I.
សង្ខេបរឿង
កាលព្រះពុទ្ធគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបញ្ជាឲ្យខ្មាន់ធ្នូ ៣១នាក់មកធ្វើគុតព្រះអង្គ ប៉ុន្តែមិនបានសម្រេច ដោយខ្មាន់ធ្នូទាំងនោះត្រូវព្រះអង្គសម្ដែងអរិយសច្ចៈរហូតសម្រេចសោតាបត្តិផល។ ភិក្ខុសង្ឃទាំងឡាយបានជ្រាបរឿងហើយនាំគ្នាសរសើរបារមីព្រះសាស្ដា ព្រះពុទ្ធជាបរមសាស្ដាទ្រង់ត្រាស់ថា “មិនតែជាតិឥឡូវនេះទេ ពីដើមមកក៏ធ្លាប់យ៉ាងនេះដែរ” ហើយទ្រង់បាននាំអតីតនិទានមកសម្ដែងថា៖
អតីតេ ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅមានព្រះរាជបុត្រព្រះបាទវសវតី ព្រះនាមព្រះបាទ-ឯករាជ សោយរាជ្យនានគរបុប្ផវតី មានរាជបុត្រព្រះនាមចន្ទកុមារជាឧបរាជ។ កណ្ឌហាលព្រាហ្មណ៍ជាអ្នក-បង្រៀនប្រដៅ អត្ថ និងធម៌។ កណ្ឌហាលព្រាហ្មណ៍កាន់តំណែងខាងវិនិច្ឆ័យតែងស៊ីសំណូកហើយកាត់ក្ដីដោយអយុត្តិធម៌។ ថ្ងៃមួយមានអ្នកចាញ់ក្ដីទៅទូលរឿងរបស់ខ្លួនដល់ព្រះចន្ទកុមារ ព្រះចន្ទកុមារបានយកសំណុំរឿងមកពិនិត្យ ហើយកាត់សេចក្ដីតាមគតិយុត្តិធម៌។ ព្រះរាជាទ្រង់ជ្រាបរឿងនេះ ព្រះអង្គបានដកហូតតំណែងកណ្ឌហាលព្រាហ្មណ៍ ហើយតែងតាំងព្រះចន្ទកុមារជាអ្នកវិនិច្ឆ័យវិញ។ នេះធ្វើឲ្យកណ្ឌហាលមានការគុំគួន គិតផ្តន្ទាជាមួយព្រះចន្ទកុមារជានិច្ច។
ថ្ងៃមួយព្រះបាទឯករាជទ្រង់សុបិននិមិត្ត ឃើញបានទៅស្ថានត្រៃត្រឹង្ស ហើយចង់ទៅកើតនៅឋានសួគ៌នោះ ទើបសួរទៅកាន់កណ្ឌហាលព្រាហ្មណ៍ថា “តើខ្ញុំត្រូវធ្វើបុណ្យដូចម្ដេច ទើបទៅកើតនៅឋានត្រៃត្រឹង្ស? ចូរអ្នកប្រាប់ខ្ញុំឲ្យធ្វើឲ្យខាងតែបានទៅកើតដូចប្រាថ្នា”។
កណ្ឌហាលព្រាហ្មណ៍ទូលថា “សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់ ទើបបានទៅកើតឯស្ថានសួគ៌។ ព្រះអង្គគប្បីបូជាយញ្ញដោយបុត្រទំាងឡាយ ៤ ព្រះអគ្គមហេសីទំាងឡាយ៤ សេដ្ឋីទាំងឡាយ៤ គោឧសភរាជទំាងឡាយ៤ សេះជាអាជានេយ្យទាំងឡាយ៤ ហើយនិងសត្វទាំងឡាយមួយមុខៗ សុទ្ធតែ៤ៗ ទើបបានទៅកើតឯឋានសួគ៌”។
បន្ទាប់មកព្រះរាជាទ្រង់បានចេញរាជបញ្ជាឲ្យទៅចាប់រាជកុមារទាំងឡាយ មានចន្ទកុមារ សុរិយកុមារ ភទ្ទសេនកុមារ សុរកុមារ និងរាមគោត្តកុមារ កុមារីទាំងឡាយមាន នាងឧបសេនា នាងកោកិលា នាងមិទិតា និងនាងនន្ទា មហេសីទាំងឡាយមាន នាងវិជយា នាងឯរាវតី នាងកេសិនី និងនាងសុនន្ទា គហបតីទាំងឡាយមានបុណ្ណមុខ ភទ្ទិយ លិង្គាល និងវឌ្ឍ ព្រមទាំងសត្វដែលមានឈ្មោះល្បីក្នុងព្រះនគរផង ដើម្បីជាប្រយោជន៍ដល់ការបូជាយញ្ញ។ សូរសម្រែកដ៏គួរឲ្យខ្លោចផ្សានៃមនុស្សប្រុសស្រី ចាប់ផ្ដើម លាន់ឮឡើងពេញរាជបុរី។
ព្រះមាតា និងព្រះបិតាព្រះបាទឯករាជទ្រង់ឃាត់ថា “ម្នាលកូនអើយ អ្នកកុំជឿកណ្ឌហាលព្រាហ្មណ៍ថា សុគតិបានដល់ការបូជាបុត្រ ភរិយាជាដើមយ៉ាងនេះឡើយ ផ្លូវហ្នឹងជាផ្លូវទៅកាន់នរក ចូរអ្នកឲ្យទានដល់សមណៈ ជីព្រាហ្មណ៍វិញ ទើបជាផ្លូវនៃសុគតិភព”។
ព្រះចន្ទកុមារអង្វរថា “បពិត្រព្រះបិតា សូមទ្រង់កុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទំាងឡាយឲ្យជាទាសករនៃកណ្ឌហាលព្រាហ្មណ៍ ឬក៏បំបរបង់ចាកព្រះនគរក៏បាន”។
