Wednesday, October 14, 2015

The Education in Cambodia Study Of Story Khmer​​ សិក្សាអត្ថបទរឿ ង ទុគ៌ជន (ត)(ផ្នែកទី ២ សិក្សាអក្សរសិល្ប៍បរទេស រឿងទុគ៌តជន)

ផ្នែកទី ២




សិក្សាអក្សរសិល្ប៍បរទេស
រឿងទុគ៌តជន



ជំពូក១
អត្ថបទ និងអ្នកនិពន្ធ

១. អត្ថបទ
១.១. ប្រវត្តិរឿង
រឿងនេះប្រព្រឹត្តទៅនៅក្នុងចន្លោះឆ្នាំ១៨២៨ ដល់១៨៦២ ជាសម័យមួយ ដែលប្រទេស​បារាំង​ស្ថិត​ក្រោមការដឹកនាំរបស់ស្តេច Charles ស្តេច Louis Philippe និង Napoléon III
នេះជាដំណាក់កាលសំខាន់ៗនៃការសរសេរ និងបោះពុម្ពស្នាដៃរឿងទុគ៌តជន ៖
            ‑ ១៨២៨‑១៨៤៥ ជាដំណាក់កាលនៃការប្រមូលផ្តុំឯកសារចុះពិនិត្យ និងស្រង់​ព័ត៌មាន 
            ‑ ១៨៤៥‑១៨៤៨ មានការសរសេរលើកទី១ ដោយដាក់ឈ្មោះថា Jean Valjean
            ‑ ១៨៤៨‑១៨៦០ ផ្អាកចោល
            ‑ ១៨៦០‑១៨៦១ សរសេរលើកទី២
‑ ១៨៦១‑១៨៦២ ពិនិត្យឡើងវិញ និងបោះពុម្ពផ្សាយ
            រឿងទុគ៌តជន (Les Misérables) ជាប្រភេទប្រលោមលោកជឿនលឿនមួយ ដែល​កើតឡើងយ៉ាង​ពិតប្រាកដ(១៨៥០‑១៨៨០) ហើយវាជាអក្សរសិល្ប៍​សតវត្សនៃពន្លឺរបស់​ប្រទេសបារាំង ដែលបន្តពី​សម័យ​តន្តី ។ ស្នាដៃនេះបានលាត​ត្រដាងពីភាពរងទុក្ខវេទនារបស់ប្រជាជន ដែលរស់នៅក្រោមរបបគហបតីផ្តាច់ការ ។ រឿងនេះជាស្នា​ដៃមួយនៅក្នុងស្នាដៃជាច្រើនរបស់លោក Victor Hugo ​។ រឿងទុគ៌តជន ចាត់ទុកជា​ស្នាដៃមួយ ដែល Victor Hugo ប្រើរយៈពេលយ៉ាងយូរទើបចេញផ្សាយ ។ លោកចាប់ផ្តើមសរសេរនៅ​ឆ្នាំ ១៤៥ ហើយនៅឆ្នាំ ១៤៨ លោកត្រូវនិរទេសខ្លួនចេញពីប្រទេសបារាំងទៅរស់នៅ Jersy បន្ទាប់​ម​កនៅ Guernessey ។ នៅទីនោះហើយដែលចាប់ផ្តើមបន្តស្នាដៃរបស់លោកនៅឆ្នាំ ១៩៦០ រហូតបានបញ្ចប់នៅឆ្នាំ ១៩៦២ រួចចេញផ្សាយដែលទទួលបានការគាំទ្រគួរជាទីមោទនៈ ។ រឿងនេះជាស្នាដៃ ដែលស្ថិតនៅក្នុងសៀវភៅកំណត់ហេតុរបស់លោករយៈពេល ១៧ ឆ្នាំ 
            រឿងទុគ៌តជន ត្រូវបានបោះពុម្ពជាច្រើនលើកច្រើនសារដូចជា ៖
-       Victor Hugo Les Misérables, Oeuvres Completes 1837
-       Victor Hugo Les Misérables 1863 336 pages
-       Victor Hugo Les Misérables 1865
-       Bradbury, Victor Hugo By Order of the King 1870
-       Victor Hugo Les Misérables pte. Cosette 1887
-       W.R. Jenkins Victor Hugo Les Misérables 1887
-       Little, brown and company, Victor Hugo Les Misérables 1887
-       Victor Hugo Les Misérables, Oeuvres Completes 1908
-       Novel Victor Hugo Les Misérables 1914
-       Victor Hugo Les Misérables 1961 334pages
-       Victor Hugo René Journet Les Misérables 1979 509pages
-       Victor Hugo Les Misérables 1982 188pages
-       Victor Hugo Les Misérables 1994 475pages
-       Victor Hugo Les Misérables 1998 615pages
-       Victor Hugo Yves Gohin Les Misérables 1999
-       Laurence M. Porter, Charles Wilber Victor Hugo Les Misérables 2003 896pages
