Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទ សិក្សាស្នាដៃអក្សរសិល្ប៍រឿងភូរិទត្តជាតក (ត)(សិក្សាវិភាគអត្ថន័យរបស់រឿង)


- សិក្សាវិភាគអត្ថន័យរបស់រឿង
            . សិក្សាប្រធានរឿង
            ភូរិទត្តជាតក ជាប្រភេទអក្សរសិល្ប៍បុរាណ ស្ថិតក្នុងចលនាពុទ្ធនិយម ។ តាមរយៈការ សិក្សារឿងនេះ បានបង្ហាញប្រាប់អ្នកសិក្សាឲ្យស្វែងយល់អំពីការបំពេញបារមីរបស់ព្រះពោធិសត្វ ពោល សីលបារមីនូវព្រះជាតិទីប្រាំមួយនេះ ក្នុងចំណោមទាំង១០ ព្រះជាតិរបស់ព្រះពោធិសត្វ មុនត្រាស់ដឹង ។ ក្នុងចំណោមទសជាតកទាំងនោះរួមមាន[1]
            . រឿងតេមិយ                         ដែលពោធិសត្វបំពេញនេក្ខកម្មបារមី
. រឿងមហាជនក       ដែលពោធិសត្វបំពេញវិរិយបារមី (ការព្យាយាម)
. រឿងសុវណ្ណសាម   ដែលពោធិសត្វបំពេញមេត្តាបារមី
. រឿងនេមិរាជ            ដែលពោធិសត្វបំពេញអធិដ្ឋានបារមី
. រឿងមហោសថ       ដែលពោធិសត្វបំពេញបញ្ញាបារមី
. រឿងភូរិទត្ត              ដែលពោធិសត្វបំពេញសីលបារមី
. រឿងចន្ទកុមារ         ដែលពោធិសត្វបំពេញខន្តីបារមី
. រឿងនារទ                ដែលពោធិសត្វបំពេញឧបេក្ខាបារមី
. រឿងវិធុរ                  ដែលពោធិសត្វបំពេញសច្ចបារមី
១០. រឿងវេស្សន្តរ        ដែលពោធិសត្វបំពេញទានបារមី
តា​មដំណើររឿងនេះ លោកបង្ហាញឲ្យយើងដឹងអំពីព្រះរាជសកម្មភាពរបស់ព្រះពោធិសត្វ ភូរិទត្តបំពេញនូវសីលបារមី ។ ព្រះអង្គហ៊ានលះបង់កម្លាំងកាយ​ ហ៊ានប្តូរជីវិតដើម្បីប្តូរយក សីលបារមីនេះ ។ តើអ្វីទៅហៅថាសីល? ផ្អែកតាមសៀវភៅវចនានុក្រមសម្តេចសង្ឃរាជជួន ណាត លោកថាៈ
សីល[2] (សិល). (បា, សំ, គីស) ៖ វិរតិចេតនាដែលវៀរចាកអំពើអាក្រក់ ការកាន់ ឬ ប្រព្រឹត្ត ល្អដោយកាយ វាចារ ការមិនប្រព្រឹត្តគន្លងសិក្ខាបទ ឬវិនយប្បញ្ញតិ្ត (.ពុ-) ការកាន់ចរិយា ល្អ សេចក្តីល្អ គតិ លក្ខណៈ និស្ស័យ អធ្យាស្រ័យ សភាពប្រព្រឹត្ត ទម្លាប់ សណ្តាប់ធ្នាប់ ធម្មជាតិ ធម្មតា ។ល។
ដោយមើលឃើញអំពីគុណតម្លៃរបស់សីលបែបនេះហើយ ទើបព្រះអង្គសុខចិត្តប្តូរអាយុ ជីវិតរបស់ព្រះអង្គ ដើម្បីធ្វើការបំពេញនូវសីលបារមី ។ ម្យ៉ាងវិញទៀត ធម៌នេះជាធម៌បណ្តុះមនុស្ស ឲ្យមានស្មារតី ប្រកបដោយគុណធម៌ សច្ចធម៌ ផ្តល់នូវសន្តិភាពសម្រាប់សង្គមជាតិ ។
សរុបសេចក្តីមក តាមការចង្អុលបង្ហាញខ្លីៗ ខាងលើនេះ យើងអាចកំណត់ប្រធានរឿង ភូរិទត្តជាតកនេះគឺ លោកចង់ឆ្លុះបញ្ចាំងឲ្យយើងបានយល់អំពីគុណតម្លៃរបស់សីលបារមី ប្រៀប បានជាមេសន្តិភាពសម្រាប់មនុស្សជាតិទូទៅ ។

. មូលបញ្ហារឿង
ជុំវិញប្រធានរឿងនេះ យើងអាចកំណត់បញ្ហាជាច្រើន ដែលស្ថិតនៅជុំវិញការកសាងនូវ សីលបារមីរបស់ព្រះពោធិសត្វ បញ្ហាទាំងនោះរួមមាន ៖
- ការបំពេញនូវទានបារមីរបស់ព្រះពោធិសត្វ
- បញ្ហាទ្រឹស្តីកម្មផល(អំពើបាបកម្មរបស់នាយព្រហ្មណ៍នេសាទ)
- អណ្តាតជាអាថកន្លងបានសុខទុក្ខផងពីព្រោះអណ្តាត
- ការបំពេញបារមីរបស់ព្រះពោធិសត្វ

វិភាគបញ្ហា
- បញ្ហាទី១ ៖ ការបំពេញនូវទានបារមីរបស់ព្រះពោធិសត្វ
តាមរយៈការសិក្សាវិភាគស្នាដៃរឿងនេះមក យើងដឹងថា​បញ្ហាដែលកើតមានដំបូងឡើង នោះបណ្តាល អំពីការបំពេញបារមីសីលនេះឯង ដែលព្រះពោធិសត្វទ្រង់បានបំពេញ និង អនុវត្តន៍ យ៉ាងខ្ជាប់ខ្ជួនបំផុត។ យើងដឹងស្រាប់មកហើយថាភូរិទត្តជាបុគ្គលមួយរូបមាន សមត្ថ ភាពខាងប្រាជ្ញា អាថ៌កំបាំង រហូតទៅដល់ឋានព្រះឥន្រ្ទ ដោះ ប្រស្នានានាផងទៀត ។ ដោយព្រះអង្គឈ្វេងយល់ឃើញអំពីសីលបារមីនេះមានសារៈសំខាន់ ទើបធ្វើឲ្យព្រះអង្គលាព្រះ មាតាបិតាឋានភុជង្គនាគមកធ្វើសីលនៅឋានមនុស្សលោក ។ [3]តមកព្រះ អង្គលាព្រះមាតាបិតា ចេញទៅរក្សាឧបោសថសីលនៅឋានមនុស្សលោក នៅនាដំបូកក្រោមដើមជ្រៃជិតស្ទឹងយមុនា ព្រះអង្គតាំងអធិដ្ឋានបារមី ផ្តោតព្រះទ័យចំពោះឧបោសថសីល
សរុបខ្លី បញ្ហាការបំពេញបារមីនេះ វាជាប្រភពដំបូងដែលធ្វើឲ្យរឿងបង្កជាបញ្ហាចំពោះ តួអង្គព្រះពោធិសត្វ ក្នុងការរក្សានូវឧបោសថសីល សម្រាប់ការស្វែងរកសេចក្តីសុខផ្ទាល់ខ្លួន និងមនុស្សជាតិ ។
ដូចនេះ សេចក្តីសុខកើតមានចំពោះបុគ្គលបាន លុះត្រាបុគ្គលនោះប្រព្រឹត្តផងដែរ គ្មាន សេចក្តីស្ងប់នោះ ។
- បញ្ហាទី២ ៖ បញ្ហាទ្រឹស្តីកម្មផល(អំពើបាបកម្មរបស់នាយព្រហ្មណ៍នេសាទ)
មុនឆ្លងចូលដល់ការបកស្រាយបញ្ហានេះ យើងគម្បីស្វែងយល់ន័យរបស់គុណធម៌ និងការ គប់មិត្តសិន ។
គុណធម៌ តាមវចនានុក្រមជួន ណាត លោកឲ្យន័យថា[4] ៖ ធម៌ដែលមានដំណើរចម្រើន សេចក្តីសុខទុក្ខទៅតាមជាន់ថ្នាក់ បានខាងអំពើល្អអាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ សេចក្តី ល្អ សេចក្តីបរិសុទ្ធ សេចក្តីអាណិត ប្រណី ....
ការគប់មិត្តៈ ដំណើររាប់រកគ្នា ចងសម្ពន្ធជាមួយគ្នា ។
យើងដឹងស្រាប់មកហើយ មនុស្សនៅក្នុងសង្គម មិនមានបុគ្គលណាមួយអាចរស់ឯកឯង នោះទេ ។ ម៉្លោះហើយគេត្រូវតែមានទំនាក់ទំនងជាមួយគ្នា ក្នុងជីវភាពរស់នៅនេះជាចាំបាច់ ហៅថា ការសេពគប់មិត្ត ។ ប៉ុន្តែក្នុងទំនាក់ទំនងនេះ គេត្រូវពិនិត្យលើចិត្តសាស្រ្តរបស់បុគ្គលនោះ ដែរ មុនឈានចូលដល់ការរាប់អាននោះ ។ តាមរយៈសៀវភៅស្រីហិតោបទេស[5] ដែលជាស្នាដៃ រៀបរៀងរបស់អាចារ្យវិរិយបណ្ឌិតោ ប៉ាង ខាត់ នៅត្រង់អារម្ភកថាលោកក៏បានបញ្ជ្រាបអំពីគម្ពីរ បញ្ចសស្រ្តៈ ក្នុងនោះដែរលោកក៏បានបង្ហាញអំពីការគប់មិត្តដែរ ។ ចំណែកសៀវភៅគតិលោក របស់អ្នកនិពន្ធសុត្តន្តប្រីជាឥន្ទ លោកបានពង្រីកគំនិតលោកិយ៍ សច្ចៈមនុស្សនិយម (អក្សរសិល្ប៍ ទំនើប) បង្ហាញប្រាប់ត្រង់អំពីការគប់មិត្តនេះដែរ[6]។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សារឿងភូរិទត្ត​ជាតកនេះ លោកបង្ហាញឲ្យយើងដឹងអំពីឫសគល់នៃការចងសម្ពន្ធ មិត្តនេះដែរដូចមានឃ្លាលើក ឡើងៈ
.....[7]ព្រះពោធិសត្វ កាលបានជ្រាបថា​ ព្រានឃើញព្រះអង្គហើយក៏នឹកថា សេចក្តីអន្តរាយ នឹងមាន បើដូច្នេះគួរតែអាត្មាអញនាំព្រាននេះទៅបំប៉នដោយគ្រឿងសក្ការៈ និងសេចក្តីរាប់អាន ឯឋានភុជង្គនាគ .... សោមទត្តកូនអើយយើងនឹងបានកែវមណីវិញហើយ កូនសួរថា​ ធ្វើម្តេចនឹង បាន? យើងត្រូវបង្ហាញផ្លូវភូរិទត្តដល់អាលម្ពាយន៍នេះណា ... ទេឪ! ពុំត្រូវទេ ខុសមនុស្សធម៌ឆ្ងាយ ណាស់​ ។ ... កូនតបថាៈ គិតតែខាងបានប៉ុណ្ណោះ មិនល្អទេឪ! ព្រោះថាភូរិទត្តបានធ្វើសក្ការៈបូជា ដល់ឪ ឲ្យទីនៅសំណាក់អាស្រ័យយ៉ានេះ ឈ្មោះថាកល្យាណមិត្តប្រពៃ ... ។ បើយើងពិនិត្យតាម សង្គមជាក់ស្តែងវិញ​គេតែងតែព្ញសូរតាមបណ្តាញព័ត៌មាននានា អំពីការចាញ់បោកមិត្តភ័ក្តិជាដើម មិនខុសប្លែកអំពីអក្សរសិល្ប៍ប៉ុន្មានឡើយ ព្រោះថាអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពនៃ សង្គម អក្សរសិល្ប៍បែបណា សង្គមយ៉ាងនោះដែរ ។
ដូចនេះយើងឃើញថា​ បញ្ហាអក្សរិល្ប៍ជាបញ្ហារបស់មនុស្សក្នុងសង្គម ។ ផ្អែកតាមការ រៀបរាប់ត្រួសៗ មកនេះ សបញ្ជាក់ឲ្យឃើញថា​ការសេពគប់មិត្ត វាតែងផ្សារភ្ជាប់អំពីគុណធម៌ តើ យើងត្រូវប្រតិបតិ្តយ៉ាងណា​ ដើម្បីឲ្យមានភាពរលូន ?


