ជំពូក១៖ សិក្សាអត្ថបទរឿង “ចន្ទកុមារជាតក”
I.
សិក្សាប្រភពរឿង
១. ទីតាំងស្នាដៃ
រឿងចន្ទកុមារដែលយើងខ្ញុំនឹងលើកយកមកសិក្សាក្នុងពេលនេះជារឿង ដែលដកស្រង់យកតាម ស្នាដៃរបស់បណ្ឌិតមហា ឈឹម សុមន៍ ក្នុងសៀវភៅដែលមានចំណងជើងថា "សង្ខេបទសជាតក៍” ចាប់ពីទំព័រ ២០៣ដល់ ២១៦ ដែលបោះពុម្ពលើកទី៦ នាពុទ្ធសករាជ ២៥១៤ ត្រូវនឹងគ្រិស្ដសករាជ ១៩៧១ដោយរោងពុម្ព-តារារស្មី។
២. ប្រភព
រឿងចន្ទកុមារនេះជារឿងពុទ្ធនិយមសុទ្ធ មានក្នុងគម្ពីរពុទ្ធសាសនា ពោលគឺមាននៅក្នុងទសជាតកដែលប្រភពដើមជាភាសាបាលី មានក្នុងគម្ពីរ ខុទ្ទកនិកាយជាតក មហានិបាត ដែលគេប្រកាន់ជឿថាជាពុទ្ធវចនៈហើយ និងក្នុងគម្ពីរជាតកអដ្ឋកថាដែលមានមកជាងពីរពាន់ឆ្នាំមកហើយ។ ចំពោះរឿងនេះ ក្នុង គម្ពីរត្រៃបិតកគឺមាននៅក្នុងព្រះសូត្រ ត្រូវនឹងភាគទី៦២ ដែលមានជាភាសាបាលី ព្រមទាំងមានការប្រែជា ភាសាខ្មែរ ប៉ុន្តែសុទ្ធតែជាគាថាខ្លីៗ លំបាកយល់ លំបាកស្ដាប់ ហើយដំណើររឿងមានលក្ខណៈ កាត់ៗ គ្មានការផ្ដើម ឬជួនកាលគ្មានបញ្ចប់ ដែលជាប្រការមួយជាឧបសគ្គសម្រាប់ការសិក្សា។ ទន្ទឹមនឹងនេះ សេចក្ដីក្នុងអដ្ឋកថា ដែលជាគម្ពីរសម្រាយនូវពុទ្ធវចនៈ ទើបដំណើររឿងមានសេចក្ដីក្បោះក្បាយ។
ឯអ្នកប្រាជ្ញក្នុងប្រទេសខ្មែរនាសម័យបុរាណបានប្រែសម្រាយពីគម្ពីរអដ្ឋកថាយ៉ាងពិស្ដារ ហើយចារក្នុងសាស្រ្តាស្លឹករឹត តួយ៉ាងដូចជាសាស្រ្តាស្លឹករឹតបុរាណខ្មែរលេខបញ្ជី ៧៥៧ ដែលវិទ្យាស្ថានពុទ្ធសាសន-បណ្ឌិតបានមកពីខេត្តកំពង់ឆ្នាំង ព.ស ២៤៧០ ជាដើម។
រឿងចន្ទកុមារជារឿងជាតកទី៧ គឺជាជាតិទី៧នៃជាតិចុងក្រោយទាំង១០របស់ព្រះសម្មាសម្ពុទ្ធ កាលទ្រង់នៅជាព្រះពោធិសត្វហើយត្រាច់រង្គាត់បំពេញបារមីក្នុងវដ្តសង្សារដើម្បីបានត្រាស់ជាព្រះពុទ្ធ។
ហេតុដូចជាការបង្ហាញខាងលើ ការសិក្សារឿងក្នុងពេលនេះគឺយកតាមស្នាដៃរឿងដែលជាការរៀប-រៀងដោយ បណ្ឌិតមហា ឈឹម សុមន៍ ក្នុងសៀវភៅដែលមានចំណងជើងថា “សង្ខេបទសជាតក៍” ព្រោះជារឿងដែលមានសេចក្តីសម្រាយងាយអាន ងាយយល់ មានការផ្ដើម និង បញ្ចប់ត្រឹមត្រូវ។
៣. កាលបរិច្ឆេទ
បើនិយាយពីកាលបរិច្ឆេទនៃការតែងនិពន្ធរឿងចន្ទកុមារ គឺមានតមកក្នុងគម្ពីរត្រៃបិដកដែលជាពុទ្ធ-វចនៈរបស់ព្រះបរមសាស្ដាចារ្យនៃយើង នៅប្រមាណជាសតវត្សទី ៦មុនគ.ស ហើយត្រូវបានសម្រាយពន្យល់យ៉ាងក្បោះក្បាយក្នុងគម្ពីរអដ្ឋកថាជាភាសាបាលីដែលមានអាយុកាលមកជាងពីរពាន់ឆ្នាំដូចគ្នា។
ដោយឡែករឿងចន្ទកុមារដែលជាស្នាដៃនៃការចងក្រងរៀបរៀង និងប្រែសម្រួលជាភាសាខ្មែរដោយបណ្ឌិតមហា ឈឹម សុមន៍ ក្នុងសៀវភៅ “សង្ខេបទសជាតក៍” តាក់តែងឡើងក្នុងគ.ស ១៩៦០ និងបានបោះពុម្ពលើកទី១នៅឆ្នាំ ១៩៦៣។
៤. អំពីអ្នកនិពន្ធ
ក.ជីវប្រវត្តិ
លោកសាស្រ្តាចារ្យ ឈឹម សុមន៍ កើតក្នុងគ.ស ១៩០៥ ដែលត្រូវនឹងព.ស ២៤៥០ នៅឃុំបរសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកបានសាងផ្នួសជាសាមណេរក្នុងអាយុ ១២ឆ្នាំ(ព.ស២៤៦២) បានសិក្សាក្នុងសំណាក់លោកគ្រូអាចារ្យ កន នៅឃុំវាល ស្រុកគងពិសី ដែលជាអ្នកប្រាជ្ញឆ្នើមមួយរូបក្នុងជំនាន់នោះ។ ក្នុងសំណាក់នៃលោក-គ្រូរូបនេះ សាមណេរឈឹម សុមន៍បានរៀនមេសូត្រ រៀនតាំងតួ រៀនប្រែសម្ពន្ធមូលកច្ចាយនៈ រៀនប្រែគម្ពីរ-ធម្មបទដ្ឋកថា (ស្លឹករឹត) ក្នុងរយៈពេល ៤ឆ្នាំ។
ដល់លោកមានអាយុ ២០ឆ្នាំ បានចូលរៀនមូលកច្ចាយនៈវេយ្យាករណ៍ និងសម្ពន្ធម្ដងទៀតក្នុងសំណាក់ព្រះតេជព្រះគុណព្រះវិភទ្ទញ្ញាណ សោម ឡុច (មហា៤ប្រយោគ)វត្តលង្កា ក្រុងភ្នំពេញ។
ដល់អាយុ ២១ឆ្នាំ ទើបបំពេញឧបសម្បទាជាភិក្ខុ ជាសិស្សសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ។ លោក បានរៀនផ្ទាល់ពីសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ព្រះសង្ឃរាជគណៈមហានិកាយ កាលព្រះអង្គនៅជាគ្រូសង្ឃសត្ថា សាស្រ្តាចារ្យសាលាបាលីជាន់ខ្ពស់។ ក្នុងឆ្នាំដដែលនោះលោកបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ ហើយបានធ្វើជាគ្រូឧទ្ទេសាចារ្យបង្រៀនបាលី នៅវត្តលង្កាកុសុមារាមក្រុងភ្នំពេញជាវត្តមានសិស្សច្រើនជាងគេ ទូទាំងប្រទេស អស់៥ឆ្នាំ ទើបព្រះអាចារ្យអ៊ុក ជា បង្រៀនជំនួសតមកទៀត។
ក្នុងអាយុ ២៤ឆ្នាំ លោកបានបង្រៀនវិជ្ជាខ្មែរ ដល់សិស្សខ្មែរមកពីវៀតណាមខាងត្បូង សិស្សលាវមកពីប្រទេសលាវ និងកូនចៅទាហាន។
ឋានៈ និងតួនាទីដែលទទួលបាន៖
¬ ជាគ្រូបង្រៀនសាលាបាលីរង វត្តលង្កា ក្រុងភ្នំពេញ
¬ ជាសមាជិកក្រុមជំនុំបកប្រែព្រះត្រៃបិដក
¬ ជាសាស្រ្តាចារ្យ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ក្រុងភ្នំពេញ
¬ ជាសមាជិកក្រុមប្រឹក្សាអភិបាលនៃសមាជិកអ្នកនិពន្ធខ្មែរ
លោកបានលាចាកសិក្ខាបទមកជាគ្រហស្ថ និងមានភរិយាឈ្មោះនុត សៀក។ ចំពោះបុត្រមិនបានដឹងច្បាស់លាស់ទេ ប៉ុន្តែគ្រាន់តែដឹងថាលោកមានកូនប្រុសម្នាក់ឈ្មោះ ឈឹម សុមេធ បច្ចុប្បន្នបម្រើការនៅវិទ្យុសំឡេងសហរដ្ឋអាមេរិច។
ខ. ស្នាដៃ
ស្នាដៃនៃការតែងនិពន្ធក្បួនច្បាប់ គឺលោកបាននិពន្ធសៀវភៅចំនួន ៣៣ឈ្មោះ ចែកជាភាគមាន៖
១. ធម្មបទកថា នានានិទាន(អាគារវិន័យ)
២. វេយ្យាករណ៍បាលី
៣. ប្រស្នាវិន័យភាគ១-២-៣-៤
៤. ពុទ្ធប្រវត្តិកថា(ប្រវត្តិទី១នៃព្រះពុទ្ធសាសនា)
៥. អធិប្បាយគាថាធម្មបទ
ភាគ ១-២-៣-៤
៦. ឧភយពាក្យវិលាសិនី
ភាគ១ ខ្មែរ-បាលី ភាគ ១-២
៧. ជាតកធម្មបទ (គំរូតែងរឿង)
៨. វិជ្ជាគុណកថាពាក្យកាព្យ
៩. ទសានុស្សតិ និងព្រះត្រៃលក្ខណ៍
១០. វិធីសម្ពន្ធសង្ខេប
១១. អត្ថនិទស្សន៍ការពន្យល់សេចក្ដីនៃពាក្យ(បរមត្ថ)
១២. បញ្ញាសជាតក
១៣. កុម្ភជាតក
១៤. ពុទ្ធឃោសាចារ្យប្រវត្តិ
១៥. សង្គហធម៌ ៤ប្រការ
១៦. អត្ថាធិប្បាយសុភាសិត(កាព្យបទផ្សេងៗ)
១៧. ប្រវត្តិសម្ដេចព្រះធម្មលិខិត ល្វី ឯម
១៨. គោត្តមប្រវត្តិ(ពាក្យកាព្យ)
១៩. ពុទ្ធប្បវត្តិកថា និងសង្គីតិប្រវត្តិ(ប្រវត្តិទី២)
២០. រឿងសម្រំាង(ការអានសរសេរតាមសូត្រ)
២១. អត្ថ និងទស្សន៍ភាគទី២ បទានុក្រមក្នុងទសជាតក៍
២២. សង្ខេបទសជាតក៍សម្រាប់ថ្នាក់ទី២ទំនើប
២៣. ធម្មាធម្មកថា(របៀបទេសនា)
២៤. ពហុការធម្មកថា
២៥. សប្បុរិសធម្មកថា
២៦. ខេមាខេមសរណគមន៍
២៧. បុណ្ណោវាទសូត្រ
២៨. វិធុរោវាទ
២៩. កម្មបទកថា
៣០. ព្រះពុទ្ធសាសនា
ក្រៅពីនេះនៅមានស្នាដៃលោកជាច្រើនទៀតក្នុងទស្សនាវដ្ដីកម្ពុជសុរិយា និងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ មិត្តសាលាបាលី ពុទ្ធិកសិក្សាជាដើម។
លោកបណ្ឌិតមហាឈឹម សុមន៍ ប្រហែលបានអនិច្ចកម្មនៅឆ្នាំ......(១៩៧៥?)
