Monday, October 19, 2015

A vision , saying , " The world is full of suffering , " Is It True? According to Buddhist philosophy !ទស្សនៈមួយពោលថា “ពិភពលោកនេះ ពោរពេញដោយសេចក្តីទុក្ខ” តើពិតឬទេ? តាមទស្សនៈពុទ្ធសាសនា!


ទស្សនៈមួយពោលថា ពិភពលោកនេះ ពោរពេញដោយសេចក្តីទុក្ខ តើពិតឬទេ? តាមទស្សនៈពុទ្ធសាសនា!
មុខវិជ្ជា៖ទស្សនវិជ្ជាពុទ្ធសាសនាថេរវាទ
ឯកទេស៖ អក្សរសាស្រ្តខ្មែរ
ស្រាវជ្រាវដោយ                                              សាស្ត្រាចារ្យណែនាំ
សមណនិស្សិត ភី ច័ន្ទតារា                                                ឈុន សុវណ្ណ     
       
សិក្សាឆ្នាំទី៣ ឆមាសទី១ ជំនាន់ទី៨
ឆ្នាំចូលសិក្សា

ព.ស.២៥៥៩                                                            គ.ស.២០១៥-២០១៦
អារម្ភកថា
       អត្ថបទទស្សនៈពុទ្ធសាសនា ដែលបានប្រមូលផ្ដុំចងក្រងស្រេចជាស្ថាពរនេះ ដោយខ្ញុំបានធ្វើសម្រង់ចេញពីអាគតដ្ឋាននានា មានអត្ថបទធម៌ នឹងព្រះត្រៃបិដកជាគោល យកមកច្របាច់បញ្ចូលគ្នា ។ កិច្ចការស្រាវជ្រាវនេះសោត ខ្ញុំបានចងក្រងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយគ្មានដាក់ចុះនូវការព្យាយាមម្ដងណាឡើយ ហើយខិតខំប្រឹងប្រែង ស្វះស្វែងស្ទុះស្ទា ម្នីម្នារកប្រភពទាក់ទង និងឯកសារផ្សេងៗ យកមកច្របាច់ចងក្រងរហូតដល់បានសម្រេចគោលដៅនៃការស្រាវជ្រាវជាអត្ថបទមួយនេះឡើង ។ ក៏អត្ថបទនេះ បានពិនិត្យខ្លឹមសារ សាចុះសាឡើងរហូតយល់ថាត្រឹមត្រូវ ។
     យ៉ាងនេះហើយក៏ដោយ ខ្ញុំសូមបញ្ជាក់ដែរថា ខ្លឹមសារក្នុងអត្ថបទ ដែលបានស្ថាបនានេះ ប្រាកដជាមិនទាន់ល្អឥតខ្ចោះនោះទេ ។ ព្រោះចំណេះដឹង ខ្ញុំតិចតួចតូចស្តើងនៅខ្ចីណាស់ ហើយនៅមានកម្រឹតទៀតផង ។
     អាស្រ័យហេតុនេះ សូមខន្តី អភ័យទោស សន្តោស អំពីសំណាក់លោកសាស្ត្រាចារ្យ និងសមណនិស្សិត​ និស្សិត មិត្តរួមថ្នាក់ទាំងអស់ ដែលបានពិនិត្យ យល់ឃើញថាមានកំហុសខុសឆ្គង មិនទំនងកន្លែងណានោះ សូមមេត្តាជួយកែសម្រួលដោយក្ដីអនុគ្រោះ ក្នុងន័យជួយស្ថាបនា ដើម្បីឲ្យអត្ថបទនេះ មានភាពល្អប្រសើរឡើង នឹងមានប្រយោជន៍ដល់អនុជនជំនាន់ក្រោយ ដែលជាកម្លាំងចលករដ៏ចម្បងសម្រាប់ទ្រទ្រង់វប្បធម៌-អារ្យធម៌ជាតិតទៅ។

សូមអរព្រះគុណ និងអរគុណ !

សេចក្តីថ្លែងអំណរគុណ
          ខ្ញុំព្រះករុណាខ្ញុំ ជាសមណនិស្សិត ថ្នាក់បរិញ្ញាបត្រ អក្សរសាស្ត្រខ្មែរ ជំនាន់ទី៨ ឆ្នាំទី៣ឆមាសទី១ ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ  ឆ្នាំសិក្សា​ ព.ស.២៥៥៩ គ.ស.២០១៥ - ២០១
សូមធ្វើគារវកិច្ច និង បដិការគុណចំពោះ
          លោកឪពុកអ្នកម្តាយ ដែលមានឧបការគុណយ៉ាងធំធេងមិនអាចកាត់ថ្លៃបានចំពោះរូបកូន ដែលបានផ្ដល់កំណើត ចិញ្ចឹមបីបាច់ថែរក្សារូបកូនប្រកបដោយព្រហ្មវិហារធម៌ជាទីបំផុត និងបានបញ្ជូនកូនឲ្យទៅ   សិក្សាតាំងពីបឋមសិក្សា មធ្យមសិក្សា នឹងបច្ចុប្បន្ន ហើយថែមទាំងលើកទឹកចិត្តជំរុញឱ្យបន្តចូលរៀននៅមហាវិទ្យាល័យ ដើម្បីសិក្សា​ក្រេបជញ្ជក់យកចំណេះដឹង ដើម្បីរស់នៅប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ។
          សម្តេចព្រះសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សមណសាស្ត្រាចារ្យ និងសាស្ត្រាចារ្យ លោក លោកស្រី  បុគ្គលិកនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជទាំងអស់
លោកសាស្ត្រាចារ្យ ឈុន សុវណ្ណ ​ព្រឹទ្ធបុរសរងមហាវិទ្យាល័យអក្សរសាស្ត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាសាស្ត្រាចារ្យបង្រៀនមុខវិជ្ជា ទស្សនវិជ្ជាពុទ្ធសាសនាថេរវាទ ដែលបានបង្ហាត់បង្រៀនទូន្មានប្រៀនប្រដៅ បង្ហាញទិសដៅ និងផ្ដល់ ​ជាអនុសាសន៍​ល្អៗ ពន្យល់ណែនាំខ្ញុំ អស់ពីកម្លាំងកាយចិត្ត នូវសមត្ថភាពទាំងប៉ុន្មានដែលមានមិនគិតអំពីការនឿយហត់ ក្នុងការអប់រំគ្រប់បែបយ៉ាងមិនថាចំណេះដឹងនិងសីលធម៌ គុណូបការៈដ៏ថ្លៃថ្លាទាំងនេះធ្វើឲ្យយើងខ្ញុំដឹងគុណ និងចងចាំជានិច្ចមិនអាចបំភ្លេចបាន។
         ដូច្នេះសូមប្រសិទ្ធពរជ័យ ថ្វាយ ប្រគេន ជូន នូវគុណបុណ្យព្រះរតនត្រ័យ ដែលជាវត្ថុស័ក្កសិទ្ធិក្នុងលោកមាន ពុទ្ធរតនៈ ធម្មរតនៈ និងសង្ឃរតនៈ ជាទីពឹងគ្រប់ពេលវេលា ព្រមទាំង ពុទ្ធពរទាំង៤ប្រការគឺ  អាយុ  វណ្ណៈ  សុខៈ  ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ ។ ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ។
ខ្ញុំព្រះករុណា ខ្ញុំភី ច័ន្ទតារា !