ព្រះបាទឯករាជទ្រង់តបថា “អ្នកទំាងឡាយបង្កើតទុក្ខដល់យើង យំស្រែកព្រោះចង់បានជីវិត ចូរអ្នកលែងកុមារទាំងឡាយទៅ ការបូជាយញ្ញដោយកូនល្មមលើកលែង”។ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍ទូលថា “ការ-បូជាយញ្ញជាអំពើធ្វើបានដោយកម្រ ជនទាំងឡាយណាបូជាដោយខ្លួនឯងក្ដី ឲ្យគេបូជាក្ដី ឬគ្រាន់តែអនុមោ- ទនាតាមការបូជាមហាយញ្ញក្ដី ក៏រមែងទៅកាន់សុគតិភពដែរ”។
ព្រះចន្ទកុមារបានតវ៉ាដោយលើកយករឿងពីកុមាររហូតដល់ពេញកម្លោះថា ឥតមានទោសកំហុសសោះ និងជាមនុស្សពាក់គ្រឿងក្រោះ ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រ ពុំមែនសម្រាប់បូជាយញ្ញទេ។
ព្រះរាជាទ្រង់លើកលែងការបូជាយញ្ញ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍នៅតែទទូចទាមទារដដែលៗ ហើយព្រះចន្ទកុមារបានតបទៅវិញដោយពោលថា “បើជនណាត្រូវបូជាយញ្ញហើយទៅកើតនៅឋានទេវលោកមែន កណ្ឌហាលព្រាហ្មណ៍គប្បីបូជាកូនគាត់មុនចុះ សឹមបូជាខ្ញុំជាក្រោយ”។ ពេលនោះកណ្ឌហាលព្រាហ្មណ៍ហាក់ដូចជាគាំងមួយស្របក់ វសុលរាជកុមារ និងសេលារាជកុមារីបម្រះននៀល និងទូលអង្វរទៅព្រះរាជាជាអយ្យកោថា “សូមព្រះអង្គកុំសម្លាប់ព្រះបិតាខ្ញុំព្រះអង្គឡើយព្រោះខ្ញុំព្រះអង្គនៅក្មេង”។ ព្រះរាជាក៏ឲ្យលើកលែងការបូជាយញ្ញទៀត ប៉ុន្តែកណ្ឌហាលទូលឲ្យព្រះរាជាយាងចេញទៅទុកខ្លួនជាអ្នកទទួលខុសត្រូវចំពោះពិធីនេះ ដោយឲ្យព្រះរាជាចំារីករាយនៅស្ថានសួគ៌ ហើយឲ្យយកចន្ទកុមារ និងសុរិយកុមារនៅកាន់កន្លែងបូជាយញ្ញមុនគេ។
ព្រះនាងគោត្តមីទេវី ជាព្រះមាតាព្រះចន្ទកុមារបានបម្រះននៀលទៀបបាទាព្រះរាជាទូលថា “ខ្ញុំម្ចាស់ជាស្រីឆ្កួត សាបសូន្យចាកសេចក្ដីចម្រើន ប្រឡាក់ប្រឡូសដោយធូលីដី ឬបែកធ្លាយនូវជីវិតឥន្រ្ទីយ៍បើគេសម្លាប់ចន្ទកុមារ និងសុរិយកុមារ...” ហើយក៏ដួលសន្លប់បាត់ស្មារតី។ ព្រះចន្ទកុមារស្ទុះមកឳប មាតាសោយ-សោកថា “បពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ មានទុក្ខព្រួយច្រើនព្រោះតែការចិញ្ចឹមខ្ញុំជាកូន ខ្ញុំសូមលាព្រះមាតាទៅកាន់ស្លាប់ដើម្បីព្រះបិតាទៅកាន់ស្ថានសួគ៌ ហើយសូមព្រះមាតាអនុញ្ញាតិឲ្យខ្ញុំថ្វាយបង្គំព្រះមាតាទៅកាន់ទីព្រាត់ប្រាស”។ ព្រះនាងចន្ទាទេវីជាមហេសីចន្ទកុមារ បានប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ហើយពិលាបថា “ការរស់នៅក្នុងលោកនេះល្មមប៉ុណ្ណឹងហើយ អញនឹងផឹកថ្នាំពិសឲ្យស្លាប់”។ ក្នុងគ្រាដែលព្រះចន្ទកុមារ និងសុរិយកុមាររៀបត្រូវប្រហារដើម្បីបូជាយញ្ញ ព្រះនាងចន្ទាបញ្ចាលរាជធីតាបានស្ទុះចូលតាមចន្លោះពួកបរិស័ទ ហើយស្រែកប្រកាសថា “កណ្ឌហាលព្រាហ្មណ៍ជាមនុស្សអាក្រក់យល់ខុសធ្វើបាបកម្ម ខ្ញុំសូមស្លាប់ជាមួយព្រះស្វាមី និង សូមឲ្យពួកអមនុស្សជួយធ្វើសេចក្ដីខ្វល់ខ្វាយ ចំពោះមនុស្សដែលត្រូវពួកបច្ចា-មិត្រផ្ចាញ់”។ ព្រះឥន្ទ្រាធិរាជទ្រង់ សណ្ដាប់ហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជថា “ម្នាលស្ដេចកាឡ-កណ្ណីអប្រិយលាមក អញនឹងសំពងក្បាលឥឡូវ ឯងមានដែលឃើញពីអង្កាល់អ្នកដែលសម្លាប់បុត្រ មហេសី សេដ្ឋី គហបតី ព្រោះប្រាថ្នាស្ថាន សួគ៌នោះ”។ រំពេចនោះព្រះរាជា និងកណ្ឌហាលព្រាហ្មណ៍បានស្ទុះទៅស្រាយចំណងជនទាំងនោះ។ ជនទាំងនោះរួចពីចំណងហើយក៏នាំគ្នាយកដុំដីគប់កណ្ឌហាលព្រាហ្មណ៍រហូតដល់ស្លាប់ និងធ្វើពិធីរាជាភិសេក លើកស្វេតឆ័ត្រថ្វាយព្រះចន្ទកុមារ។ ព្រះចន្ទកុមារសោយរាជ្យប្រកបដោយធម៌ក្នុងការបរិច្ចាគទាន ដរាបដល់អវសាន្តនៃជីវិតទៅកើតក្នុងស្ថានសួគ៌ទេវលោក។
ជាចុងក្រោយព្រះពុទ្ធជាបរមសាស្ដាបានសម្ដែងថា៖ “កណ្ឌហាលព្រាហ្មណ៍កាលនោះគឺទេវទត្តនេះ ព្រះនាងគោត្តមីទេវីគឺព្រះនាងមហាមាយា ព្រះនាងចន្ទាទេវីគឺជាមាតានៃរាហ៊ុល វសុលរាជកុមារគឺជារាហ៊ុល សេលារាជកុមារីគឺនាងឧប្បលវណ្ណា សុរកុមារគឺជាអានន្ទ រាមគោត្តកុមារគឺកស្សប ភទ្ទសេនកុមារគឺមោគ្គល្លាន សុរិយកុមារគឺសារីបុត្រ ព្រះឥន្ទ្រគឺជាអនុរុទ្ធ បរិស័ទទាំងឡាយគឺបរិស័ទក្នុងកាលឥឡូវនេះ ឯព្រះចន្ទកុមារគឺជាអង្គអញតថាគតអរហន្តសម្មាសម្ពុទ្ធហ្នឹងឯងហោង”។
III. វិភាគតួអង្គសំខាន់ៗ
ក. រាយឈ្មោះ និងមុខងាររបស់តួអង្គ
១. ព្រះបាទឯករាជ ព្រះមហាក្សត្រនៃនគរបុប្ផវតី
២. កណ្ឌហាលព្រាហ្មណ៍ ជាមនុស្សជំនិតព្រះបាទឯករាជ
៣. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
៤. ព្រះមាតាព្រះបាទឯករាជ
៥. ព្រះវសវតី ព្រះបិតាព្រះបាទឯករាជ
៦. វសុលរាជកុមារ បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
៧. សេលារាជកុមារី បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
៨. ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាព្រះចន្ទកុមារ
៩. ព្រះនាងចន្ទាទេវី មហេសីព្រះចន្ទកុមារ
១០. ព្រះឥន្ទ្រាធិរាជ
១១. សុរិយកុមារ បុត្រព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
១២. ភទ្ទសេនកុមារ រាជបុត្រព្រះបាទឯករាជ
១៣. សុរកុមារ រាជបុត្រព្រះបាទឯករាជ
១៤. រាមគោត្តកុមារ
១៥. នាងឧបសេនា
១៦. នាងកោកិលា
១៧. នាងមិទិតា
១៨. នាងនន្ទា
១៩. ព្រះនាងវិជយា
២០. ព្រះនាងឯរាវតី
២១. ព្រះនាងកេសនី
២២. ព្រះនាងសុនន្ទា
២៣. អ្នកចាញ់ក្ដី
២៤. គហបតីបុណ្ណមុខ
២៥. គហបតីភទ្ទិយ
២៦. គហបតីលិង្គាល
២៧. គហបតីវឌ្ឍ
២៨. គោឧសភ
២៩. សេះអាជានេយ្យ
៣០. ពួកបរិស័ទ
៣១. សមណៈជីព្រាហ្មណ៍
ខ. វិភាគតួអង្គសំខាន់
១. ព្រះបាទឯករាជ
Ë គុណសម្បត្តិ
¬ ជាព្រះមហាក្សត្រនៃនគរបុប្ផវតី
¬ ជាបិតាដែលមានទឹកចិត្តអាណិតអាសូរ ស្រឡាញ់បុត្រ និងមហេសី
Ë គុណវិបត្តិ
¬ សេពគប់ជាមួយបុគ្គលអាក្រក់មានចិត្តពាលសាមាន្យដូចជាកណ្ឌហាលព្រាហ្មណ៍
¬ ជាមនុស្សងងឹតងងល់ឥតមានគំនិតត្រិះរិះពិចារណា ជាក់ស្ដែង ការបូជាបុត្រ មហេសី សេដ្ឋី គហ-បតី និងសត្វផ្សេងទាំងឡាយ គឺត្រូវបានមនុស្សជាច្រើនជាញាតិវង្សមានមាតាបិតា មហេសី បុត្រ ជាដើមយល់ច្បាស់ណាស់ថាជាទង្វើអាក្រក់នាំខ្លួនឲ្យធ្លាក់ទៅនរក ក៏ព្រះបាទឯករាជនេះនៅងងើលហាក់មិនបានយល់អ្វីទាល់តែសោះ
