Monday, October 12, 2015

The Traditional Education of Ancient Cambodia ការសិក្សាសម័យបុរាណ

              ការសិក្សាសម័យបុរាណ

នៅប្រទេសកម្ពុជា​​​ ​​​​​​​​​ការសិក្សា​​​​​កើតមានហើយ​​​​​​តាំងពីព្រេងនាយ ​​​​​​​​​​​​ ​​​​តែការសិក្សានេះដើម​ឡើយ
មាននៅតែក្នុងព្រះរាជសំណាក់ ។ ព្រះរាជកុមារា ព្រះរាជកុមារី បុត្រធីតា មន្រ្តីតូចធំ​​​​​សុទ្ធតែបានទទួល
ការសិក្សាបរិបូណ៌     ប្រទេសកម្ពុជាកាន់ព្រះពុទ្ធសាសនា និងសាសនាព្រាហ្មណ៍ ។ ដូច្នេះ ការសិក្សា
ស្ថិតក្នុងឥទ្ធិពលនៃសាសនាទាំងពីរនេះ ។

. សម័យនគរភ្នំ (​​​​ Founan )

នៅសម័យនគរភ្នំ ការសិក្សាបានចម្រើនហើយ ។ ភិក្ខុសាមណេរ បានទទួលការសិក្សា រហូត
ដល់វិជ្ជាជាន់ខ្ពស់  ។  កាលនោះ មានព្រះថេរៈអង្គខ្លះ  បានរៀនដល់ភូមិសិក្សាកំរិតខ្ពស់  ចេះវិជ្ជាច្រើន
ប្រការ មានភាសាសាស្រ្តជាដើម  ដូចព្រះមហាថេរ សង្ឃបាល ។ ក្នុងរជ្ជកាល ព្រះបាទកៅណ្ឌិន្យ គ្រឹស្ត
សតវត្យទី ៥ ព្រះមហាថេរៈអង្គនេះនិមន្តទៅកាន់ប្រទេសចិន  ។ ព្រះចៅក្រុងចិន ទ្រង់ប្រោសប្រាណ
ណាស់ ។ ព្រះមហាថេរ សង្ឃបាល បានប្រែព្រះត្រៃបិដក និងគម្ពីរវិមុត្តិមគ្គ ទៅជាភាសាចិន នៅការិយាល័យនគរភ្នំ( Founan Quang ) នាប្រទេសចិន ។  ស្នា​ព្រះហស្ថជាភាសាចិន មានសេចក្តី
វិសេសវិសាលណាស់ ពុំមានអ្នកណាម្នាក់អាចស្មានបានថាជាស្នាដៃខ្មៃរឡើយ ។​ ដូច្នេះ ហើយ បាន
ជាព្រះចៅក្រុងចិនសព្វព្រះរាជហឬទ័យ ហើយថ្វាយព្រះអង្គជាសិស្ស ។ ទ្រង់បានកសាងវត្តមួយប្រគេន
 សម្រាប់ឲគង់នៅដោយក្តីក្សេមក្សាន្ត ។​ លទ្ធិពុទ្ធសាសនា មហាយានក្នុងសកលលោក បានស្គាល់
ព្រះនាម សង្ឃបាល នេះច្បាស់លាស់ណាស់  ។  គេថែមទាំងបានចារឹកព្រះនាមនេះ  ទុកនៅក្នុងគម្ពីរ
ព្រះត្រៃបិដកចិនទៀតផង  ។ កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា អណ្តែតត្រសែតខ្ពង់ខ្ពស់ត្រឡុងត្រឡាយដោយ
សាព្រះមហាថេរអង្គនេះ ហូតដល់សព្វថ្ងៃ ។

. សម័យចេនឡា

ក្នុងសម័យនេះ ការសិក្សាក៏លូតលាស់ចម្រើនណាស់ដែរ អ្នកសិក្សាអក្សរសាស្រ្តសំស្រ្កឹត បាន
ទទួលការសិក្សាខ្ពង់ខ្ពស់ហើយដែរ  ។  ក្នុងរាជសំណាក់មានត្រកូលមន្រ្តីជាន់ខ្ពស់ មួយមានការចេះដឹង