មាតិកា
អារម្ភកថា...................................................................................................... I
សេចក្តីថ្លែងអំណរគុណ.................................................................................. II
មាតិកា........................................................................................................ III
សេចក្តីផ្តើម................................................................................................. ០១
ទុក្ខាធិប្បាយ................................................................................................ ០២
      ទុក្ខ១២កង.......................................................................................... ០២
      ឧបាទានក្ខន្ធជាទុក្ខ............................................................................... ០៥
ហេតុនាំឱ្យកើតទុក្ខ....................................................................................... ០៧
      តណ្ហាជាហេតុ...................................................................................... ០៧
ឧបាយផ្តាច់នូវទុក្ខ........................................................................................ ០៨
      អរិយមគ្គទាំង៨.................................................................................... ០៨
ឯកសារយោង


ទស្សនៈមួយចំនួនពោលថា
 ពិភពលោកនេះពោរពេញដោយសេចក្ដីទុក្ខ
        ពិភពលោក គឺជាទីស្ថានសម្រាប់ស្នាក់អាស្រ័យរបស់បណ្តុំភាវៈមានជីវិត និងភាវៈឥតជីវិត។ សត្វលោកដែលកើតមក ក្នុងលោកិយ(ត្រៃភព)នេះ តែងជាប់ដាមស្នាមតាមមកជាមួយខ្លួន ពោលគឺសេចក្តីប្រាថ្នាផ្សេងៗ ខ្លះចង់បានសុខ,សរសើរ,លាភ និង យស ។ ក៏កាលបើសេចក្ដីប្រាថ្នាមិនបានសម្រេចដូចចិត្ត ឬមិនសមដូចក្ដីប៉ងរបស់ខ្លួនក៏បានបង្កើតឡើងជាសេចក្ដីមិនសប្បាយចិត្ត អន់ចិត្ត និងសេចក្តីទុក្ខដទៃទៀតទៅវិញ។ សមដូចទស្សនៈមួយពោលថា “ ពិភពលោកនេះ គឺពោលពេញដោយសេចក្ដីទុក្ខ”​ តើទស្សនៈនេះពិត ឬ ទេ?​
        ជាបឋមយើងគប្បីពិចារណា និងធ្វើការវិនិច្ឆ័យ ចំពោះពាក្យ​ “ ពិភពលោក “ ។ ពិភពលោក ជាវេវចនសម្រាប់ហៅចំពោះទីកំណើត សព្វសត្វទាំងឡាយ( មនុស្ស ទេវតា មារព្រហ្ម) ពោលគឺក្នុងសង្សារវដ្ត។ ពាក្យថា សេចក្ដីទុក្ខ ការប្រព្រឹត្តទៅដោយលំបាក ដែលសព្វសត្វទាំងឡាយពុំអាចទ្រំាទ្របានហើយ​ មិនចង់បាន មិនមានសេចក្ដីប្រាថ្នារកគ្មានសេចក្ដីត្រូវការ គឺពាក្យថាទុក្ខនេះ។ ចុះពិភពលោក នេះប្រព្រឹត្តទៅ មានសេចក្ដីទុក្ខមិន ឬទេ? តាមសេចក្ដីពិតនាំក្នុងទស្សនៈវិជ្ជា ពុទ្ធសាសនា ថារបស់ណាកើតរបស់នោះនិងរលត់ទៅវិញ របស់ណាប្រព្រឹត្តទៅជាសុខ របស់នោះ(ធម្មជាតិ) នោះនឹងប្រព្រឹត្តប្រែក្លាយជាទុក្ខវិញ។ សកលលោកយើងពោរពេញដោយសេចក្ដីសប្បាយរីករាយជាមួយនឹង សម្ភារៈនិយម ទំនើបកម្ម ដ៏ទាន់សម័យជឿនលឿន សម្រាប់សម្រួលសេចក្ដីប្រើប្រាស់ ជាតម្រូវការ​   របស់មនុស្សបាន តាមប្រាថ្នា។ ក៏ព្រោះពិភពលោកប្រកបដោយបបច្ចេកទេសទំនើប និងពេញនិយម បានធ្វើឲ្យបញ្ញាញាណ សតិអារម្មណ៍ នៃពិភពមនុស្សលោកលែងមានការខ្វល់ខ្វាយ ភ័យព្រួយ នៅក្នុងជីវភាពទៅទៀតហើយ ដោយអ្វីៗសុទ្ធតែងាយៗ។ ដូចជា “ តម្រូវការ ចង់បានត្រជាក់ ឬ ក្ដៅគ្រាន់តែលើដៃចង្អុលឧបករណ៍ជាការស្រេច(ឧបករណ៍បញ្ជា ឬម៉ាស៊ិនជាក់​​,ក្ដៅ)។ ទាំងអស់នេះរាប់តាំពីគ្រឿងអាហារ សម្រាប់បរិភោគ ក៏ដូចជាគ្រឿងសម្ភារៈប្រើប្រាស់។ ដោយបរិការណ៍យ៉ាងនេះបានធ្វើជាកំបាំងជញ្ជាំងបិទ បោកបញ្ឆោតបញ្ញាការត្រិះរិះរបស់មនុស្ស បង្វែរឲ្យយល់ថានេះជាសេច្ដីសុខពិតប្រាកដ នេះជាសុភមង្គល នេះជាសេចក្តីចម្រើន ទាំងនេះប្រៀបដូច កំពុងដេកលង់លក់ក្នុងមហានទីវដ្ដសង្សាមើលលែងឃើញនូវអ្វីជាសុខពិតប្រាកដ? អ្វីជាទុក្ខពិតប្រាកដ?អស់រលីងទៅហើយ។
        ដូចម្តេចហៅថាទុក្ខ?