- បញ្ហាទី៣ ៖ អណ្តាតជាអាថកន្លងបានសុខទុក្ខផងពីព្រោះអណ្តាត
តាមរយៈរឿងភូរិទត្តជាតកនេះ លោកបានបង្ហាញអំពីហឹង្សា ក្នុងគ្រួសាររបស់នាយ ព្រាហ្មណ៍នេសាទ និងប្រពន្ធ ។ ក្រោយពេលដែលនាយព្រាហ្មណ៍នេសាទ វិលត្រឡប់ពីឋាន ភុជង្គនាគកុហកព្រះពោធិសត្វថា មកបួសនៅឯឋានមនុស្សលោកនោះ ពេលធ្វើដំណើរទៅដល់ ផ្ទះវិញនោះ នាយព្រាហ្មណ៍នេសាទបានចូលទៅរកកន្លែងសម្រាក ព្រោះអស់កម្លាំងពេក ។ ប្រពន្ធ ត្រេកអរខ្លាំងណាស់ បានសួរកូនចំពោះការបាត់ខ្លួនមួយរយៈនោះ កូនសោមទត្តកុមារជាមនុស្ស ល្អ មិនកុហកបានរៀបរាប់ប្រាប់អ្នកម្តាយទៅតាមដំណើររឿងទាំងអស់ នៅពេលបានសេចក្តីជ្រាប ហើយ នាងប្រពន្ធទៅយកដំបងវាយសំពងប្តីកំពុងសម្រាន្តនោះ ។ នាយព្រាហ្មណ៍នេសាទរត់ ចោលភូមិស្រុកពីរនាក់ឪពុកកូន ។ ... កូនអើយ អ្នកនាំគ្នាទៅណាបាត់យូរម៉្លេះ ? ប្រាប់ថាៈ ទៅ ឋានភុជង្គនាគ។ សួរថាៈ បានមាសពេជ្រកែវមណីមកទេ ? ប្រាប់ថាៈ ឪពុកពុំព្រមយកមកទេ ព្រោះគាត់ថានឹងបួស បានខ្លះមកបាត់អស់ទៅ ។ ភរិយាព្ញតែប៉ុណ្ណោះស្ទុះទៅសំពងប្តី ....[8]
ដូចនេះយើងឃើញថា មនុស្សយើងមុននឹងនិយាយត្រូវចេះ គិតពិចារណាឲ្យបានត្រឹមត្រូវ សិនសមតាមសុភាសិតបុរាណ បានពោលថាអណ្តាតជាអាថកន្លងបានសុខទុក្ខ ផងពីព្រោះ អណ្តាត។
- បញ្ហាទី៤ ៖ ការបំពេញបារមីរបស់ព្រះពោធិសត្វ
គ្រប់អក្សរសិល្ប៍បុរាណផ្នែកពុទ្ធនិយម ទោះបីអ្នកនិពន្ធនិមិ្មតបង្កើតស្នាដៃរបស់ខ្លួន លើក និយាយអំពីរឿងរ៉ាវទាក់ទងជាមួយសាសនាក៏ដោយ ប៉ុន្តែរឿងនោះបានស្តែងចេញអំពីជីវភាពរស់ នៅរបស់មនុស្សនៅក្នុងសង្គម ។ យើងដឹងស្រាប់មកហើយថា កអក្សរសិល្ប៍បុរាណ អ្នកនិពន្ធ បញ្ជ្របពីអច្ឆរិយៈហួសហេតុពីការពិតមែន តែក្នុងគោលបំណងឲ្យកអ្នកអាន សប្បាយរីករាយ ប៉ុណ្ណោះ ។ អំពីអច្ឆរិយៈនេះ ក៏អ្នកនិពន្ធមិនភ្លេចអំពីលោកិយសច្ចៈនៅក្នុងអក្សរសិល្ប៍ដែរ​។ តាម រយៈអក្សរសិល្ប៍កបុរាណ ភូរិទត្តជាតកនេះ លោកបានបញ្ចូលចង្អុលប្រាប់អំពីលោកិយសច្ចៈ ត្រង់ៗ ដល់អ្នកសិក្សាសម្រាប់ការត្រិះរិះពិចារណា ។ តាមឯកសារបង្រៀនគរុកោសល្យ យើង ឃើញគំនិតរបស់អ្នកប្រាជ្ញម៉ាស្លូ លោកបានឲ្យតម្លៃសំខាន់ទៅលើមនុស្សនិយម ហៅថាតម្រូវការ សរីរៈ ឬតម្រូវការមូលដ្ឋាន ក្នុងនៅលោកក៏បាននិយាយអំពីភាពចាំបាច់របស់មនុស្សមុនគេគឺ ការ ហូប​ចុក ស្នាក់នៅ សំលៀកបំពាក់ ទ្រព្យសម្បត្តិ .... ។ ដោយផ្នែកលើទ្រឹស្តីនេះ យើងអាចទាញ តាមលក្ខណៈលោកិយ៍សច្ចៈ រឿងភូរិទត្តជាតក ដូចមានបង្ហាញតាមរយៈសកម្មភាពរបស់តួអង្គ ខាងក្រៀម ៖
- តួអង្គនាយព្រាហ្មណ៍នេសាទៈ ដោយមានភាពចំណង់ចង់បាន ទ្រព្យសម្បតិ្តរបស់គាត់ នេះហើយ ទើបធ្វើឲ្យនាយព្រាហ្មណ៍នេសាទភ្លេចអស់នូវសីលធម៌ គុណធម៌របស់ខ្លួន ភ្លេចអស់ នូវការជួយសង្គ្រោះពីជនដទៃ សូម្បីតែពោធិសត្វដែលធ្លាប់ជួយសង្រ្គោះ ផ្តល់ការឲ្យស្នាក់នៅ អាស្រ័យទំនុកបំរុងឲ្យមាស ប្រាក់ ទ្រព្យសម្បតិ្ត កែវមណីនោះ ដោយការខ្វះខាតក្រីក្រលើតម្រូវ ការសរីរៈនេះហើយ ទើបមករស់នៅក្នុងព្រៃរសាត់អណ្តែតពីរនាក់ឪពុកកូន ដោយកំសត់វេទនា ព្រោះតែប្រពន្ធដេញវាយមិនឲ្យចូលផ្ទះ ។ តាមរយៈរឿងនេះទៀតសោត លោកឆ្លុះបញ្ចាំងឲ្យយើង ដឹងការបាត់បង់គុណធម៌នេះ  បណ្តាលមកពីកត្តាខាងក្រោមនេះ ៖
. ភាពក្រីក្រ សេចក្តីទុក្ខលំបាកវេទនា
. ភាពអនាថា រស់នៅដោយគ្មានអ្នកទីពឹង
. ភាពអវិជ្ជា តណ្ហា លោភៈ មោហៈ ទោសៈចាក់ស្រេះ
. សេចក្តីបម្រើខាងអំណាច ការពារកិត្តិយស បុណ្យសក្តិ
. ភាពអួតអាង បម្រើមហិចតា មិនចេះចប់មិនចេះហើយ
. បាត់បង់មនសិកា សីលបារមី ជាដើម
- តាមរយៈតួអង្គហ្មពស់ (ព្រាហ្មអាលម្ពាយន៍)
ព្រាហ្មអាលម្ពាយន៍ ក្រោយពេលជួបជាមួយព្រាហ្មណ៍នេសាទ ហើយគេទាំងពីរនេះមាន ទំនាក់ទំនងជាមួយគ្នាអំពីបញ្ហាត្បូងកែវមណីនោះ។នាយព្រាហ្មណ៍នេសាទបានណែនាំ ព្រាហ្មណ៍ ឲ្យទៅជួបព្រះពោធិសត្វ...។ ព្រាហ្មណ៍អាលម្ពាយន៍ ជាមនុស្សលោភលន់ចង់មានបាន ហួសពី តម្រូវការ។ ដោយភាពអវិជ្ជា លោភៈ ទោសៈ មោហៈ ធ្វើឲ្យព្រាហ្មណ៍អាលម្ពាយន៍ ភ្លេច អស់គុណធម៌ សីលធម៌ ពុំស្គាល់គុណទោស បុណ្យបាប គេដើរបៀតបៀនអ្នកដទៃឲ្យរងទុក្ខវេទនា ក្រោមកណ្តាប់ដៃដ៏កខ្វក់ប្រកបដោយបាបមិត្រ ធ្វើឲ្យព្រះពោធិសត្វភូរិទត្ត រងទុក្ខលំបាកហូរ ឈាម ដើរសម្តែងសិល្បៈគ្រប់ទីកន្លែងទាំងអស់ តាមការបញ្ជារបស់ព្រាហ្មណ៍អាលម្ពាយន៍ ។
សរុបន័យមកឃើញថា លោកិយ៍សច្ចៈតាមរយៈរឿងនេះ ពិតជាបានស្តែងអំពីតម្រូវការរស់ នៅរបស់មនុស្សក្នុងសង្គម ជាពិសេសបង្ហាញអំពីចរិតលក្ខណៈចិត្តសាស្រ្តរបស់មនុស្ស ។