¬ ចង់ទៅកើតឯស្ថានសួគ៌ហួសហេតុ តែមិនយល់ថាអ្វីជាអំពើល្អ អ្វីជាអំពើអាក្រក់ហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាង
¬ ជាស្ដេចមិនប្រកបដោយទសពិធរាជធម៌ ដោយការធ្វើទុក្ខបុកម្នេញចំពោះញាតិវង្ស និងជនទាំងឡាយទំាងដែលមិនមានទោសសោះ
¬ មិនយល់ពីទុក្ខលំបាករបស់សាច់ញាតិអ្នកដែលត្រូវយកទៅបូជាយញ្ញ
¬ ជាមនុស្សអាត្មានិយមដើម្បីសម្រេចបំណងខ្លួនតែម្នាក់ឯងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ទោះជាការបៀតបៀនអាយុជីវិតនរណាក៏ដោយ
២. កណ្ឌហាលព្រាហ្មណ៍
Ë គុណសម្បត្តិ
¬ ជាមនុស្សជំនិតព្រះបាទឯករាជ
¬ ជាអ្នកប្រៀនប្រដៅនូវអត្ថ និងធម៌ក្នុងនគរបុប្ផវតី
¬ ស្រឡាញ់ខ្លួន និងក្រុមគ្រួសារខ្លួន
Ë គុណវិបត្តិ
¬ ជាមន្ត្រីពុករលួយ ស៊ីសំណូក លោភលន់ទ្រព្យសម្បតិ្ត
¬ ជាមនុស្សវង្វេងមិនដឹងខុសត្រូវ ក្នុងនាមជាអ្នកបង្រៀននូវអត្ថ និងធម៌តែបែរជាបង្រៀនគេឲ្យធ្វើអំពើជាអកុសលលាមក
¬ ជាមនុស្សរមិលគុណ មិនដឹងគុណូបការៈរបស់ចៅហ្វាយនាយ ដូចជាព្រះរាជាជាម្ចាស់ជីវិតបែរជាមានគំនិតចង់ប្រទូស្ដជាមួយទ្រង់ និងក្រុមគ្រួសារញាតិវង្សរបស់ព្រះអង្គ
¬ ស្រឡាញ់យសសក្ដិ លាភសក្ការៈ និងជាមនុស្សមានចិត្តចងអាឃាតជាប់ជានិច្ចពេលដែលត្រូវគេធ្វើឲ្យខាតបង់លាភសក្ការៈ
¬ ហ៊ានសម្លាប់ជីវិតមនុស្ស និងសត្វមិនមានកំហុស ដែលមិនធ្លាប់ប្រទូស្ដជាមួយខ្លួនដើម្បីតែការសង-សឹក ជាក់ស្ដែង កណ្ឌហាលព្រាហ្មណ៍នេះ ហ៊ានបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងសត្វជាច្រើនក៏ព្រោះដើម្បីបានសងសឹកនឹងចន្ទកុមារ។
៣. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
Ë គុណសម្បត្តិ
¬ ជាមហាឧបរាជនៃនគរបុប្ផវតី
¬ មានគតិយុត្ដិធម៌ក្នុងការវិនិច្ឆ័យក្ដី
¬ តម្កល់ចិត្តខន្តីជាប់ជានិច្ច ដោះស្រាយបញ្ហាដោយសន្ដិវិធី
¬ មានទឹកចិត្តសប្បុរស អាណិតអាសូរអ្នកទន់ខ្សោយ ស្រឡាញ់ការធ្វើទាន
¬ អង់អាចក្លាហានក្នុងបុព្វហេតុជាតិ
¬ ជាអ្នកមានបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ចេះលើកហេតុផលសមរម្យពន្យល់ដល់បិតា
¬ ជាព្រះរាជាល្អ ដឹកនាំប្រទេសឲ្យជួបនឹងសុខសន្ដិភាព
Ë គុណវិបត្តិ
¬ ទន់ជ្រាយ ចំពោះហេតុការណ៍ដែលកើតមានចំពោះមុខ
¬
ព្រមឲ្យគេយកទៅសម្លាប់ដោយមិនគិតពីទុក្ខសោករបស់មហេសី បុត្រ និងមាតា
៤. ព្រះមាតា និងព្រះបិតាព្រះបាទឯករាជ
Ë គុណសម្បត្តិ
¬ ជាអ្នកមានគំនិងវែងឆ្ងាយ ចេះដឹងថា អ្វីជាអំពើត្រឹមត្រូវនាំទៅកាន់ស្ថានសួគ៌ និងអ្វីជាអំពើមិនត្រឹមត្រូវនាំទៅកាន់នរក នេះមានន័យថា កាលទ្រង់ជាព្រះមហាក្សត្រសោយរាជ្យ ទ្រង់ពិតជាព្រះរាជាដ៏ល្អ
¬ ខិតខំណែនាំពន្យល់បុត្រឲ្យស្គាល់នូវអ្វីជាទង្វើល្អ អ្វីអាក្រក់
¬ ទោះជាដាក់រាជសម្បតិ្ត ក៏ទ្រង់នៅតែមានចិត្តខ្វល់ខ្វាយចំពោះសុខទុក្ខញាតិវង្ស មន្ត្រី ប្រជារាស្រ្តក៏ដូចជាព្រះនគរ
Ë គុណវិបត្តិ
¬ អសមត្ថភាពក្នុងការពន្យល់ណែនាំបុត្របង្កើតរបស់ខ្លួនឲ្យបញ្ឈប់អំពើអាក្រក់
៥. វសុលរាជកុមារ និងសេលារាជកុមារី
Ë គុណសម្បត្តិ
