III. សិក្សាអត្ថរូប “រឿងតេជោយ៉ត”
អត្ថរូប គឺមកពីពាក្យ អត្ថ និង រូប បានសេចក្តីថា
ទម្រង់ដ៏មានខ្លឹមសារ ឬទម្រង់បែបផែនដ៏សំខាន់នៃការរៀបរៀង ចងក្រងនិពន្ធ តែងអត្ថបទ
([1]) ។
អត្ថរូប ជាលក្ខណៈពិសេសរបស់អក្សរសិល្ប៍ និងធ្វើឲ្យអក្សរសិល្ប៍ មានលក្ខណៈខុសប្លែកពីមុខវិជ្ជាដទៃទៀតដោយសារសិល្ប៍វិធី
([2]) ។
អត្ថរូបនៅក្នុងរឿង “តេជោយ៉ត” គឺ ៖
១. វចនវិធី
វចនវិធី គឺជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទ ។
- ពាក្យសាមញ្ញៈ
គឺជាភាសាដែលប្រើក្នុងការទំនាក់ទំនងទូទៅ នៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជាៈ បង
ប្អូនថ្លៃ ជួប ស្រលាញ់ ជំរាបសួរ រាប់អាន រៀបចំ ទឹកដី ...។
- ពាក្យវប្បធម៌ៈ
ឧទ្យាន គន្ធា ចុតហ្មាយ
នារីបញ្ចពិធកល្យាណី ប្រសាសន៍ ...។
- ពាក្យរាជស័ព្ទៈ
យាង ថ្វាយ ព្រះករុណា ព្រះក្រយា សោយ បិតា
សុគត ភ្នួងកេសា ព្រះរាជ្យទ្រព្យ ឡាយព្រះហស្ថលេខា
ព្រះរាជបដសិណ្ឋារកិច្ច ...។
- ពាក្យរដ្ឋបាលៈ គឺជាពាក្យប្រើក្នុងលក្ខណៈផ្លូវការដូចជា ៖
ឧកញ៉ា លោកជំទាវ មេទ័ព
សារសម្ងាត់
ទាហាន មន្ត្រី ដាវអាជ្ញាសឹក ហត្ថលេខា ស្មៀន អាមាត្រ ...។
-
ពាក្យកម្ចីៈ
កម្ចីបាលី សំស្ក្រឹតៈកេណ្ឌ ស្មោះស្មគ្រ័
អនិច្ចកម្ម យុទ្ធជន សមរភូមិ មត៌ក
ប្រារឰ ជោគជ័យ សម្បត្តិ
វង្សក្សត្រ ...។
កម្ចីពីបរទេសៈ អាវកម្ញី អាវផាយ
ប៉ាក់ឌិន ។
២. សន្ទេហវិធី សន្ទេហវិធី គឺជាវិធីដែលកវី ឬក៏អ្នកតែងនិពន្ធធ្វើឲ្យអ្នកអានចង់តាមដាន ចង់ដឹងហើយចង់ដឹងទៀតអំពីបញ្ហាអ្វីមួយ
ដែលកំពុងចោទនៅក្នុងដំណើររឿង។ ស្នាដៃអក្សរសិល្ប៍ សិល្បៈដែលមានតម្លៃត្រូវបានអ្នកអាននិយមចូលចិត្ត
គឺស្នាដៃទាំងទ្បាយណា ដែលអ្នកនិពន្ធពូកែបញ្ចូលសន្ទេហវិធីនៅក្នុងស្នាដៃនោះ ។
ឧទាហរណ៍
- ជំទាវស្រែន្យ បានរៀបចំគម្រោង កម្ចាត់ស្តេចសម្រែ តើនាងមានផែនការយ៉ាងណា?