-       Victor Hugo Les Misérables 2003 95pages
            រឿងទុគ៌តជន ជាស្នាដៃមួយដែលល្បីល្បាញពេញពិភពលោក ត្រូវបានប្រទេសជាច្រើនយក​ទៅសិក្សាវិភាគតាមជាតិសាសន៍រៀងៗខ្លួន មិនតែប៉ុណ្ណោះ ប្រលោមលោកមួយនេះត្រូវបានខ្សែភាព​យន្ត ល្ខោន ទូរទស្សន៍ គ្រប់បណ្តាប្រទេសដូចជា បារាំង​ សហរដ្ឋអាមេរិក អ៊ីតាលី ដាណឺម៉ាក ជាដើម​ យកទៅថតចេញជាផ្ទាំងទស្សនីយភាពឡើង ដែលមានអ្នកសម្ដែងជាតួអង្គ Jean Valjean ដូចជា 
            រឿងទុគ៌តជនតាមរយៈខ្សែភាពយន្ត
          នៅឆ្នាំ​ ១៩៣៣ តារាភាពយន្ត Harry Baur ក្នុងខ្សែភាពយន្តរបស់ Raymond Bernard
            - នៅឆ្នាំ ១៩៨ តារាភាពយន្ត Jean Gabin  ក្នុងខ្សែភាពយន្តរបស់ Jean-Paul Le Chanois
            - នៅឆ្នាំ ១៩៨២ តារាភាពយន្ត Lino Ventura ក្នុងខ្សែភាពយន្តរបស់ Robert Hossein
            - នៅឆ្នាំ ១៩៩៥ តារាភាពយន្ត Jean-Paul Belmondo ក្នុងខ្សែភាព​យន្តរបស់ Claude Lelouch
            - នៅឆ្នាំ ១៩៩៨ តារាភាពយន្ត Liam Neeson ក្នុងខ្សែភាពយន្តអាមេរិក​របស់ Bille August
            ទុគ៌តជនតាមរយៈទូរទស្សន៍
            - នៅឆ្នាំ ២០០០ តារាភាពយន្តដ៍ល្បីល្បាញរបស់បារាំងគឺ Gerard Depardieu ដែលសម្តែងជា តួអង្គ Jean Valjean ដឹកនាំដោយលោក Josee Dayan ដែលបញ្ចាំ​ងតាមទូរទស្សន៍ ហើយមានអ្នកទស្សនា ប្រមាណ ១០​០០០​ ០០០ ដែលជារឿងភាគ មាន៤វគ្គ ។​រឿងនេះត្រូវបានបញ្ចាំងរយៈពេល៦ម៉ោង និង៤០នាទីទើបចប់ 
            ទុគ៌តជនតាមរយៈនាដកម្ម (ល្ខោន)              
នៅឆ្នាំ ១៩៨០ នៅវិមានកីឡា (Palais  des sports) ល្ខោនអមដោយបទភ្លេងនៃទុរគត៌ជន ​ដែលនាំមកបង្ហាញដោយ Alain Boublil និង Claude Michel Schonberg ដែលនាំមកនូវជោគជ័យស្ទើរពេញពិភពលោក ។ ល្ខោនអមដោយបទភ្លេងនេះត្រូវបានគេផ្សា​យចេញជាច្រើនភាសា  ដូចជាការប្រែជាភាសាអង់គ្លេស គឺបានដាក់បង្ហាញនៅទីក្រុងឡុងដ៍តាំងពី​ឆ្នាំ១៩៨៥ មកម្លេះ ហើយសម្រាប់សហរដ្ឋអាមេរិកវិញ គឺធ្វើនៅទីក្រុងញូយ៉កតាំងពីឆ្នាំ​១៩៨៧ ។ រីឯទស្សនិជនវិញ មានមកពីគ្រប់ប្រទេសក្នុងពិភពលោកដូចជាអូស្ត្រាលី ជាពិសេសប្រទេសម៉ិចស៊ីកូជា​ដើម ។
ទុគ៌តជនតាមរយៈបណ្តាញ Internet
            ក្នុងឱកាសបុណ្យរំលឹកខួបលើកទី២សតវត្សរបស់លោក Victor Hugo នៅឆ្នាំ ២០០២ មាន បណ្ដាញ Internet ជាច្រើន ដែលបានធ្វើការបញ្ចូលព័ត៌មានទាក់ទងនឹង Victor Hugo មានជាអាទិ៍ៈ
១. http.//victorhugo.bnf.fr
៧. http:gavroche.org/literature/vhugo
១.២. សង្គមបរិយាកាស
នៅក្នុងសតវត្សទី១៩ នៅប្រទេសបារាំងមានចលនាបដិវត្តន៍បីសំខាន់ៗគឺ៖
-        បដិវត្តិន៍ខែកក្កដា ឆ្នាំ១៨៣០ ជាការបញ្ចប់នូវសម័យស្ថាបនិករាជានិយមឡើង​វិញ
-       បដិវត្តិន៍ខែមិថុនា ឆ្នាំ១៨៤៨ ជាការប្រយុទ្ធលើកទី១រវាងវណ្ណៈសំខាន់ពីរនៅក្នុង​សង្គមសម័យ​នោះគឺ វណ្ណៈអភិជន និងវណ្ណៈអធន