ឆ្លងតាមការវិភាគមូលបញ្ហា រឿងភូរិទត្តជាតកនេះ មូលបញ្ហារឿងវិលជុំវិញនូវការបំពេញ សីលបារមី ដែលជាធម៌មួយបម្រើជូនសេចក្តីសុខទាំងផ្លូវកាយ ទាំងផ្លូវចិត្តសម្រាប់មនុស្សជាតិ ទាំងមូល ម៉្លោះហើយមូលបញ្ហាតែងតែចោទក្នុងអក្សរសិល្ប៍បុរាណជាធម្មតា ។
គ. ឧត្តមគតិរឿង
រឿងភូរិទត្តជាតក ជាប្រភេទអក្សរសិល្ប៍បុរាណផ្នែកពុទ្ធនិយម ដែលបង្ហាញអំពីរឿងរ៉ាវ ផ្សេងៗ របស់តួអង្គព្រះពោធិសត្វ ទាក់ទងជុំវិញការបំពេញសីលបារមីរបស់ព្រះអង្គ នៅជាតិទី ប្រាំមួយ ។ ឆ្លងតាមរយៈការសិក្សារឿងនេះមក ក្រុមយើងខ្ញុំអាចទាញជាឧត្តមគតិរឿងនេះ គឺអ្នក និពន្ធលោកចង់អប់រំយើងដូចតទៅ ៖
. អប់រំមនុស្សយើងកុំឲ្យប្រកាន់បក្សពួក រើសអើងប្រកាន់វណ្ណៈ
. អប់រំមនុស្សឲ្យចេះស្រឡាញ់គ្នា ចេះជួយសង្រ្គោះ
. អប់រំមនុស្សឲ្យចេះធ្វើទាន រក្សាសីលបារមី
. អប់រំមនុស្សឲ្យចេះអំណត់ព្យាយាម អត់ធ្មត់ ខន្តី មិនក្រោធខឹង
. អប់រំមនុស្សឲ្យប្រើវិធីដោះស្រាយសមស្រប
. អប់រំមនុស្សកុំឲ្យប្រើអំពើហឹង្សា
. អប់រំមនុស្សកុំឲ្យដើរបៀតបៀនសេចក្តីសុខអ្នកដទៃ
. អប់រំកុំឲ្យមនុស្សភ្លេចគុណអ្នកដទៃ
. បណ្តុះស្មារតីមនុស្សឲ្យចេះសេពគប់មិត្ត
. អប់រំមាតាបិតាត្រូវមានព្រហ្មវិហារធម៌
. អប់រំមនុស្សឲ្យជឿលើកម្មផល
. អប់រំមនុស្សឲ្យធ្វើអំពើល្អទាំងកាយ វិចារ
សរុបសេចក្តីមកយើងឃើញថា អក្សរសិល្ប៍ខ្មែររឿងភូរិទត្តជាតកនេះ ឆ្លុះបញ្ចាំងឲ្យឃើញ អំពីសមត្ថភាព ទេពកោសល្យរបស់អ្នកប្រាជ្ញ កាលពីសម័យបុរាណ បង្កប់នូវទស្សនៈវិស័យ ចក្ខុ វិស័យយ៉ាងវិសេសវិសាលសម្រាប់សង្គមជាតិ ។

៥. វិភាគអត្ថរូប
តាមការសិក្សាវិភាគស្នាដៃអក្សរសិល្ប៍ខ្មែរ រឿងភូរិទត្តជាតកដែលជាប្រភេទអក្សរសិល្ប៍ បុរាណផ្នែកពុទ្ធនិយម ក្រោមការរៀបរៀងចងក្រងរបស់ព្រះភិក្ខុ អ៊ូ ចេវ និងបណ្ឌិតមហា ឈឹម ស៊ុមន៍ កែសម្រួលពីគម្ពីរអដ្ឋកថាជាតកនេះ ក្រុមយើងខ្ញុំអាចធ្វើការវិភាគអត្ថរូប ដូចខាងក្រោម[9]
- ជាប្រភេទអត្ថបទបែបទេសនា
- តែងជាពាក្យរាយធម្មតា
ពាក្យពេចន៍ឃ្លាប្រយោគ ប្រើជាពាក្យបាលី (មគធភាសា) ។
. វិធីសាស្រ្តនៃការតែង
អក្សរសិល្ប៍រឿងបែបពុទ្ធនិយម អ្នកនិពន្ធប្រារព្ធនូវវិធីតែង ៣ជាគោលគឺ ៖
១. សេចក្តីផ្តើមរឿងៈ ជាការប្រារព្ធប្រភពរឿងៈ
កាលព្រះសាស្តាគង់នៅវត្តជេតពន របស់អានាថបណ្ឌិតសេដ្ឋី ទៀបក្រុងសាវតី្ត ក្នុងថ្ងៃ ឧបោសថមួយ ពួកឧបាសកច្រើនគា្នថា អ្នករាល់គ្នា មានតថាគតជាអាចារ្យ រក្សាឧបោសថសីល ជាការប្រពៃហើយ ពុំគួរខានទេ ! អម្បាលតថាគតពីជាតិមុន ដែលគ្មានអ្នកដឹកនាំសោះ ម្តេចគង់ រក្សាឧបោសថដែរ ទើបជនទាំងនោះអារធនា សូមព្រះអង្គសម្តែងនូវអតីប្រវត្តិព្រះអង្គ ដែលធ្លាប់ រក្សាឧបោសថនោះ ។ ព្រះអង្គទ្រង់សម្តែងថា ....
២. តួសេចក្តីរឿង
សង្កត់ធ្ងន់ទៅលើគោលគតិ ឧត្តមគតិជាប្រធានរឿង ដូចជា ក្នុងភូរិទត្តជាតកនេះ គេសង្កត់ ធ្ងន់លើការប្រាថ្នាបួសជាតិ ។ អតីតេ ភិក្ខវេ ពារាណសីលិយំ ព្រហ្មទត្តោ នាម រាជា កន្លងទៅហើយ ព្រះរាជាទ្រង់នាមព្រហ្មទត្ត សោយរាជសម្បតិ្តក្នុងនគរពារាណសី ។
៣.​បញ្ចប់រឿង
គេប្រារព្ធការសជាតិជាការបញ្ចប់ ព្រះបរមសាស្តាទ្រង់នាំព្រះធម៌ទេសនានេះមកសម្តែង ហើយ ទ្រង់ប្រជុំជាតកថា ព្រះអង្គមានពុទ្ធដីកាថា “ម្នាលឧបាសកទាំងឡាយ អ្នកប្រាជ្ញពីបុរាណ ទោះបីកាលព្រះពុទ្ធពុំទាន់កើតឡើង ក៏លះបង់នូវនាគសម្បតិ្តមកធ្វើឧបោសថកម្មយ៉ាងនេះឯង ហើយទ្រង់ប្រជុំជាតកថា ព្រះមាតាបិតាក្នុងកាលនោះ បានដមកជាមហារាជត្រកូល ក្នុងកាល ឥឡូវនេះ ព្រាហ្មណ៍នេសាទគឺទេវទត្ត សោទត្តគឺអានន្ទ នាងអច្ចិមុនី គឺជានាងឧប្បលវណ្ណា សុទសន៍ គឺជាសារីបុត្រ សុភោគគឺមោគ្គល្លាន អាណារិដ្ឋ គឺជានាងសុខក្ខត្ត ឯភូរិទត្តគឺជាអង្គអញ តថាគតហ្នឹងឯងហោង ។
ខ.សិល្ប៍វិធីតែងនិពន្ធ
និពន្ធវិធី ជាផ្នែកមួយនៃការនិពន្ធទូទៅ (វិធីសរសេររៀបរាប់) ដែលអាចធ្វើឲ្យអត្ថបទមាន សម្ផស្ស មានរសជាតិ ដែលជាទីគាប់ចិត្តនៃប្រធានារម្មណ៍ អ្នកបង្កើត អ្នកទស្សនា ពោលគឺអ្នក តែង និងអ្នកអាន ។ និពន្ធវិធីអាចមានច្រើនប្រភេទ អាស្រ័យទៅតាមទេពកោសល្យរបស់កវី អ្នក និពន្ធដែលរៀបរៀងអត្ថបទនីមួយៗ[10] ។ តាមរយៈការបំភ្លឺខាងលើនេះ អត្ថបទអក្សរសិល្ប៍រឿង ភូរិទត្ត ។ តើវិធីនិពន្ធអ្វីខ្លះ ដែលមាននៅក្នុងអត្ថបទរៀបរៀងរបស់លោកបណ្ឌិតមហាឈឹម ស៊ុមន៍ និងព្រះភិក្ខុ អ៊ូ ចេវ ?