        បើពោលតាមវេវចនបោរាណកបណ្ឌិតលោកពោលថា សេចក្ដីទុក្ខនេះប្រព្រឹត្តទៅមានច្រើនប្រការណាស់, សមដូច ការត្រាស់ប្រកាសសម្តែងទេសនា របស់ព្រះសម្មសម្ពុទ្ធជាម្ចាស់  ជាគ្រូនៃមនុស្សនិងទេវតា​​​ ទ្រង់ត្រាស់សម្ដែងអំពីទុក្ខ ក្នុង បឋមទេសនា និងក្នុងអរិយសច្ចធម៌។
           ទុក្ខ
ធម្មជាតជាទុក្ខ ការព្រួយលំបាក លំបាកអត់ទ្រាំ នឿយគំនិតខ្វល់ទាំងកាយ
 ​ខ្វល់ទាំងចិត្ត បណ្តាលឲ្យក្តៅក្រហាយពើតផ្សាសព្វពេលវេលា ឈ្មោះថាទុក្ខ ។
នៅក្នុងបឋមទេសនាប្រោសបញ្ចវគ្គិយក្បែរក្រុងពារាណសី ព្រៃឥសិបតនមិគទាយវ័ន ថ្ងៃពេញបូណ៌មី ខែអាសាធ ឆ្នាំរកា ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ជាក់អំពីទុក្ខនេះថា មាន១២កង។ កតមំ ទុក្ខំ ទុក្ខដូចម្តេចខ្លះ? ទុក្ខទាំងនុះគឺ៖
        /ជាតិទុក្ខ កិរិយាកើតឡើងនៃខន្ធ ជាហេតុនាំមកនូវទុក្ខ,
        សព្វសត្តនិករ ពេលចុះចាប់បដិសន្ធិក្នុងផ្ទៃមាតា សុទ្ធតែអង្គុយលើអាហារចាស់​ក្បាលទល់ទ្រអាហារថ្មី បែរមុខទៅខ្នងម្តាយគ្រប់ៗគ្នា​ ។ ពេលម្តាយបរិភោគអាហារពុំសមគួរដូចជាក្តៅពេក ហិលពេក ជូរពេក ប្រៃពេកជាដើម ឬម្តាយធ្វើការងារធ្ងន់ រកកម្រៃ​ចិញ្ចឹមជីវិត (ប្រភេទម្តាយក្រីក្រ) ឬក៏ម្តាយភ្លាត់រអិលដួល រត់ លោតជាដើម អាការមិន​ធម្មតានោះ ធ្វើឲ្យទារករងទុក្ខទោស នៅក្នុងផ្ទៃស្ទើរសន្លប់បាត់បង់ស្មារតី ។ សេចក្តីទុក្ខ​នេះ មានរហូតដល់ថ្ងៃសម្រាល ។
        ខ/ជរាទុក្ខ ការចាស់គ្រាំគ្រានៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ,
        ជរាមានពីរប្រភេទៈ
        ប្រភេទមួយ ជរាបិទមុខ គឺជរានេះ ញាំញីយាយីរាងកាយ ដែលសម្រាលមកនោះ​ឲ្យមានការចម្រើនធំធាត់ មានកម្លាំង មានអាយុច្រើន មានវ័យចំណាស់ មានកម្លាំងខ្លាំង​មានកម្លាំងខ្សោយ ដោយមិនប្រាប់ប្រងអ្វីទាំងអស់ គឺជរាទៅតាមរយៈថ្ងៃខែឆ្នាំ ។
        ប្រភេទមួយទៀត​ ជរាមិនបិទមុខ គឺជរានេះ ធ្វើឲ្យមំសចក្ខុមើលឃើញច្បាស់ថា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រីវជ្រួញ ខ្នងកោង ភ្នែកងងឹត ត្រចៀកថ្លង់ជាដើម ។
        គ/ព្យាធិទុក្ខ​ ជំងឺដម្កាត់ផ្សេងៗ ក៏ជាហេតុនាំមកនូវទុក្ខ,
        សេចក្តីទុក្ខដែលកើតពីព្យាធិនេះ ព្រះសម្ពុទ្ធ ទ្រង់បង្រៀនព្រះអានន្ទត្ថេរ ច្រើន​
ណាស់នៅក្នុងគិរីមានន្ទសូត្រថា ពហុទុក្ខោ ខោ អយំ កាយោ ពហុអាទីនវោតិ រូបកាយនេះ មានទុក្ខច្រើន មានទោសច្រើនមែនពិត ។
        ឥតិ ឥមស្មឹ កាយេ វិវិធា អាពាធា ​ឧប្បជ្ជន្តិ អាពាធ គឺជម្ងឺដម្កាត់
ទាំងឡាយផ្សេងៗ តែងកើតឡើងក្នុងកាយនេះ ដូច្នេះ គឺទ្រង់រាប់តាំងពីរោគកើតក្នុងភ្នែក ក្នុងត្រចៀក រហូតដល់កើតពី ឧច្ចារៈ និងបស្សាវៈជាទីបំផុត ។
        ដូច្នេះ កាយទាំងមូលនេះ​ ជាសំបុកទ្រយុគនៃរោគគ្រប់ប្រភេទ ។
        ឃ/មរណទុក្ខ ការបែកធ្លាយនៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ,
        សេចក្តីទុក្ខនេះ កើតមានដល់សត្តនិករ​ ព្រោះតែការស្លាប់បាត់បង់អាយុជីវិត ទោះជាការស្លាប់តាមអាយុក្ខ័យ គឺកាលមរណៈ ឬក៏ស្លាប់ដោយគ្រោះកាចបណ្តាលមកពី​បាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់ព្យុះ​ ផ្ទុះភ្នំភ្លើង​ ពុំនោះសោត ធ្លាក់អាកាសយាន ឬលិច​លង់នាវាផ្សេងៗ​ ក៏សុទ្ធតែនាំមកនូវទុក្ខទាំងអស់ ។
        ទុក្ខទាំង៤កងនេះ ជាសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងខាងក្នុង ហៅថា អជ្ឈត្តិកទុក្ខ
        ង/សោកទុក្ខ សេចក្តីសោក ក៏ជាហេតុនាំមកនូវទុក្ខ,
        ច/បរិទេវទុក្ខ សេចក្តីខ្សឹកខ្សួលក៏ជាហេតុនាំមកនូវទុក្ខ,