ជំទាវស្រែន្យៈ បង! អោនត្រចៀកមក
អូនខ្សឹបប្រាប់ណា...(ទំព័រ២៩)
- តេជោយ៉តបានបញ្ជាឲ្យពលទ័ព កាប់ឫស្សីដើម្បីសង់បន្ទាយ តែហាមមិនឲ្យពលទ័ពអូសឫស្សីពីគល់ទេ
គឺត្រូវ អូសបញ្ច្រាស់ចុង។ តើលោកមេទ័ពកំពុងតែគិតពីអ្វី បានជាបញ្ជាបែបនេះ?(ទំព័រ៦៩)
៣. បដិវិធី
បដិវិធី គឺជាវិធីមួយ ដែលអ្ននិពន្ធបានប្រើវិធីផ្ទុយគ្នាសម្រាប់បញ្ជាក់ពីលក្ខណៈរបស់តួអង្គ
ជួនកាលមានរូបកាយល្អ តែចិត្តអាក្រក់ ជួនកាលមានរូបកាយអាក្រក់ តែចិត្តល្អ ។
ឧទាហរណ៍១
-តេជោយ៉តៈ ....លុះដល់ចេះវិជ្ជាខ្លាំងពូកែហើយអ្នកឯង មិនយកសមត្ថភាពរបស់ខ្លួនមកបម្រើជាតិ
បែរជាបង្កចលនា បំបះបំបោរបង្កើតទ័ព ហើយប្រកាសខ្លួនជាស្តេចសម្រែរាជាធិរាជ បណ្តាលឲ្យមានអសន្តិសុខក្នុងនគរ។ (ទំព័រ ២៣)
ឧទាហរណ៍២
-ជំទាវស្រែន្យៈ ....(និយាយ) ហ៊ឺ! យ៉តជាបុរសមានឧត្តមគតិស្នេហាជាតិ
និងមានលក្ខណៈសម្បត្តិថ្លៃថ្នូរដូចស្វាមីខ្ញុំគ្រប់យ៉ាងទាំងអស់
ប៉ុន្តែគេជាអតីតបាវបម្រើ ដូច្នេះបើរៀបការជាមួយច្បាស់ជាអ្នកផង
សើចនិន្ទាខ្ទរខ្ទារពេញនគរមិនខាន ។ (ទំព័រ១០០)
៤. សំវាទវិធី
សំវាទវិធី គឺជាវិធីដែលអ្នកនិពន្ធ កវីធ្វើឲ្យតួអង្គចាប់ពី ពីរនាក់ឡើងទៅ
សន្ទនាឆ្លើយឆ្លងគ្នាអំពីបញ្ហាអ្វីមួយ ។
សំវាទវិធី ជាផ្នែកនៃសំណេររបស់អ្នកនិពន្ធ ដែលសរសេរនៅក្នុងអព្ភន្តរសញ្ញា(” “)។ អ្នកនិពន្ធរបស់ខ្មែរយើង ច្រើនសរសេរការសន្ទនានេះ
ជាសញ្ញាគូសមួយ(-) ពុំដាក់នៅក្នុងអព្ភន្តរសញ្ញាទេ
។
នៅក្នុងរឿងល្ខោន សំវាទវិធី ជាលក្ខណៈសំខាន់ក្នុងការពណ៌នារបស់អ្នកនិពន្ធ
ពុំបានសរសេរនៅក្នុងអព្ភន្តរសញ្ញាទេ ([3])។
ឧទាហរណ៍ៈ ឆាកទី៤ (ទំព័រ ២៧-២៩)
-
ជំទាវស្រែន្យៈ
ឮ បង! ហេតុអ្វីតាំងពីមកពីធ្វើសឹកជាមួយស្តេចសម្រែវិញ បងចេះតែអង្គុយ
សញ្ជប់សញ្ជឹង មិននិយាយស្តីដូចនេះ បងកើតទុក្ខកង្វល់អីហ្នឹង?
- តេជោមាសៈ ស្រែន្យ ! អូន
- ជំទាវស្រែន្យៈ ចាស៎ !
៥. ឯកវាទវិធី
ឯកវាទវិធី គឺជាវិធីដែលគេធ្វើឲ្យតួអង្គមួយ ដែលទទួលរងទុក្ខទោស មានការឈឺចាប់ក្នុងខ្លួន ឬវិប្បដិសារីអំពីរឿងអ្វីមួយ
ដោយមានការនិយាយរំឮកអំពីហេតុភេទឬរឿងរបស់ខ្លួនតែម្នាក់ឯង ។
ឧទាហរណ៍១
-ម៉ឺនចៃចុងរ៉ាក់ៈ មានងារជាម៉ឺនចៃចុងរ៉ាក់ ឪពុកខ្ញុំជាអ្នកមានមុខមាត់ណាស់
ក្នុងខេត្តលង្វែកនេះ។ (ច្រៀង)នឹកឡើងក្តៅចិត្ត ឥតឧបមា នឹងបទអាជ្ញាៗ ចាប់កំណែនពល
ធ្លាប់តែសប្បាយ ឥតមានខ្វាយខ្វល់ ឥឡូវធ្លាក់ដល់ៗ ចូលធ្វើកងទ័ព។ (ទំព័រ ៦៥)
ឧទាហរណ៍២
-នាងម៉ៃៈ....! ខ្ញុំពិបាកចិត្តណាស់(ច្រៀង) ចិត្តអឺយ ចិត្តខ្ញុំអឺយ