ដ៏ពិសេស បានជាប្រធានមន្រ្តីច្រើនរាជ្យ​ តាំងពីរជ្ជកាលព្រះបាទរុទ្រវរ្ម័ន​​គ ស ៥១៤ រហូតមកដល់រាជ្យ
ព្រះបាទជ័យវរ្ម័នទី១ គ ស ៦៨១    ។   ក្នុងត្រកូលនេះមានមន្រ្តីម្នាក់ឈ្មោះសឹង្ហវីរៈជាចិន្តកវីឯកក្នុងរាជ្យ
ព្រះបាទឦសានវរ្ម័នគ ស ៦២៩  ។  កាព្យលោកជា កាព្យជើងឯក  ។  លោកមានបុត្រាមួយ ឈ្មោះសិង្ហ
ទត្ត ធ្វើជាគ្រូពេទ្យ ហើយជាអ្នកប្រាជ្ញនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី១   ។   ព្រះរាជអង្គនេះតែងតាំង
លោកជានាយកក្រុងអាឍ្យបុរៈ   ។   លោកសិង្ហទត្តនេះហើយ  ដែលតែងសិលាចារឹកអង្គជំនីកសសើរ
បិតាលោក ( ជាកវីជើងឯកចេះតែងកាព្យដ៏ប្រសើរ ដែលគេផឹកមិនចេះឆ្អែត )  ។


. សម័យមហានគរ

មកដល់ពេលនេះ ការសិក្សាឡើងដល់ថ្នាក់ខ្ពស់បំផុត ។  មានអ្នកប្រាជ្ញច្រើននាក់ ទាំងអ្នកប្រាជ្ញ
ផ្នែកព្រះពុទ្ធសាសនា ទាំងផ្នែកសាសនាព្រាហ្មណ៍ ខ្លះជាបុរោហិត ខ្លះជាព្រះរាជគ្រូ ( រាជគុរុ ) ។  ក្នុងរាជសំណាក់ មានមហាវិទ្យាល័យជាន់ខ្ពស់ សម្រាប់ព្រះរាជត្រកូល  ។   នៅ វត្តជ័យស្រី  ( ព្រះខាន់ )
ព្រះនាងឥន្រ្ទទេវី ជាព្រះអគ្គជាយានៃព្រះបាទជ័យវរ្ម័នទី​៧ ទ្រង់ជា សកលវិទ្យាធិការ  ។   នៅក្នុងវត្តរាជ
វិហារ ( តាព្រហ្ម ) ព្រះមហាថេរ ថ្នាក់បណ្ឌិតមាន១៨អង្គជាសាស្រ្តាចារ្យមាន ២ ៧៤០អង្គ ។ ទាំងអស់នេះជាសសរស្តម្ភ  ទ្រទ្រង់ការសិក្សានាសម័យនោះ  ។   ស្នាដៃអ្នកប្រាជ្ញទាំងនេះ  មានតម្លៃ រក
កាត់ថ្លៃមិន រកគូប្រៀបបានដោយកម្រ សូម្បីតែកវីព្រាហ្មណ៍ ដែលនៅក្នុងប្រទេសទន្លេគង្គា ( ឥណ្ឌា ) ក៏មិនអាចយកឈ្នះបានឡើយ  ។   អ្នកសិក្សាទាំងប៉ុន្មាន កាលបើបានឃើញស្នាដៃកវីបុរាណពិសេស
ស្នាដៃកវី សិវសោម ទិវាករ ព្រះនាងឥន្រ្ទទេវី  គតិបណ្ឌិត ស្វរ្យកុមារ   ។ ល។   ហាក់ដូចបានក្រេបទឹក
អម្រឹតដែលគេផឹកមិនចេះឆ្អែត  ។                
  សេចក្តីដូចបានពោលដោយសង្ខេបមកនេះ  ​សរបញ្ជាក់ថាប្រទេសកម្ពុជាយើង មានការ
សិក្សាតាំងពីសម័យបុរមបុរាណ   ហើយមានការសិក្សាតាំងពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់​ទៀត
ផង  ។   ឯការចាត់ថ្នាក់សិក្សាវិញសោត ទោះបីយើងមិនបានដឹងជាលំអិត  ក៏យើងអាចយល់បានថា មិនមានអ្វីប្លែកពីសម័យក្រោយ  គឺក្នុងគ្រឹស្តសតវត្យទី១៩ ប៉ុន្មានឡើយ  ។   ការសិក្សាយើងសម័យ
បច្ចុប្បន្ននេះ  មានការចាត់ថ្នាក់ប្រកបដោយរបៀបរៀបរយល្អទៅតាមកាលៈទេសៈ  ។   តែភូមិសិក្សា
នៅទន់ខ្សោយនៅឡើយ មិនទាន់បានទទួលលទ្ធផលគួរពេពា្ញចិត្តបានន័យថា  យើងដើរមិនទាន់ដល់
បុព្វបុរសយើងនៅឡើយទេ ។