ឆ្លងតាមការសិក្សា និងសង្តេតទៅលើអត្ថបទទាំងមូលរួចមក ធ្វើឲ្យក្រុមយើងខ្ញុំរកឃើញ នូវវិធីសាស្រ្តសំខាន់ៗ ដូចខាងក្រោម ៖
ខ.១ ឧបមានវិធីៈ ជាវិធីដែលអ្នកនិពន្ធ ប្រើសម្រាប់ប្រៀបប្រដូច ដោយមានប្រើ ឬពុំមាន ប្រើពាក្យបច្ច័យសម្រាប់ប្រដូច ។
សំនួនប្រៀបធៀបនេះមនា ៖ ដូច ដូចជា ហាក់ដូចជា ឧបមាដូចជា ប្រៀបបានជា .... ។
ឧទាហរណ៍ៈ រឿងភូរិទត្តជាតក ទំព័រ ១៨៨
(....) ឯភរិយា និងនាគមាណវិកា ដែលត្រូវវេនទៅបម្រើនោះ ក៏បានជួបប្រទះមាតា នាំគ្នា រកពុំឃើញពោធិសត្វសោះ ទើបត្រឡប់មកកាន់ពិភពនាគវិញ ។ គ្រានោះពិភពនាគពេញដោយក្តី ក្រៀមក្រំ ឭតែយោបំ ការយំសោក ឭសូរសព្ទសំណោកដូចឃ្មុំយកផ្កា ឃើញតែបរិវេទនា ការបំរះ ននៀលទន់ខ្លួន ទន់ប្រាណ មានឧបមាដូចជាព្រឹក្សានាព្រៃហេមពាន្ត ត្រូវខ្យល់ព្យុះ ពុំនោះសោត ដូចសកុណីបក្សីញី ត្រឡប់មកពីរកចំណីពុំឃើញកូនក្នុងសំបុក ឬដូចមេសត្វចាក្រពានមម្រៈ (...)
(...) មនុស្សទ្រុស្តមិត្រ ឈ្មោះថាលះបង់នូវប្រយោជន៍របស់ខ្លួន ព្រោះថាទោះបីរស់នៅ ក៏ប្រាកដ ជារស់ទាំងក្រៀមក្រោះ ទាំងស្វិតក្រទាំង ដូចជាមនុស្សបេតោ (...)
            ខ.២ វិឌ្បមានវិធី (វិឌ្ឍនវិធី)
            ជាវិធីដែលអ្នកនិពន្ធតុបតែងផ្តល់នូវការចំរើនបន្តិចម្តងៗ នៃរឿង(សកម្មភាពតួអង្គ) ធ្វើឲ្យ មានស្ថានភាព ឬដំណើរតឹងតែងឡើង ។
            ឧទាហរណ៍ៈ រឿងភូរិទត្តជាតក ទំព័រ
            (....) ព្រាហ្មណ៍នាយអាលម្ពាយន៍ សេកមន្តលាបថ្នាំសព្វសារពាង្គកាយ ចូលទៅចាប់ កន្ទុយពោធិសត្វ គ្រវីគ្រវាត់បោកផ្ទប់នឹងផែនដី ជញ្ជន់ញក់ញីឈ្លី .... (....)
          ខ. ៣ សន្ទេហវិធី
            ជាវិធីដែលអ្នកនិពន្ធ ធ្វើឲ្យអ្នកអានចង់ដឹងហើយចង់ដឹងទៀត ដោយគេបែងចែករឿងជា ខណៈផ្សេងៗគ្នា ។
            ឧទាហរណ៍ៈ តាមរយៈដំណើររឿងនេះ ខណៈពេលដែលនាយព្រាហ្មណ៍នេសាទណែនាំ​ឲ្យព្រាហ្មណ៍អាលម្ពាយន៍មកជួបព្រះពោធិសត្វ ។ ព្រាហ្មណ៍អាលម្ពាយន៍ ចាប់ធ្វើបាបព្រះពោធិ សត្វគ្រប់រូបភាព ឲ្យព្រះពោធិសត្វបើកពពារមួយ ពពារពីរ សម្តែងសិល្បៈជូនមហាជនគ្រប់ច្រក ល្ហក ឲ្យបាត់ខ្លួន ឲ្យឃើញខ្លួនពាក់កណ្តាល ឲ្យមានខ្លួនខៀវ ... ព្រះពោធិសត្វអាចធ្វើបានតាមការ បញ្ជាទាំងអស់ អស់កាលទាំងអស់មួយខែ ​បំពេញព្រាហ្មណ៍ទាំងពីរមានសំលៀកបំពាក់រហែក រហូតមានគ្រឿងអលង្កា តាំងពីដើររហូតមានយានជិះ ។
           
ខ.៤ សំវាទវិធី
            ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គចាប់ពីពីររូបឡើងទៅ មានការសន្ទនាសារសាងគ្នា អំពីវិបតិ្ត ទំនាស់ ឈ្មោះទាស់ទែងគ្នាដោយពាក្យសំដី ។
            ឧទាហរណ៍ៈ ការសន្ទនារវាងនាយព្រាហ្មណ៍នេសាទ និងសោមទត្តកុមារ ។ លើសពីនេះ ដូចជាការសន្ទនារវាងប្រពន្ធនាយព្រាហ្មណ៍នេសាទ ជាមួយសោមទត្តកុមារជាកូន ។
            (....) ឪពុកថាៈ មិនអីទេកូន! ពួកព្រាហ្មណ៍បានធ្វើបាបឯណា ហើយគេតែងបូជាមហា យញ្ញ ដើម្បីលាងបាបនោះចេញ អញនឹងបូជាមហាយញ... កូនប្រកែកដាច់អហង្ការថាៈ ខ្ញុំស្តាប់ មិនបានទេឪ ដែលឃើញដែរឬទេ “ការយកលាមកទៅលាងលាមកឲ្យជ្រះបាន! ចុះបើការបូជា មហាយញ្ញ ដែលសម្រេចដោយជីវិតសត្វជាច្រើន ជាអំពើបាបមួយដ៏ធំទៅហើយ ហើយយកទៅ លាងអំពើបាបមួយទៀត ម្តេចក៏យល់ថាជ្រះបាន! (...)
            ខ.៥ ឯកវាទវិធី
            ជាវិធីមួយដែលធ្វើឲ្យតួអង្គមួយ ដែលទទួលរងទុក្ខទោសក្តី មានការឈឺចាប់ទុក្ខព្រួយក្តី ឬ កើតវិប្បដិសារីអំពីរឿងអ្វីមួយ ដោយមានការនិយាយរឭកអំពីហេតុភេទ ឬរឿងរ៉ាវរបស់ខ្លួនតែម្នាក់ ឯង ។
            ឧទាហរណ៍ៈ ភូរិទត្តជាតក ទំព័រ១៨០ (...) ព្រះពោធិសត្វ កាលបានជ្រាបថា ព្រានឃើញ ព្រះអង្គហើយក៏នឹកថា “សេចក្តីអន្តរាយនឹងមាន បើដូច្នេះគួរតែអាត្មាអញនាំព្រាននេះទៅបំប៉ន ដោយគ្រឿងសក្ការៈបូជា និងសេចក្តីរាប់អាន ឯឋានភុជង្គនាគ (....)