អត្ថបទដកស្រង់ចេញពីស្នាដៃផ្ទាល់ ៖ ព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាប្រភេទ៖ ព្រះពុទ្ធសាសនាចែកចេញជាច្រើនប្រភេទផ្សេងៗគ្នាដោយពាក្យ ហៅមានច្រើនប្រការ គឺមានប្រការដោយការសំដៅដល់វិមុត្តិរស មាន២ប្រការ ដោយការសំដៅដល់ ធម៌ និងវិន័យមាន៣ប្រការ ដោយការសំដៅដល់បឋមពុទ្ធវចនៈ មជ្ឈិមពុទ្ធវចនៈ និងបច្ឆិមពុទ្ធវចនៈ។
បានសេចក្ដីថា មានរសឆ្ងាញ់ពិសានៅត្រង់ការញ៉ាំងសត្វ អ្នកប្រតិបត្តិតាមឲ្យបាននូវវិមុត្តិជាសម្លាញ់។ ការរួចស្រឡះ ឬការគេចផុតស្រឡះពីសឹកសត្រូវគឺកិលេស លោកហៅថាវិមុត្តិ គឺជាព្រះនិព្វាន។ ព្រះពុទ្ធ -សាសនាទោះបីជាដំបូន្មានមានបែបបទច្រើនយ៉ាងណាក៏ដោយ ក៏ដំបូន្មានទំាងនោះសុទ្ធតែជាពាក្យកៀងប្រមូលសត្វឲ្យចូលទៅកាន់ព្រះនិព្វានតែមួយមុខប៉ុណ្ណោះ ព្រោះហេតុនោះបានជាឳជារសនៃដំបូន្មានទំាំង -នោះលោកហៅថា វិមុត្តិរស។
វិន័យបិតកគឺជាគម្ពីរដែលរួបរួមពុទ្ធប្បញ្ញតិ្ត និងពុទ្ធានុញ្ញាតទំាងអស់ហៅថា វិន័យ ព្រះពុទ្ធវចនៈដ៏វិសេសក្រៅចាកវិន័យហៅថា ធម៌។
ត្រង់ឧទានគាថាដែលព្រះសាស្ដាទ្រង់នឹកភ្នកអស្ចារ្យក្នុងព្រះទ័យលាន់ចេញមកជាព្រះវាចាក្នុងកាលដែលទើបបានត្រាស់ថ្មីៗថា៖
“កាលតថាគតអន្ទោលទៅមកយោនយកកំណើតក្នុងសង្សារវដ្ដអស់ជាតិជាអនេកស្វែងរកជាងផ្ទះគឺតណ្ហា មិនទាន់បានជួបប្រទះនៅឡើយ ម្ល៉ោះហើយជាតិតែងនាំមកនូវសេចក្ដីទុក្ខលំបាកជារឿយៗ នែជាងផ្ទះ តថាគតរកឃើញអ្នកហើយ អ្នកលែងបានសង់ផ្ទះគឺអត្តភាពឲ្យតថាគតទៀតហើយ(ព្រោះថា)គ្រឿងប្រក់របស់អ្នក តថាគតបោចរោចបំបាក់រលីងហើយទំាងកំពូលផ្ទះ តថាគតកាច់ចោលហើយដែរ ចិត្ត(របស់តថាគត)ផុតស្រឡះចាកការតាក់តែងហើយព្រោះតថាគតបានដល់នូវការអស់ទៅនៃតណ្ហានេះហៅថាបឋមពុទ្ធវចនៈ”។
ពុទ្ធវចនៈដែលព្រះមានព្រះភាគទ្រង់ត្រាស់ផ្ដាំជាបំផុតក្នុងកាលទៀបបរិនិព្វានជាអវសាន្ដ ឧទានថាៈ “ម្នាលភិក្ខុទាំងឡាយ! ឥឡូវនេះ តថាគតផ្ដាំអ្នករាល់គ្នាថា សង្ខារទាំងឡាយរមែងមានសភាពសោះសូន្យទៅជាធម្មតា(ហេតុនេះ)អ្នករាល់គ្នាចូរញ៉ាំងកិច្ចការទាំងពួងឲ្យបានសម្រេចដោយសេចក្ដីមិនប្រហែសធ្វេស” នេះហៅថាបច្ឆិមពុទ្ធវចនៈ។
ពុទ្ធវចនៈទាំងអស់ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថាក្នុងកាលជាចន្លោះ ជាកណ្ដាលនៃពុទ្ធវចនៈទាំងពីរ គឺបឋមពុទ្ធវចនៈ និងបច្ឆិមពុទ្ធវចនៈហៅថា មជ្ឈិមពុទ្ធវចនៈ។ (ទស្សនាវដ្ដីពុទ្ធិកសិក្សា ឆ្នាំទី០១ លេខ ៦ ខែធ្នូ ឆ្នាំ ១៩៥៦ទំព័រទី៤០-៤២)
II.
សង្ខេបរឿង
កាលព្រះពុទ្ធគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបញ្ជាឲ្យខ្មាន់ធ្នូ ៣១នាក់មកធ្វើគុតព្រះអង្គ ប៉ុន្តែមិនបានសម្រេច ដោយខ្មាន់ធ្នូទាំងនោះត្រូវព្រះអង្គសម្ដែងអរិយសច្ចៈរហូតសម្រេចសោតាបត្តិផល។ ភិក្ខុសង្ឃទាំងឡាយបានជ្រាបរឿងហើយនាំគ្នាសរសើរបារមីព្រះសាស្ដា ព្រះពុទ្ធជាបរមសាស្ដាទ្រង់ត្រាស់ថា “មិនតែជាតិឥឡូវនេះទេ ពីដើមមកក៏ធ្លាប់យ៉ាងនេះដែរ” ហើយទ្រង់បាននាំអតីតនិទានមកសម្ដែងថា៖
អតីតេ ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅមានព្រះរាជបុត្រព្រះបាទវសវតី ព្រះនាមព្រះបាទ-ឯករាជ សោយរាជ្យនានគរបុប្ផវតី មានរាជបុត្រព្រះនាមចន្ទកុមារជាឧបរាជ។ កណ្ឌហាលព្រាហ្មណ៍ជាអ្នក-បង្រៀនប្រដៅ អត្ថ និងធម៌។ កណ្ឌហាលព្រាហ្មណ៍កាន់តំណែងខាងវិនិច្ឆ័យតែងស៊ីសំណូកហើយកាត់ក្ដីដោយអយុត្តិធម៌។ ថ្ងៃមួយមានអ្នកចាញ់ក្ដីទៅទូលរឿងរបស់ខ្លួនដល់ព្រះចន្ទកុមារ ព្រះចន្ទកុមារបានយកសំណុំរឿងមកពិនិត្យ ហើយកាត់សេចក្ដីតាមគតិយុត្តិធម៌។ ព្រះរាជាទ្រង់ជ្រាបរឿងនេះ ព្រះអង្គបានដកហូតតំណែងកណ្ឌហាលព្រាហ្មណ៍ ហើយតែងតាំងព្រះចន្ទកុមារជាអ្នកវិនិច្ឆ័យវិញ។ នេះធ្វើឲ្យកណ្ឌហាលមានការគុំគួន គិតផ្តន្ទាជាមួយព្រះចន្ទកុមារជានិច្ច។
ថ្ងៃមួយព្រះបាទឯករាជទ្រង់សុបិននិមិត្ត ឃើញបានទៅស្ថានត្រៃត្រឹង្ស ហើយចង់ទៅកើតនៅឋានសួគ៌នោះ ទើបសួរទៅកាន់កណ្ឌហាលព្រាហ្មណ៍ថា “តើខ្ញុំត្រូវធ្វើបុណ្យដូចម្ដេច ទើបទៅកើតនៅឋានត្រៃត្រឹង្ស? ចូរអ្នកប្រាប់ខ្ញុំឲ្យធ្វើឲ្យខាងតែបានទៅកើតដូចប្រាថ្នា”។
កណ្ឌហាលព្រាហ្មណ៍ទូលថា “សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់ ទើបបានទៅកើតឯស្ថានសួគ៌។ ព្រះអង្គគប្បីបូជាយញ្ញដោយបុត្រទំាងឡាយ ៤ ព្រះអគ្គមហេសីទំាងឡាយ៤ សេដ្ឋីទាំងឡាយ៤ គោឧសភរាជទំាងឡាយ៤ សេះជាអាជានេយ្យទាំងឡាយ៤ ហើយនិងសត្វទាំងឡាយមួយមុខៗ សុទ្ធតែ៤ៗ ទើបបានទៅកើតឯឋានសួគ៌”។
បន្ទាប់មកព្រះរាជាទ្រង់បានចេញរាជបញ្ជាឲ្យទៅចាប់រាជកុមារទាំងឡាយ មានចន្ទកុមារ សុរិយកុមារ ភទ្ទសេនកុមារ សុរកុមារ និងរាមគោត្តកុមារ កុមារីទាំងឡាយមាន នាងឧបសេនា នាងកោកិលា នាងមិទិតា និងនាងនន្ទា មហេសីទាំងឡាយមាន នាងវិជយា នាងឯរាវតី នាងកេសិនី និងនាងសុនន្ទា គហបតីទាំងឡាយមានបុណ្ណមុខ ភទ្ទិយ លិង្គាល និងវឌ្ឍ ព្រមទាំងសត្វដែលមានឈ្មោះល្បីក្នុងព្រះនគរផង ដើម្បីជាប្រយោជន៍ដល់ការបូជាយញ្ញ។ សូរសម្រែកដ៏គួរឲ្យខ្លោចផ្សានៃមនុស្សប្រុសស្រី ចាប់ផ្ដើម លាន់ឮឡើងពេញរាជបុរី។
ព្រះមាតា និងព្រះបិតាព្រះបាទឯករាជទ្រង់ឃាត់ថា “ម្នាលកូនអើយ អ្នកកុំជឿកណ្ឌហាលព្រាហ្មណ៍ថា សុគតិបានដល់ការបូជាបុត្រ ភរិយាជាដើមយ៉ាងនេះឡើយ ផ្លូវហ្នឹងជាផ្លូវទៅកាន់នរក ចូរអ្នកឲ្យទានដល់សមណៈ ជីព្រាហ្មណ៍វិញ ទើបជាផ្លូវនៃសុគតិភព”។