. សម័យក្រោយមហានគរ

ការសិក្សាយើងក្នុងគ្រឹស្តសតវត្យទី ១៦ ទី ១៧   ធ្លាក់ចុះទន់ខ្សោយណាស់  ស្ទើរតែរលត់ទៅ
ហើយ  ។  តែទោះបីយ៉ាងណា ក៏ការសិក្សានេះគ្រាន់តែរៀវស្តួចតូច តែមិនដល់ថ្នាក់ដាច់នោះឡើយ ហើយចេះតែបន្តបានរៀនរហូតដល់សម័យយើងនេះ  ។  លទ្ធិសាសនាព្រាហ្មណ៍រលត់បាត់ទៅហើយ
តែប្រពៃណីសិក្សា  តាមបែបព្រាហ្មណ៍នោះ  បានជាស្ថិតស្ថេររហូតមកដល់បច្ចុប្បន្ននេះ   ។   សព្វថ្ងៃ
យើងកាន់ពុទ្ធសាសនា  ការសិក្សាតែងតែផ្អែកលើពុទ្ធសាសនា  តែប្រពៃណីការសិក្សា  នៅយកតាម
លទ្ធិសាសនាព្រាហ្មណ៍នៅឡើយ គឺយើងឱ្យកូនចៅទៅនៅវត្តព្រះមហាថេរ គឺសម្តេចព្រះសង្ឃរាជ រាជាគណៈ ឋានានុក្រម ចៅអធិការជាសាស្រ្តាចារ្យ   ជាអាចារ្យ ជាគ្រូពោលគឺ វត្តជាសាលារៀន វត្តជា
សាកលវិទ្យាល័យ  ។   វិទ្យាគ្រប់បែបយ៉ាងស្ថិតនៅក្នុងវត្ដ  ។   វត្ដជាជង្រុក ឬ  ឃ្លាំងសារពើវិជ្ជា  គឺ
អក្សរសាស្រ្ដ គណិតសាស្រ្ដ ហោរាសាស្រ្ត   ពេទ្យសាស្រ្ដ យុទ្ធសាស្រ្ដ វិស្សកម្មសាស្រ្ត ។ ល ។  កុលបុត្រ កុលធីតា សុទ្ធតែជាសិស្សវត្ត   ។    ចេញពីវត្តទៅ  អាចជាព្រះមហាក្សត្រ សេនាបតី នាម៉ឺន  មន្រ្តីកាន់
ក្រសួងត្បូងការនៅក្នុងប្រទេស  ។ ពាក្យ ( ក្រសួង ) ខ្មែរបុរាណហៅថា ( ទ្រូង ) ។នេះហើយជាប្រពៃណី
ការសិក្សារបស់យើងពីបុរាណ បានជាគេហៅវត្ដថា ( ក្ដី កុដ្តិ ) បានន័យថា  អ្នកដែលចេញពីវត្តសុទ្ធតែ
ជាអ្នក ( ដឹងក្តី ) ។ នៅក្នុងសតវត្យទី ១៦ ទី១៧ ទី១៨ តាមដែលបានដឹងមកថា  ការសិក្សារបស់យើងចុះ
រៀររោយពន់ពេកណាស់ ។  ក្នុងសម័យនោះ មិនមែនតែការសិក្សាទេ អ្វីៗក៏ធ្លាក់ស្រឹមចុះទាំងអស់ នៅ
ក្នុងប្រវត្តិសាស្រ្តរបស់យើង ។  គេថាបើលោករលាយហើយ ធម៌ក៏ត្រូវនឹងរលាយដែរ បើលោកចម្រើន ធម៌ក៏ត្រូវចម្រើនតាមនោះដែរ ។ តែលោកក៏ត្រូវពឹងធម៌ បើលោកដើរម្នាក់ឯងឥតមានធម៌នោះ មុខជាផ្ទុះចេញជាភ្លើង ។