កើតទុក្ខម៉្លេះទេ អឹយ លួចស្រលាញ់ គេអឺយ គេមិនមេត្តា អឹយ...រូបស្អាតសោភា អឺយដូចទេពកញ្ញាអឺយ... អភ័ព្វ ស្នេហាប្រុស មិនព្រមស្ម័គ្រ ...។ (ទំព័រ៥៣)
៦. ឧបមាណវិធី
ឧបមាណវិធី គឺជាវិធីមួយដែលអ្នកនិពន្ធបានធ្វើការប្រៀបធៀបតួអង្គ
ឬសកម្មភាពនៅក្នុងដំណើររឿង ដើម្បីរំលេចនូវជីវរូបារម្មណ៍ ឬមនោរម្មណ៍ ។
ឧទាហរណ៍
- ជិវិតខ្ញុំ
ដូចចករសាត់ (ទំព័រ៥០)
- ជំទាវប៉ិនប្រសប់តុបតែង
ទីលំនៅស្អាតរុងរឿង ប្រៀបបាននឹងវាំងស្តេច ។ (ទំព័រ៣៩)
- អង្គអញជាស្តេច
ត្រូវមានមហេសី (២ដង)
រូបស្អាតប្រិមប្រិយ ដូចទេពកញ្ញា ។ (ទំព័រ៣០)
៧. បំរៀបន័យរូបារម្មណ៍
ឬជីវរូបារម្មណ៍
បំរៀបន័យរូបារម្មណ៍ គឺជារូបារម្មណ៍មួយ
ដែលកវីធ្វើឲ្យវត្ថុមួយគ្មានញាណ
គ្មានជីវិត គ្មានចលនា ទៅជាមានញាណ មានជីវិត និងមានចេតនា ។
ឧទាហរណ៍
- ពេលថ្ងៃគងភ្នំ
- បុប្ផាបដិវត្ត
៨. រូបារូបីយារម្មណ៍
រូបារូបីយារម្មណ៍ គឺជារូបារម្មណ៍
ដែលទាក់ទងនឹងឥន្ទ្រីយារម្មណ៍ ទាំងប្រាំរបស់មនុស្ស ។
រូបារូបីយារម្មណ៍ នៅក្នុងសាច់រឿងមាន ៖
ក. ចក្ខុរូបារម្មណ៍
ចក្ខុរូបារម្មណ៍ គឺជារូបារម្មណ៍មួយហាក់ដូចជា មើលឃើញនឹងភ្នែក ។
ឧទាហរណ៍១
-ក្រុមស្រីបម្រើច្រៀងៈ ម្ចាស់អើយ គន់មើល អឺ...អឺង... អឺ... អឺង...អើយផ្កាក្នុងឧទ្យាន កន្លង់បំពាន អឺ
អឺង ក្រេបរុះលំអង អើយលំអង។ (ទំព័រ៣៣)
+ការរៀបរាប់
ពីទេសភាពដែល ក្រុមស្រីបម្រើបានឃើញជាក់នឹងភ្នែក ។
ឧទាហរណ៍២
-ជំទាវស្រែន្យៈ យី! បុណ្យគេអធឹកអធមណាស់ហ្ន៎
មនុស្សច្រើន អ៊ូអរ សប្បាយមែន ។ នែ៎! ឯងមើលជាងណានេះ ចេះឆ្លាក់រូបសំណាក ដូចប្តីខ្ញុំបេះបិទហ្ន៎ ! (ទំព័រ១០១)
+ជំទាវបានពណ៌នាពីទិដ្ឋភាពក្នុងពិធីបុណ្យរបស់តេជោយ៉ត
ដែលលោកជំទាវបានឃើញ បានចូលរួម ។
ខ. កាយរូបារម្មណ៍
កាយរូបារម្មណ៍ គឺជារូបារម្មណ៍មួយ
ដែលយើងហាក់បានប៉ះ ឬកាន់ដោយផ្ទាល់តាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ
ដែលកវីនិពន្ធបានរៀបរាប់ឲ្យមនុស្សយើងរំភើបតាមរយៈកាយឥន្ទ្រីយ៍ ។
ឧទាហរណ៍
-ឧកញ៉ាពិភាៈ ព្រះករុណា ថ្លៃវិសេស
ក៏ប៉ុន្តែមិនទាន់មានកូនមួយសោះ។ ឯចំណែករូបទៀតនែ៎ សាច់ក៏ល្អស្អាតលើស
ស្រីក្រមុំព្រហ្មចារីយ ដែលទើបចេញពីម្លប់ទៀតណា៎ព្រះអង្គ។ (ទំព័រ៣២ )
+លោកឧកញ៉ាពិភា
បាននិយាយពីរូបសម្បត្តិ ដ៏ល្អឥតខ្ចោះរបស់ជំទាវស្រែន្យ ប្រាប់ស្តេច
សម្រែ ។
គ. កាមរូបារណ៍
កាមរូបារម្មណ៍ គឺជារូបារម្មណ៍មួយ ដែលធ្វើឲ្យអ្នកអានស្រើបស្រាល ព្រឺព្រួចក្នុងកាមគុណ ។
ឧទាហរណ៍១
-ស្តេចសម្រែៈ... លឺឈ្មោះនាងស្រែន្យ ចាប់ផ្តើមស្នេហា ចង់បានកន្និដ្ឋា រួមរ័ក្សមេត្រី...។ (ទំព័រ៣០)
ឧទាហរណ៍២
-តេជោមាសៈ ទេ! បងស្រលាញ់អូនស្មោះមែនណា៎!