        ឆ/ទុក្ខទុក្ខ សេចក្តីទុក្ខជាហេតុនាំមកនូវទុក្ខ គឺសេចក្តីទុក្ខត្រួតលើទុក្ខ,
        ជ/ទោមនស្សទុក្ខ សេចក្តីថ្នាំងថ្នាក់ចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ,
        ឈ/ឧបាយាសទុក្ខ សេចក្តីចង្អៀតចង្អល់ចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ,
        ញ/អប្បយេហិ សម្បយោគទុក្ខ​ ការជួបប្រសព្វសត្វ និងសង្ខារមិនជាទី​ស្រឡាញ់​ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ,
        ដ/បិយេហិ វិប្បយោគទុក្ខ ការព្រាត់ប្រាស់ចាកសត្វ និងសង្ខារជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ,
        ឋ/យម្បិច្ឆំ ន លព្ភតិ តម្បិទុក្ខ ការបើចង់បានវត្ថុណាមួយ ហើយមិនបានវត្ថុនោះ ក៏ជាហេតុនាំមកនូវទុក្ខ, បើរាប់ឧបាទានក្ខន្ធ ដែលទ្រង់សម្តែងដោយបំព្រួញមួយទៀត​បញ្ចូលផង រួមកងទុក្ខមានដល់១៣កង ។ ក៏បណ្តាកងទុក្ខទាំងឡាយនេះនុះ សប្បុរសជនគប្បីជ្រាបដោយហេតុថា គឺអវិជ្ជា ជាអ្នកពាំនាំឧបត្ថម្ភជំរុញឱ្យកើតឡើង។ ចុះអវិជ្ជានោះ ដូចម្តេចខ្លះ?
       អវិជ្ជា គឺសេចក្ដីល្ងង់ ជាពូជដែលនាំឲ្យតណ្ហាកើតមាន។ សេចក្ដីល្ងិតល្ងង់គឺ អវិជ្ជា មាន ៨ យ៉ាងៈ
១. ទុក្ខេអញ្ញាណៈ                        មិនដឹងក្នុងកងទុក្ខ
២. ទុក្ខសមុទយេអញ្ញាណៈ            មិនដឹងក្នុងហេតុនៃសេចក្ដី
៣.​ ទុក្ខនិរោធេអញ្ញាណៈ               មិនដឹងក្នុងឧបាយរម្លប់ទុក្ខ
៤. ទុក្ខនិរោធគាមិនីបដិបទាអញ្ញាណៈ      មិនដឹងក្នុងបដិបទាដែលដល់នូវការរម្លត់ទុក្ខ
៥. បុព្វេន្តេអញ្ញាណៈ                      មិនដឹងហេតុខាងដើម ឬអតីតកាល
៦. បរន្តេអញ្ញាណៈ                        មិនដឹងហេតុខាងចុង ឬអនាគតកាល
៧. បុព្វន្តបរន្តេអញ្ញាណៈ                 មិនដឹងទាំងក្នុងអតីតកាល និងអនាគតកាល
៨. បដិច្ចសមុប្បាទេអញ្ញាណៈ          មិនដឹងក្នុងបដិច្ចសមុប្បាទ។
        កាលបើមានអវិជ្ជាគ្របសង្កាត់ហើយ តណ្ហាផុសកើតឡើងនាំឲ្យមានឧបាទាន គឺសេចក្ដីប្រកាន់កើតឡើង។​ កាលបើ​ អវិជ្ជា តណ្ហា និង ឧបាទានកើតឡើង នាំឲ្យសត្វបាំងនូវបញ្ចក្ខន្ធ បាំងនូវត្រៃលក្ខ័ណ៍ធម៌ មិនពិចារណាឃើញរូបថាជាទុក្ខ ថាជារបស់បែកធ្លាយ ថាជារបស់គ្រប់គ្រងមិនបាន។ មិនពិចារណាថា រូបនេះមិនមែនជាបុគ្គល គឺគ្រាន់តែជាធាតុ ជារបស់សោះសូន្យទទេ បែរទៅជាប្រកៀកប្រកាន់ ឱបស្ទបនូវរូបារម្មណ៍នោះ រូបារម្មណ៍នោះនឹងនាំឲ្យសត្វកើតក្នុងភពថ្មីទៀត រងទុក្ខទោសព្រោះ បញ្ចក្ខន្ធ ដដែលទៀតរាប់អសង្ខេយ្យជាតិក្នុងវាលវដ្ដសង្សារ គ្មានថ្ងៃណានិងរំដោះទុក្ខឲ្យស្រាកស្រានបាន អំពីឧបាទានក្ខន្ធនោះ គឺអាស្រ័យមកអំពីតែតណ្ហា ដែលមានអវិជ្ជាគ្រប់សង្កត់នោះដែរ។ ឧបាទានក្ខន្ធជាទុក្ខ។ តើឧបាទានក្ខន្ខ ដែលប្រព្រឹត្តទៅជាទុក្ខនោះដូចម្តេចខ្លះ? មានប៉ុន្មានយ៉ាង?
        ឧបាទានក្ខន្ធ ជាទុក្ខ
        សត្វលោកកើតមកទាំងចំណង ចាស់ទាំងចំណង ស្លាប់ទាំងចំណង ទៅកាន់បរលោកក៏ទាំងចំណងដែរ ។ កិលេសបានចងសត្វលោក ឲ្យជាប់នឹងទីកន្លែង ជាប់នឹងភព ជាប់នឹងឧបាទានក្ខន្ធ ៥ នេះជាប្រភពនៃបញ្ហាគ្រប់យ៉ាង ។
        ពាក្យថា សត្វ ក្នុងទីនេះ មានន័យសេចក្តីថា សេចក្តីពេញចិត្តណាសេចក្តីត្រេក អរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូបក្តី វេទនាក្តី សញ្ញាក្តី សង្ខារក្តី និង វិញ្ញាណក្តី បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្តជាដើមនោះ ជំពាក់នៅក្នុងសេចក្តី ពេញចិត្តជាដើមនោះ លោកហៅថា សត្វ ។
        ទ្រព្យសម្បត្តិពេញណែនក្នុងផ្ទះ និងនៅខាងក្រៅផ្ទះទៀត មិនមែនព្រោះមកពីឧបាទានក្ខន្ធ៥នេះទេឬ?