-       បដិវត្តិឆ្នាំ១៨៧១ គឺសហគមន៍ប៉ារីស (ទម្រង់ដំបូងនៃរដ្ឋាភិបាលវណ្ណៈអធន​លើសកលលោក​) សហគមន៍ប៉ារីសស្ថិតស្ថេរបានតែ៧២ថ្ងៃ(ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី២៨ ខែឧសភា) ហើយ​ទីបំផុតត្រូវធ្លាក់ទៅក្នុងសមុទ្ទឈាម ប៉ុន្តែនេះជា​សញ្ញាដំបូងនៃបដិវត្តន៍អធនប្រកបដោយ​ជោគជ័យនៃសតវត្សយើងនេះ  ។
                        ព្រឹត្តិការណ៍សំខាន់ៗ
-       ចាប់ពីឆ្នាំ១៧៧៤ រជ្ជកាលស្តេច Louis XVI ប្រទេសបារាំងស្ថិតនៅក្រោមរបបរាជាធិបតេយ្យ​ផ្តាច់ការ ។
-       ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ ប្រជាជនបារាំងនៅទីក្រុងប៉ារីសវាយដណ្តើម​យកបន្ទាយបាស្ទីយ​ដែលជានិមិត្តរូបរបបរាជានិយម ស្តេចLouis XVI ត្រូវចុះចាញ់ពេលនោះអំណាចត្រូវស្ថិត នៅ​ក្រោមកណ្តាប់ដៃរបស់ពួកគហបតី ។
-       ឆ្នាំ១៧៨៩‑១៧៩២ ពួកកាន់អំណាចជាតំណាងប្រជាជននៅតែមិនផ្តល់សិទ្ធិ​ឲ្យ​ប្រជាជនតូច តាច បណ្តាលឲ្យមានពួកបដិវត្តមួយចំនួនអស់សង្ឃឹម ក្បត់ក្រុម​របស់ខ្លួនទៅចូលរួមជាមួយ ពួកសក្តិភូមិ ។ រីឯពួកសក្តិភូមិដែលនិរទេសខ្លួនទៅ​ក្រៅប្រទេស បានសុំជំនួយពីប្រទេសអូទ្រីស​រាជានិយមប្រឆាំងនឹងប្រទេស​បារាំង​បដិវត្ត ដែលមានជំនួយពី​សម្ព័ន្ធមិត្តរបស់គេ គឺប្រទេស​ព្រុស (Prusse)  ។ ពេល​នោះពួកសភាអ្នកកាន់អំណាច បានធ្វើ​ការប្រកាសរកជំនួយពី ប្រជាជនថា ប្រទេសស្ថិត​នៅក្នុងភាពគ្រោះថ្នាក់ បណ្តាលឲ្យពួក​សហគមន៍ប៉ារីស (Commun de Paris) ស្ម័គ្រ​ចិត្តទៅច្បាំងរហូតទទួលជ័យជំនះ ចាប់ព្រះរាជា​ប្រទេសអូទ្រីស ហើយផ្តួលរំលំ​របបរាជានិយម ។
-       ពីឆ្នាំ១៧៩២‑១៧៩៣ ពេលនោះអំណាចត្រូវបានប្រមូលផ្តុំជាអង្គភាពបដិវត្ត​មួយ ហៅថា​ពួកម៉ុងតាញ៉ា ដែលមានពួកតំណាងគហបតីឧស្សាហកម្ម និង​ពាណិជ្ជកម្ម(ពួកសៀរ៉ុងដាំង) និងពួកតំណាងគហបតីបដិវត្ត ។ នៅថ្ងៃទី២០ កញ្ញា ១៧៩២ ដោយសារការដឹកនាំរបស់ពួក​ម៉ុងតាញ៉ា និងស្មារតីប្រយុទ្ធរបស់​ប្រជាជន កងទ័ពបារាំងដណ្តើមបានជ័យជំនះលើប្រទេស​ព្រុសនៅវ៉ាល់មី ។ ទាហានបារាំងបានវាតទីកាន់កាប់អំណាចរហូតដល់ប្រទេស Belgique ។​ពេលនោះសភា Convention បានប្រកាសប្រទេសជាសាធារណរដ្ឋ ។ របប​សាធារណរដ្ឋទី១​របស់បារាំងបានចាប់កំណើត ។
-       ខែមករា ឆ្នាំ១៧៩៣ មរណភាពរបស់ស្តេច Louis XVI ដោយម៉ាស៊ីនកាត់ក ។ ​ពេលនោះពួក​សៀរ៉ុងដាំង ចូលដៃជាមួយប្រទេសអង់គ្លេសវាយដណ្តើមបាន Toulon ខាងត្បូងប្រទេស រីឯ​​ខាងកើត និងខាងជើងគឺប្រទេសព្រុស និងអូទ្រីស ។ ​ពេលនោះពួកសាកូបាំង(ពួកបដិវត្តបារាំង) បានកម្ទេចពួកអង់គ្លេស អូទ្រីស និង​ព្រុសចេញពីប្រទេស ។
-       ឆ្នាំ១៧៩៤ កងទ័ពបដិវត្តបារាំង ដោយសំទុះនៃភាពជោគជ័យបានសម្រុកចូល​នៅពាសពេញ​អឺរ៉ុប ហើយចាប់ផ្តើមវាយលុកនៅ​ Italie មុនគេ ។
-       ឆ្នាំ១៧៩៩ Napoléon មានឋានៈជានាយកុងស៊ុល ។
-       ឆ្នាំ១៨០៤‑១៨១៤ អធិរាជនៅប្រទេសបារាំង បានជម្រុញឲ្យឧស្សាហកម្មមាន​ការរីកចម្រើន​ដោយការធ្វើសង្គ្រាមឈ្លានពានប្រទេស Portugal និង Espagne Moscou
-       ឆ្នាំ១៨១៤ Napoléon ចាញ់ស្តេច Louis XVIII ជាម្ចាស់ផែនដី ។
-       ថ្ងៃទី២០ មីនា ឆ្នាំ១៨១៥ Napoléon ភៀសខ្លួនទៅកោះ Elbe ។ ថ្ងៃទី១៨ មិថុនា ការបះបោរ​របស់ Napoléon នៅ Waterloo ។ ស្តេច Louis XVIII វិលត្រឡប់ទៅប៉ារីសវិញ ឡើងកាន់​អំណាច ។