-ជំទាវស្រែនៈ ដឹងស្អី ទេបងប្រលែងទាំងថ្ងៃអញ្ចឹង !(ទំព័រ៤៥ )
ឃ. ឃាន និងជីវ្ហារូបារម្មណ៍
ឃាន
និងជីវ្ហារូបារម្មណ៍
គឺជារូបារម្មណ៍មានកំណើតមកពីក្លិន ហើយនិងរសជាតិ ដែលអ្នកនិពន្ធយកមកប្រើសម្រាប់
ធ្វើជាសញ្ញារំឮកឲ្យនឹកឃើញនូវវត្ថុ
ភេទ និង ចិត្ត ដែលទាក់ទងទៅនឹងឃាន និងជីវ្ហានោះឯង ។
ឧទាហរណ៍
-ស្តេចសម្រែៈ....យី ! ព្រះក្រយាស្ងោយ
ក៏មានឱជារសក្រអូបឈ្ងុយឈ្ងប់។ អូនែ៎! ស្រាក៏ឆ្ងាញ់ ។ យី ! គ្រប់សព្វទាំងអស់
ជំទាវហ៊ឹះ ! ហ៊ឹះ (ទំព័រ៣៩)
ង. មនោរូបារម្មណ៍
មនោរូបារម្មណ៍ ជារូបារម្មណ៍ដែលកើតឡើងដោយសារបញ្ញាញាណ ដោយការត្រិះរិះ ពិចារណា ។
ឧទាហរណ៍១
-ជំទាវស្រែន្យៈ ហ៊ឺ! ពិបាកចិត្តណាស់! យ៉តពឹងពាក់ចាស់ទុំ
ឲ្យចូលមកស្តីដណ្តឹងខ្ញុំពីរ
បីសារទៅហើយ។ យី! គិត យ៉ាងម៉េចអីចេះ! ខ្ញុំដូចជាពុំយល់សោះ។ គិតមិនលេចសោះ។ (ទំព័រ១០០)
ឧទាហរណ៍២
-យ៉តៈ លោកគ្រូ យើងបរាជ័យ ព្រោះយើងមានទ័ពតិចជាងសត្រូវ
ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីចៅមឿងគោកសេះ និង ចៅមឿង
កំពង់ហៅមិនលើកទ័ពមកតាមបញ្ជាលោកគ្រូសោះ ឬមួយសំបុត្រសម្ងាត់នោះ មិនបានដល់ដៃគាត់។ (ទំព័រ២៥)
ច. ចេតនារូបារម្មណ៏
ចេតនារូបារម្មណ៍ គឺជារូបារម្មណ៍
ដែលកើតឡើងពីកវីចេះបំផុស សញ្ចោតនាទុក្ខព្រួយ សប្បាយរីករាយ កំហឹង ការឈឺចាប់
ក្តីស្រលាញ់ ។
ឧទាហរណ៍១
-យ៉តៈ ....។ យ៉តខ្ញុំនេះជាកូនជនជាតិភាគតិច កំព្រាឪពុកម្តាយ ដើរសាត់ត្រាត់សែងត្រែង
ត្រូវអ្នកផងទាំងពួងគេ មើលងាយ មើលថោក ហៅអាកូនព្នង។ គេបណ្តេញមិនឲ្យចូលជិតគេ។ ខ្ញុំឈឺចាប់ណាស់
ចំពោះការបែងចែកវណ្ណៈ និង ប្រកាន់ពូជសាសន៍នេះ ...។ (ទំព័រ៤៩)
-នេះបានបញ្ជាក់ពីសេចក្តីឈឺចាប់
របស់តេជោយ៉ត ដែលត្រូវគេមើលងាយមើលថោក ។
ឧទាហរណ៍២
-ជំទាវស្រែន្យៈ (ច្រៀង) លោហិតស្វាមី អឺយ ធ្លាក់ស្រោចរាងកាយ ទឹកភ្នែកអូនខ្ចាយ
ស្រោចស្រពភក្ត្រា (២ដង)
មិននឹកស្មានសោះ ជួបរឿងសោកា ឱម្ចាស់ជីវ៉ា តើមូលហេតុអ្វី ?