ព្រះចន្ទកុមារអង្វរថា “បពិត្រព្រះបិតា សូមទ្រង់កុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទំាងឡាយឲ្យជាទាសករនៃកណ្ឌហាលព្រាហ្មណ៍ ឬក៏បំបរបង់ចាកព្រះនគរក៏បាន”។
ព្រះបាទឯករាជទ្រង់តបថា “អ្នកទំាងឡាយបង្កើតទុក្ខដល់យើង យំស្រែកព្រោះចង់បានជីវិត ចូរអ្នកលែងកុមារទាំងឡាយទៅ ការបូជាយញ្ញដោយកូនល្មមលើកលែង”។ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍ទូលថា “ការ-បូជាយញ្ញជាអំពើធ្វើបានដោយកម្រ ជនទាំងឡាយណាបូជាដោយខ្លួនឯងក្ដី ឲ្យគេបូជាក្ដី ឬគ្រាន់តែអនុមោ- ទនាតាមការបូជាមហាយញ្ញក្ដី ក៏រមែងទៅកាន់សុគតិភពដែរ”។
ព្រះចន្ទកុមារបានតវ៉ាដោយលើកយករឿងពីកុមាររហូតដល់ពេញកម្លោះថា ឥតមានទោសកំហុសសោះ និងជាមនុស្សពាក់គ្រឿងក្រោះ ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រ ពុំមែនសម្រាប់បូជាយញ្ញទេ។
ព្រះរាជាទ្រង់លើកលែងការបូជាយញ្ញ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍នៅតែទទូចទាមទារដដែលៗ ហើយព្រះចន្ទកុមារបានតបទៅវិញដោយពោលថា “បើជនណាត្រូវបូជាយញ្ញហើយទៅកើតនៅឋានទេវលោកមែន កណ្ឌហាលព្រាហ្មណ៍គប្បីបូជាកូនគាត់មុនចុះ សឹមបូជាខ្ញុំជាក្រោយ”។ ពេលនោះកណ្ឌហាលព្រាហ្មណ៍ហាក់ដូចជាគាំងមួយស្របក់ វសុលរាជកុមារ និងសេលារាជកុមារីបម្រះននៀល និងទូលអង្វរទៅព្រះរាជាជាអយ្យកោថា “សូមព្រះអង្គកុំសម្លាប់ព្រះបិតាខ្ញុំព្រះអង្គឡើយព្រោះខ្ញុំព្រះអង្គនៅក្មេង”។ ព្រះរាជាក៏ឲ្យលើកលែងការបូជាយញ្ញទៀត ប៉ុន្តែកណ្ឌហាលទូលឲ្យព្រះរាជាយាងចេញទៅទុកខ្លួនជាអ្នកទទួលខុសត្រូវចំពោះពិធីនេះ ដោយឲ្យព្រះរាជាចំារីករាយនៅស្ថានសួគ៌ ហើយឲ្យយកចន្ទកុមារ និងសុរិយកុមារនៅកាន់កន្លែងបូជាយញ្ញមុនគេ។
ព្រះនាងគោត្តមីទេវី ជាព្រះមាតាព្រះចន្ទកុមារបានបម្រះននៀលទៀបបាទាព្រះរាជាទូលថា “ខ្ញុំម្ចាស់ជាស្រីឆ្កួត សាបសូន្យចាកសេចក្ដីចម្រើន ប្រឡាក់ប្រឡូសដោយធូលីដី ឬបែកធ្លាយនូវជីវិតឥន្រ្ទីយ៍បើគេសម្លាប់ចន្ទកុមារ និងសុរិយកុមារ...” ហើយក៏ដួលសន្លប់បាត់ស្មារតី។ ព្រះចន្ទកុមារស្ទុះមកឳប មាតាសោយ-សោកថា “បពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ មានទុក្ខព្រួយច្រើនព្រោះតែការចិញ្ចឹមខ្ញុំជាកូន ខ្ញុំសូមលាព្រះមាតាទៅកាន់ស្លាប់ដើម្បីព្រះបិតាទៅកាន់ស្ថានសួគ៌ ហើយសូមព្រះមាតាអនុញ្ញាតិឲ្យខ្ញុំថ្វាយបង្គំព្រះមាតាទៅកាន់ទីព្រាត់ប្រាស”។ ព្រះនាងចន្ទាទេវីជាមហេសីចន្ទកុមារ បានប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ហើយពិលាបថា “ការរស់នៅក្នុងលោកនេះល្មមប៉ុណ្ណឹងហើយ អញនឹងផឹកថ្នាំពិសឲ្យស្លាប់”។ ក្នុងគ្រាដែលព្រះចន្ទកុមារ និងសុរិយកុមាររៀបត្រូវប្រហារដើម្បីបូជាយញ្ញ ព្រះនាងចន្ទាបញ្ចាលរាជធីតាបានស្ទុះចូលតាមចន្លោះពួកបរិស័ទ ហើយស្រែកប្រកាសថា “កណ្ឌហាលព្រាហ្មណ៍ជាមនុស្សអាក្រក់យល់ខុសធ្វើបាបកម្ម ខ្ញុំសូមស្លាប់ជាមួយព្រះស្វាមី និង សូមឲ្យពួកអមនុស្សជួយធ្វើសេចក្ដីខ្វល់ខ្វាយ ចំពោះមនុស្សដែលត្រូវពួកបច្ចា-មិត្រផ្ចាញ់”។ ព្រះឥន្ទ្រាធិរាជទ្រង់ សណ្ដាប់ហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជថា “ម្នាលស្ដេចកាឡ-កណ្ណីអប្រិយលាមក អញនឹងសំពងក្បាលឥឡូវ ឯងមានដែលឃើញពីអង្កាល់អ្នកដែលសម្លាប់បុត្រ មហេសី សេដ្ឋី គហបតី ព្រោះប្រាថ្នាស្ថាន សួគ៌នោះ”។ រំពេចនោះព្រះរាជា និងកណ្ឌហាលព្រាហ្មណ៍បានស្ទុះទៅស្រាយចំណងជនទាំងនោះ។ ជនទាំងនោះរួចពីចំណងហើយក៏នាំគ្នាយកដុំដីគប់កណ្ឌហាលព្រាហ្មណ៍រហូតដល់ស្លាប់ និងធ្វើពិធីរាជាភិសេក លើកស្វេតឆ័ត្រថ្វាយព្រះចន្ទកុមារ។ ព្រះចន្ទកុមារសោយរាជ្យប្រកបដោយធម៌ក្នុងការបរិច្ចាគទាន ដរាបដល់អវសាន្តនៃជីវិតទៅកើតក្នុងស្ថានសួគ៌ទេវលោក។
ជាចុងក្រោយព្រះពុទ្ធជាបរមសាស្ដាបានសម្ដែងថា៖ “កណ្ឌហាលព្រាហ្មណ៍កាលនោះគឺទេវទត្តនេះ ព្រះនាងគោត្តមីទេវីគឺព្រះនាងមហាមាយា ព្រះនាងចន្ទាទេវីគឺជាមាតានៃរាហ៊ុល វសុលរាជកុមារគឺជារាហ៊ុល សេលារាជកុមារីគឺនាងឧប្បលវណ្ណា សុរកុមារគឺជាអានន្ទ រាមគោត្តកុមារគឺកស្សប ភទ្ទសេនកុមារគឺមោគ្គល្លាន សុរិយកុមារគឺសារីបុត្រ ព្រះឥន្ទ្រគឺជាអនុរុទ្ធ បរិស័ទទាំងឡាយគឺបរិស័ទក្នុងកាលឥឡូវនេះ ឯព្រះចន្ទកុមារគឺជាអង្គអញតថាគតអរហន្តសម្មាសម្ពុទ្ធហ្នឹងឯងហោង”។
III. វិភាគតួអង្គសំខាន់ៗ
ក. រាយឈ្មោះ និងមុខងាររបស់តួអង្គ
១. ព្រះបាទឯករាជ ព្រះមហាក្សត្រនៃនគរបុប្ផវតី
២. កណ្ឌហាលព្រាហ្មណ៍ ជាមនុស្សជំនិតព្រះបាទឯករាជ
៣. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
៤. ព្រះមាតាព្រះបាទឯករាជ
៥. ព្រះវសវតី ព្រះបិតាព្រះបាទឯករាជ
៦. វសុលរាជកុមារ បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
៧. សេលារាជកុមារី បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
៨. ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាព្រះចន្ទកុមារ
៩. ព្រះនាងចន្ទាទេវី មហេសីព្រះចន្ទកុមារ
១០. ព្រះឥន្ទ្រាធិរាជ
១១. សុរិយកុមារ បុត្រព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
១២. ភទ្ទសេនកុមារ រាជបុត្រព្រះបាទឯករាជ
១៣. សុរកុមារ រាជបុត្រព្រះបាទឯករាជ
១៤. រាមគោត្តកុមារ
១៥. នាងឧបសេនា
១៦. នាងកោកិលា
១៧. នាងមិទិតា
១៨. នាងនន្ទា
១៩. ព្រះនាងវិជយា
២០. ព្រះនាងឯរាវតី
២១. ព្រះនាងកេសនី
២២. ព្រះនាងសុនន្ទា
២៣. អ្នកចាញ់ក្ដី
២៤. គហបតីបុណ្ណមុខ
២៥. គហបតីភទ្ទិយ
២៦. គហបតីលិង្គាល
២៧. គហបតីវឌ្ឍ
២៨. គោឧសភ