-       ឆ្នាំ១៨២១ មរណភាពរបស់ Napoléon នៅ Sainte-Hélène 
-       ឆ្នាំ១៨២៤ មរណភាពរបស់ស្តេច Louis XVIII ស្តេច Charles X ឡើងកាន់ អំណាច ។
-       ថ្ងៃទី២៧ ដល់៣១ ខែកក្កដា ឆ្នាំ១៨៣០ ការបះបោរទម្លាក់រាជវង្ស Bourbon ស្តេច Charles X ចេញពីរាជបល្ល័ង ហើយលើក Louis Philippe I ដែលជា​ស្តេចរបស់វណ្ណៈគហបតី និងពួក​ធនាគារឲ្យឡើងសោយរាជ្យវិញ ។
-       នៅឆ្នាំ ១៨៣៥ រាជរដ្ឋាភិបាលបានចាត់វិធានការពង្រឹងវិស័យច្បាប់ប្រឆាំងពួកសាធារណរដ្ឋចូលកាន់អំណាច
-       នៅថ្ងៃទី២៣២៤ ខែកុម្ភៈ ឆ្នាំ១៨៤៨ កុបកម្មនៅទីក្រុងប៉ារីសបង្ខំឲ្យស្តេច Louis Philippe ដាក់រាជ្យ មានន័យថាជាការបញ្ចប់រជ្ជកាលរបស់ពួកធនាគារ និងមូលធនធំៗ ហើយពួកសារធារណរដ្ឋចូលកាន់អំណាច (ឆ្នាំ១៨៤៨១៨៥២ ការប្រកាសប្រទេសជាសាធារណរដ្ឋទី២របស់ពួកគហបតី និងអនុធន
-       ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៨៥១ Napoléon Bonaparte ជាប់ឆ្នោតជាប្រធានធិបតី ហើយរំលាយ​សភាដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី ហើយនៅឆ្នាំ ១៨៥២ Napoléon Bonaparte ប្រកាសខ្លួនជា​អធិរាជឈ្មោះថា Napoléon III ហើយអភិសេកជាមួយស្ត្រីអភិជនជនជាតិអេស្ប៉ាញម្នាក់​មានឈ្មោះថា Eugenise Maroc De Montogo ​។
-       នៅឆ្នាំ ១៨៥៨ បារាំងប្រកាសសង្គ្រាមជាមួយអូទ្រីស ។
-       នៅខែកក្កដា និងកញ្ញា ឆ្នាំ១៨៧០ ចម្បាំងរវាងបារាំងជាមួយប្រទេស Prusse ពេលនោះទ័ព​របស់ Napoléon III ត្រូវចាញ់នៅ Sedan ថ្ងៃទី០២ ខែកញ្ញា ហើយថ្ងៃទី០៤ ខែកញ្ញា កុបកម្ម​ផ្តួលរំលំ Napoléon III ដែលដឹកនាំដោយ Thiers ពេលនោះទីក្រុងប៉ារីសត្រូវកាន់កាប់ដោយ ពួក Prusse ព្រោះទ័ពបារាំង​មិនយកចិត្តទុកដាក់ការពារប្រទេស ។
-       ថ្ងៃទី១៨ ខែមីនា ដល់២៨ ខែឧសភា ឆ្នាំ១៨៧១ គឺជាបដិវត្តន៍អធនដំបូងបំផុត នៅលើសកល​លោក ដែលកើតឡើងដោយវណ្ណៈអធនប្រឆាំងតបតជាមួយ​វណ្ណៈគហបតី ដែលកើតពី​សហគមប៉ារីស (Commune de Paris) ។ ពិតមែន​តែចលនានេះពុំទទួលជោគជ័យ ប៉ុន្តែវាជា​ប្រវត្តិសាស្ត្រនៅអឺរ៉ុប ដែលដឹកនាំ​ដោយវណ្ណៈអធន ។
-       ក្រោយពីដួលរលំ សហគមន៍ប៉ារីស ក៏ក្លាយមកជាចក្រពត្តិនិយម ពោលជាសករាជថ្មី​របស់ពួក មូលធន ពុករលួយ និងប្រតិកិរិយា ហើយពួកនេះបានដណ្តើម​សេដ្ឋកិច្ចទីផ្សារជា​កត្តា ដែល​បណ្តាលឲ្យមានការធ្វើអាណានិគមលើប្រទេស​តូចតាច ។ ពេលនោះប្រទេស​បារាំងត្រូវសង​ការខូចខាតដោយសារសង្គ្រាម ចំនួន៥០០០លានហ្វ្រង់ (Franc) ដែលបណ្តាល​ឲ្យសេដ្ឋកិច្ច​បារាំងនៅឆ្នាំ១៨៨០​ត្រូវធ្លាក់ពីលេខ២បន្ទាប់ពីអង់គ្លេសមកលេខ៤ ។
-       ឆ្នាំ១៨៩៨‑១៩០៥ ជម្លោះរវាងរវាងចក្រពត្តិ ពិសេសប្រទេសអង់គ្លេស និង​អាឡឺម៉ង់់ ។ ចក្រពត្តិ​ធំៗមាន អង់គ្លេស បារាំង រុស្សី និងអាឡឺម៉ង់ ។
-       ឆ្នាំ១៩១៤‑១៩១៨ សង្គ្រាមលោកលើកទី១ផ្ទុះឡើង ជាសង្គ្រាមចក្រពត្តិ ។ អាឡឺម៉ង់ប្រកាស​សង្គ្រាមជាមួយរុស្សីនៅថ្ងៃទី០១ ខែសីហា និងជាមួយបារាំង​នៅក្រោយរុស្សីពីរថ្ងៃក្នុងឆ្នាំ​