- ជំទាវស្រែន្យ
បានច្រៀងរៀបរាប់ ពីទុក្ខព្រួយរបស់ខ្លួនចំពោះស្វាមី ។
សរុបមក គ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់ គឺមិនអាចខ្វះបាននូវអត្ថរូបនោះទេ ព្រោះវាជាសិល្បៈនៅក្នុងការតែងនិពន្ធហើយអាចញ៉ាំងឲ្យស្នាដៃកាន់តែមានសោភ័ណឡើង។
ឯរឿងតេជោយ៉ត
ថ្វីត្បិតតែជាអត្ថបទល្ខោនតែវាជាអត្ថបទប្រកបដោយអត្ថរូបយ៉ាងល្អ ដែលញ៉ាំងឲ្យស្នាដៃកាន់តែមានប្រជាប្រិយភាព
។
IV. សិក្សាអត្ថរស “រឿងតេជោយ៉ត”
អត្ថរស គឺជាតម្លៃល្អអាក្រក់ ពិរោះពុំពិរោះរបស់អត្ថបទនិមួយៗ។ អត្ថរសគឺជាតម្លៃចុងក្រោយ
ដែលលេចចេញពី អត្ថន័យ និងអត្ថរូប គឺបានសេចក្តីថា បើអត្ថបទប្រកបដោយខ្លឹមសារមានមូល
ទស្សនៈត្រឹមត្រូវ
ហើយអត្ថរូបក៏បានជួយបង្ហាញ បញ្ហាអត្ថន័យនេះឲ្យកាន់តែច្បាស់លាស់ថែមទៀត។
នៅទីបញ្ចប់អ្នកអានអាចរកឃើញនូវតម្លៃណាមួយពីអត្ថបទហៅថា អត្ថរស ឬសិល្ប៍រសនេះឯង([4])។
អត្ថរសក្នុងរឿង តេជោយ៉តគឺៈ
១. វីររស
វីររស គឺជាតម្លៃដែលអ្នកនិពន្ធបង្ហាញនូវលក្ខណៈអាកប្បកិរិយា
ចិត្តក្លាហាន អង់អាចមោះមុតរបស់តួអង្គក្នុងការប្រយុទ្ធដោយកាយវាចា ចិត្ត
ឬអំពើណាមួយ ដើម្បីទប់ទល់យ៉ាងម៉ឺងម៉ាត់ស្វាហាប់ ។ វីររស ចេញពីសកម្មភាពតួអង្គវីរជនណាម្នាក់។
ឧទាហរណ៍១
- តេជោយ៉តៈ នែ៎ ! ឯងសាកល្បងផ្គាក់របស់យើងសិន
ទាល់តែកន្លងខ្មោចយើងរួច ទើបសម្លាប់គ្រូយើងបាន ។(ទំព័រ២៦)
ឧទាហរណ៍២
-តេជោយ៉តៈ...កើតមួយជាតិធាតុមួយចាន
មុនពេលក្ស័យប្រាណ ត្រូវតែស្មោះស្ម័គ្រ បម្រើនគរមិនឲ្យជាតិធ្លាក់ ផ្តល់ម្លប់
ជូនប្រជាជន។(ទំព័រ៥៥)
២. នាដ្យរស
នាដ្យរស
គឺជាតម្លៃដែលចេញមកពីភាពកម្សត់នៅក្នុងរឿង វិបត្តិទំនាស់រវាងតួអង្គបដិបក្សដ៏មានកម្លាំង
សមត្ថភាព មធ្យោបាយ គ្រឿងការពារប៉ុនគ្នា ស្មើគ្នា។
ឧទាហរណ៍ៈ នាដ្យរសក្នុងរឿងតេជោយ៉ត កើតចេញពីទំនាស់រវាងតួអង្គដូចជា ៖
-
តេជោយ៉ត តេជោមាស នឹងស្តេចសម្រែៈ ទំនាស់ផ្លូវវាចា ចិត្ត
-
ជំទាវស្រែន្យ នឹងស្តេចសម្រែៈ ទំនាស់ផ្លូវកាយ វាចា ចិត្ត
-
តេជោយ៉ត នឹង អ្នកម្នាងនូៈ ទំនាស់ផ្លូវកាយ វាចា ចិត្ត
ដោយសារតែវិបត្តិទំនាស់ទាំងនេះ កើតមកពីការឈ្នានីស ទង្វើក្បត់ជាតិនឹងការការពារ
ការកេងប្រវ័ញ្ច ការក្រោធ តណ្ហាជាដើម បណ្តាលឲ្យតួអងភ្គាគី ត្រូវទទួលរងសោកនាដកម្ម ដូចជាស្តេចសម្រែ តេជោមាស អ្នកម្នាងនូ ។
៣. ហាសរស (កំប្លែង )
ហាសរស ជាតម្លៃដែលកើតចេញពីលក្ខណៈសកម្មភាព ឬចលនានៃរឿងក្តី
នៃតួអង្គក្តី ដែលធ្វើឲ្យអ្នកអាន សប្បាយចិត្ត សើចអបអរសាទរជ្រះថ្លាក្នុងចិត្ត ។
ឧទាហរណ៍
- នាយទិនៈ
អាតយអឺយ ! អឺយអាតយ !