.. ក្នុងសតវត្យទី១៩

មកដល់សម័យនេះ  ការសិក្សាចាប់ផ្ដើមចម្រើនឡើងវិញ  ។   សាស្រ្តាច្បាប់   សាស្រ្តាល្បែង
សាស្រ្តាទេសន៍  កើតឡើងច្រើន  ។  ការសិក្សាវិជ្ជាជាន់ខ្ពស់  ក៏កើតមានឡើងវិញ  ។  មានចាត់ចែងឱ្យ
សិក្សាភាសាបាលីនៅក្នុងក្រុង ក្នុងវត្តធំៗ  ។  អ្នកប្រាជ្ញក៏កើតមានច្រើនដែរ  ។   ក្នុងព្រះរាជសំណាក់ក៏
មានក្នុងរាជ្យ ព្រះបាទហរិរក្សរាមា  ( ព្រះអង្គឌួ )  ព្រះអង្គជាមហាស្តម្ភ  ដ៏ប្រសើរ ក្នុងការសិក្សា  ។
ទ្រង់ជាអ្នកប្រាជ្ញ  ទ្រង់ជាកវី  ទ្រង់ជាបណ្ឌិត ទ្រង់ជាអ្នកនិពន្ធដ៏វិសេស   ហើយទ្រង់ជាសាស្រ្តាចារ្យឯក ទៀតផង  ។    ក្នុងសម័យនោះ ព្រះបរមរាជវាំងឧដុង្គជាសកលវិទ្យាល័យ  ដែលមានព្រះអង្គទ្រង់ជា
សកលវិទ្យាធិការ ។ ទ្រង់បង្រៀនវិជ្ជាអក្សរសាស្រ្តខ្មែរ វិជ្ជាកាព្យ វិជ្ជានិពន្វ ទ្រង់បង្រៀនបាលី បង្រៀនធម៌ ទស្សនវិជ្ជាពុទ្ធសាសនា និងវិជ្ជាផ្សេងៗទៀតផ្ទាល់ព្រះអង្គ       ក្រៅពីរាជភារកិច្ចគ្រប់គ្រង
ដឹកនាំប្រទេសដ៏ធ្ងន់ធ្ងរ ទ្រង់បានឆ្លៀតចំណាយព្រះបរមរាជវរោកាស ដ៏មានតម្លៃរបស់ព្រះអង្គ ទៅក្នុង
ការសិក្សា ទ្រង់បង្រៀនព្រះបរិយត្ថិធម៌ ដល់ភិក្ខុសាមណេរទៀតផង  ។  ព្រះរាជសំណាក់ឃ្លាំងដែលនៅ
ចំពីមុខព្រះទីនាំងទេវាវិនិច្ឆ័យឧដុង្គ ជាមន្ទីរសិក្សា  ។   ព្រះរាជបរិពារ ក៏បានទទួលការសិក្សា  ។   ក្រៅពី
ភារកិច្ចរបស់ខ្លួន  ម្នាក់ៗ សិក្សាបរិយត្ថិធម៌ រៀនបែបបទផ្សេងៗ   តាមបំណងរៀងៗខ្លួន  ដូចជាភិក្ខុ
សាមណេរ នៅតាមវត្តអារាមដែរ  ។   ចាស់ទុំបានដំណាលថា  ក្នុងរដូវកាន់បិណ្ឌ ១៥ថ្ងៃ ទូទាំង
ព្រះរាជាណាចក្រ ក្នុងព្រះរាជសំណាក់  ក៏មានធ្វើរាជពិធីនេះដែរ  គឺមានការធ្វើវត្តព្រឹកវត្តល្ងាច ទៀប
ភ្លឺ  ។  ពេលព្រឹក ព្រះរាជបរិពារធ្វើវត្តព្រឹក ហើយសូត្របទបរាភវសូត្រ ដូចនៅក្នុងវត្តអារាមដែរ ។ គេសូត្របទនេះពីរោះណាស់  សម្លេងឭគ្រលួចទៅលើអាកាស  ឭរហូតចេញទៅក្រៅព្រះបរមរាជវាំង