        ឧបាទានក្ខន្ធ ៥ នោះបានដល់រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ និងវិញ្ញាណខន្ធ ។ សត្វលោកទាំងឡាយ តែងជាប់ជំពាក់ក្នុងរូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ មិនងាយលះបង់បានឡើយ ។ បើមិនមានឧបាទានក្ខន្ធ ៥ ទេ តើមានអ្វីដែលត្រូវការចាំបាច់ នឹងស្វែងរកយកមកបរិភោគ ប្រើប្រាស់ តែព្រោះ សត្វលោកត្រូវអវិជ្ជា បិទបាំង ទើបសត្វលោកបែរទៅជាត្រេកអរជាមួយ នឹងអ្វីៗដែលបានមកហើយ ប្រកាន់ឧបាទានក្ខន្ធ ៥ ថាជាតួខ្លួន ដោយមិនបានកំណត់ដឹង នូវឧបាទានក្ខន្ធ ៥ ថាជាទុក្ខឡើយ ។ ឧបាទានក្ខន្ធ ៥ នេះហើយ ជាជំរកនៃសេចក្តីទុក្ខគ្រប់យ៉ាង ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្តែងថា អ្នកទាំងឡាយ ចូរកម្ចាយចោល ឈូសចោល កម្ចាត់ចោល នូវរូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិដើម្បីអស់ទៅនៃតណ្ហា ព្រោះថា ការអស់ទៅនៃតណ្ហា ឈ្មោះថា ព្រះនិព្វាន ។ព្រះបរមលោកនាថតា្រស់សម្ដែងអំពីតណ្ហានេះ នៅក្នុងមហាសតិប្បដ្ឋានសូត្រថាៈ តណ្ហាណា​ ដែលមានកិរិយាធ្វើឲ្យភពថ្មីជាប្រក្រតីកើតរលត់ព្រមដោយ នន្ទិរាគៈ (តម្រេកត្រអាល) ត្រេកអរចំពោះភពនោះៗ  ឬកាមារម្មណ៍នោះៗ  តណ្ហានោះដូចម្ដេច? តណ្ហានោះគឺ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា។​ ម្នាលភិក្ខុទាំងឡាយ នេះតថាគតចាត់ឲ្យឈ្មោះថា ទុក្ខសមុទយអរិយសច្ច។ បានជាទ្រង់ចាត់តណ្ហាទាំងបីនេះថាជា សមុទយអរិយសច្ចៈ ព្រោះតណ្ហាទាំងនេះ ជាកំណើតទុក្ខឬជាហេតុដែលនាំឱ្យកើតទុក្ខ។
        តណ្ហាៈ គឺសេចក្ដីតកើស្លុតរន្ធត់ គឺថាចង់បាននូវសម្បត្តិដ៏លាមក(ក្នុងភពបី) ដូចមានបទវិគ្រោះក្នុងគម្ពីរអភិធានប្បទីបិតាសូចិប្រាប់ថា តសតិ បាបំ ឥច្ឆតីតិ តណ្ហា។ តណ្ហា គឺសេចក្តីត្រេកត្រអាល ចង់បានគ្មានទីបំផុត ។ តណ្ហាមាន ៣ ប្រការគឺ
        .កាមតណ្ហា ការប្រាថ្នាចង់បាន នូវវត្ថុជាទីត្រេកត្រអាល ក្នុងអារម្មណ៍ បានដល់
វត្ថុកាម និងកិលេសកាម យ៉ាងតក់ក្រហល់ ។
        .ភវតណ្ហា ការប្រាថ្នាចង់បានឲ្យវត្ថុ ជាទីត្រេកត្រអាលក្នុងអារម្មណ៍ ដែលខ្លួន​បាន​ហើយនោះ តាំងនៅអស់កាលជានិច្ច ។
        .វិភវតណ្ហា ការប្រាថ្នាចង់បាន មិនឲ្យវត្ថុជាទីត្រេកត្រអាលក្នុងអារម្មណ៍ដែលខ្លួនបានហើយនោះ បាត់បង់វិនាសទៅវិញឡើយ ។ តណ្ហានេះ បានចងរឹតរួបស្អិតល្មួតជាមួយសត្វលោកក្នុងត្រៃភពរួមមាន៖
        ១.កាមភពៈ គឺលោកសន្និវាសប្រកបដោយកាមគុណមាន ១១ គឺៈ
        ក.ទុគតិអបាយភូមិ មាន (រាប់ពីទាបទៅខ្ពស់)
        ឋាននរក ឋានប្រេត ឋានតិរច្ឆាន ឋានអសុរកាយ
        .សុគតិ ៧ (រាប់ពីទាបទៅខ្ពស់)
ឋានមនុស្ស. ឋានចាតុមហារាជិកា. ឋានត្រ័យត្រឹង្ស. ឋានយាមា. ឋានតុសិត. ឋាននិម្មារតី និង ឋានបរតិម្មិតវសត្តី។ រួមទាំងទុគតិ និង សុគតិត្រូវជា ១១។
       ២.រូបភាពៈ គឺព្រហ្មមានរូប ១៦ ជាន់គឺ
        ព្រហ្មបារិសជ្ជា. ព្រហ្មបរាហិតា. មហាព្រហ្ម. បរិត្តាភា. អប្បមាណាភា. អាភស្សរា. បរិត្តសុភា. អប្បមាណសុភា. សុភកិណ្ហកា. វេហប្ផលា. អសញញិសត្តា. អវេហា. អតប្បា. សទស្សាសុទស្សី និង អកនិដ្ឋា។
        ៣.អរូបភព ឬអរូបព្រហ្ម
        អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អកិញ្ចញ្ញាយតនព្រហ្ម និងនេវសញ្ញានាសញ្ញាយតនព្រហ្ម។