២៩. សេះអាជានេយ្យ
៣០. ពួកបរិស័ទ
៣១. សមណៈជីព្រាហ្មណ៍
ខ. វិភាគតួអង្គសំខាន់
១. ព្រះបាទឯករាជ
Ë គុណសម្បត្តិ
¬ ជាព្រះមហាក្សត្រនៃនគរបុប្ផវតី
¬ ជាបិតាដែលមានទឹកចិត្តអាណិតអាសូរ ស្រឡាញ់បុត្រ និងមហេសី
Ë គុណវិបត្តិ
¬ សេពគប់ជាមួយបុគ្គលអាក្រក់មានចិត្តពាលសាមាន្យដូចជាកណ្ឌហាលព្រាហ្មណ៍
¬ ជាមនុស្សងងឹតងងល់ឥតមានគំនិតត្រិះរិះពិចារណា ជាក់ស្ដែង ការបូជាបុត្រ មហេសី សេដ្ឋី គហ-បតី និងសត្វផ្សេងទាំងឡាយ គឺត្រូវបានមនុស្សជាច្រើនជាញាតិវង្សមានមាតាបិតា មហេសី បុត្រ ជាដើមយល់ច្បាស់ណាស់ថាជាទង្វើអាក្រក់នាំខ្លួនឲ្យធ្លាក់ទៅនរក ក៏ព្រះបាទឯករាជនេះនៅងងើលហាក់មិនបានយល់អ្វីទាល់តែសោះ
¬ ចង់ទៅកើតឯស្ថានសួគ៌ហួសហេតុ តែមិនយល់ថាអ្វីជាអំពើល្អ អ្វីជាអំពើអាក្រក់ហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាង
¬ ជាស្ដេចមិនប្រកបដោយទសពិធរាជធម៌ ដោយការធ្វើទុក្ខបុកម្នេញចំពោះញាតិវង្ស និងជនទាំងឡាយទំាងដែលមិនមានទោសសោះ
¬ មិនយល់ពីទុក្ខលំបាករបស់សាច់ញាតិអ្នកដែលត្រូវយកទៅបូជាយញ្ញ
¬ ជាមនុស្សអាត្មានិយមដើម្បីសម្រេចបំណងខ្លួនតែម្នាក់ឯងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ទោះជាការបៀតបៀនអាយុជីវិតនរណាក៏ដោយ
២. កណ្ឌហាលព្រាហ្មណ៍
Ë គុណសម្បត្តិ
¬ ជាមនុស្សជំនិតព្រះបាទឯករាជ
¬ ជាអ្នកប្រៀនប្រដៅនូវអត្ថ និងធម៌ក្នុងនគរបុប្ផវតី
¬ ស្រឡាញ់ខ្លួន និងក្រុមគ្រួសារខ្លួន
Ë គុណវិបត្តិ
¬ ជាមន្ត្រីពុករលួយ ស៊ីសំណូក លោភលន់ទ្រព្យសម្បតិ្ត
¬ ជាមនុស្សវង្វេងមិនដឹងខុសត្រូវ ក្នុងនាមជាអ្នកបង្រៀននូវអត្ថ និងធម៌តែបែរជាបង្រៀនគេឲ្យធ្វើអំពើជាអកុសលលាមក
¬ ជាមនុស្សរមិលគុណ មិនដឹងគុណូបការៈរបស់ចៅហ្វាយនាយ ដូចជាព្រះរាជាជាម្ចាស់ជីវិតបែរជាមានគំនិតចង់ប្រទូស្ដជាមួយទ្រង់ និងក្រុមគ្រួសារញាតិវង្សរបស់ព្រះអង្គ
¬ ស្រឡាញ់យសសក្ដិ លាភសក្ការៈ និងជាមនុស្សមានចិត្តចងអាឃាតជាប់ជានិច្ចពេលដែលត្រូវគេធ្វើឲ្យខាតបង់លាភសក្ការៈ
¬ ហ៊ានសម្លាប់ជីវិតមនុស្ស និងសត្វមិនមានកំហុស ដែលមិនធ្លាប់ប្រទូស្ដជាមួយខ្លួនដើម្បីតែការសង-សឹក ជាក់ស្ដែង កណ្ឌហាលព្រាហ្មណ៍នេះ ហ៊ានបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងសត្វជាច្រើនក៏ព្រោះដើម្បីបានសងសឹកនឹងចន្ទកុមារ។
៣. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
Ë គុណសម្បត្តិ
¬ ជាមហាឧបរាជនៃនគរបុប្ផវតី
¬ មានគតិយុត្ដិធម៌ក្នុងការវិនិច្ឆ័យក្ដី
¬ តម្កល់ចិត្តខន្តីជាប់ជានិច្ច ដោះស្រាយបញ្ហាដោយសន្ដិវិធី
¬ មានទឹកចិត្តសប្បុរស អាណិតអាសូរអ្នកទន់ខ្សោយ ស្រឡាញ់ការធ្វើទាន
¬ អង់អាចក្លាហានក្នុងបុព្វហេតុជាតិ
¬ ជាអ្នកមានបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ចេះលើកហេតុផលសមរម្យពន្យល់ដល់បិតា
¬ ជាព្រះរាជាល្អ ដឹកនាំប្រទេសឲ្យជួបនឹងសុខសន្ដិភាព
Ë គុណវិបត្តិ
¬ ទន់ជ្រាយ ចំពោះហេតុការណ៍ដែលកើតមានចំពោះមុខ
¬
ព្រមឲ្យគេយកទៅសម្លាប់ដោយមិនគិតពីទុក្ខសោករបស់មហេសី បុត្រ និងមាតា
៤. ព្រះមាតា និងព្រះបិតាព្រះបាទឯករាជ
Ë គុណសម្បត្តិ
¬ ជាអ្នកមានគំនិងវែងឆ្ងាយ ចេះដឹងថា អ្វីជាអំពើត្រឹមត្រូវនាំទៅកាន់ស្ថានសួគ៌ និងអ្វីជាអំពើមិនត្រឹមត្រូវនាំទៅកាន់នរក នេះមានន័យថា កាលទ្រង់ជាព្រះមហាក្សត្រសោយរាជ្យ ទ្រង់ពិតជាព្រះរាជាដ៏ល្អ
¬ ខិតខំណែនាំពន្យល់បុត្រឲ្យស្គាល់នូវអ្វីជាទង្វើល្អ អ្វីអាក្រក់
¬ ទោះជាដាក់រាជសម្បតិ្ត ក៏ទ្រង់នៅតែមានចិត្តខ្វល់ខ្វាយចំពោះសុខទុក្ខញាតិវង្ស មន្ត្រី ប្រជារាស្រ្តក៏ដូចជាព្រះនគរ
Ë គុណវិបត្តិ
¬ អសមត្ថភាពក្នុងការពន្យល់ណែនាំបុត្របង្កើតរបស់ខ្លួនឲ្យបញ្ឈប់អំពើអាក្រក់
៥. វសុលរាជកុមារ និងសេលារាជកុមារី
Ë គុណសម្បត្តិ
¬ ជាបុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
¬ ជាកូនដែលមានទឹកចិត្តក្លាហាន ហ៊ានស្លាប់ព្រោះស្រឡាញ់មាតាបិតា
¬ ជាក្មេងដែលមានបញ្ញាញាណខ្ពស់អាចដឹងអ្វីខុស អ្វីត្រូវ គឺមានបញ្ញាខ្ពស់ជាងព្រះបាទឯករាជជាអយ្យកោទៅទៀត
៦. ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាចន្ទកុមារ
Ë គុណសម្បត្តិ
¬ ជាមហេសីព្រះបាទឯករាជ និងជាមាតាចន្ទកុមារ
¬ ជាម្ដាយដែលមានទឹកចិត្តស្រឡាញ់កូន សុខចិត្តស្លាប់បើគេសម្លាប់កូន
Ë គុណវិបត្តិ
¬ ជាមនុស្សទន់ជ្រាយមិនចេះរកដំណោះស្រាយអ្វី ក្រៅពីការយកក្ដីស្លាប់មកដាក់ពីមុខ
៧. ព្រះនាងចន្ទាទេវី
Ë គុណសម្បត្តិ
¬ ជាមហេសីព្រះចន្ទកុមារ
¬ មានភក្ដីភាពយ៉ាងលើសលប់ចំពោះស្វាមី
¬ ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងសូម្បីជីវិតដើម្បីស្វាមី
¬ ជានារីមានទឹកចិត្តក្លាហាន ហ៊ានស្រែកដៀលត្មិះគូបដិបក្សដែលជាមនុស្សអាក្រក់ដោយគ្មានខ្លាចញញើត
¬ មានទឹកចិត្តបរិសុទ្ធក្នុងការបួងសួងរហូតធ្វើឲ្យព្រះឥន្ទ្រចុះមកអន្តរាគមន៍
Ë គុណវិបត្តិ
¬ មិនចេះគិតគូរវែងឆ្ងាយ ឆាប់ចុះចាញ់ស្ថានការណ៍ ប្រហារខ្លួនឯងដោយទន់ជ្រាយ
¬ ពុំបានរកមធ្យោបាយជួយស្វាមីដែលខ្លួនស្រឡាញ់បំផុតឲ្យរួចផុតការបូជា
¬ សុខចិត្តស្លាប់មិនគិតពីបុត្រដែលនៅរហង់
¬ មានជំនឿអរូបីជ្រុល
៨. ព្រះឥន្ទ្រាធិរាជ
Ë គុណសម្បត្តិ
¬ ជាស្ដេចទេវតាដែលមានយុត្តិធម៌ជួយគាំពារមនុស្សដែលសាងអំពើល្អ
¬ ចេះជួយឈឺឆ្អាលចំពោះមនុស្សលោកដែលកំពុងមានវិបត្តិ
¬ ជាតួអង្គតែមួយគត់ដែលអាចដោះស្រាយបញ្ហាក្នុងរឿងទាំងមូលបាន
IV.
