំណែងបានយ៉ាងល្អ។
                                    -គុណវិបត្តិ
            - លាក់លៀមបញ្ហាជំងឺជាមួយភរិយា
            - ខ្វះលទ្ធភាពកម្ចាត់ស្តេចសម្រែដោយខ្លួនឯងបែរជាបានភរិយាជាជំនួយវិញ
-ធ្វេសប្រហែសបន្តិចក្នុងពេលចេញច្បាំង ជាមួយស្តេចសម្រែដោយឲ្យស្តេចសម្រែចាប់ជន
នាំសារសម្ងាត់បាន នាំឲ្យខូចផែនការ។
            ដូចនេះ ទាំងគុណសម្បត្តិ និងគុណវិបិត្តអាចបញ្ជាក់បានថាតេជោមាសជាមេទ័ពដ៏ខ្លាំងម្នាក់ មានគំនិត ស្នេហាជាតិ  ព្រមទាំងស្រលាញ់ និងលើកតម្កើងភិរិយា។
                       
៣. ជំទាវស្រែន្យ
                                    -គុណសម្បត្តិ
            - ជានារីដែលមានរូបសម្បត្តិស្រស់ស្អាត សម្តីពិរោះ
            - មានភក្តីភាពចំពោះស្វាមី
            - មានសមត្ថភាពប្រាជ្ញាខ្ពស់មិនចាញ់បុរសឡើយ
            - ជាភរិយាដែលប្រតិបត្តិកិច្ចការផ្ទះបានល្អ
            - ជាស្ត្រីហ៊ានលះបង់កិត្តិយសខ្ពស់ដើម្បីជាតិ និង ស្វាមី
            - អាចកម្ចាត់ស្តេចសម្រែបានដោយ ផែនការក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ
            - គោរពប្រតិបត្តិសាសនាបានល្អ
            - ជានារី មានសណ្តានចិត្តល្អចំពោះមនុស្សទូទៅ។
                                    -គុណវិបត្តិ
            - ជាស្ត្រីរើសអើងវណ្ណៈ
            ដូចនេះ ជំទាវស្រែន្យពិតជានារីដែលមានភាពវៃឆ្លាតល្អទាំងរូបសម្បត្តិ ទាំងចរិត និងមាន​សមត្ថភាពខ្ពស់ នេះបញ្ជាក់ឲ្យឃើញថា នាងជាស្ត្រីក្លាហានខ្លាំងពូកែគួរឲ្យកោតសរសើរ។
                        ៤. ស្តេចសម្រែ
                                    -គុណសម្បត្តិ
                        - ចេះវិជ្ជាគុណខ្លាំងពូកែ
                        - មានសមត្ថភាពយកឈ្នះតេជោមាស
                        - ចេះយុទ្ធសាស្ត្រក្នុងការធ្វើសឹក
​​            -មានសមត្ថភាពក្នុងការឃោសនាបញ្ចុះបញ្ចូលប្រជារាស្ត្រដើម្បីកេណ្ឌទ័ពប្រមូល​
ស្បៀង​ និងបង្កើតបន្ទាយនគរ។
            - គុណវិបត្តិ
                        - ជាបុគ្គលក្បត់ជាតិ ចង់ដណ្តើមរាជ្យ
                        - ជាបុរសល្មោភស្រី ខ្វះគំនិតគិតពិចារណាបណ្តាលឲ្យអន្តរាយដល់ជីវិត
                        - បង្កចលាចលក្នុងប្រទេសនាំឲ្យប្រជាជនរស់នៅដោយភាពភ័យខ្លាច
- បុគ្គលដូចស្តេចសម្រែជាបុគ្គល ដែលរស់នៅធ្ងន់តែផែនដី ស្លាប់ទៅពុំមាន​អ្វីគួរ​ឲ្យ​
សោកស្តាយ ក្រៅពីវិជ្ជាគុនដែលខ្លាំងពូកែ ប៉ុន្តែបែរជាយកទៅអនុវត្តក្នុងផ្លូវខុស។
                                               