        សម្បត្តិទាំងឡាយក្នុងភពទាំងបីនេះ ជាសម្បត្តិឥតខ្លឹមសារ ព្រោះមានបម្រែបម្រួលជាធម្មតា ឥតមានកំណត់ពេលវេលា ទើបលោកចាត់ថាជាសម្បត្តិដ៏លាមក។ បុគ្គលណាយល់ថា សម្បត្តិក្នុងភាពទាំងបីនោះជាសម្បត្តិដ៏ឧតម្ត ជាសម្បត្តិដ៏ជាទិព្វដូច្នេះ ហើយមិនបានគិតដល់សេចក្ដីប្រែប្រួលនៃសម្បត្តិទាំងនោះ ស្រាប់តែមានយោបល់ខុសកើតឡើងថា ក្នុងកាមភពមានសេចក្ដីសុខច្រើន ព្រោះកម្រជួបប្រកបដោយសម្បត្តិទិព្វច្រើនប្រការ, ក្នុងរូបភព មានសេចក្ដីសុខទៀងទាត់(សស្សតទិដ្ឋ)និងសេចក្ដីស្លាប់ មានអាយុវែង មានរូបទិព្វ អាហារក៏ជាទិព្វ​  ក្នុងអរូបភព មិនមានសេចក្ដីទុក្ខដោយដាច់ខាត ព្រោះថា បើមិនមានរូបហើយ តើបានធម្មជាតិអ្វីជាគ្រឿងនាំមកនូវសេចក្ដីទុក្ខ(ឧច្ឆេទទិដ្ឋ)? កាលបើសេចក្ដីយស់ខុសកើតឡើងដូច្នេះហើយ  ការចង់បាននូវសម្បត្តិទាំងបី គឺថាប្រាថ្នាចង់កើតក្នុងភពទាំងបីនោះ កកើតឡើងសេចក្ដីប្រាថ្នារបស់បុគ្គលន៉យ៉ាងនេះ លោកហៅថា តណ្ហា។
        តណ្ហាទាំង៣ប្រការនេះ តែងចងសត្វលោកយ៉ាងតឹងណែន មិនងាយនឹងរើខ្លួនរួចបានឡើយ ។ កាលដែលសត្វលោកអាចរលាស់ខ្លួនចេញផុតអំពីតណ្ហាទាំងនេះបាន លុះត្រាសត្វលោកទាំងនោះ ធ្វើសេចក្តីកំណត់ដឹងថាតណ្ហាទាំងនេះជាមូលហេតុនៃសេចក្តីទុក្ខគ្រប់យ៉ាង ហើយខិតខំព្យាយាមកម្ចាត់ចោល ឈូសចោល និងធ្វើឲ្យជាក់ច្បាស់ក្នុងចិត្តថា ជាហេតុនៃសេចក្តីទុក្ខពិត ។ម្យ៉ាងទៀត សត្វលោក គប្បីខិតខំរកឧបាយជាគ្រឿងប្រាជ្ញា ដើម្បីកម្ចាត់ចោលនូវតណ្ហាទាំងនោះ ដោយសេចក្តីប្រតិបត្តិដ៏ប្រពៃ តាមអដ្ឋង្គិកមគ្គទាំង ៨ ប្រការគឺ
        .សម្មាទិដ្ឋិ ការយល់ឃើញត្រូវ
        .សម្មាសង្កប្បោ ការត្រិះរិះត្រូវ
        .សម្មាវាចា ការនិយាយត្រូវ
        .សម្មាកម្មន្តោ ការងារត្រូវ
        .សម្មាអាជីវោ ការចិញ្ចឹមជីវិតត្រូវ
        .សម្មាវាយាមោ ការព្យាយាមត្រូវ
        .សម្មាសតិ ការរលឹកត្រូវ
        .សម្មាសមាធិ ការតម្កល់ចិត្តត្រូវ
        ផ្លូវប្រកបដោយអង្គ៨ប្រការនេះហើយ ជាផ្លូវប្រតបត្តិដ៏ប្រពៃ ដើម្បីកម្ចាត់បង់នូវសេចក្តីទុក្ខទាំងឡាយមានឧបាទានក្ខន្ធទុក្ខជាដើម ដែលបានកើតឡើងអំពីតណ្ហានោះ និងក៏ជាផ្លូវដែលសត្វលោក ត្រូវដើរទៅកាន់ទីបរមសុខ ពោលគឺព្រះនិព្វានផងដែរ។
        សត្វលោកទាំងឡាយ ត្រូវបានចាញ់ការបោកបញ្ឆោត របស់បញ្ចខន្ធគ្រប់គ្នា ហើយបានដេកត្រាំ នៅជាមួយនឹងបញ្ចខន្ធនោះ យ៉ាងមានសេចក្តីសុខតាមផ្លូវលោកិយ ទាំងភ្លេចខ្លួនទៀតផង ។ លុះដល់ជីវិតខិតចូលដំណាក់កាលចុងក្រោយ ទើបភ្ញាក់ខ្លួន ហើយខិតខំប្រវេប្រវ៉ារកធម៌ជាទីពឹង ទីរលឹក ប៉ុន្តែវាហាក់ដូចជាហួសពេលទៅហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រសើរជាងបុគ្គលខ្លះដែលឈានដល់បច្ឆិមវ័យអាយុជាង ៧០ឆ្នាំ ទៅហើយ ក៏នៅតែត្រូវតណ្ហាគ្រប់សង្កត់ រហូតហ៊ានប្រព្រឹត្តអនាចារ ទៅលើកុមារីទាំងមិនទាន់គ្រប់អាយុទៀតផង ។ នេះហើយលោកហៅថា ជាបុគ្គលងងឹតក្នុងលោកនេះផង និងត្រូវងងឹតក្នុងលោកខាងមុខផង ព្រោះមិនបានអប់រំចិត្តរបស់ខ្លួនឲ្យបានល្អ ។ ចិត្តំ គុត្តំ សុខាវហំ ហោតិ ចិត្តដែលបុគ្គលគ្រប់គ្រងល្អរ មែងនាំមកនូវសេចក្តីសុខ ។
        បើយើងត្រិះរិះពិចារណាទៅ មិនមានអ្វីគួរជាទីរីករាយ ត្រេកអរ ត្រេកត្រអាល ប្រកាន់(ឧបាទាន) ចំពោះបញ្ចខន្ធ ដែលជារបស់ពុកផុយ គ្មានខ្លឹមសារ មិនឋិតឋេរ ជាទុក្ខ និងមិនមែនជារបស់ខ្លួនយើងឡើយ ។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា
ផេណុបិណ្ឌោបមំ រូបំ វេទនា បុព្វុឡូបមា
មរីចិកូបមា សញ្ញា សង្ខារា កទលូបមា