សិក្សាអត្ថន័យ
១. ប្រធានរឿង
ប្រធានរឿងក្នុងរឿងចន្ទកុមារនេះ គឺ “ការបំពេញបារមី(ខន្តីបារមី)របស់ព្រះពោធិសត្វ”។
ប្រធានរឿងក្នុងរឿងចន្ទកុមារនេះ គឺ “ការបំពេញបារមី(ខន្តីបារមី)របស់ព្រះពោធិសត្វ”។
រឿង “ចន្ទកុមារជាតក”ជារឿងនៃជាតិទី៧
ក្នុងជាតិចុងក្រោយទាំង១០របស់ព្រះពុទ្ធសមណគោតមដែលបានរៀបរាប់ពីដំណើរជីវិតរបស់ព្រះពោធិសត្វក្នុងការកសាង និងសន្សំបារមីដើម្បីការត្រាស់ដឹង។
២. មូលបញ្ហារឿង
មូលបញ្ហាក្នុងរឿងនេះគឺ និយាយពីទំនាស់ដែលកើតចេញពីការគុំគួន តាមព្យាបាទព្រះចន្ទកុមាររបស់កណ្ឌហាលព្រាហ្មណ៍។
នៅក្នុងដំណើររឿងនេះ បានរៀបរាប់ពីការចង់បានរបស់ព្រះបាទឯករាជាព្រះបិតារបស់ចន្ទកុមារដែលចង់ទៅកើតនៅស្ថានសួគ៌ទើបប្រឹក្សាជាមួយកណ្ឌហាលព្រាហ្មណ៍។ កណ្ឌហាលព្រាហ្មណ៍ជាមនុស្សអាក្រក់អន្ធពាល ដែលមានចិត្តគុំគួនជាមួយព្រះចន្ទកុមារបរមពោធិសត្វដោយសារទំនាស់កន្លងមក គឺថាកណ្ឌហាលព្រាហ្មណ៍នេះ ពីមុនត្រូវព្រះរាជាតែងតាំងជាអ្នកទទួលកាត់ក្ដីក្នុងរឿងវិវាទឲ្យប្រជានុរាស្រ្ត ដោយចិត្តលោភព្រាហ្មណ៍នេះតែងតែទទួលសំណូកសូកប៉ាន់ពីគេ ហើយកាត់ក្ដីមួលបង្កាច់ឲ្យអាក្រក់ទៅជាល្អ សជាខ្មៅ ម្ចាស់ទៅជាចោរ ឯចោរទៅជាម្ចាស់ទៅវិញ។ ក្រោយមកប្រជារាស្រ្តស្លូតត្រង់ដែលចាញ់ក្ដីបានទៅប្ដឹងព្រះចន្ទកុមារ ទ្រង់ក៏សើរើកាត់ក្ដីជាថ្មីដោយយុត្តិធម៌។ ព្រះរាជាទ្រង់ជ្រាបរឿងនេះ ក៏ដកសេចក្ដីទុកចិត្តពីកណ្ឌហាលព្រាហ្មណ៍ ដែលធ្វើឲ្យព្រាហ្មណ៍ទទួលការខាតបង់លាភសក្ការៈ។ ការណ៍នេះហើយដែលនាំឲ្យកណ្ឌហាលព្រាហ្មណ៍អន្ធពាលមានចិត្តគុំគួនខ្លាំងជាមួយចន្ទកុមារ ។
ដោយសារបានឳកាសសម្រាប់ការសងសឹកជាមួយចន្ទកុមារ កណ្ឌហាលព្រាហ្មណ៍បានទូលព្រះរាជាទាំងទោសាគតិថា“សូមឲ្យព្រះអង្គធ្វើទានដ៏ក្រៃលែងគឺសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់”។ ការទូលបែបនេះគឺដើម្បីឲ្យព្រះរាជាសម្លាប់ព្រះចន្ទកុមារតែម្ដង។
៣. ឧត្ដមគតិរឿង
ជាការពិតណាស់ រឿង “ចន្ទកុមារ” ស្ថិតក្នុងចលនាពុទ្ធនិយមដែលចង់បង្ហាញនូវការអប់រំដ៏ជ្រាលជ្រៅដល់មនុស្សឲ្យចេះប្រើធម៌ខន្តីក្នុងការដោះស្រាយបញ្ហាដើម្បីសម្រេចបានជោគជ័យ។
-មួយវិញទៀត រឿងនេះបានចូលរួមបង្ហាញទស្សនៈកម្មពៀរដែលជាទ្រឹស្ដីសំខាន់របស់ព្រះពុទ្ធសាស-នាគឺថាបុគ្គលណាបានប្រព្រឹត្តអី្វតែងតែបានទទួលផលចំពោះទង្វើរបស់ខ្លួន ជាក់ស្ដែង កណ្ឌហាលព្រាហ្មណ៍ដែលជាមនុស្សចិត្តបាបមានគំនិតប្រទូស្ដជាមួយមនុស្សល្អមានគុណធម៌យ៉ាងប្រសើរ ចុងបញ្ចប់ត្រូវគេគប់នឹងដុំដីរហូតដល់ស្លាប់ ហើយថែមទាំងទៅសោយទុក្ខនៅនរកទៀត។ ចំណុចនេះធ្វើឲ្យមនុស្សមានទឹកចិត្តប្រព្រឹត្តអី្វដែលវៀរចាកអកុសល ពោលគឺធ្វើតែអំពើល្អជាកុសលដែលជាកត្តានំាមកនូវសន្ដិភាព សាមគ្គីភាព ភាតរភាព សណ្ដាប់ធ្នាប់ និងភាពរីកចម្រើនរុងរឿងដល់សង្គមជាតិ។
-ម្យ៉ាងទៀតបុគ្គលជាចៅក្រមដែលមានការវិនិច្ឆ័យក្ដីប្រកបដោយសុគតិ យុត្តិធម៌នោះ រមែងទទួលនូវការគាំទ្រ កោតសរសើរនិងគោរពស្រឡាញ់ពីអ្នកដទៃ។ ផ្ទុយទៅវិញបុគ្គលជាចៅក្រមដែលកាត់ក្ដីប្រកបដោយលោភាគតិ គឺកាត់ក្ដីដោយអយុត្តិធម៌ព្រោះតែលាភសក្ការៈនោះតែងតែទទួលនូវការស្អប់ខ្ពើមពីមនុស្សទូទៅ ចៀសមិនផុតត្រូវទទួលការបាត់បង់តំណែងថែមទៀត។
-លើសពីនេះរឿងនេះអប់រំមនុស្សថា មុននឹងធ្វើអ្វីមួយត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់ និងត្រឹមត្រូវជាមុនសិន ជាពិសេសគឺកុំសេពគប់នឹងបុគ្គលពាលព្រោះបុគ្គលជំពូកនេះតែងនាំខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទៅរកសេចក្ដីវិនាសជាក់ជាពុំខាន។ ឧទាហរណ៍ ព្រះបាទឯករាជដែលទៅភប់ប្រសព្វរាប់អានបុគ្គលពាលដូចជាកណ្ឌហាលព្រាហ្មណ៍ វិះតែនឹងធ្វើឲ្យក្រុមគ្រួសាររាជវង្សានុវង្ស និងប្រជារាស្រ្ដទូទាំងនគរមានអន្ដរាយ នេះក៏ដោយសារការសេពគប់បុគ្គលពាលទាំងងងឹតងងល់ដែរ។
-ជាចុងក្រោយរឿងនេះអប់រំយើងឲ្យចេះអត់ធ្មត់ ទប់ទល់ចំពោះកំហឹង ប្រើធម៌អហិង្សាក្នុងការដោះ-ស្រាយបញ្ហា នោះទើបជាជោគជ័យពិតប្រាកដជាជោគជ័យដែលមានន័យយ៉ាងទូលាយសម្រាប់មនុស្សជាតិ។ជាក់ស្ដែងការដែលព្រះចន្ទកុមារអង្វរព្រះរាជាដោយសុខចិត្តធ្វើជាទាសៈកណ្ឌហាល ឬដើរសុំទានគេ។ តាមរយៈទង្វើរបស់ព្រះចន្ទកុមារនេះ យើងអាចយកមកធ្វើជាគំរូមួយដ៏ល្អ សម្រាប់យកមកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
៤. បញ្ហាទំនាស់ និងដំណោះស្រាយ
នៅក្នុងរឿង “ចន្ទកុមារ” គេសង្កេតឃើញថា មានទំនាស់តូចៗជាច្រើនដែលជាបច្ច័យឈានទៅដល់ទំនាស់ធំរួចក៏ឈានដល់ដំណោះស្រាយជាចុងក្រោយ។ ទំនាស់ទំាងអស់បានផ្ដួចឡើងជារឿងតាមដំណាក់ៗដូចតទៅ៖
—
ទី១៖ ការចងគំនុំរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះព្រះចន្ទកុមារ
ទំនាស់ផ្ដើមចេញដំបូងគឺដោយសារតែកណ្ឌហាលព្រាហ្មណ៍ជាបុគ្គលមានចិត្តលោភ ប្រព្រឹត្តទុច្ចរិត ស៊ីសំណូករួចវិនិច្ឆ័យដោយអយុត្តិធម៌។ ដោយមូលហេតុនេះ ធ្វើឲ្យអ្នកចាញ់ក្ដីមានសេចក្ដីក្ដៅក្រហាយ និងបានទូលរឿងរ៉ាវដល់ព្រះចន្ទកុមារ ទ្រង់ក៏វិនិច្ឆ័យរឿងក្ដីសារជាថ្មី។ កណ្ឌហាល ត្រូវបាត់បង់មុខតំណែង និង លាភសក្ការៈ ក៏ចេះតែមានចិត្តគុំគួនគួចចង់សងសឹកនឹងព្រះចន្ទកុមារជានិច្ច។
ឧទាហរណ៍៖ “កណ្ឌហាលព្រាហ្មណ៍នោះកាន់តំណែងខាងការវិនិច្ឆ័យផង គាត់តែងស៊ីសំណូកធ្វើម្ចាស់ឲ្យមិនមែនជាម្ចាស់វិញ..........ផលអាក្រក់របស់កណ្ឌហាលព្រាហ្មណ៍ក៏ដាច់រលត់ទៅ បានជាព្រាហ្មណ៍កើតក្ដីមួម៉ៅគិតផ្ដន្ទាព្រះចន្ទកុមារ”។ (សង្ខេបទសជាតក ទំ.១៩៣-១៩៤)
—
ទី២៖ បញ្ហាការសុបិនរបស់ព្រះបាទឯករាជ
ព្រះបាទឯករាជទ្រង់សុបិននិមិត្តឃើញឋានត្រៃត្រឹង្ស ក៏មានព្រះទ័យចង់ទៅកើតសោយសុខនាស្ថាននោះ។ ព្រះអង្គទ្រង់ទៅពិភាក្សាជាមួយកណ្ឌហាលព្រាហ្មណ៍ ពីរឿងថា តើត្រូវធ្វើយ៉ាងណាដើម្បីបានទៅកើតនៅស្ថានសួគ៌។ ជាឳកាសល្អសម្រាប់ការសងសឹក កណ្ឌហាលព្រាហ្មណ៍ដែលជាមនុស្សអន្ធពាលឥតដឹងការណ៍អ្វីសោះ ក៏ទូលថ្វាយព្រះបាទឯករាជដោយមោហៈ និងទោសៈឲ្យទ្រង់ធ្វើនូវទានក៏ក្រៃលែងគឺការសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់។ ការទូលបែបនេះ កណ្ឌហាលព្រាហ្មណ៍មានគោលបំណងធំមួយគត់ គឺដើម្បីឲ្យព្រះរាជាសម្លាប់ព្រះចន្ទកុមារ។
ឧទាហរណ៍នៅក្នុងរឿង៖
“ថ្ងៃមួយទ្រង់សុបិននិមិត្តថាៈ បានទៅឃើញឋានត្រៃត្រឹង្ស........ទើបសួរកណ្ឌហាលព្រាហ្មណ៍ថា ខ្ញុំត្រូវធ្វើបុណ្យដូចម្តេចដើម្បីនឹងបានទៅកើតឯស្ថានត្រៃត្រឹង្ស?” (សង្ខេបទសជាតក ទំ.១៩៤-១៩៥)
“ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ
សូមទ្រង់ព្រះមេត្តាប្រោស
ជនទាំងឡាយឲ្យទានដ៏ក្រៃលែង
សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតនៅឋានសួគ៌”។ (សង្ខេបទសជាតក
ទំ.១៩៥)
—
ទី៣៖ បញ្ហាការបូជាយញ្ញរបស់ព្រះបាទឯករាជ