៥. អ្នកម្នាងនូ
            - គុណសម្បត្តិ
                        - ជានារីស្អាត
                        - មានឋានៈជាអ្នកម្នាងរបស់ស្តេច
                        - ស្រលាញ់បងប្អូនសាច់ញាតិ
            - គុណវិបត្តិ
                        - ជានារីស្អាតតែរូប តែសម្តី និងចរិតអាក្រក់
- ជាមនុស្សពុករលួយក្បត់ជាតិ ស្រលាញ់អំណាច និងទឹកប្រាក់
                        - មើលងាយអ្នកមានឋានៈតូចទាប
                        - ជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ខ្វះគំនិតស្នេហាជាតិ
-ខ្វះសមត្ថភាពក្នុងការអប់រំប្អូនឲ្យក្លាយជាមនុស្សល្អ តែបែរជាបណ្តែតបណ្តោយឲ្យ​
ប្អូន​​ដើរតាមផ្លូវអាក្រក់នាំឲ្យអន្តរាយដល់ខ្លួនឯងទៀត។
            ដូច្នេះ ជំពូកនារីបែបនេះ គឺល្អតែសំបកក្រៅ តែមាយាទមិនបាន មិនគួរយកខ្លួនបៀត​ឡើយ​ត្រូវនឹងពាក្យមួយពោលថា  “ស្រីសដូចចាន មាយាទមិនបានដូចឆ្កែក្រោមផ្ទះ”។
                                                ៦. ព្រះចៅចេស្តា
                                    - គុណសម្បត្តិ
                        - ព្រះរាជាគ្រប់គ្រងប្រទេស
                        - ស្រលាញ់ភរិយា និងប្អូនថ្លៃ
                        - ជាស្តេចដែលមានការភ្ញាក់រឮកទាន់ពេល
                        - ជាស្តេចចេះគិតគូរពីប្រទេសជាតិ ព្រោះយល់ព្រមធ្វើតាមខពីរប្រការ ដែលយ៉ត​បាន​ស្នើសុំ
                                    -គុណវិបត្តិ
                        -​ ជឿតាមការចាក់រុករបស់អ្នកម្នាងនូខ្វះការគិតពិចារណា
                        - សម្រេចចិត្តជួយដោះស្រាយបញ្ហារបស់អ្នកម្នាងនូដោយមិនយល់កាលៈទេសៈ
                                                ៧. នាងម៉ៃ
- គុណសម្បត្តិ
                        - ជានារីស្អាត មានទ្រព្យសម្បត្តិ និងជាបុត្រីឧកញ៉ាព្រះស្រីទ្វារប្រាសាទ១០
                        - ស្ត្រីមិនរើសអើងវណ្ណៈ
                        - មានស្នេហាស្មោះត្រង់
                        - ក្លាហានហ៊ានសារភាពពីដួងចិត្តពិតប្រាប់យ៉ត
                        - មិនមានគំនុំគុំគួនទោះបីជាដឹងថាយ៉តមិនស្រលាញ់។
- គុណវិបត្តិ
                        - មិនគិតខ្លួនជាស្រី ហ៊ានពោលពាក្យស្នេហាប្រាប់បុរសមុន
                        - ចង់បួសព្រោះរឿងស្នេហា
            និយាយជារួមមក ស្ត្រីដូចនាងម៉ៃក៏ជាស្ត្រីដែលគួរឲ្យគោរពម៉្យាងដែរព្រោះនាងហ៊ានទទួល​យក​ការពិត។
                                                ៨. ម៉ឺនចៃចុងរ៉ាក់
- គុណសម្បត្តិ
                        - កូនអ្នកមានទ្រព្យសម្បត្តិនៅខេត្តលង្វែក និងជាប្អូនថ្លៃរបស់ស្តេច
                        - ចេះជួយបក្សពួករបស់ខ្លួន
                                    - គុណវិបត្តិ
- បក្សពួកនិយម
                        - ក្បត់ជាតិ
                        - តម្កើងឫក អាងខ្លួនជាប្អូនថ្លៃស្តេច
                        - បង្កមហន្តរាយដល់បង បណ្តាលឲ្យបងស្លាប់
                        -ខ្វះគំនិតស្នេហាជាតិ
            ដូចនេះ ប្រសិនបើមានប្រភេទមនុស្សបែបនេះច្រើននៅក្នុងប្រទេស នោះជាតិនឹងជួបនូវ​គ្រោះអាសន្ន​ជាមិនខាន។
                                                ៩. នាយទិន និងនាយតយ
-គុណសម្បត្តិ
                        - ស្មោះត្រង់ និងគោរពបញ្ជាចៅហ្វាយនាយ
                        - ចេះជួយការពាររបស់ទ្រព្យចៅហ្វាយនាយ
                        - ជាប្រជាជនដែលស្រលាញ់ និងបម្រើជាតិមាតុភូមិ
- គុណវិបត្តិ
                        - និយាយប៉ប៉ាច់ប៉ប៉ោចមិនបានការច្រើន
            តាមរយៈការសិក្សាលើលក្ខណៈសម្បត្តិរបស់តួអង្គក្នុងរឿងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពី​គុណសម្បត្តិ និងគុណវិបត្តិរបស់តួអង្គនិមួយៗ។ យ៉ាងណាមិញក្នុងនាមយើងជាអ្នកសិក្សា គួរចេះ​ថ្លឹងថ្លែងដកស្រង់យកលក្ខណៈសម្បត្តិល្អៗរបស់តួអង្គមកធ្វើជាគម្រូនិងវៀរចាករាល់ទង្វើអាក្រក់
ទាំងទ្បាយ។     




៧) ឃិន សុខ បំណិន និងវេយ្យាករណ៏ខ្មែរថ្នាក់ទី ៧-១២ ក្រសួងអប់រំយុវជននិងកីទ្បា ២០០២ ទំ ៩
៨) នួន សារឿន ចម្លើយលំហាត់ សំនួរតែងសេចក្តី ភាសាខ្មែរថ្នាក់ទិ១២ ២០០១-២០០២
៩) ឃិន សុខ បំណិន និងវេយ្យាករណ៍ខ្មែរ ថ្នាក់ទី៧-១២ ក្រសួងអប់រំយុវជ និងកីទ្បា ២០០២



0 comments:

Post a Comment