១៩១៤ ហើយអង់គ្លេសប្រកាសសង្គ្រាមជាមួយ​អាឡឺម៉ង់នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩១៤ ។
-       ឆ្នាំ១៩៣៩‑១៩៤៨ សង្គ្រាមលោកលើកទី២បាកើតឡើង គឺវាបណ្តាលមកពី​សេដ្ឋកិច្ចស្វែងរក​ទីផ្សាររបស់អាឡឺម៉ង់ និងបុព្វហេតុនយោបាយចង់ត្រួតត្រា​ពិភពលោក និងបុព្វហេតុយោធា​អាដុលហ្វ អ៊ីត្លែ(Adolf Hitler) នៃសង្គ្រាម ។
២. អ្នកនិពន្ធ
            ២.១. ជីវប្រវត្តិ
            ខ្សែជីវិតរបស់ លោក Hugo
            Victor Hugo ជាអ្នកនិពន្ធជនជាតិបារាំងសេស ដែលនាំមុខគេក្នុងចលនាអក្សរ​សិល្ប៍អណ្តែត​អណ្តូងនិយម (Romanticism) របស់បារាំង ។ ស្នាដៃរបស់លោកភាគច្រើន បង្ហាញពីមនោ​សញ្ចេតនា ស្នេហាសន្តិភាព និងមានក្តីអាណិតអាសូរចំពោះជនទូទៅដែល រងទុក្ខទោសពីការលំបាកគ្រប់បែប​យ៉ាង ។ ក្រៅពីនេះ ស្នាដៃរបស់លោកក៏បានឆ្លុះបញ្ចាំង ឲ្យ​ឃើញពីសមត្ថភាពយល់ដឹងពីភាសាបារាំង​របស់លោកផងដែរ ។
លោក Victor Hugo (ឈ្មោះពិត​​ Victor-Marie Hugo)ជាកូ​នទី៣ និងជាកូនពៅ​របស់លោក Joseph Léopold Sigisbert Hugo (១៧៧៣‑១៨២៨) និងអ្នកស្រី Sophie Trébuchet (១៧៧២‑១៨២១) ។ លោក Hugo បានប្រសូតនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៨០២ នា​ទីក្រុង​ Besançon ប្រទេស​បារាំង ។ បងប្រុស​​ទាំងពីរ​របស់គាត់​មានឈ្មោះ Abel Joseph Hugo (១៧៩៨‑១៨៥៥) និង Eugène Hugo (១៨០០១៨៣៧) លោក​​ត្រូវបានគេនិរទេសខ្លួនទៅរស់នៅប្រទេស Brussels នៅកំឡុងឆ្នាំ១៨៥១ កោះ Jersy ពីឆ្នាំ១៨៥២ ដល់១៨៥៥ និងនៅ Guernesy ពីឆ្នាំ១៨៥៥ ដល់១៨៧០ និងបានទៅរស់នៅប្រទេស ដដែលនេះម្តងទៀតពីឆ្នាំ១៨៧២ ដល់ឆ្នាំ១៨៧៣ (ប៉ុន្តែការ​និរទេស​នេះគឺត្រូវបាន​លើកលែងនៅឆ្នាំ១៨៥៩ ហើយការនៅបន្ត​រស់នៅទីនេះ គឺជាការ​ជ្រើសរើស​រប​ស់លោក​ផ្ទាល់) ដែលការនិរទេសនេះ គឺស្ថិតនៅក្នុង រយៈពេលនៃការកាន់អំណាចរបស់ស្តេច Napoléon III
កុមារភាពរបស់ Victor Hugo គឺស្ថិតនៅក្នុងកំឡុងពេលដែលប្រទេសកំពុងជួបនូវ​ព្រឹត្តិការណ៍ដ៏​ធំគឺ Napoléon បានប្រកាសខ្លួនជាសាធារណៈថាជាអធិរាជប្រទេសបារាំងពីរឆ្នាំនៅមុនពេលដែល Victor Hugo ចាប់កំណើត ហើយរបបរាជាធិបតេយ្យ Bourbon ត្រូវ​បានស្តារជាថ្មីនៅពេល Hugo មានអាយុ ១៧ ឆ្នាំ ។
            ដោយសារតែការប្រកាន់នូវទស្សនៈនយោបាយ និងសាសនាផ្ទុយគ្នារវាងឪពុក​ម្តាយរបស់​លោក
បានជះឥទ្ធិពលដល់ជីវិតរបស់លោកទាំងមូល ​ពោរពេញដោយការ​ប្រយុទ្ធដណ្តើមអំណាច ដែលកើត​មាននៅក្នុងប្រទេសបារាំង ។ ឪពុករបស់លោកជា​ទាហានម្នាក់ ដែលមានឋានៈខ្ពស់បំផុតនៅក្នុងជួរ​ទាហានរបស់ Napoléon ហើយគាត់ក៏​ជាមនុស្សដែលមិនជឿលើសាសនា និងជាអ្នកសាធារណរដ្ឋ ព្រម​ទាំងមានទស្សនៈចាត់​ទុក Napoléon ជាវីរបុរសរបស់ខ្លួនទៀតផង ចំណែកម្តាយរបស់គាត់វិញ គឺជាអ្នក​មាន​ជំនឿយ៉ាងមុតមាំទៅលើសាសនា Catholic និងរបបរាជានិយម ព្រមទាំងមានជំនឿជាក់​ទៅលើឧត្តម​សេនីយ៍ Victor Lahorie ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅឆ្នាំ១៨១២ ពីទោសធ្វើផែនការសម្ងាត់​ប្រឆាំងនឹង Napoléon តាំងពីពេលដែលឪពុករបស់លោកធ្វើជាទាហាន ក្រុមគ្រួសាររបស់លោកបានផ្លាស់ចេញយ៉ាងឆាប់រហ័សទៅ Naples  នៅក្នុងដំណើរទៅNaples គាត់បានឃើញវិសាលភាពដ៏ធំធេង​របស់ Alpine និងកំពូលភ្នំ​ដែលពេញដោយព្រិលសក្បុស ភាពអស្ចារ្យរបស់សមុទ្រខៀវ Mediterranean ព្រម​ទាំង​ទីក្រុង Rome ក្នុងពេលដែលមានពិធីបុណ្យ ។ ក្រុមគ្រួសារគាត់រស់នៅ Naples តែពីរបីខែ​ប៉ុណ្ណោះ ក៏ត្រឡប់ទៅបារាំងវិញ ។