ដោយសារជាមនុស្សល្ងង់អាប់ប្រាជ្ញា ព្រះបាទឯករាជក៏ទទួលជឿតាមពាក្យមុសាផ្ដេសផ្ដាសប្រកបដោយគំនិតយ៉ាងអាក្រក់របស់កណ្ឌហាលព្រាហ្មណ៍ ប្រៀបដូចជាមនុស្សដែលវង្វេងផ្លូវមួយសប្ដាហ៍ទៅសួររកផ្លូវចំមនុស្សដែលវង្វេងផ្លូវកន្លះខែដូច្នោះ។ ដើម្បីបានទៅកើតនាស្ថានត្រៃត្រឹង្ស ព្រះអង្គសុខចិត្តបញ្ជាឲ្យគេសម្លាប់ បុត្រ មហេសី សេដ្ឋី គោឧសភរាជ សេះជា អាជានេយ្យ ដំរីរាជ គឺចំនួន៤ៗក្នុងមួយមុខ។ ដំណាក់កាលនេះព្រះចន្ទកុមារកំពុងជួបបញ្ហាព្រោះនឹងត្រូវគេយកទៅបូជាយញ្ញជាមួយមនុស្ស និងសត្វជាច្រើនទៀត។ ដំណើររឿងកាន់តែតានតឹងឡើងជាលំដាប់។ ព្រះរាជកុមារព្រះចន្ទកុមារទ្រង់ព្យាយាមដោះស្រាយបញ្ហាដែលកើតឡើងចំពោះមុខដោយចិត្តខន្តី។ ព្រះចន្ទកុមារបានទូលអង្វរ ដល់ព្រះរាជាជាបិតាដោយសុខចិត្តធ្វើជាទាសៈរបស់កណ្ឌហាលព្រាហ្មណ៍ ឬត្រូវនិរទេសពីនគរ ទ្រង់សុខចិត្តដើរ សុំទានគេចិញ្ចឹមជីវិត។ ក្នុងនាមជាមហាឧបរាជដែលមានអំណាចសុខចិត្តបន្ទាបខ្លួនធ្វើជាទាសៈមនុស្សអាក្រក់ដូចកណ្ឌហាលព្រាហ្មណ៍ នេះ សបញ្ជាក់ថាព្រះចន្ទកុមារមានចិត្តអំណត់ អត់ធ្មត់ខ្លាំងណាស់ដើម្បីទប់ទល់នឹងបញ្ហា។ ទោះបីជាការអង្វរកររបស់ព្រះចន្ទកុមារធ្វើឲ្យបិតាទ្រង់មានចិត្តអាណិត និងបញ្ជាឲ្យបញ្ឈប់យញ្ញពិធីពិតមែន ប៉ុន្តែ ព្រាហ្មណ៍-កណ្ឌហាលនៅតែទទូចតវ៉ាឲ្យព្រះបាទឯករាជបន្តការបូជាយញ្ញដដែល។ ព្រះចន្ទកុមារមិនព្រមចុះចាញ់នៅតែព្យាយាមពន្យល់ព្រះបិតាដោយលើកយកហេតុផលជាច្រើន ថាទង្វើបែបនេះមិនមែនជាដំណើរទៅសួគ៌លោកទេ តែជាដំណើរទៅកាន់នរកដោយពិតប្រាកដ។ ឯកណ្ឌហាលក៏នៅតែតវ៉ាដូចមុនដដែលៗទៀត។ ទំនាស់កាន់តែតានតឹងដោយព្រះនាងចន្ទាទេវីសម្រេចចិត្តសម្លាប់ខ្លួនតាមព្រះចន្ទកុមារជាស្វាមី និងបួងសួងសូមឲ្យពួកអមនុស្ស ទេវតាជួយថែរក្សាព្រះនាង និងស្វាមីផង។
ឧទាហរណ៍៖ “ព្រះមាតានៃព្រះបាទឯករាជ និងព្រះបាទវសវតីជាព្រះបិតាទ្រង់ឃាត់ថាៈ ម្នាលកូន! អ្នកកុំជឿកណ្ឌហាលព្រាហ្មណ៍........ផ្លូវហ្នឹងជាផ្លូវទៅកាន់នរកទេកូន”។ (ទំ.១៩៧)
“ព្រះចន្ទកុមារអង្វរថាៈ បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំឡើយ សូមព្រះអង្គរាជទានទូលបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ ..........ទូលបង្គំជាខ្ញុំទាំងឡាយសុខចិត្តដើរសុំទានគេចិញ្ចឹមជីវិតដែរ”។ (ទំ.១៩៨)
—
ដំណោះស្រាយបញ្ហាដោយអន្តរាគមន៍របស់ព្រះឥន្ទ្រាធិរាជ
ខណៈដែលទំនាស់ចេះតែតានតឹង និងឈានដល់កម្រិតកំពូលហើយនោះ ដំណោះស្រាយចុងក្រោយនៃដំណើររឿងគឺមានការជួយអន្តរាគមន៍ពីព្រះឥន្ទ្រាធិរាជ។ ក្រោយពីទ្រង់ព្រះសណ្ដាប់ពាក្យរបស់ព្រះនាង-ចន្ទាទេវីរួចមក សក្កទេវរាជទ្រង់គ្រវីដំបងដែកស្រែកគម្រាមដល់ព្រះបាទឯករាជ កុំឲ្យសម្លាប់ជីវិតព្រះចន្ទកុមារដែលជាមនុស្សប្រកបដោយគុណធម៌យ៉ាងវិសេសឲ្យសោះ។ វត្តមានរបស់ព្រះឥន្ទ្រាធិរាជ បានធ្វើឲ្យព្រះរាជា និងកណ្ឌហាលមានការភិតភ័យយ៉ាងខ្លាំង ហើយទ្រង់បានចេញបញ្ជាយ៉ាងប្រញាប់ឲ្យគេដោះលែងព្រះចន្ទ-កុមារ ជនទាំងឡាយ និងសត្វទាំងឡាយ។ ចំណែកកណ្ឌហាលព្រាហ្មណ៍ត្រូវមនុស្សទាំងឡាយគប់នឹងដុំដី ដល់នូវមរណាទៅសោយទុក្ខនៅនរក។ ព្រះចន្ទកុមារត្រូវបានអភិសេកដោយមានសក្កទេវរាជ និងទេវបរិស័ទ ទេពកញ្ញា សម្ដែងសេចក្ដីអបអរពាសពេញអាកាស។ ព្រះចន្ទកុមារសោយរាជសម្បត្តិប្រកបដោយធម៌ ត្រេកអរក្នុងការបរិច្ចាគទាន លុះអវសាន្តជីវិតបានទៅកើតនៅស្ថានសួគ៌។
ឧទាហរណ៍៖ “ព្រះឥន្ទ្រាធិរាជ ទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯក-រាជថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក ចូរឯងដឹងចុះកុំឲ្យអញសំពងក្បាលទាន់! ឯងកុំសម្លាប់បុត្រច្បង ដែលជាអ្នកអង់អាចដូចរាជសីហ៍ ឥតសេចក្ដីប្រទូស្ដ!.......ក៏ស្ទុះទៅស្រាយចំណងពីជនទាំងឡាយមួយរំពេច”។
(ទំ.២០៣)
V.
សិក្សាអត្ថរូប
១. ភេទរូប
ក. ផ្ដើមរឿង
អ្នកនិពន្ធបានចាប់ផ្ដើមរឿងដោយធ្វើការរំលឹកដល់ពុទ្ធប្រវត្តិរបស់ព្រះពុទ្ធបរមសាស្ដា កាលដែលទេវទត្តតាមព្យាបាទព្រះអង្គ។
ឧទាហរណ៍៖ កាលព្រះពុទ្ធជាបរមសាស្ដាគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបានសុំនាយខ្មាន់ធ្នូចំនួន ៣១នាក់ពីសំណាក់ព្រះបាទអជាតិសត្រូវ ហៅខ្មាន់ធ្នូម្នាក់មកនិយាយដោយសម្ងាត់ថា ឯងត្រូវទៅបាញ់សម្លាប់សមណគោតមលើភ្នំគិជ្ឈកូដ.......។
ខ. តួរឿង
នៅក្នុងតួរឿងនេះ បានបង្ហាញពីទំនាស់ដែលកើតដោយការគុំគួនរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះ ព្រះចន្ទកុមារ ហើយអ្នកនិពន្ធបានបង្ហាញនូវសកម្មភាពដ៏អស្ចារ្យនៃតួអង្គព្រះពោធិសត្វគឺបង្ហាញពីខន្ដីបារមី ការអត់ធ្មត់ អំណត់ក្នុងការសាងបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធ។
គ. បញ្ចប់រឿង
អ្នកនិពន្ធបានបញ្ចប់រឿងដោយឲ្យតួអង្គឯក និងក្រុមគ្រួសារបានជួបជុំគ្នាវិញ គឺព្រះចន្ទកុមារត្រូវបានអភិសេកជាព្រះមហាក្សត្រសោយរាជ្យប្រកបដោយធម៌នៅនគរបុប្ផវតី ហើយក្សត្រទាំងអស់ក្រោយសោយ-ទីវង្គតបានទៅកើតនៅស្ថានសួគ៌តុសិត។ ចំណែកតួអង្គអាក្រក់ដូចជាកណ្ឌហាលព្រាហ្មណ៍ត្រូវស្លាប់ ហើយទៅសោយទុក្ខនៅនរក។ ព្រមជាមួយនេះក៏បានបង្ហាញពីការសជាតិរបស់តួអង្គនីមួយៗផងដែរ។
អ្នកនិពន្ធបានប្រើនូវសិល្ប៍វិធីក្នុងការតែងរឿងដូចខាងក្រោម៖
២. វចនវិធី
វចនវិធីជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទ។
វចនវិធីជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទ។
នៅក្នុងអត្ថបទទសជាតកដែលជាច្បាប់ដើមដែលមានក្នុងគម្ពីរត្រៃបិដកសរសេរឡើងជាភាសាបាលី។
ឧទាហរណ៍៖ រាជាសិ លុទ្ទកកម្មោ ឯករាជា បុប្ផវតិយាយំ សោបុច្ឆិ ព្រហ្មពន្ធុំ ខណ្ឌហាលំ បុរោហិតំ មុឡ្ហំ សក្កាន
មគ្គមាចិក្ខ.......។
ចំណែកនៅទីនេះគឺអត្ថបទរឿងជាស្នាដៃរៀបរៀងដោយបណ្ឌិតមហាឈឹម សុមន៍គឺសរសេរជា ភាសាខ្មែរ ដោយមានលាយឡំនឹងឃ្លាភាសាបាលីខ្លះៗ។
ឧទាហរណ៍៖ “អតីតេ ភិក្ខវេ” ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅហើយព្រះរាជាជាបុត្រព្រះបាទវសវតី គឺព្រះបាទឯករាជសោយរាជ្យក្នុងនគរបុប្ផវតី........។
៣.រចនាវិធី
ជាវិធីដែលអ្នកនិពន្ធប្រើប្រាស់ភាសា របៀបនៃការតែងរឿងដើម្បីឲ្យស្នាដៃ ឬអត្ថបទនោះមានសម្រស់បង្កើតជាភាពអណ្ដែតអណ្ដូងសប្បាយរីករាយ ឬទុក្ខព្រួយ។
ជាវិធីដែលអ្នកនិពន្ធប្រើប្រាស់ភាសា របៀបនៃការតែងរឿងដើម្បីឲ្យស្នាដៃ ឬអត្ថបទនោះមានសម្រស់បង្កើតជាភាពអណ្ដែតអណ្ដូងសប្បាយរីករាយ ឬទុក្ខព្រួយ។
រឿងចន្ទកុមារអ្នកនិពន្ធសរសេរដោយប្រើពាក្យខ្មែរលាយឡំនឹងពាក្យបាលី សំស្រ្កឹត ហើយតែងជាពាក្យរាយសម្រាយងាយអាន ងាយស្ដាប់ និងងាយយល់ តាំងពីដើមដល់ចប់។
ឧទាហរណ៍៖ ព្រាហ្មណ៍ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយ..........។
ជួនកាលអ្នកនិពន្ធប្រើជាពាក្យចួន រណ្ដំណែងណងផងដែរ។
ឧទាហរណ៍៖ ព្រះឥន្ទ្រាធិរាជទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯក-រាជថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក”។(ទំ.២០៣)
ក.