ទៀតផង ។  កាលនោះ មានអ្នកស្រែម្នាក់  ក្រោកពីព្រលឹមចេញទៅភ្ជួរស្រែ  លុះលីនឹមដើរដល់មុខព្រះ
បរមរាជវាំង ឭបទពីរោះពេកភាំងស្មារតី  គាំងដើរទៅមុខពុំរួច  ចេះតែលីនឹមត្រលប់ចុះ  ត្រឡប់ឡើង
ទាល់តែចប់បទបរា ទើបដឹងខ្លួនដើរទៅស្រែរួច ។  បទនេះ គួរពិរោះពិត  ព្រោះសុទ្ធតែសម្លេង ស្រីស្នំ
 ក្រមការ ដែលបាននសិក្សាពីព្រះឱស្ធផ្ទាល់ នៃព្រះករុណាជាម្នាស់ជីវិត ត្រឹមត្រូវទៅតាមខ្នាតបន្ទាត់
 មិនមែនចេះតែស្រែកឱ្យឭង៉ែង៉ែៗ នោះឡើយ ។
ការសិក្សាវិជ្ជាភាសាខ្មែរ នៅក្រោមព្រះរាជូបត្ថមនេះ ហ្មត់ចត់ណាស់ ។ ពាក្យមួយម៉ាត់ៗដែល
អានចេញមក  សុទ្ធតែត្រឹមត្រូវជាភាសាខ្មែរ ដែលហៅថាបោរីវាចា ( ភាសាអ្នកក្រុង ) ដូចជាពាក្យថា
 ( ពស់ ) ត្រូវអានតួ ( ) ជាទន្តជៈ ( dental ) ប្រកបឱ្យឭខ្យល់ ( ) ចេញមកតាមជើងធ្មេញ ។ ពាក្យថា
 ( ពោះ ) ត្រូវអានកំបុត ព្រោះវិសគ៌ៈ ឬ វិសជៈនីយ គ្រាន់តែរះមុខដូច្នេះជាដើម  ។ ព្រះករុណាជាម្នាស់
ជីវិត ទ្រង់ជាកវីឯក ។ ទ្រង់បង្រៀនពាក្យកាព្យបង្រៀន ឱ្យចេះតែងសេចក្តី  ជាកាព្យត្រឹមត្រូវឥតខ្ចោះ
តាមលក្ខណៈបទ និងតាមជើងកាព្យដែលមានចែងក្នុងកាព្យវិជ្ជា ដូចជាសាស្រ្តាកាកី ដែលជាព្រះរាជ
និពន្ធស្រាប់ ។ សិស្សកវី ក្នុងព្រះរាជសំណាក់ សុទ្ធតែបានប្រឡងដោយព្រះអង្គផ្ទាល់ស្តេចចេញប្រថាប់
ជាប្រធាន ក្នុងការប្រឡង ។ចាស់ទុំបានដំណាលថា ដងមួយនោះ ពេលប្រឡងសិស្សកវី ព្រះករុណាជា
ម្នាស់ជីវិត ស្តេចចេញមក   ប្រថាប់ជាប្រធាននៅក្នុងព្រះរាជដំណាក់ឃ្លាំង សិស្សកវីចូលមកប្រឡងពីរ
នាក់ម្តងៗ ចំពោះព្រះភក្រ្ត ។ ការប្រឡងនេះ ពុំមានការសសេរទេ គឺសិស្សកវីត្រូវសូត្រកាព្យផ្ទាល់មាត់
តែម្តង ។ សិស្សកវីម្នាក់អង្គុយក្នុងបន្ទប់ សិស្សកវីម្នាក់ទៀតអង្គុយនៅក្រៅបន្ទប់ ។ ទ្រង់ត្រាស់បង្គាប់
ឱ្យកវីក្នុងបន្ទប់ចេញ ( អើយ ) មុនកវីទីមួយបញ្ចេញថ្វីមាត់ចប់ កវីក្រៅបន្ទប់ចេញ ( អើយ ) តបវិញ
ភ្លាម មិនឱ្យបាត់ផ្សែងសំដីមិត្តខ្លួនទាន់ទេ ។  កវីទាំ ងពីលេងសម្តីផ្តោះផ្តង ឆ្លងឆ្លើយគ្នា ហូរចេញជា