            Sophie តាមប្តីរបស់គាត់ ដែលទៅធ្វើការនៅ Italy (កន្លែងដែល Napoléon កាន់​កាប់នៅជិតតំបន់ Naples) និង Spain (កន្លែងដែលគាត់គ្រប់គ្រងខេត្តចំនួនបីនៅប្រទេស​នេះ) ។ ដោយការនឿយណាយនឹង​ជីវិតផ្លាស់ប្តូរទីកន្លែង ដែលតម្រូវតាមជីវិតជាទាហាន​ព្រមទាំងការឃ្លាតកាន់តែឆ្ងាយចំពោះការជឿជាក់​លើស្វាមីរបស់ខ្លួន អ្នកស្រី Sophie បានទៅរស់នៅបារីសជាបណ្តោះអាសន្ននៅឆ្នាំ១៨០៣  ក្រោយមក គាត់បានបង្ហាត់បង្រៀន Hugo ជាពិសេសលើផ្នែក កំណាព្យ និងប្រលោមលោក ដែលបង្ហាញពីការធ្វើ​ពលិកម្ម​ដើម្បីព្រះមហាក្សត្រ និងជំនឿយ៉ាងច្រើន ។
            Hugo បានបាក់ចិត្តស្រឡាញ់ ព្រមទាំង​បាន​ភ្ជាប់ពាក្យ​ដោយស្ងាត់ៗនឹងមិត្តភក្តិកាលពីកុមារភាព​របស់គាត់គឺនាង Adèle Foucher ​​(១៨០៣‑១៨៦៨) ដោយប្រឆាំងបំណងរបស់ម្តាយរបស់គាត់ ។ ប៉ុន្តែទី​បញ្ចប់ ផ្ទុយពីអ្វីដែលគាត់គិតចំពោះម្តាយរបស់គាត់ គាត់បាន​រៀបការជាមួយ នាង Adèle Foucher​​ ក្នុង ឆ្នាំ​១៨២២ បន្ទាប់ពីម្តាយរបស់គាត់បានទទួល​អនិច្ចកម្មទៅនៅឆ្នាំ១៨២១ ។ ចំណងដៃ​អាពាហ៍ពិពាហ៍​ដំបូងរបស់ពួក​គេ គឺកូនប្រុសម្នាក់មានឈ្មោះថា Léopold នៅឆ្នាំ១៨២៣ និងកូនៗដទៃទៀត​ដូចជា Léopoldine (កើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៨២៤) Chales (កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៨២៨) François-Victor (កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨២៨) និង Adèle(កើតនៅថ្ងៃទី២៤ ខែសីហា​ឆ្នាំ ១៨៣០) លោក Hugo បានបោះពុម្ពស្នាដៃដំបូងរបស់លោកគឺប្រលោមលោក​ Han d’Islande នៅក្នុងឆ្នាំ ១៨២៣ និង​ស្នាដៃទីពីររបស់លោកនៅរយៈពេល៣ឆ្នាំបន្ទាប់គឺ​ប្រលោមលោករឿង Bug-Jargal នៅក្នុង​ឆ្នាំ១៨២៦ ។ នៅ​ចន្លោះឆ្នាំ១៨២៩ និង១៨៤០ លោក​បានចេញផ្សាយស្នាដៃជាកំណាព្យចំនួនប្រាំទៀតគឺ៖
Les Orientales ​​(១៨២៩)
Les Feuilles d’Automne (១៨៣១)
Les Chants du Crépuscule (១៨៣៥)
Les Voix intérieures (១៨៣៧)
Les Rayons et les Ombres (១៨៤០
ស្នាដៃទាំងអស់នេះគឺចាត់ទុកជាស្នាដៃដ៏ល្អបំផុតក្នុងជីវិតរបស់លោក 
            Hugo ត្រូវបានទទួលការវាយប្រហារយ៉ាងខ្លាំងនៅពេល ដែលកូនស្រីច្បងជាទី​ស្រឡាញ់របស់គាត់​នាង Léopoldine ត្រូវបានទទួលមរណភាពនៅអាយុ១៩ឆ្នាំ ក្នុងឆ្នាំ​១៨៤៣ បន្ទាប់ពីបានរៀបការរួចក្នុង​រយៈពេលដ៏ខ្លីមួយ ដោយសារតែនាងបានធ្លាក់ចូល​ទៅក្នុងទន្លេ Seine នៅ Villequier ពេលដែលទូកបានក្រឡាប់ ហើយថ្ពក់ជាប់សំពត់ដ៏ធ្ងន់របស់នាង  ដោយសារតែរឿងនេះដែរ ធ្វើឲ្យ Hugo ទទួលបានមេរៀនដ៏គួរឲ្យសោកស្តាយ ហើយពេលនោះដែរគាត់បានពិពណ៌នាអំពីភាពរំជួលចិត្ត និងទុក្ខសោករបស់គាត់នៅក្នុងកំណាព្យមួយមានចំណងជើងថា À Villequier  គាត់បានសរសេរកំណាព្យជាច្រើន​អំពីជីវិត និងការស្លាប់របស់កូនស្រីរបស់គាត់ និងចុងក្រោយគេនោះ គឺស្តីពីជីវប្រវត្តិរបស់នាង ដែលមិន​អាចឲ្យគាត់បំភ្លេចបាន  ស្នាដៃកំណាព្យដែលល្បីជាងគេបំផុតរបស់គាត់នោះ គឺប្រហែលជាស្នាដៃ ដែល​មានចំណងជើងថា Demain, dès l’aube ដែលធ្វើ​ការ​ពិពណ៌នាអំពីការមកដល់នៃអវសាន្តរបស់ Léopoldine 
            ស្នាដៃ ១០
            ដូចជាអ្នកនិពន្ធវ័យក្មេងដទៃទៀត ដែលស្របាលៗលោកដែរ លោក Hugo ជាអ្នក​និពន្ធដែលមាន​ទេពកោសល្យ ក៏ដូចជាចំណេះដឹងដ៏ជ្រាលជ្រៅម្នាក់ ដែលបានទទួលឥទ្ធិពល​ពីអ្នកនិពន្ធ François-René de Chateaubriand ដែលជាអ្នកនិពន្ធដ៏ល្បីម្នាក់ បានរក​ឃើញចលនាអណ្តែតអណ្តូងនិយមនៃ​អក្សរសិល្ប៍ (Romanticism) និងបានរកឃើញ​អក្សរសិល្ប៍ Preëminent របស់បារាំងក្នុងកំឡុងដើម ទសវត្សឆ្នាំ១៨០០ ។ ក្នុង​យុវភាព​របស់ខ្លួន យុវជន Hugo បានតាំងចិត្តធ្វើជា “ Chateaubriand ឬមិនធ្វើជា អ្វីទាំងអស់ ”  ហើយជីវិត​របស់គាត់ក៏អាចមានភាពប្រហាក់ប្រហែលទៅនឹងវីរបុរសរបស់គាត់ តាមរយៈ​មធ្យោបាយជាច្រើន ។ មហិច្ឆតា និងវោហាប្រកបដោយទេពកោសល្យនៃការផ្តើមដំបូង​របស់លោក បាន​នាំមកនូវភាព​ជោគជ័យ និងកេរ្តិ៍ឈ្មោះនៅក្នុងជីវិតរបស់លោក នោះគឺ​កម្រងកំណាព្យដំបូងបំផុតរបស់​លោកមាន​ចំណងជើងថា Odes et Poésies Diverses ត្រូវបានបោះពុម្ពនៅឆ្នាំ១៨២២ គឺនៅពេលដែល​លោកមាន​អាយុត្រឹមតែ ២០ឆ្នាំ ហើយមិន​តែប៉ុណ្ណោះស្នាដៃនេះ ធ្វើឲ្យលោកទទួលបានប្រាក់សោធន​និវត្តសម្រាប់​ព្រះ​មហាក្សត្រ​ពីព្រះអង្គ​ម្ចាស់ Louis XVIII ទៀតផង ។ ថ្វីបើកម្រងកំណាព្យនេះត្រូវ​បាន​​សរសើរដល់​ព្រះ​រាជា វាក៏ត្រូវបានក្លាយគំរូកំណាព្យដែលមានអត្ថិភាពរហូតដល់៤ឆ្នាំចុងក្រោយ គឺនៅ​ក្នុង​ឆ្នាំ១៨២៦ លោក​បានចេញផ្សាយស្នាដៃមួយទៀតគឺ Odes et Ballades ដែលបានបង្ហាញថា លោកជា អ្នកនិពន្ធកំណាព្យដ៏​អស្ចារ្យម្នាក់ និងជាអ្នកដែលមានទេពកោសល្យបំផុតក្នុង​ការតែងទំនុកច្រៀង និង​កំណាព្យដែលមាន​លក្ខណៈធម្មជាតិនិយម ។ តាមរយៈស្នាដៃ​ទាំងនេះផងដែរ បានធ្វើឲ្យលោកក្លាយជា​អ្នកនិពន្ធអក្សរសិល្ប៍​អណ្តែតអណ្តូងនិយម ។ បន្ទាប់ពីមរណភាពរបស់ម្តាយលោក Hugo បានបោះបង់​
ចោលនូវជំនឿរាជានិយម ហើយវិលត្រឡប់មក​កាន់សាធារណរដ្ឋតាមឪពុកលោកវិញ ១១
            ការងារជាអ្នកនិពន្ធប្រលោមលោកដំបូងរបស់លោក បានលេចជារូបរាងដំបូងនៅ​ឆ្នាំ១៨២៩ ។ ស្នាដៃ Le Dernier jour d’un condamné ជាស្នាដៃ ដែលប្រកបដោយ​ការអប់រំមួយ ដែលទទួលឥទ្ធិពល​ចុង​ក្រោយពីអ្នកនិពន្ធជាច្រើនដូចជា Albert Camus, Charles Dickens និង Fyodor Dostoevsky ។​ ជាង​នេះ​ទៅទៀត លោកបានយកស្នាដៃ​របស់ខ្លួនទៅប្រៀបធៀបជាមួយស្នាដៃរបស់អ្នកនិពន្ធដូចជា Flaubert និង Émile Zola ដែលពួកគេសុទ្ធតែជាអ្នកនិពន្ធបែបប្រាកដនិយម និងធម្មជាតិនិយម ។ ស្នាដៃចុង​ក្រោយ​របស់​លោកគឺរឿង Quartre-Vingt-Treize បោះពុម្ពនៅឆ្នាំ១៨៧៤ ដែលមានខ្លឹមសារ​លើកឡើងពី​រជ្ជកាលនៃជន​អាក្រក់(Reign of Terror) ក្នុងកំឡុងពេលបដិវត្តន៍បារាំង ។