- នាយតយៈ
បាទ! លោកម្ចាស់អានេះឯងសោះវ៉ើយ ! ...
- នាយទិនៈ
អាតយ! អញស្តាប់ឯងនិយាយយូរៗទៅ
វាឈឺបត់ជើង។ អញមិនចង់ដឹង អីវែងឆ្ងាយអីចឹងទេ។ (ទំព័រ ៧២)
នៅពេលដែលស្ថានភាពកំពុងតែតានតឹង អ្នកនិពន្ធបានរំលេចតួអង្គ ដោយប្រើពាក្យពេចន៍
និងអាកប្បកិរិយាធ្វើឲ្យអ្នកអាន ឬអ្នកទស្សនាផ្ទុះសំណើច រំសាយចិត្តទៅតាមសកម្មភាពកំប្លែងរបស់តួអង្គនោះ។ ត្រង់នេះគឺអ្នកនិពន្ធ
យកខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធនឹងចំនុចខ្វះខាតរបស់តួអង្គ(អាទិន អាតយ) មកបញ្ជូលឲ្យយើងសើច។
៤. កុសលរស
កុសលរស គឺជាតម្លៃជាកុសលទាក់ទងដល់ការអប់រំ។
អ្នកសិក្សាខ្លះនិយមប្រើតម្លៃអប់រំ ឯខ្លះទៀតថា ឧបទេសរស។
ឧទាហរណ៍
-តេជោមាសៈ
យ៉ត! មុននឹងយើងផុតជីវិតទៅ
គ្រូនៅមានពាក្យពេចន៍ខ្លះៗចង់ផ្តែផ្តាំ ដល់ឯងណា
យ៉ត!....
-តេជោមាស(ច្រៀង) ៖ មាសពេចន៍កែវកង ពិទូរ្យសូរ្យកាន្ត
ពុំថ្លៃថ្កើនថ្កាន ស្មើនឹងវិជ្ជា ទឹកដីមាតុភូមិ ថ្លៃលើសជន្មា ចងចាំគ្រប់គ្នាកុំបីបែកបាក់អឺយ។
(ទំព័រ៥០)
ពាក្យពេចន៍អប់រំរបស់តួអង្គតេជោមាសចំពោះយ៉ត គឺមានតម្លៃធំធេងណាស់ ពោលមិនត្រឹមតែអប់រំចំពោះតែយ៉តម្នាក់ប៉ុណ្ណោះទេ
ប៉ុន្តែមានអត្ថន័យអប់រំដល់កូនខ្មែរទូទៅ ពិសេសគឺពលទាហានដែលមានភារកិច្ចការពារជាតិ
ត្រូវឲ្យមានទឹកចិត្ត
មានស្មារតីរឹងមាំក្នុងការការពារ ស្រលាញ់ប្រទេសជាតិ និងចេះឲ្យតម្លៃចំពោះចំណេះវិជ្ជាដែលជាសម្បត្តិដ៏មហាសាល
។
៥. សោភណ័រស
សោភ័ណរស ជាតម្លៃដែលលេចចេញពីសោភ័ណរបស់ស្នាដៃអក្សរសិល្ប៍។ សោភ័ណភាព របស់ស្នាដៃស្ថិតនៅលើការរៀបរាប់របស់អ្នកនិពន្ធ
ដែលប្រកបទៅដោយសិល្ប៍វិធីនិពន្ធមួយ យ៉ាង
ជាក់លាក់តាមរយៈពាក្យសម្តី
ការបង្ហាញសាច់រឿង ការបង្ហាញតួអង្គ ការបង្ហាញធម្មជាតិ...។
ឧទាហរណ៍
តាមរយៈដំណើររឿងបានបង្ហាញឲ្យឃើញពីសោភ័ណជំទាវស្រែន្យ។ ជំទាវស្រែន្យជានារីដែលមានគ្រប់លក្ខណៈទាំងរូបសម្បត្តិ
ចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ។ ជំទាវស្រែន្យ
ជាស្ត្រីស្អាតជាងគេនៅ
កំពង់ស្វាយ ។
-តេជោយ៉តៈ
និយាយលាក់បាំងអីស្រែន្យ នៅក្នុងដែនកំពង់ស្វាយទាំងមូល ខ្ញុំសម្លឹងរកនារីណាឲ្យមានលក្ខណៈល្អគ្រប់យ៉ាង
ដូចស្រែន្យគ្មានសោះ (ទំព័រ១០៣)។
ជាងនេះទៅទៀតជំទាវស្រែន្យ គឺជានារីដែលមានចរិយាសម្បត្តិ
សុភាពរាបសា ចេះផ្គាប់ចិត្តប្តី ប្រតិបត្តិខ្លួនសមជា ភរិយាគម្រូ។
ការសម្លាប់ស្តេចសម្រែក្បត់ជាតិបាន ក៏អាស្រ័យដោយជំទាវស្រែន្យមានគំនិតឆ្លាតវៃ