មាយូបមញ្ច វិញ្ញាណំ ទេសិតាទិច្ចពន្ធុនា
        រូបមានសេចក្តីប្រៀបធៀប នឹងដុំនៃពពុះទឹក វេទនាមានសេចក្តីប្រៀបធៀប នឹងក្រពេញទឹក ដែលប៉ោងឡើងព្រួចៗ សញ្ញាមានសេចក្តីប្រៀបធៀប នឹងថ្ងៃបណ្តើរកូន សង្ខារទាំងឡាយ មានសេចក្តីប្រៀបធៀប នឹងដើមចេក វិញ្ញាណមានសេចក្តីប្រៀបធៀប​នឹងកលមាយា(សេចក្តីប្រៀបធៀប នៃខន្ធទាំង៥នេះ) គឺព្រះសម្ពុទ្ធមានផៅពង្សដ៏ខ្ពង់​
ខ្ពស់ដូចព្រះអាទិត្យ ព្រះអង្គទ្រង់សម្តែងហើយ ។
        យោងតាមសេចក្តី នៃព្រះគាថាខាងលើនេះ មិនមានអ្វីដែលយើងត្រូវជឿជាក់ ត្រេកអររីករាយចំពោះបញ្ចខន្ធ ដែលជារបស់មានការប្រែប្រួលដូច្នេះឡើយ ។ ហេតុដូច្នោះហើយ បានជាព្រះសម្ពុទ្ធប្រៀនប្រដៅ សត្វលោកឲ្យចេះ ធ្វើការត្រិះរិះពិចារណា ឲ្យមានសេចក្តីតក់ស្លុត ចំពោះសង្ខារធម៌ ដែលជារបស់មិនទៀងទាត់នោះជារឿយៗ ដើម្បីហាមឃាត់ នូវចិត្តរបស់យើង មិនឲ្យមានសេចក្តីភ្លើតភ្លើន ព្រោះតែតណ្ហាគ្របសង្កត់ ។ សមដូចជាព្រះមានព្រះភាគទ្រង់សម្តែងថា
សព្វេ សង្ខារា​ អនិច្ចាតិ    យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ           ឯស មគ្គោ​វិសុទ្ធិយា ។
        នៅពេលណា បុគ្គលពិចារណាឃើញច្បាស់ ដោយបញ្ញាថា សង្ខារធម៌ទាំងឡាយ ជារបស់មិន​ទៀងទាត់ នៅពេលនោះ គេរមែងនឿយណាយនឹងទុក្ខ នុះហើយ គឺជាផ្លូវ​នៃសេចក្តីបរិសុទ្ធ(ព្រះនិព្វាន) ។
សព្វេ សង្ខារា ទុក្ខាតិ      យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ           ឯស មគ្គោ​ វិសុទ្ធិយា ។
        នៅពេលណា បុគ្គលពិចារណាឃើញច្បាស់ដោយបញ្ញាថា សង្ខារធម៌ទាំងឡាយ ជាទុក្ខ នៅពេលនោះ គេរមែងនឿយណាយនឹងទុក្ខ នុះហើយគឺជាផ្លូវនៃសេចក្តីបរិសុទ្ធ​(ព្រះនិព្វាន) ។
        សព្វេ ធម្មា អនត្តាតិ         យទា បញ្ញាយ បស្សតិ
          អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
        នៅពេលណា បុគ្គលទាំងឡាយពិចារណាឃើញច្បាស់ថា ធម៌ទាំងឡាយ ជា
អនត្តា (មិនមែនជារបស់ខ្លួន) នៅពេលនោះ គេរមែងនឿយណាយនឹងទុក្ខ នុះហើយ គឺ ជាផ្លូវនៃសេចក្តីបរិសុទ្ធ (ព្រះនិព្វាន) ។
        ការប្រកាន់មាំចំពោះបញ្ចក្ខន្ធ ដែលលោកហៅថា ឧបាទានក្ខន្ធនោះ មានតែនាំមកនូវសេចក្តីទុក្ខតែម្យ៉ាង មិនមានសេចក្តីដែលកើតចេញ ពីឧបាទានក្ខន្ធនោះឡើយ ។ យើងជាអ្នកជឿជាក់ក្នុងព្រះពុទ្ធសាសនា គួរគប្បីត្រិះរិះពិចារណា ដោយវិចារណញាណ និងយកព្រះធម៌ជាគោលការណ៍ដឹកនាំជីវិត ដើម្បីបានសេចក្តីសុខប្រព្រឹត្តទៅក្នុងលោក​នេះផង និងក្នុងលោកខាងមុខផង ។ ជាងនេះទៅទៀត គួរគប្បីលះបង់ចោលនូវការ​ប្រកាន់ជ្រុលហួស ចំពោះបញ្ចខន្ធ ដែលជារបស់មិនទៀងទាត់ ហើយប្រព្រឹត្តខ្លួនឲ្យ​ប្រាស់ចាកធម៌នោះទេ ។   ការនៅគ្រប់គ្រងផ្ទះ ពិតជាមានការលំបាក ក្នុងការប្រតិបត្តិ​ ធម៌ ។ តែទោះជាយ៉ាងណា យើងគប្បីឆ្លៀតឱកាស ស្តាប់ព្រះធម៌ទេសនា រៀនធម៌ និង​ពិចារណាធម៌ ក្នុងកាលដ៏សមគួរ ​ព្រោះការប្រព្រឹត្តធម៌នាំមកនូវសេចក្តីសុខ  ធម្មោ ហវេ រក្ខតិ ធម្មចារឹ ធម៌រមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ ។ កុំបណ្តោយខ្លួនឲ្យសូន្យទៅ ដោយមិនមានធម៌ជាប់នៅជាមួយផងនោះ ។ បើមានសេចក្តីជ្រះថ្លា ក្នុងការសាងបព្វជ្ជា គឺជាការប្រសើរណាស់ ព្រោះភេទបព្វជ្ជា ជាឧត្តមភេទ នឹងងាយក្នុងការប្រតិបត្តិព្រះធម៌ ហើយសូម្បីស្តេចផែនដី ក៏ក្រាបថ្វាយបង្គំដែរ ។ ប៉ុន្តែវាជាការកម្រណាស់ ដែលមានបុគ្គលចេញចាកអំពីផ្ទះ  