            ខ.៦​ ការបង្ហាញដោយតួអង្គ
            ក្នុងការបង្ហាញដោយតួអង្គ តាយរយៈភូរិទត្តជាតកនេះ រួមមាន ៖
            - ការបង្ហាញតួអង្គដោយអ្នកនិពន្ធ
            វិធីនេះកើតឡើងដោយការឧទ្ទេសនាម តាមរយៈអ្នកនិពន្ធផ្ទាល់ ។ អ្នកអានអាចស្គាល់ ឈ្មោះ មុខងារ រូបសម្បតិ្ត ចរិយាសម្បតិ្ត ទ្រព្យសម្បតិ្ត វិជ្ជាសម្បតិ្ត បែបណាមួយរបស់តួអង្គ តាម រយៈអ្នកនិពន្ធ លោកធ្វើការពណ៌នាផ្ទាល់តែម្តង ។
            ឧទាហរណ៍ៈ ភូរិទត្ត ទំព័រ​ ១៧៩
            (....) គ្រានោះមានព្រាហ្មណ៍នេសាទម្នាក់ នៅនគរពារាណសី និងកូនប្រុសម្នាក់ឈ្មោះ សោមទត្ត នាំគ្នាទៅបាញ់សត្វក្នុងព្រៃ ដើម្បីលក់ចិញ្ចឹមជីវិត នាំគ្នាតាមប្រកិតនូវសត្វម្រឹគមួយ ដែលខ្លួនបាញ់ត្រូវ ហើយបោលទៅទាំងកូន (.....)
            - ការបង្ហាញតួអង្គដោយតួអង្គផ្សេងទៀត
            វិធីនេះកើតឡើងដោយការឧទ្ទេសនាម តាមរយៈតួអង្គក្នុងរឿង ។ អ្នកអានអាចស្គល់ ឈ្មោះ មុខងារ រូបសម្បតិ្ត ទ្រព្យសម្បតិ្ត ចរិយាសម្បតិ្តបែបណាមួយរបស់តួអង្គ ដោយសារការរៀប រាប់ឲ្យដឹងតាមរយៈតួអង្គមួយផ្សេងទៀត ដែលអ្នកនិពន្ធបានតាក់តែង ។
            ឧទាហរណ៍ៈ ភូរិទត្ត ទំព័រ ១៩២
            (...) បុត្រនាគទាំងបីអង្គ ថ្វាយបង្គំលាសម្តេចព្រះមាតុលា ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាត ហើយត្រាស់ថាៈ ខ្ញុំចង់ឃើញសមុទ្ទជាប្អូនស្រីខ្ញុំណាស់ ធ្វើម្តេចនឹងបានឃើញ ។
            - ការបង្ហាញតួអង្គតាមរយៈដំណើររឿង
            វិធីនេះកើតឡើងអំពីការឧទ្ទេសនាម តាមរយៈដំណើររឿង ។ អ្នកអានអាចស្គាល់ឈ្មោះ មុខងារ រូបសម្បតិ្ត ចរិយាសម្បតិ្តបែបណាមួយរបស់តួអង្គ ដោយសារដំណើររឿងស្ថិតនៅជុំវិញ សកម្មភាពផ្សេងៗ ។
            ឧទាហរណ៍ៈ តាមរយៈដំណើររឿង យើងអាចដឹងបានថា ព្រាហ្មណ៍អាលម្ពាយន៍ គឺជាតួ អង្គដែលធ្វើបាបព្រះពោធិសត្វ បញ្ជាឲ្យព្រះពោធិសត្វធ្វើអ្វីសព្វបែបយ៉ាង ឥតត្រាប្រណី ព្រោះតែ ព្រាហ្មណ៍អាលម្ពាយន៍ ចង់សម្តែងអំពីឫទ្ធិអំណាច បម្រើមហិច្ឆិតាឥតព្រំដែន ។
            - ការបង្ហាញតួអង្គតាមរយៈធម្មជាតិ
            ការបង្ហាញអំពីធម្មជាតិនេះ គឺជាវិធីពិសេសមួយបែប ដើម្បីធ្វើឲ្យអត្ថបទអក្សរសិល្ប៍ មាន សម្រស់ល្អថែមមួយកម្រិតទៀត ។ អ្នកនិពន្ធបានយកធម្មជាតិជាក់ស្តែង មានដូចជាព្រៃព្រឹក្សា លតាវល្លិ៍ ទឹកទន្លេ ស្ទឹង ព្រែក មេឃ ផ្កាយ ព្រះចន្ទ ព្រះអាទិត្យ សត្វម្រឹគីម្រឹគា បក្សាបក្សី មច្ឆាជាតិជាដើម យកមកពណ៌នាផ្សំប្រមុំ ជាមួយលក្ខណៈអស្ចារ្យ មានពណ៌សម្បុរចម្រុះគ្នា មាន លាយឡំបញ្ចូលគ្នា ដែលធ្វើឲ្យអ្នកអានអណ្តែតអណ្តូង រីករាយសប្បាយ លន្លង់លន្លោចចិត្ត ឮពិរោះទៅតាមសូរសព្ទចុងជួន នៃពាក្យពេចន៍ឃ្លាប្រយោគ ។
(.....) តមកព្រះអង្គលាព្រះមាតា ចេញទៅរក្សាឧបោសថសីល នាឋានមនុស្សលោក នៅនាដំបូក ក្រោមដើមជ្រៃជិតស្ទឹងយមុនា (.....) ។
            គ. វចនៈរូប
            ដូចយើងបានដឹងស្រាប់មកហើយថា គេមិនអាចកាត់ផ្តាច់ពាក្យកំចីភាសាបាលីសំស្រ្កឹត ពី ភាសាខ្មែរបានឡើយ ។ យ៉ាងណាមិញ នៅក្នុងស្នាដៃរឿងភូរិទត្តជាតក ក្រៅអំពីការប្រើប្រាស់ ភាសាខ្មែរ គេឃើញមានកំចីពីបាលីសំស្រ្កឹត ។ ម្យ៉ាងទៀត រឿងភូរិទត្ត អ្នករៀបរៀងបកប្រែ សម្រួលចេញពីគម្ពីរអដ្ឋកថា ពីភាសាបាលី សម្រួលមកជាភាសាខ្មែរ សម្រាប់ជាការងាយស្រួល ស្តាប់ ។
            - ពាក្យកម្ចីពីភាសាបាលីសស្ក្រឹត
            ពុទ្ធង្កូវ (ពុត-ធ័ង-កុរ) ន. (បា. ពុទ្ធង្កូរ<ពុទ្ធ “ព្រះពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង” (សំ. ពុទ្ធាង្កុរ) ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វ ដែលបំរុងនឹងមានតា្រស់ជាព្រះពុទ្ធ ក្នុងអនាគតកាលជាប្រាកដ (ព.ទ ឬព.កា) ម្នាលទាំងឡាយ សុមេធតាបសនេះ ជាពុទ្ធង្កុរ ​នឹងបានត្រាស់ជាព្រះពុទ្ធមាននាមថា គោត្តម ... (ទំនាយព្រះពុទ្ធទីបង្ករនាយឲ្យសុមេធតាបស)[11]