¬ ជាបុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
¬ ជាកូនដែលមានទឹកចិត្តក្លាហាន ហ៊ានស្លាប់ព្រោះស្រឡាញ់មាតាបិតា
¬ ជាក្មេងដែលមានបញ្ញាញាណខ្ពស់អាចដឹងអ្វីខុស អ្វីត្រូវ គឺមានបញ្ញាខ្ពស់ជាងព្រះបាទឯករាជជាអយ្យកោទៅទៀត
៦. ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាចន្ទកុមារ
Ë គុណសម្បត្តិ
¬ ជាមហេសីព្រះបាទឯករាជ និងជាមាតាចន្ទកុមារ
¬ ជាម្ដាយដែលមានទឹកចិត្តស្រឡាញ់កូន សុខចិត្តស្លាប់បើគេសម្លាប់កូន
Ë គុណវិបត្តិ
¬ ជាមនុស្សទន់ជ្រាយមិនចេះរកដំណោះស្រាយអ្វី ក្រៅពីការយកក្ដីស្លាប់មកដាក់ពីមុខ
៧. ព្រះនាងចន្ទាទេវី
Ë គុណសម្បត្តិ
¬ ជាមហេសីព្រះចន្ទកុមារ
¬ មានភក្ដីភាពយ៉ាងលើសលប់ចំពោះស្វាមី
¬ ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងសូម្បីជីវិតដើម្បីស្វាមី
¬ ជានារីមានទឹកចិត្តក្លាហាន ហ៊ានស្រែកដៀលត្មិះគូបដិបក្សដែលជាមនុស្សអាក្រក់ដោយគ្មានខ្លាចញញើត
¬ មានទឹកចិត្តបរិសុទ្ធក្នុងការបួងសួងរហូតធ្វើឲ្យព្រះឥន្ទ្រចុះមកអន្តរាគមន៍
Ë គុណវិបត្តិ
¬ មិនចេះគិតគូរវែងឆ្ងាយ ឆាប់ចុះចាញ់ស្ថានការណ៍ ប្រហារខ្លួនឯងដោយទន់ជ្រាយ
¬ ពុំបានរកមធ្យោបាយជួយស្វាមីដែលខ្លួនស្រឡាញ់បំផុតឲ្យរួចផុតការបូជា
¬ សុខចិត្តស្លាប់មិនគិតពីបុត្រដែលនៅរហង់
¬ មានជំនឿអរូបីជ្រុល
៨. ព្រះឥន្ទ្រាធិរាជ
Ë គុណសម្បត្តិ
¬ ជាស្ដេចទេវតាដែលមានយុត្តិធម៌ជួយគាំពារមនុស្សដែលសាងអំពើល្អ
¬ ចេះជួយឈឺឆ្អាលចំពោះមនុស្សលោកដែលកំពុងមានវិបត្តិ
¬ ជាតួអង្គតែមួយគត់ដែលអាចដោះស្រាយបញ្ហាក្នុងរឿងទាំងមូលបាន
IV.
សិក្សាអត្ថន័យ
១. ប្រធានរឿង
ប្រធានរឿងក្នុងរឿងចន្ទកុមារនេះ គឺ “ការបំពេញបារមី(ខន្តីបារមី)របស់ព្រះពោធិសត្វ”។
ប្រធានរឿងក្នុងរឿងចន្ទកុមារនេះ គឺ “ការបំពេញបារមី(ខន្តីបារមី)របស់ព្រះពោធិសត្វ”។
រឿង “ចន្ទកុមារជាតក”ជារឿងនៃជាតិទី៧
ក្នុងជាតិចុងក្រោយទាំង១០របស់ព្រះពុទ្ធសមណគោតមដែលបានរៀបរាប់ពីដំណើរជីវិតរបស់ព្រះពោធិសត្វក្នុងការកសាង និងសន្សំបារមីដើម្បីការត្រាស់ដឹង។
២. មូលបញ្ហារឿង
មូលបញ្ហាក្នុងរឿងនេះគឺ និយាយពីទំនាស់ដែលកើតចេញពីការគុំគួន តាមព្យាបាទព្រះចន្ទកុមាររបស់កណ្ឌហាលព្រាហ្មណ៍។
នៅក្នុងដំណើររឿងនេះ បានរៀបរាប់ពីការចង់បានរបស់ព្រះបាទឯករាជាព្រះបិតារបស់ចន្ទកុមារដែលចង់ទៅកើតនៅស្ថានសួគ៌ទើបប្រឹក្សាជាមួយកណ្ឌហាលព្រាហ្មណ៍។ កណ្ឌហាលព្រាហ្មណ៍ជាមនុស្សអាក្រក់អន្ធពាល ដែលមានចិត្តគុំគួនជាមួយព្រះចន្ទកុមារបរមពោធិសត្វដោយសារទំនាស់កន្លងមក គឺថាកណ្ឌហាលព្រាហ្មណ៍នេះ ពីមុនត្រូវព្រះរាជាតែងតាំងជាអ្នកទទួលកាត់ក្ដីក្នុងរឿងវិវាទឲ្យប្រជានុរាស្រ្ត ដោយចិត្តលោភព្រាហ្មណ៍នេះតែងតែទទួលសំណូកសូកប៉ាន់ពីគេ ហើយកាត់ក្ដីមួលបង្កាច់ឲ្យអាក្រក់ទៅជាល្អ សជាខ្មៅ ម្ចាស់ទៅជាចោរ ឯចោរទៅជាម្ចាស់ទៅវិញ។ ក្រោយមកប្រជារាស្រ្តស្លូតត្រង់ដែលចាញ់ក្ដីបានទៅប្ដឹងព្រះចន្ទកុមារ ទ្រង់ក៏សើរើកាត់ក្ដីជាថ្មីដោយយុត្តិធម៌។ ព្រះរាជាទ្រង់ជ្រាបរឿងនេះ ក៏ដកសេចក្ដីទុកចិត្តពីកណ្ឌហាលព្រាហ្មណ៍ ដែលធ្វើឲ្យព្រាហ្មណ៍ទទួលការខាតបង់លាភសក្ការៈ។ ការណ៍នេះហើយដែលនាំឲ្យកណ្ឌហាលព្រាហ្មណ៍អន្ធពាលមានចិត្តគុំគួនខ្លាំងជាមួយចន្ទកុមារ ។