មកសាងបព្វជ្ជានោះ ហេតុដូច្នេះហើយ  ទើបព្រះសម្ពុទ្ធទ្រង់ សម្តែងថា ទុប្បព្វជ្ជំ ទុភិរមំ ឃរាវាសា ទុរាទុក្ខា ការសាងបព្វជ្ជា ជាការក្រក្រៃលែង ការ​នៅគ្រប់គ្រងផ្ទះជាការលំបាក ។ ម្យ៉ាងទៀត គប្បីធ្វើសេចក្តីល្អ(មេត្តា) ចំពោះមាតាបិតា ក្រុមគ្រួសារ ញាតិមិត្រនិងអ្នកដទៃទូទៅឲ្យបានច្រើន ដោយមិនប្រកាន់ខ្លួនឬវណ្ណៈ វង្សត្រកូល ទ្រព្យសម្បត្តិរបស់ខ្លួនថា ប្រសើរខ្ពង់ខ្ពស់ជាងគេទេ ព្រោះជីវិតមិនមានអ្វី​សំខាន់ជាងការស្រឡាញ់រាប់អាន ពីអ្នកដទៃឡើយ ។ គប្បីកសាងកេរ្តិ៍ឈ្មោះឲ្យល្អ គួរជាទីនឹករលឹក និងចងចាំក្នុងចិត្ត នៃមនុស្សទាំងឡាយទាំងពួងដូចជា ព្រះសម្មាសម្ពុទ្ធ ជា
គំរូស្រាប ។ ព្រះអង្គបានសម្តែងថា
រូបំ ជីរតិ មច្ចានំ នាមគោត្តំ ន ជីរតិ
រូបនៃសត្វទាំងឡាយ តែងចាស់គ្រាំគ្រា
នាមនិងគោត្ត តែងមិនចាស់គ្រាំគ្រាឡើយ ។
        ការមិនមានសេចក្តីប្រកាន់មាំជាប់ជំពាក់ក្នុងរបស់ក្រៅខ្លួនក្តី និងរូបកាយរបស់​ខ្លួនក្តី គឺជាឧបាយប្រកបដោយប្រាជ្ញា ក្នុងការកម្ចាត់បង់ចោល នូវកម្មកិលេសទាំងឡាយ មានលោភៈ ទោសៈ មោហៈជាដើម និងអាចធ្វើសេចក្តីសន្តោស និងសេចក្តីសង្រ្គោះចំពោះបុគ្គលដទៃ ដោយការឲ្យទាន ការនិយាយពាក្យពិរោះផ្អែមល្ហែម ការប្រព្រឹត្តនូវអំពើជាប្រយោជន៍និងមានសមានចិត្ត ស្រឡាញ់រាប់អានអ្នកដទៃ ដូចជាញាតិរបស់​ខ្លួន។
        យើងអាចនិយាយបានថា​ ការធ្វើសេចក្តីល្អគ្រប់យ៉ាង ទោះសម្រាប់ខ្លួនក្តី សម្រាប់បុគ្គលដទៃក្តី គឺកើតចេញពីការមិនប្រកាន់មាំ និងជាប់ជំពាក់ជ្រុលហួសពេកនោះឯង ។ ដូច្នេះមនុស្សគ្រប់រូប គប្បីធ្វើសេចក្តីល្អឲ្យបានច្រើន ក្នុងលោកនេះ ដើម្បីបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អ សម្រាប់មនុស្សជំនាន់ក្រោយ ធ្វើសេចក្តីគោរព និងធ្វើជានិមិត្តរូប ។ កើតមួយជាតិ ធាតុមួយចាន បានធ្វើល្អ បុណ្យកំដរតជីវិត ពិតប្រពៃ ពេលស្លាប់ទៅ នៅល្អ​ឈ្មោះ រស់មានន័យ អ្នកដទៃ នឹងធ្វើត្រាប ច្បាប់គំរូ ។
យាទិសំ វប្បតេ ពីជំ តាទិសំ លភតេ ផលំ
        បុគ្គលតែងសាបព្រោះនូវពូជបែបណា    តែងទទួលបាននូវផលបែបនោះ ។
កល្យាណការី កល្យាណំ បាបការី ច បាបកំ
        បុគ្គលធ្វើនូវអំពើល្អ ទទួលផលល្អ         បុគ្គលធ្វើអំពើអាក្រក់ ទទួលផលអាក្រក់ ។
នត្ថិ សន្តិ បរំ សុខំ
សេចក្តីសុខអ្វី ក្រៅពីសេចក្តីស្ងប់ពុំមានឡើយ ។
និព្វានំ បរមំ សុខំ
ព្រះនិព្វានជាទីឋានបរមសុខ ។


ឯកសារយោង
ឈុន សុវណ្ណ ទស្សនវិជ្ជាពុទ្ធសាសនា ព.ស.២៥៥៥,គ.ស.២០១០
លាស់ ឡាយ សច្ចបរិយាយ វត្តមហាមន្ត្រី ភ្នំពេញ ព.ស.២៥១២,គ.ស.១៩៦៨
សុង ស៊ីវ អរិយមគ្គាធិប្បាយ ត្រៃរតន៍ ភ្នំពេញ គ.ស.១៩៥១
សុត្តន្តបិដក ទីឃនិកាយ លេខ១៧ ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ព.ស.២៥០២
សែម សូរ ប្រជុំភាណវារ ពិសេសបាលី-ប្រែ ភ្នំពេញ ព.ស.២៥១២,គ.ស.១៩៦៦
ហួរ សារិទ្ធិ ពុទ្ធសាសនា និងទ្រឹស្តីលោក ភ្នំពេញ ព.ស.២៥៥៤,គ.ស.២០១០

ឡាង បូរ៉ាត ជីវប្រវត្តិសង្ខេបអតីតមន្ត្រីសង្ឃខេត្តកណ្តាល ក្រុងតាខ្មៅ ប្រជុំនទីក្រពើហា


(កណ្តាល) ព.ស.២៥៥៨,គ.ស.២០១៤

1 comments:

  1. Why I went to blackjack last night on a blackjack table
    I found out about an 나주 출장샵 old friend 계룡 출장샵 of mine and I got a free no deposit 경주 출장샵 bonus from a friend. For one, 동해 출장샵 the 목포 출장마사지 free casino bonus for Blackjack is

    ReplyDelete