ពាក្យកាព្យ ចាប់ចុងជួនរណ្តំគ្នា យ៉ាងពិរោះណែងណង គ្មានឱ្យអាក់បន្តិចណាឡើយ  ។  ព្រះករុណា
ដែលទ្រង់ជាមេប្រយោគ បានផ្ទៀងព្រះកាណ៌ចាំស្តាប់ ។ កាលបើឃើញថាត្រឹមត្រូវហើយ ទ្រង់សព្វ
ព្រះរាជហឬទ័យណាស់ ទ្រង់ព្រះសម្រួល ហើយប្រទានរង្វាន់តាមការគួរ ទើបតែងតាំងជាកវីពេញ
លក្ខណៈ ។ សេចក្តីនេះបញ្ចាក់ថា ការសិក្សាសម័យនេះចាប់ផ្តើមចម្រើនហើយ ។ ក្នុងព្រះរាជសំណាក់
មានការសិក្សាជាពិសេស ។ នៅតាមវត្តអារាមទូទៅ  ក្នុងព្រះរាជាណាចក្រច  ក៏មានការសិក្សាដែរ ។ តើគេសិក្សាតាមរបៀបយ៉ាងណា ? ការសិក្សាប្រព្រឹត្តទៅតាមប្រពៃណីដើមដដែល  ។ មានតែកុមារា
ទេដែលបានទទួលការសិក្សា ។  ឯកុមារីវិញ ទោះបីពុំមានការហាមឃាត់ជាផ្លូវការ  តែមានទំនៀម
ទម្លាប់ចង់ ទូទាំងប្រទេសថា  មិនគួរនិងឱ្យស្រ្តីសិក្សាទេ  រៀវលែងតែនៅក្នុងព្រះរាជសំណាក់  ។  ការ
សិក្សាសម័យនោះ សំដៅទៅលើការរៀនអក្សរ រៀនអាន សូត្រកំណាព្យ ស្មូត្រ លេខនព្វន្ត ធម៌អាថ៌
 និងរៀនវិជ្ជាជីវៈ ។  ក្នុងការរៀនវិជ្ជាជីវៈ ខាងប្រុសៗ រៀនអារ  ចាំង ឈូស ដាប់ឈើ ធ្វើផ្ទះ តុទូ ទូក ក្តារ ឥដ្ឋ ក្បឿង ត្បាញកញ្ជើ ល្អី កញ្រ្ចែង ។ ល ។ ឯស្រីៗវិញ រៀនរវៃសូត្រ អំបោះ ត្បាញធ្វើគោម ចង្កៀង ទៀន ធូប ។ ល ។ នៅពេលរៀនចេះចប់ម្តងៗ គេធ្វើពិធីប្រឡងសាកចំណេះដឹងសិស្ស ។ ពិធី
ប្រឡងដែលមានភាព ឧឡារិកអធិកអធមជាងគេ ច្រើនធ្វើនៅឱកាសមហាកឋិន ។ បន្ទាប់ពីប្រឡង
ខាងអក្សរលេខ និងធម៌អាថ៌រួចស្រីៗ ត្រូវទៅបញ្ចេញស្នាដៃខាងវិជ្ជាជីវៈទៀត ។ គេដាក់ឱ្យ សិស្សស្រី
ទាំងនោះ រវៃអំបោះ ត្បាញសំពត់ ដេរជាស្បង់ ជ្រលក់ពណ៌ឱ្យហើយជាស្រេចក្នុងមួយថ្ងៃមួយយប់ ដើម្បីយក ទៅដាក់វេប្រគេនព្រះសង្ឃនៅឱកាសមហាកឋិន ។ នៅពេលប្រឡងនេះ ឧបាសក ឧបាសិកា
 ពីទីជិតឆ្ងាយ ចាស់ ក្មេង ក្រមុំកំលោះ បានមកមូលមីរ ចោមរោមជុំជិត មើលសិស្សប្រឡងយ៉ាង

សប្បាយរីករាយអធិកអធម ។

0 comments:

Post a Comment