ឯកវាទវិធី
ឯកវាទវិធីគឺជាវិធីដែលអ្នកនិពន្ធប្រឌិតឲ្យតួអង្គនិយាយឬគិតអ្វីមួយតែម្នាក់ឯង
ឬនិយាយរំលឹកពីហេតុភេទ ឬរឿងទុក្ខសោក ការឈឺចាប់របស់ខ្លួនតែម្នាក់ឯង។
ឧទាហរណ៍៖ ព្រះនាងបញ្ចាលរាជធីតារៀបរាប់ទួញសោក សូមសច្ចាដល់អស់ទេវតាពេលដែលគេចាប់យកស្វាមី(ចន្ទកុមារ)ទៅសម្លាប់ថា៖ “ខ្ញុំសូមព្រមព្រៀងស្លាប់ជាមួយនឹងស្វាមី! សច្ចៈវាចានេះសូមពួក-អមនុស្ស សូមពួកទេវតា សូមពួកសត្វដែលកើតហើយ សូមពួកសត្វដែលត្រូវកើត ជួយធ្វើសេចក្ដីខ្វល់ខ្វាយចំពោះខ្ញុំ! សូមជួយថែរក្សាខ្ញុំជាមនុស្សអនាថាកំពុងស្វែងរកទីពឹង!...”។
ខ. សំវាទវិធី
សំវាទវិធីគឺជាវិធីដែលអ្នកនិពន្ធ ឬកវីលើកឡើងដោយឲ្យតួអង្គចាប់ពី២នាក់ឡើងទៅមានសកម្មភាពឆ្លើយឆ្លងគ្នាពីបញ្ហាអ្វីមួយ។
ឧទាហរណ៍៖ “ព្រះបាទឯករាជទ្រង់ដណ្ដឹងសួរទៅកណ្ឌហាលព្រាហ្មណ៍ដើម្បីធ្វើយ៉ាងបានទៅសោយ-សុខនាឋានត្រៃត្រឹង្សថាៈ
ខ្ញុំត្រូវធ្វើបុណ្យដូចម្ដេចដើម្បីឲ្យបានទៅកើតឯស្ថានត្រៃត្រឹង្ស?.................
ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោសជនទាំងឡាយគប្បីឲ្យទានដ៏ក្រៃលែង
សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតឯស្ថានសួគ៌”។
គ. សន្ទេហវិធី
សន្ទេហវិធីជាវិធីដែលកវី អ្នកនិពន្ធធ្វើឲ្យអ្នកអាន អ្នកទស្សនាចង់ដឹងពីរឿងអ្វីមួយដែលនឹងកើតមានតទៅទៀតក្នុងដំណើររឿង។
ឧទាហរណ៍៖ នៅពេលដែលចន្ទកុមារ និងសុរិយកុមារត្រូវគេចាប់យកទៅបូជាយញ្ញមុនគេ ក្រោយពីពួកគេតស៊ូខាងពាក្យសម្ដីអស់ចិត្តអស់ចង់ហើយ អ្នកអានច្បាស់់ជាមានចម្ងល់ខ្លាំងណាស់ថា តើរាជកុមារទំាងពីរអង្គនេះអាចនឹងស្លាប់ដែរឬទេ?
ឃ. ពិពណ៌នាវិធី
ពណ៌នាវិធីជាវិធីដែលអ្នកនិពន្ធធ្វើការរៀបរាប់ពីតួអង្គ ធម្មជាតិ ទេសភាព ឬទីកន្លែងផ្សេងៗ។
ឧទាហរណ៍៖ “ម្នាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយព្រះរាជបុត្រព្រះបាទវសវតីព្រះនាម-ព្រះបាទឯករាជសោយរាជ្យក្នុងនគរបុប្ផវតីមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមចន្ទកុមារជាមហាឧបរាជ”។(ទំ.១៩៣)
ការរៀបរាប់ពីទិដ្ឋភាពនាឋានត្រៃត្រឹង្សដែលបង្ហាញដូចតទៅ៖ “រីក្នុងវិមាននោះដ៏ពេញនីទៅនូវពួកស្រីទេពអប្សរបវរពិចិត្ត រីវិមាននោះសោត គឺដ៏អ្នកប្រដាប់រចនានីទៅនូវត្រីសូលកំពូលគាងឃ្វាយមុខដាច់ស្លឹកខ្នុររ័ត្ននព័ទ្ធជុំវិញប្រពៃ......រីកម្ពស់ត្រីសូលមហាប្រាសាទនោះសោត ៦០យោជន៍។ រីអស់ស្រីទេពអប្សរបវរកញ្ញានោះមានស្រីខ្លះផ្លុំ ខ្លះចេះប្រគុំ ខ្លះចេះរាំបម្រើជាប្រក្រតី”។(ទំ.១៩៥-១៩៦)
ង. វណ្ណនាវិធី
វណ្ណនាវិធីជាការរៀបរាប់របស់អ្នកនិពន្ធលើទេសភាព ឬសកម្មភាពជីវភាពតួអង្គ។
ឧទាហរណ៍៖ ប្រាសាទនេះជាវិការៈនៃមាសដេរដាសដោយផ្កាកម្រង ឥឡូវនេះព្រះរាជបុត្រទាំង ៤ព្រះអង្គត្រូវគេនាំទៅសម្លាប់។ ឧទ្យាននេះមានផ្ការីកសព្វកាលជាទីរីករាយ ឥឡូវព្រះរាជបុត្រទាំង៤ត្រូវគេនាំទៅសម្លាប់។(ទំ.២០១)
ច. ឧបមានវិធី
ឧបមានវិធីជាវិធីដែលអ្នកនិពន្ធប្រើការប្រៀបធៀបតួអង្គ ឬសកម្មភាពនៅក្នុងដំណើររឿងដើម្បីរំលេចចេញនូវជីវរូបារម្មណ៍ ឬមនោរម្មណ៍។
ឧទាហរណ៍៖ ឯងកុំសម្លាប់បុត្រច្បងដែលជាអ្នកអង់អាចដូចរាជសីហ៍......។(ទំ.២០៣)
ឆ. វឌ្ឍមានវិធី
វឌ្ឍមានវិធីជាវិធីដែលអ្នកនិពន្ធបានប្រើដើម្បី ធើ្វឲ្យដំណើររឿងកាន់តែតានតឹងឡើងៗ តាំងពីកម្រិតទាបរហូតដល់កម្រិតខ្ពស់បំផុត។ នៅក្នុងរឿងនេះ អ្នកនិពន្ធបានប្រើវឌ្ឍមានវិធីដោយធ្វើស្ថានភាពរឿងឲ្យកាន់តែតឹងតែងឡើងៗចាប់តាំងពីព្រះរាជាបានបញ្ជាឲ្យគេទៅចាប់បុត្រ ចាប់មហេសី និងអ្នកឯទៀតទៅធ្វើពិធីបូជាយញ្ញ រហូតដល់ពេលដែលមានមនុស្សជាច្រើនត្រូវឈឺចាប់ ស្រែកទួញសោក បោកខ្លួន ខ្លះចង់សម្លាប់ខ្លួន ហើយស្ថានភាពកាន់តែតានតឹងមែនទែនពេលគេចាប់ចងចន្ទកុមារ និងសុរិយកុមារបម្រុងនឹងសម្លាប់។
ឧទាហរណ៍៖ “ព្រះនាងចន្ទាទេវី មហេសីពោធិសត្វប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ទ្រង់ពិលាបថា.........ព្រះនាងកៀកព្រះសុរងជាប់ដើម្បីស្លាប់ជាមួយគ្នា”។(ទំ.២០៣)
VI.
សិក្សាអត្ថរស
អត្ថរសជាតម្លៃអប់រំរបស់រឿង។ នៅក្នុងរឿងចន្ទកុមារដែលជារឿងបែបពុទ្ធនិយម តម្លៃជាមូលដ្ឋានគឺសកម្មភាពដ៏ពិសិដ្ឋ ភាពអស្ចារ្យ សេចក្ដីខន្ដី សេចក្ដីព្យាយាមរបស់តួអង្គចន្ទកុមារជាអង្គព្រះពោធិសត្វ។
តាមរយៈរឿងចន្ទកុមារនេះអ្នកនិពន្ធបានស្ដែងឡើងនូវតម្លៃអត្ថរសដូចខាងក្រោម៖
១. វិសិដ្ឋរស
វិសិដ្ឋរសជាតម្លៃដែលលេចចេញតាមរយៈការឆ្លុះបញ្ចាំងរបស់អ្នកនិពន្ធជាសកម្មភាពដ៏អស្ចារ្យរបស់តួអង្គ ដែលកម្រមានតួអង្គមនុស្សណាមួយអាចធ្វើបាន។ រឿងនេះជារឿងបែបសាសនា គឺអក្សរសិល្ប៍ពុទ្ធ-និយមដែលទូន្មានមនុស្សឲ្យប្រព្រឹត្តតែអំពើជាកុសល ដូច្នេះរឿងនេះប្រាកដណាស់គឺមានវិសិដ្ឋរសជាចម្បង។ វិសិដ្ឋរសក្នុងរឿងនេះ គឺចិត្តខន្ដីដ៏អស្ចារ្យរបស់តួអង្គចន្ទកុមារជាព្រះពោធិសត្វដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរហូតដល់ចប់ ពោលគឺព្រះអង្គអត់ធ្មត់ មិនក្រោធខឹង ប្រើពាក្យសម្ដីទ្រគោះបោះបោក បើទោះជាចំពោះអ្នកដែលចង់សម្លាប់ខ្លួនក៏ដោយ។
ឧទាហរណ៍៖ ព្រះចន្ទកុមារអង្វរថាៈ “បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលព្រះបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ។ ចំណែកទូលព្រះបង្គំជាខ្ញុំទាំងឡាយជាអ្នកជាប់ចំណងហើយ នឹងឃ្វាលដំរី នឹងចាក់ចោលនូវមូលដំរី នឹងចាក់ចោលនូវមូលសេះ(អាចម៍សេះ)របស់កណ្ឌហាលព្រាហ្មណ៍ ឬមួយបំបរបង់ទូលព្រះបង្គំទាំងឡាយចាកផែនដីគឺទូល-ព្រះបង្គំទាំងឡាយសុខចិត្តដើរសុំទានចិញ្ចឹមជីវិតដែរ”។ (ឈឹម សុមន៍ ទសជាតក ទំព័រ២០៩)
២. ទារុណរស
ជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើររឿង ពីការប្រយុទ្ធព្យាបាទ សងសឹក និងធ្វើទុក្ខទោសដាក់ទណ្ឌកម្មយ៉ាងកាចសាហាវរហូតដល់បាត់បង់ជីវិតតួអង្គដែលទន់ខ្សោយដោយអយុត្តិធម៌។
ទារុណរសនៅក្នុងរឿងគឺតាមរយៈតួអង្គចន្ទកុមារ សុរិយកុមារ ព្រះនាងគោត្តមី ព្រះនាងចន្ទាទេវី វសុលរាជកុមារ សេលារាជកុមារី....ដែលសុទ្ធតែរងទុក្ខទោស ដោយការដាក់ទោសទណ្ឌទាំងអយុត្តិធម៌ធ្វើឲ្យពួកគេមានការលំបាកយ៉ាងខ្លាំងទាំងផ្លូវកាយ ពិសេសផ្លូវចិត្ត ហើយសុខចិត្តស្លាប់ទៅតាមគ្នា។
៣. អច្ឆរិយរស
គឺជាតម្លៃដែលលេចចេញមកអំពីការបង្ហាញអច្ឆរិយភាពដែលមានលក្ខណៈអស្ចារ្យ ហួសពីលក្ខណៈដែលមនុស្សអាចធ្វើបានដូចជាការហោះហើរ ដើរលើអាកាស ជ្រែកទឹក ជ្រែកដី......។
អច្ឆរិយរសនៅក្នុងរឿងស្ថិតនៅត្រង់ចុងបញ្ចប់នៃរឿងដែលអ្នកនិពន្ធធ្វើឲ្យមានអច្ឆរិយភាព គឺធ្វើឲ្យមានព្រះឥន្រ្ទាធិរាជចុះមកជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាតាមការបួងសួងរបស់ព្រះនាងចន្ទាទេវី។
ឧទាហរណ៍៖ ព្រះឥន្ទ្រាធិរាជទ្រង់សណ្ដាប់ហើយ ក៏គ្រវីដំបងដែកស្រែកគម្រាមព្រះបាទឯករាជថា “ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក អញនឹងសំពងក្បាលឥឡូវ ឯងមានដែលឃើញពីអង្កាល់អ្នកដែលសម្លាប់បុត្រ មហេសី សេដ្ឋី គហបតី ព្រោះប្រាថ្នាស្ថានសួគ៌នោះ”។
៤. កុសលរស
កុសលរស ឬតម្លៃឧបទេសគឺជាតម្លៃទាក់ទងដល់ការអប់រំ។
កុសលរសនៅក្នុងរឿងគឺកាអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ មានទឹកចិត្តមេត្តាករុណា ចេះឲ្យទាន មានចិត្តខន្ដី យុត្តិធម៌ ពោលគឺចៀសវាងឲ្យបាននូវអំពើអាក្រក់គ្រប់បែបយ៉ាង។
៥. តថរស
តថរសជាតម្លៃដែលលេចចេញមកអំពីការឆ្លុះបញ្ចាំងតថភាពនៅក្នុងស្នាដៃអក្សរសិល្ប៍ និងសិល្បៈ។ គ្រប់ស្នាដៃអក្សរសិល្ប៍ និងសិល្បៈសុទ្ធតែមានតម្លៃតថៈទាំងអស់ ព្រោះថាស្នាដៃអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពនៃសង្គមសត្យានុម័តក្នុងដំណាក់កាលណាមួយ។
រឿងចន្ទកុមារបានឆ្លុះបង្ហាញពីសង្គមឥណ្ឌាសម័យបុរាណ ដែលមានជំនឿលើពិធីយញ្ញគឺការបូជាមនុស្ស និងសត្វទំាងរស់ ដោយគេជឿថានឹងបានទៅកើតនៅសុគតិភព ពិសេសពួកព្រាហ្មណ៍ និងព្រះរាជា។
យើងដឹងហើយថាសម័យបុរាណ ប្រជាជនឥណ្ឌាគេមានជំនឿខ្លាំងណាស់លើព្រហ្មញ្ញសាសនា។ ពួកព្រាហ្មណ៍គឺជាអ្នកប្រៀនប្រដៅសាសនាបានណែនាំឲ្យពួកសាសនិកអនុវត្តពិធីនេះ ដើម្បីធ្វើឲ្យអាទិទេពសប្បាយព្រះទ័យនឹងបានទៅកាន់សុគតិភព។ ផ្ទុយទៅវិញ រឿងនេះបានរិះគន់វាយប្រហារចំៗរបស់ទ្រឹស្ដីព្រះពុទ្ធសាសនា ចំពោះជំនឿបែបល្ងង់ខ្លៅ និងប្រកបដោយបាបកម្មមួយនេះ។
តថភាពមួយទៀតដែលយើងតែងឃើញនៅគ្រប់សង្គម និងគ្រប់សម័យកាលនោះ គឺការកាត់វិនិច្ឆ័យក្ដីនៅតុលាការ ដោយមានទាំងការកាត់ក្ដីដោយអយុត្តិធម៌ព្រោះការសូកប៉ាន់ និងការកាត់ក្ដីដោយគតិយុត្ដិ-ធម៌។
៦. វីររស
វីររសជាតម្លៃដែលចេញពីវីរសកម្មភាពរបស់តួអង្គវីរជនណាម្នាក់។
ក្នុងរឿងបានរៀបរាប់ពីវីរភាពរបស់ព្រះចន្ទកុមារថា តាំងពីកុមាររហូតដល់ពេញកម្លោះ ទ្រង់ឥតដែលមានទោសកំហុសសោះ និងជាមនុស្សពាក់គ្រឿងក្រោះ ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រដោយមិនដែលមានភាពរួញរាសូម្បីបន្ដិចឡើយ ។
សរុបសេចក្ដី
សរុបមក យើងឃើញថារឿងចន្ទកុមារនេះសក្ដិសមជាពុទ្ធវចនៈ ជារឿងមួយដែលមានតម្លៃខាងអប់រំមនុស្សឲ្យមានទឹកចិត្តស្រឡាញ់នូវអំពើជាកុសល និងវៀរចាកអំពើជាអកុសលទាំងពួង។
VII.
សន្និដ្ឋាន
យើងបានដឹងតាមរយៈការបកស្រាយមកហើយថារឿង ចន្ទកុមារជាតកនេះជារឿងបែបសាសនា ក៏ប៉ុន្តែរឿងនេះមិនមែនមានតម្លៃតែចំពោះសាសនានោះទេគឺ មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានអត្ថ-ប្រយោជន៍យ៉ាងច្រើន សម្រាប់សង្គមជាតិគ្រប់សម័យកាលទាំងអស់។ យើងសង្កេតឃើញថា គោលគំនិតមួយដែលបានពន្លេចឡើងនិងមានតម្លៃបំផុតនោះ គឺការប្រកាន់នូវខន្តីជាប់ជានិច្ចក្នុងចិត្ត ព្រោះវាជាទ្រឹស្ដីដ៏សំខាន់នៃវប្បធម៌សន្តិភាព រវាងបុគ្គល គ្រួសារ សង្គម និងពិភពលោកទំាងមូល។ រឿងនេះបានឆ្លុះបញ្ចាំងស្ទើរគ្រប់ទិដ្ឋភាពនៃសង្គម មានទាំងរបបគ្រប់គ្រង ជំនឿសាសនា ការកាត់សេចក្ដីក្នុងតុលាការ សេចក្ដីលោភលន់ ការស៊ីសំណូក ការចងគំនុំតាមផ្ដន្ទា មនោសញ្ចេតនាក្នុងគ្រួសារ -ល- ដែលទាំងនេះសុទ្ធតែជាបញ្ហាដែលមនុស្សនៅជួបប្រទះរហូតមកដល់សព្វថ្ងៃនេះ។
ផ្នត់គំនិតរបស់ប្រជាជនខ្មែរនៅគ្រប់សម័យកាល
អំពីទស្សនៈកម្ម-ផល ក៏ត្រូវបានជះឥទ្ធិពលពីរឿងនេះដែរ
ដោយរឿងបានបង្ហាញថា
បុគ្គលដែលសាងអាក្រក់រមែងទទួលផលអាក្រក់នៅបច្ចុប្បន្នជាតិ
និងតទៅអនាគតជាតិទៀត។ ហេតុដូចបានរៀបរាប់ខាងលើ ទស្សនៈនេះបានចូលរួមវិភាគទានយ៉ាងធំធេងក្នុងការអប់រំមនុស្សឲ្យកសាងតែអំពើល្អជាកុសល ចៀសវាងអំពើអាក្រក់ជាអកុសលគ្រប់បែបយ៉ាង
ដែលជាប្រភពនាំមកនូវក្ដីសុខ
សន្ដិភាព និងសណ្ដាប់ធ្នាប់ដល់សង្គមជាតិ ។
ជារួមមក រឿងនេះធ្វើឲ្យយើងខ្ញុំបានយល់កាន់តែច្រើនពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃស្នាដៃ
ចំពោះវិស័យអក្សរសាស្រ្តជាតិនៅគ្រប់សម័យកាល។
មិនតែប៉ុណ្ណោះ យើងខ្ញុំបានជ្រួតជ្រាបទទួលបាននូវបទពិសោធន៍
គោលគំនិតល្អៗ សម្រាប់ជាទុនជីវិតក្នុងការរស់នៅសំដៅសម្រេចបានជោគជ័យនៅក្នុងជីវិតប្រចំាថ្ងៃ។
ឯកសារពិគ្រោះ
១. ឆវិន សរៈខាំ ប្រែសម្រួលដោយ នៅ សាខន ប្រវត្តិសាស្រ្តនៃព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា
ឆ្នាំ ២០០៦
២. ជួន ណាត វចនានុក្រមខ្មែរ បោះពុម្ភ លើកទី៥ ឆ្នាំ ១៩៦៧
៣.
ឈឹម សុមន៍ សង្ខេបទសជាតក បោះពុម្ពលើកទី៦ រោងពុម្ពតារារស្មី ឆ្នាំ ១៩៧១
៤. ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី ២៨ លេខ ១១ ខែវិច្ឆិកា ព.ស ២៤៩៩ គ.ស ១៩៥៧
៥. ធ សោ វិធីសាស្ត្រនៃការសិក្សាស្នាដៃអក្សរសិល្ប៍ ឆ្នាំ ២០០៩
៦. ពន់ ឆាយ អក្សរសិល្ប៍ខ្មែរ ឆ្នំា ២០០៧-២០០៨
៧. ពន់ ឆាយ ប្រវត្តិអក្សរសាស្ត្រខ្មែរ ឆ្នំា ២០០២
៨. ពុទ្ធសាសនបណ្ឌិត គម្ពីរព្រះត្រៃបិដក ភាគទី ៦២ ភ្នំពេញ ឆ្នាំ ១៩៦១
៩. លាង ហាប់អាន សិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ ភាគ ១-២ ឆ្នាំ ១៩៦៦
តើម្ចាស់Addmin មានអត្ថបទវិភាគរឿងមហោសថដែរឬទេ?
ReplyDeleteបើមានសូមជួយpostមកផង ខ្ញុំត្រូវការវា
ReplyDelete