- អាលម្ពាយ (-ល័ម-ពាយ) ន. (បា.) អ្នកចាប់ពស់ អ្នកចេះសិល្ប៍វិទ្យាចាប់ពស់ៈ ហ្មពស់ (ច្រើនហៅក្លាយជាអាលម្ពាយ គួរលែងប្រើតទៅទៀត) ។ ទំ.១៦៦០
- ពេជយ័ន្ត ឬវេជយ័ន (-ជៈយ័ន) ន. (បា.វេជយន្ត, សំ. វៃជ-) ឈ្មោះប្រាសាទ ឬរាជរថកើត សម្រាប់ព្រះឥន្ទ្រ ប្រាសាទពេជយ័ន្ត រថពេចយ័ន្ត ​។
- មណី (មៈនី) ន. (សំ. បា. មណិ) ឈ្មោះកែវ ឬត្បូងវិសេសមួយប្រភេទៈ ពេជ្រ ខ្យងដាំ ច្រើននិយាយថា កែវមណី ។
- ប្រយោជន៍ (ប្រយ៉ោច)ន. (សំ. ប្រយោជន, បា. បយោជន) ដំណើរដែលគួរប្រកបអ្វីៗ​ដែលគេត្រូវការ ដែលគេប្រកបទៅកើតការ ផលដែលសម្រេចពីការប្រកប ប្រយោជន៍ក្នុងលោកនេះ ប្រយោជន៍ក្នុងបរលោក បុគ្គលគួរកុំធ្វើអំពើឥត ប្រយោជន៍ ។
- យញ្ញ ឬយញ្ញៈ (យ័ញ ឬយ័ញ-ញៈ)ន. (បា. យញ្ញ, សំ. យជ្ញ) ការបូជា ការសែនព្រេន  ការឲ្យទាន លទ្ធិព្រាហ្មណ៍សំដៅការបូជា ឬសែនព្រេនផ្សេងៗ មានពិឃាតសត្វ អារសាច់បូជាភ្លើងជាដើមៈ តាមលទ្ធិពុទ្ធសាសនា សំដៅការឲ្យទានភោជនា អាហារជាដើម ដល់អ្នកមានសីល ឬដល់កពួកស្មូមពុំរើសមុខៈ ធ្វើយញ្ញៈ បូជា យញ្ញ ។ យញ្ញពិធីៈ តាំងយញ្ញពិធី ។
សរុបមកឃើញថា អត្ថរូបតាមរយៈរឿងភូរិទត្ត អ្នករៀបរៀងមានទេពកោសល្យសិល្បៈ រចនារៀបចំ ប្រកបដោយសិល្ប៍វិធីខ្ពស់ ដោយចេះចម្រាញ់ភាសាបាលីមកជាភាសាខ្មែរ ងាយ ស្រួលស្តាប់ យល់ខ្លឹមសារសាច់រឿងល្អថែមទៀតផង ។

៦. វិភាគអត្ថរស
ដើម្បីសិក្សាវិភាគស្នាដៃអក្សរសិល្ប៍មួយ មានលក្ខណៈសាកលទៅបាន អ្នកសិក្សាត្រូវចាំ បាច់វិភាគនូវផ្នែកសំខាន់ៗ ចំនួនបីរួមមានៈ ការសិក្សាផ្នែកអត្ថន័យ អត្ថរស និងអត្ថរូប ។ យើង ឃើញថា កាលណាអក្សរសិល្ប៍មួយមិនមានធាតុសំខាន់ទាំងនោះទេ ស្នាដៃនោះមិនរក្សាតម្លៃទុក បានយូរឡើយ ។ ជុំវិញការរៀបរាប់ខាងលើ យើងឃើញថារឿងភូរិទត្តជាតក បានឆ្លុះបញ្ចាំងនូវ តម្លៃអត្ថរស សម្រាប់ទ្រទ្រង់អក្សរសិល្ប៍ជាតក ឬគោលនិយមពុទ្ធសាសនានេះរួមមាន ៖
ក. សង្គមរស
អក្សរសិល្ប៍ដែលមានបង្កប់នូវតម្លៃសង្គម តោងអ្នកនិពន្ធត្រូវឡើងបង្ហាញអំពីតថភាពជាក់ ស្តែងនៃដំណើរវិវត្តទៅនៃសង្គមនោះ ដូចជារបបសង្គម ជំនឿសាសនាជាដើម ។ តាមរយៈរឿង ភូរិទត្តជាតកនេះ អ្នកនិពន្ធបញ្ជ្រាបលក្ខណៈតថភាពសង្គមដូចជា ការសេពគប់មិត្ត ការប្រើអំពើ ហឹង្សា ការលើកនិយាយអំពីពិធីបូជាយញ្ញ នៃសាសនាព្រាហ្មណ៍ជាដើម ព្រមទាំងនិយាយអំពី លទ្ធិព្រាហ្មណ៍ផងដែរ .... ។
ខ. មនុស្សរស
តម្លៃក្នុងស្នាដៃនេះ គឺសេចក្តីរីករាយ ទុក្ខសោក ស្រពាប់ស្រពោន ស្នេហា ការតស៊ូ និងធ្វើ ទាន បំពេញបារមី ការលោភលន់ អំពើហឹង្សា បៀតបៀនអ្នកដទៃ ការមិនអធ្យាស្រ័យ គុណធម៌ មនុស្សអសប្បុរស បាបមិត្រ .... ។
គ. អច្ឆរិយរស
ជាតម្លៃដែលអ្នកនិពន្ធ បានធ្វើឲ្យមនុស្ស សត្វ វត្ថុជាដើម ក្លាយជាមានភាពអស្ចារ្យ ចេះ ហោះ ចេះហើរ ចេះបំបាំងកាយ ចេះជប់ ចេះប្រស់...។ ការបង្កើតអច្ឆរិយសម្រាប់តួអង្គ និងដំណើរ រឿង ដូចនេះភាគច្រើនកើតក្នុងអក្សរសិល្ប៍បុរាណ ដែលបម្រើឲ្យទស្សនៈសាសនា ។ រីឯរឿង ភូរិទត្តវិញ ក៏មិនងាយឆ្ងាយពីនេះដែរ ។ អ្នកនិពន្ធធ្វើឲ្យនាគចេះហើរ ហោះ សម្តែងសិល្បៈ ចេះ បាត់ខ្លួន ឃើញខ្លួន បើកពពរមួយ ពពារពីរ ... ។
ឃ. ទារុណរស
ទារុណរស ឆ្លុះបញ្ចាំងឲ្យឃើញអំពីហេតុការណ៍ ដែលកើតមានឡើងបង្ករឲ្យមានការឈឺ ចាប់ ការធ្វើទារុណកម្ម ការចងកម្មផ្តន្ទា ឬក៏ទុក្ខសោកនៃការព្រាត់ប្រាស់គ្នាជាដើម ។
ង​. ហាសរស
រាល់ការសប្បាយរីករាយ ការជួបជុំ បានចាត់ចូលក្នុងតម្លៃហាសរស ។ ម្យ៉ាងវិញទៀត គ្មានអ្វីសប្បាយរីករាយជាងការជួបជុំគ្រួសារនោះទេ ។
ដូចនេះអត្ថរសក្នុងអក្សរសិល្ប៍ពុទ្ធនិយមសំខាន់ជាងគេគឺ[12]
- កំសត់ (កំសត់រស = Le pathetique)
- មនុស្សរស = L’humanisne
សរុបមក អក្សរសិល្ប៍ខ្មែរ សុទ្ធតែបង្ហាញអំពីតម្លៃអត្ថរស សម្រាប់ជាតម្លៃទ្រទ្រង់ អក្សរ សិល្ប៍ឲ្យមានព្រលឹងជានិច្ច ព្រោះថាកាលណាអក្សរសិល្ប៍មួយនបាត់បង់នូវផ្នែកនេះ គេសង្កេត ឃើញអក្សរសិល្ប៍មិនពេញលេញទេ ប្រៀបបានដូចជាមនុស្សមានក្បាល ដងខ្លួន គ្មានអវយវៈ អញ្ចឹងដែរ ។