ដោយសារបានឳកាសសម្រាប់ការសងសឹកជាមួយចន្ទកុមារ កណ្ឌហាលព្រាហ្មណ៍បានទូលព្រះរាជាទាំងទោសាគតិថា“សូមឲ្យព្រះអង្គធ្វើទានដ៏ក្រៃលែងគឺសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់”។ ការទូលបែបនេះគឺដើម្បីឲ្យព្រះរាជាសម្លាប់ព្រះចន្ទកុមារតែម្ដង។
៣. ឧត្ដមគតិរឿង
ជាការពិតណាស់ រឿង “ចន្ទកុមារ” ស្ថិតក្នុងចលនាពុទ្ធនិយមដែលចង់បង្ហាញនូវការអប់រំដ៏ជ្រាលជ្រៅដល់មនុស្សឲ្យចេះប្រើធម៌ខន្តីក្នុងការដោះស្រាយបញ្ហាដើម្បីសម្រេចបានជោគជ័យ។
-មួយវិញទៀត រឿងនេះបានចូលរួមបង្ហាញទស្សនៈកម្មពៀរដែលជាទ្រឹស្ដីសំខាន់របស់ព្រះពុទ្ធសាស-នាគឺថាបុគ្គលណាបានប្រព្រឹត្តអី្វតែងតែបានទទួលផលចំពោះទង្វើរបស់ខ្លួន ជាក់ស្ដែង កណ្ឌហាលព្រាហ្មណ៍ដែលជាមនុស្សចិត្តបាបមានគំនិតប្រទូស្ដជាមួយមនុស្សល្អមានគុណធម៌យ៉ាងប្រសើរ ចុងបញ្ចប់ត្រូវគេគប់នឹងដុំដីរហូតដល់ស្លាប់ ហើយថែមទាំងទៅសោយទុក្ខនៅនរកទៀត។ ចំណុចនេះធ្វើឲ្យមនុស្សមានទឹកចិត្តប្រព្រឹត្តអី្វដែលវៀរចាកអកុសល ពោលគឺធ្វើតែអំពើល្អជាកុសលដែលជាកត្តានំាមកនូវសន្ដិភាព សាមគ្គីភាព ភាតរភាព សណ្ដាប់ធ្នាប់ និងភាពរីកចម្រើនរុងរឿងដល់សង្គមជាតិ។
-ម្យ៉ាងទៀតបុគ្គលជាចៅក្រមដែលមានការវិនិច្ឆ័យក្ដីប្រកបដោយសុគតិ យុត្តិធម៌នោះ រមែងទទួលនូវការគាំទ្រ កោតសរសើរនិងគោរពស្រឡាញ់ពីអ្នកដទៃ។ ផ្ទុយទៅវិញបុគ្គលជាចៅក្រមដែលកាត់ក្ដីប្រកបដោយលោភាគតិ គឺកាត់ក្ដីដោយអយុត្តិធម៌ព្រោះតែលាភសក្ការៈនោះតែងតែទទួលនូវការស្អប់ខ្ពើមពីមនុស្សទូទៅ ចៀសមិនផុតត្រូវទទួលការបាត់បង់តំណែងថែមទៀត។
-លើសពីនេះរឿងនេះអប់រំមនុស្សថា មុននឹងធ្វើអ្វីមួយត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់ និងត្រឹមត្រូវជាមុនសិន ជាពិសេសគឺកុំសេពគប់នឹងបុគ្គលពាលព្រោះបុគ្គលជំពូកនេះតែងនាំខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទៅរកសេចក្ដីវិនាសជាក់ជាពុំខាន។ ឧទាហរណ៍ ព្រះបាទឯករាជដែលទៅភប់ប្រសព្វរាប់អានបុគ្គលពាលដូចជាកណ្ឌហាលព្រាហ្មណ៍ វិះតែនឹងធ្វើឲ្យក្រុមគ្រួសាររាជវង្សានុវង្ស និងប្រជារាស្រ្ដទូទាំងនគរមានអន្ដរាយ នេះក៏ដោយសារការសេពគប់បុគ្គលពាលទាំងងងឹតងងល់ដែរ។
-ជាចុងក្រោយរឿងនេះអប់រំយើងឲ្យចេះអត់ធ្មត់ ទប់ទល់ចំពោះកំហឹង ប្រើធម៌អហិង្សាក្នុងការដោះ-ស្រាយបញ្ហា នោះទើបជាជោគជ័យពិតប្រាកដជាជោគជ័យដែលមានន័យយ៉ាងទូលាយសម្រាប់មនុស្សជាតិ។ជាក់ស្ដែងការដែលព្រះចន្ទកុមារអង្វរព្រះរាជាដោយសុខចិត្តធ្វើជាទាសៈកណ្ឌហាល ឬដើរសុំទានគេ។ តាមរយៈទង្វើរបស់ព្រះចន្ទកុមារនេះ យើងអាចយកមកធ្វើជាគំរូមួយដ៏ល្អ សម្រាប់យកមកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
៤. បញ្ហាទំនាស់ និងដំណោះស្រាយ