មានចំណេះដឹងគ្រប់គ្រាន់់។ ទាំងនេះហើយដែលឆ្លុះបញ្ចាំងឲ្យឃើញពីសោភ័ណដ៏ល្អឥតខ្ចោះរបស់ជំទាវស្រែន្យ
ទាំងកាយ សមត្ថភាព និង ចិត្តគំនិត ។
-តេជោមាសៈ....បងយល់ថារូបអូនមិនត្រឹមតែ ជាភរិយាគ្រប់លក្ខណ៍របស់បងប៉ុណ្ណោះទេ ថែមទាំងជាកំពូលស្រីម្នាក់ដែល
កម្ររកបានណា៎ អូនណា៎! (ច្រៀង) មាសបងអឺយមាសស្នេហ៍ ដូចខែពេញបូរមី អូនល្អលើសអស់ស្រី
នៅក្នុងលោកា ប្រាជ្ញា អូនវាងវៃ កែវភ្នែកមុតថ្លា
អូនអាចប្រហារពួកក្បត់ជាតិបាន។ (ទំព័រ៤៥-៤៨)
៦. ទស្សនីយរស
ទស្សនីយរស
គឺជាតម្លៃដែលលេចចេញមកអំពី ការបង្ហាញទស្សនីយភាពដែលធ្វើឲ្យសាច់រឿងកាន់តែពិរោះក្បោះក្បាយតាមរយៈការរៀបរាប់ទេសភាព
ធម្មជាតិព្រៃព្រឹក្សា មច្ឆា បក្សាបក្សី ប្រកបទៅដោយចុងចួន សូរសព្ទសំឡេង រណ្តំ
គ្នាដើម្បីបង្កើតជាបរិយាកាសមួយ ដែលហៅថាសិល្ប៍បរិយាកាស ។
ឧទាហរណ៍
-ក្រុមស្រីបម្រើៈ ម្ចាស់អើយគន់មើល អឺ....អឺង....អឺ....អឺង..... អើយផ្កាក្នុងឧទ្យាន
កន្លង់បំពាន អឺ អឺង ក្រេបរុះ លំអង អើយលំអង។ ចំប៉ីចំប៉ា អឺ....អឺង.....អឺ....អឺង....សព្វសាយគន្ធាអើយគន្ធា។ (ទំព័រ ៣៣)
៧. តថរស
តថរស គឺជាតម្លៃដែលលេចមកពីការឆ្លុះបញ្ចាំងតថភាពនៅក្នុងស្នាដៃអក្សរសិល្ប៍ និងសិល្បៈ។
រាល់ស្នាដៃសិល្បៈ សុទ្ធតែមានតម្លៃតថភាពទាំងអស់ ព្រោះអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសត្យានុម័តរបស់សង្គមក្នុងតំណាក់កាលណាមួយ
។
-តថរស
ក្នុងរឿងតេជោយ៉តស្ថិតនៅលើរឿងល្ខោនបែបប្រវត្តិសាស្ត្រខ្មែរដែលកើតនៅសម័យ ព្រះរាជាខ្មែរព្រះនាម
ព្រះបាទជ័យចេស្តា (គស១៥៧៥-១៥៩៣)។
- ម៉្យាងទៀត
នៅមានតថក្នុងទីកន្លែង
ឧទាហរណ៍ៈ
នៅរាជធានីឧដុង្គ ខេត្តកំពង់ស្វាយ(ស្ទឹងព្រៃប្រស់) ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង (កំពង់ហៅលង្វែក) ។
៨. សង្គមរស
សង្គមរស គឺជាតម្លៃដែលលេចចេញពីដំណើររឿង
ដែលបានលាតត្រដាងពីសង្គមមនុស្សនៅក្នុងស្នាដៃអក្សរសិល្ប៍
ដែលមានលក្ខណៈជាសង្គមមនុស្សពិតៗ។
សង្គមរសក្នុងរឿងតេជោយ៉ត
រាប់តាំងពីជំនឿ សាសនា ស្នេហា វណ្ណៈ សិទ្ធិស្ត្រី វិបត្តិទំនាស់ ព្រមទាំងបែបផែន
នៃការគ្រប់គ្រងប្រទេស ។
ឧទាហរណ៍១
-តេជោយ៉តៈ ស្នេហា និង ការស្រលាញ់រាប់អាន វាចែកដាច់ពីគ្នាស្រឡះណាម៉ៃ(ទំព័រ៩៦)
ឧទាហរណ៍២
-តេជោយ៉តៈ បើពិតជាកាត់ចិត្តមែន ចាំបាច់អីអូនទៅបួសទៀត
គួរតែអូនរក្សាយុវវ័យរបស់អូនឲ្យ រឹងប៉ឹងភ្លឺស្វាង ដើម្បីកសាងប្រទេសណា៎! (ទំព័រ៩៦)
ដូចនេះ
ក្នុងការតែងនិពន្ធអត្ថបទអក្សរសិល្ប៍មួយដែលល្អ មិនមែនជារឿងងាយស្រួលនោះទេ តោងអ្នកនិពន្ធត្រូវតែ ជាមនុស្សដែលជោគជាំនឹងបទពិសោធច្រើន
និងជាមនុស្សដែលមានឆន្ទៈទៀត ទើបអាចផលិតស្នាដៃមួយដែលមានលក្ខណៈល្អ ទាំងផ្នែកអត្ថន័យ
អត្ថរូប និងអត្ថរស។ ស្នាដៃដែលល្អគឺជាស្នាដៃដែលពូកែបង្កជំនក់ចិត្តដល់អ្នកអាន។
V. សេចក្តីសន្និដ្ឋាន
ឆ្លងតាមរយៈការសិក្សារឿង
“តេជោយ៉ត” យើងអាចសន្និដ្ឋានបានថា រឿងនេះពិតជារឿងមួយដែលល្អទាំង ផ្នែកអត្ថន័យ
អត្ថរូប អត្ថរស ពិសេសនោះគឺមានបង្កប់នូវតម្លៃអប់រំយ៉ាងជ្រាលជ្រៅចំពោះអ្នកអាន
អ្នកសិក្សា ក៏ដូចជាមហាជនទូទៅ។ ថ្វីត្បិតតែ រឿងនេះបានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនាសម័យឧដុង្គក៏ពិតមែន
តែវាបានផ្តល់នូវពុទ្ធិល្អៗជាច្រើនក្នុងការត្រិះរិះពិចារណាពីទង្វើ ឬសកម្មភាពរបស់មនុស្ស
នៅក្នុងសង្គម។ បន្ថែមនេះទៀត ដំណើររឿងនេះបានបង្ហាញពីភាពអង់អាច ក្លាហានរបស់ស្ត្រីមួយរូប ដែលបានចូលរួមនៅក្នុងការកម្ចាត់ ជនក្បត់បានដូចបុរសដែរ
ស្របនឹងបញ្ហាយែនឌ័រ ដែលគេកំពុងតែលើកតម្កើង នាសម័យបច្ចុប្បន្នកាល។ អត្ថបទរឿងល្ខោនបាសាក់នេះ
បានលាតត្រដាងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងសម័យឧដុង្គ
និងទឹកចិត្តស្នេហាជាតិរបស់មេទ័ពខ្មែរ គឺតេជោមាស និងតេជោយ៉ត ដែលពោរពេញដោយសេចក្តីអង់អាច ក្លាហាន ហ៊ានពលីជិវិតដើម្បីជាតិ
មាតុភូមិក្នុងការកម្ចាត់ជនក្បត់ជាតិ ក៏ដូចជាជនឈ្លានពានទឹកដី។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ស្នាដៃនិពន្ធរបស់ លោក
ទី ជីហួត មួយនេះ បានសបញ្ជាក់ឲ្យឃើញពីការឲ្យតម្លៃលើសិល្បៈល្ខោនបាសាក់
ដែលជាផ្ទាំងទស្សនីយភាពមួយ ដ៏អស្ចារ្យសម្រាប់ទុកជាមត៌កឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងយល់ពីសិល្បៈវប្បធម៌របស់ជាតិខ្លួន។
ដូចនេះ
ក្នុងនាមយើងជាប្រជាជនខ្មែរគប្បីចេះប្រតិបត្តិខ្លួនឲ្យក្លាយជា កូនល្អ សិស្សល្អ
និងពលរដ្ឋល្អនៅក្នុងសង្គម។ ជាងនេះទៀត ចំពោះសិស្ស និស្សិត
ត្រូវចេះដកស្រង់នូវបទពិសោធល្អៗនៅក្នុងសាច់រឿងមកធ្វើជាគម្រូ និងលះបង់ចោល
រាល់សកម្មភាពអវិជ្ជមានទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់ ខ្លួនឯង គ្រួសារ និងសង្គមជាតិ ព្រោះប្រទេសជាតិមួយួអាចរីកចម្រើនទៅបានគឺអាស្រ័យលើកម្លាំងធនធានមនុស្ស
ដែលប្រកបដោយគុណភាព។
0 comments:
Post a Comment