សន្និដ្ឋាន
តាមរយៈការសិក្សាវិភាគស្នាដៃអក្សរសិល្ប៍ខ្មែររឿងភូរិទត្តនេះរួចមក ក្រុមយើងខ្ញុំអាច ទាញនូវសេចក្តីសន្និដ្ឋានបានថា រឿងភូរិទត្តជាតក ជាវណ្ណកម្មអក្សរសិល្ប៍ ស្ថិតក្នុងចលនាពុទ្ធ និយម ។ ភូរិទត្តជាតក ជាការសន្សំបារមី (បំពេញនូវបារមី) តាមរយៈព្រះពោធិសត្វ ក្នុងចំណោម រឿងរ៉ាវទាំង១០ ព្រះជាតិ មុនពេលដែលបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។
រឿងភូរិទត្តជាតក ជារឿងដែលនិយាយអំពីព្រះពោធិសត្វបំពេញសីលបារមី សម្រាប់ជា គុណប្រយោជន៍ដល់មនុស្សទូទៅថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សារឿងនេះសរ បញ្ជាក់ឲ្យឃើញថា ស្នាដៃអក្សរសិល្ប៍ប្រភេទទសជាតកនេះ បានឆ្លុះបញ្ចំាងអំពីប្រវតិ្តដើមទង របស់ព្រះពោធិសត្វ អំពីប្រភពកំណើតរបស់ព្រះសមណគោត្តម ។ លើសពីនេះទៀតនោះ ភូរិទត្ត ជាតកនេះ បង្កប់នូវទស្សនៈវិស័យចក្ខុវិស័យ សម្រាប់ការអប់រំប្រៀនប្រដៅមនុស្សក្នុងសង្គម ឲ្យ ប្រព្រឹត្តតែអំពើល្អ លាងបាបចោលនូវអំពើអកុសល បណ្តុះបណ្តាល់ការអប់រំមនុស្សឲ្យឆ្ពោះទៅរក ផ្លូវ ទស្សនៈវិជ្ជា សម្រាប់ការអប់រំទាំងអស់គ្នា ប្រកបដោយចីរភាព ។ មិនត្រឹមតែប៉ុណ្ណោះ ភូរិទត្ត ជាតក ជាស្នាដៃវិសេសវិសាល ពោរពេញដោយខ្លឹមសារ អត្ថរូប អត្ថន័យ ។
សរុបសេចក្តីមក រឿងភូរិទត្តជាតក ជាប្រភេទអក្សរសិល្ប៍បុរាណផ្នែកពុទ្ធនិយម ពោរពេញ ដោយឃ្លាំងចំណេះដឹង (ពុទ្ធវចនៈ) គ្រប់ជំពូក គ្រប់តម្រូវការជីវភាពរស់នៅ ជាពិសេសនោះរក្សា ពណ្ណរាយ ស្របពេលដែលក្រុមយើងខ្ញុំ សិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ រឿងភូរិទត្តជាតកនេះ ។ សម ប្រកបបំណងសុភាសិតអប់រំលើកឡើងថា “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការ អប់រំ” ។
















ឯកសារពិគ្រោះ
១. កេង វ៉ាន់សាក់ ទិដ្ឋភាពខ្លះៗ នៃអក្សរសិល្ប៍ខ្មែរ
២​. ជួន ណាត វចនានុក្រមខ្មែរ ភាគ១ ភាគ២ ១៩៦៧
៣. ញ៉ុក ថែម បញ្ញាសជាតកបរិយាយខាងដើម
៤​. ត្រឹង ងារ ប្រវត្តិសាស្រ្តខ្មែរ
៥. ធរ សោ សំណួរ ចម្លើយវប្បធំឲម៌ អរិយធម៌ខ្មែរ ១៩៩៣
៦. បណ្ឌិតមហាឈឹម ស៊ុមន៍ សង្ខេបទសជាតក ១៩៩៩
៧. ពេជ កែវ ដំណើរកំសាន្តទៅអង្គរ
៨. ពៅ សាមី លក្ខណៈខ្លះៗ នៃអក្សរសិល្ប៍ និងសិល្បៈ ១៩៩៨
៩. ភិក្ខុ វិរិយបណ្ឌិតោ ស្រីហិតោបទេស
១០. ម៉ិញ លីង៉ាន បំណិនតែងសេចក្តី
១១. យៀង វីរបុត្រ សារណាបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់
១២. លាង ហាប់អាន សិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ ១៩៦៦
១៣. លី សុខហេង សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ២០០៦
១៤. សេង សោភា សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ២០០១
១៥. សែម សូរ បរមាធិប្បាយពិសេស ១៩៧០
១៦. ឧកញ៉ាសុតន្តប្រីឥន្ទ សៀវភៅគតិលោក
១៧. ឱម ណាគ្រី ចលនាអក្សរសិល្ប៍ខ្មែរ
១៨. ឥន្ទ ឱមសាម៉េង អក្សរសាស្រ្ត និងវប្បធម៌ក្នុងសតវត្សថ្មី ២០០៥


[1]  លាង ហាប់អាន សិក្សាអត្ថបទស្នាដៃអក្សរសិល្ប៍ខ្មែរ បោះពុម្ពលើកទី១ គ.ស១៩៩០
[2]  ជួន ណាត វចនានុក្រមខ្មែរ ទំព័រ ១០២២
[3]  រឿងភូរិទត្តជាតក ទំ.១៧៧-១៧៨
[4]  ជួន ណាត វចនានុក្រមខ្មែរទំ. ៩៩
[5]  វិរិយបណ្ឌិតោ ប៉ាង ខាត់ ស្រីហិតោបទេស
[6]  ឧកញ្ញា សុត្តន្ត ប្រីជាឥន្ទ សៀវភៅគតិលោក
[7]  រឿង ភូរិទត្តជាតក ទំ.១៨៣
[8] រឿងភូរិទត្តជាតក ទំ.១៨១
[9]   លាង ហាប់អាន “សិក្សាអត្ថបទសា្នដៃអក្សរសិល្ប៍ខ្មែរ” ទំព័រ ១៩៦-១៩៧
[10]  លី សុងហេង “សារណាបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ” ជំនាន់ទី២៣
[11]  ជួន ណាត វចនានុក្រមខ្មែរ ភាគ ១.២ ទំ.៥៥៦
[12]   លាង ហាប់អាន សិក្សាស្នាដៃអត្ថបទអក្សរសិល្ប៍ខ្មែរ គ.ស១៩៦៦

2 comments:

  1. ខ្ញុំសុំរឿង​​វេស្សន្តរ​​please

    ReplyDelete
  2. មានរឿងសុវណ្ណសាមអត់

    ReplyDelete