នៅក្នុងរឿង “ចន្ទកុមារ” គេសង្កេតឃើញថា មានទំនាស់តូចៗជាច្រើនដែលជាបច្ច័យឈានទៅដល់ទំនាស់ធំរួចក៏ឈានដល់ដំណោះស្រាយជាចុងក្រោយ។ ទំនាស់ទំាងអស់បានផ្ដួចឡើងជារឿងតាមដំណាក់ៗដូចតទៅ៖
—
ទី១៖ ការចងគំនុំរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះព្រះចន្ទកុមារ
ទំនាស់ផ្ដើមចេញដំបូងគឺដោយសារតែកណ្ឌហាលព្រាហ្មណ៍ជាបុគ្គលមានចិត្តលោភ ប្រព្រឹត្តទុច្ចរិត ស៊ីសំណូករួចវិនិច្ឆ័យដោយអយុត្តិធម៌។ ដោយមូលហេតុនេះ ធ្វើឲ្យអ្នកចាញ់ក្ដីមានសេចក្ដីក្ដៅក្រហាយ និងបានទូលរឿងរ៉ាវដល់ព្រះចន្ទកុមារ ទ្រង់ក៏វិនិច្ឆ័យរឿងក្ដីសារជាថ្មី។ កណ្ឌហាល ត្រូវបាត់បង់មុខតំណែង និង លាភសក្ការៈ ក៏ចេះតែមានចិត្តគុំគួនគួចចង់សងសឹកនឹងព្រះចន្ទកុមារជានិច្ច។
ឧទាហរណ៍៖ “កណ្ឌហាលព្រាហ្មណ៍នោះកាន់តំណែងខាងការវិនិច្ឆ័យផង គាត់តែងស៊ីសំណូកធ្វើម្ចាស់ឲ្យមិនមែនជាម្ចាស់វិញ..........ផលអាក្រក់របស់កណ្ឌហាលព្រាហ្មណ៍ក៏ដាច់រលត់ទៅ បានជាព្រាហ្មណ៍កើតក្ដីមួម៉ៅគិតផ្ដន្ទាព្រះចន្ទកុមារ”។ (សង្ខេបទសជាតក ទំ.១៩៣-១៩៤)
—
ទី២៖ បញ្ហាការសុបិនរបស់ព្រះបាទឯករាជ
ព្រះបាទឯករាជទ្រង់សុបិននិមិត្តឃើញឋានត្រៃត្រឹង្ស ក៏មានព្រះទ័យចង់ទៅកើតសោយសុខនាស្ថាននោះ។ ព្រះអង្គទ្រង់ទៅពិភាក្សាជាមួយកណ្ឌហាលព្រាហ្មណ៍ ពីរឿងថា តើត្រូវធ្វើយ៉ាងណាដើម្បីបានទៅកើតនៅស្ថានសួគ៌។ ជាឳកាសល្អសម្រាប់ការសងសឹក កណ្ឌហាលព្រាហ្មណ៍ដែលជាមនុស្សអន្ធពាលឥតដឹងការណ៍អ្វីសោះ ក៏ទូលថ្វាយព្រះបាទឯករាជដោយមោហៈ និងទោសៈឲ្យទ្រង់ធ្វើនូវទានក៏ក្រៃលែងគឺការសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់។ ការទូលបែបនេះ កណ្ឌហាលព្រាហ្មណ៍មានគោលបំណងធំមួយគត់ គឺដើម្បីឲ្យព្រះរាជាសម្លាប់ព្រះចន្ទកុមារ។
ឧទាហរណ៍នៅក្នុងរឿង៖
“ថ្ងៃមួយទ្រង់សុបិននិមិត្តថាៈ បានទៅឃើញឋានត្រៃត្រឹង្ស........ទើបសួរកណ្ឌហាលព្រាហ្មណ៍ថា ខ្ញុំត្រូវធ្វើបុណ្យដូចម្តេចដើម្បីនឹងបានទៅកើតឯស្ថានត្រៃត្រឹង្ស?” (សង្ខេបទសជាតក ទំ.១៩៤-១៩៥)
“ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ
សូមទ្រង់ព្រះមេត្តាប្រោស
ជនទាំងឡាយឲ្យទានដ៏ក្រៃលែង
សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតនៅឋានសួគ៌”។ (សង្ខេបទសជាតក
ទំ.១៩៥)
—
ទី៣៖ បញ្ហាការបូជាយញ្ញរបស់ព្រះបាទឯករាជ
ដោយសារជាមនុស្សល្ងង់អាប់ប្រាជ្ញា ព្រះបាទឯករាជក៏ទទួលជឿតាមពាក្យមុសាផ្ដេសផ្ដាសប្រកបដោយគំនិតយ៉ាងអាក្រក់របស់កណ្ឌហាលព្រាហ្មណ៍ ប្រៀបដូចជាមនុស្សដែលវង្វេងផ្លូវមួយសប្ដាហ៍ទៅសួររកផ្លូវចំមនុស្សដែលវង្វេងផ្លូវកន្លះខែដូច្នោះ។ ដើម្បីបានទៅកើតនាស្ថានត្រៃត្រឹង្ស ព្រះអង្គសុខចិត្តបញ្ជាឲ្យគេសម្លាប់ បុត្រ មហេសី សេដ្ឋី គោឧសភរាជ សេះជា អាជានេយ្យ ដំរីរាជ គឺចំនួន៤ៗក្នុងមួយមុខ។ ដំណាក់កាលនេះព្រះចន្ទកុមារកំពុងជួបបញ្ហាព្រោះនឹងត្រូវគេយកទៅបូជាយញ្ញជាមួយមនុស្ស និងសត្វជាច្រើនទៀត។ ដំណើររឿងកាន់តែតានតឹងឡើងជាលំដាប់។ ព្រះរាជកុមារព្រះចន្ទកុមារទ្រង់ព្យាយាមដោះស្រាយបញ្ហាដែលកើតឡើងចំពោះមុខដោយចិត្តខន្តី។ ព្រះចន្ទកុមារបានទូលអង្វរ ដល់ព្រះរាជាជាបិតាដោយសុខចិត្តធ្វើជាទាសៈរបស់កណ្ឌហាលព្រាហ្មណ៍ ឬត្រូវនិរទេសពីនគរ ទ្រង់សុខចិត្តដើរ សុំទានគេចិញ្ចឹមជីវិត។ ក្នុងនាមជាមហាឧបរាជដែលមានអំណាចសុខចិត្តបន្ទាបខ្លួនធ្វើជាទាសៈមនុស្សអាក្រក់ដូចកណ្ឌហាលព្រាហ្មណ៍ នេះ សបញ្ជាក់ថាព្រះចន្ទកុមារមានចិត្តអំណត់ អត់ធ្មត់ខ្លាំងណាស់ដើម្បីទប់ទល់នឹងបញ្ហា។ ទោះបីជាការអង្វរកររបស់ព្រះចន្ទកុមារធ្វើឲ្យបិតាទ្រង់មានចិត្តអាណិត និងបញ្ជាឲ្យបញ្ឈប់យញ្ញពិធីពិតមែន ប៉ុន្តែ ព្រាហ្មណ៍-កណ្ឌហាលនៅតែទទូចតវ៉ាឲ្យព្រះបាទឯករាជបន្តការបូជាយញ្ញដដែល។ ព្រះចន្ទកុមារមិនព្រមចុះចាញ់នៅតែព្យាយាមពន្យល់ព្រះបិតាដោយលើកយកហេតុផលជាច្រើន ថាទង្វើបែបនេះមិនមែនជាដំណើរទៅសួគ៌លោកទេ តែជាដំណើរទៅកាន់នរកដោយពិតប្រាកដ។ ឯកណ្ឌហាលក៏នៅតែតវ៉ាដូចមុនដដែលៗទៀត។ ទំនាស់កាន់តែតានតឹងដោយព្រះនាងចន្ទាទេវីសម្រេចចិត្តសម្លាប់ខ្លួនតាមព្រះចន្ទកុមារជាស្វាមី និងបួងសួងសូមឲ្យពួកអមនុស្ស ទេវតាជួយថែរក្សាព្រះនាង និងស្វាមីផង។
ឧទាហរណ៍៖ “ព្រះមាតានៃព្រះបាទឯករាជ និងព្រះបាទវសវតីជាព្រះបិតាទ្រង់ឃាត់ថាៈ ម្នាលកូន! អ្នកកុំជឿកណ្ឌហាលព្រាហ្មណ៍........ផ្លូវហ្នឹងជាផ្លូវទៅកាន់នរកទេកូន”។ (ទំ.១៩៧)
“ព្រះចន្ទកុមារអង្វរថាៈ បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំឡើយ សូមព្រះអង្គរាជទានទូលបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ ..........ទូលបង្គំជាខ្ញុំទាំងឡាយសុខចិត្តដើរសុំទានគេចិញ្ចឹមជីវិតដែរ”។ (ទំ.១៩៨)
—
ដំណោះស្រាយបញ្ហាដោយអន្តរាគមន៍របស់ព្រះឥន្ទ្រាធិរាជ
ខណៈដែលទំនាស់ចេះតែតានតឹង និងឈានដល់កម្រិតកំពូលហើយនោះ ដំណោះស្រាយចុងក្រោយនៃដំណើររឿងគឺមានការជួយអន្តរាគមន៍ពីព្រះឥន្ទ្រាធិរាជ។ ក្រោយពីទ្រង់ព្រះសណ្ដាប់ពាក្យរបស់ព្រះនាង-ចន្ទាទេវីរួចមក សក្កទេវរាជទ្រង់គ្រវីដំបងដែកស្រែកគម្រាមដល់ព្រះបាទឯករាជ កុំឲ្យសម្លាប់ជីវិតព្រះចន្ទកុមារដែលជាមនុស្សប្រកបដោយគុណធម៌យ៉ាងវិសេសឲ្យសោះ។ វត្តមានរបស់ព្រះឥន្ទ្រាធិរាជ បានធ្វើឲ្យព្រះរាជា និងកណ្ឌហាលមានការភិតភ័យយ៉ាងខ្លាំង ហើយទ្រង់បានចេញបញ្ជាយ៉ាងប្រញាប់ឲ្យគេដោះលែងព្រះចន្ទ-កុមារ ជនទាំងឡាយ និងសត្វទាំងឡាយ។ ចំណែកកណ្ឌហាលព្រាហ្មណ៍ត្រូវមនុស្សទាំងឡាយគប់នឹងដុំដី ដល់នូវមរណាទៅសោយទុក្ខនៅនរក។ ព្រះចន្ទកុមារត្រូវបានអភិសេកដោយមានសក្កទេវរាជ និងទេវបរិស័ទ ទេពកញ្ញា សម្ដែងសេចក្ដីអបអរពាសពេញអាកាស។ ព្រះចន្ទកុមារសោយរាជសម្បត្តិប្រកបដោយធម៌ ត្រេកអរក្នុងការបរិច្ចាគទាន លុះអវសាន្តជីវិតបានទៅកើតនៅស្ថានសួគ៌។
ឧទាហរណ៍៖ “ព្រះឥន្ទ្រាធិរាជ ទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯក-រាជថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក ចូរឯងដឹងចុះកុំឲ្យអញសំពងក្បាលទាន់! ឯងកុំសម្លាប់បុត្រច្បង ដែលជាអ្នកអង់អាចដូចរាជសីហ៍ ឥតសេចក្ដីប្រទូស្ដ!.......ក៏ស្ទុះទៅស្រាយចំណងពីជនទាំងឡាយមួយរំពេច”។
(ទំ.២០៣)
0 comments:
Post a Comment