            ជីវិតលើការងារនយោបាយ និងការនិរទេសខ្លួន ១២
            ៣ឆ្នាំក្រោយការបរាជ័យក្នុងការពង្រឹងឋានៈក្នុងពិភពសិល្បៈ និងអក្សរសាស្ត្រ​របស់​ខ្លួន លោក Hugo ត្រូវបានគេបោះឆ្នោតឲ្យទៅ​ជាបណ្ឌិតសភាបារាំងក្នុងឆ្នាំ១៨៤១ ។ ក្រុម​សមាជិកបណ្ឌិតសភាបារាំង​ជាច្រើន ជាពិសេស Etienne de Jouy បានព្យាម​ប្រឆាំងនឹង បដិវត្តអណ្តែតអណ្តូងនិយម និងរៀបចំពន្យា​ពេលការបោះឆ្នោតរបស់ Hugo ។ ក្រោយ​មក គាត់បានចូលរួមក្នុងកិច្ចការនយោបាយបារាំង ។ គាត់ត្រូវ​បានគេលើកតម្កើតឲ្យជា​ក្រុមអភិជនដោយព្រះរាជា Louis-Philippe ក្នុងឆ្នាំ១៨៤១ និងបានក្លាយជា​សមាជិក​ព្រឹទ្ធសភា(Pair de France) ជាកន្លែងដែលគាត់បានបញ្ចេញមតិប្រឆាំងនឹងការផ្តន្ទាទោស​ដោយ​ប្រហារជីវិត(Death Penalty) និងភាពអយុត្តិធម៌ក្នុងសង្គម សេរីភាពសារព័ត៌មាន និងការគ្រប់គ្រងខ្លួនឯង​សម្រាប់ប្រទេសប៉ូឡូញ ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវ​បានគេគាំទ្រច្រើនក្នុងនាមជាអ្នក​សាធារណរដ្ឋក្នុងជួររដ្ឋាភិបាល​ (ក្រោយបដិវត្តបារាំងឆ្នាំ​១៨៤៨ និងការបង្កើតសាធារណរដ្ឋទី២) ហើយ​ត្រូវបានគេបោះឆ្នោតទៅសភា​ធម្មនុញ្ញ ក្នុងអំណាចនីតិបញ្ញត្តិ ។
            ពេលស្តេច Louis Napoléon (Napoléon III) កាន់កាប់អំណាចបានទាំងស្រុងក្នុង​ឆ្នាំ១៨៥១ Hugo បាន​ប្រកាសខ្លួនគាត់ជាសាធារណៈថាជាជនក្បត់ជាតិបារាំង(Traitor) ។​ លោកបានផ្លាស់ប្តូរទីលំនៅទៅ Brusselss បន្ទាប់មកទៅ Jersey ហើយទីបំផុតរស់នៅ​ជាមួយក្រុមគ្រួសារនៅប្រជុំកោះ Guernsey នៅ Hauteville House ដែលជាកន្លែងដែលគាត់រស់នៅក្នុងស្ថានភាពជានិរទេសជនរហូតដល់ឆ្នាំ១៨៧០ 
            ក្នុងកំឡុងពេលនិរទេស Hugo បានបោះពុម្ពកូនសៀវភៅមួយ ស្តីពីនយោបាយដ៏ល្បី​របស់លោក ប្រឆាំង​នឹង Napoléon III ដែលមានចំណងជើងថា Napoléon le Petit និង Histoire d’un Crime ។ កូន​សៀវភៅទាំង​អស់នោះត្រូវបានហាមឃាត់មិនឲ្យចេញ និង​មាន​នៅក្នុងប្រទេស​បារាំង ប៉ុន្តែទោះជាយ៉ាង​ណាក៏ដោយ ​ការហាមឃាត់នេះត្រូវបាន​ទទួលការតវ៉ា និងប៉ះទង្គិចយ៉ាងខ្លាំង ។ លោក Hugo ក៏បានតែង និពន្ធ និងបោះ​ពុម្ពផ្សាយ​ផងដែរនូវស្នាដៃមួយចំនួន ដែលល្អបំផុតនៅពេលគាត់រស់នៅ Guernsey ដែល​រួមមាន Les Misérables និងកម្រងកំណាព្យដែលមានន័យសរសើរចំនួនបីគឺ Les Châtiments (១៨៥៣) រឿង Les Contemplations(១៨៥៦) និងរឿង La Légende des Siècles(១៨៥៩
            លោក Hugo បានបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់ម្ចាស់ក្សត្រី Victoria ដើម្បីទុក​ជីវិតឲ្យជនជាតិ Irish ៦នាក់ ដែលបានជាប់ជាទណ្ឌិតពីបទមានសកម្មភាពប្រព្រឹត្តបទ​ភេរវកម្ម ហើយទស្សនៈរបស់​គាត់​ត្រូវ​បាន​គេជឿទុកចិត្ត និងអនុវត្តទៅលើការដកចេញនូវ​ទោសប្រហារជីវិតពីធម្មនុញ្ញ​នៃ Geneva, Portugal និង Colombia ។ គាត់ក៏បានឆ្លើយ​តបផងដែរទៅ Benito Juarez ចំពោះ​អធិរាជ Maximilian I នៃប្រទេស Mexico ដែលឡើងកាន់អំណាចដោយការដណ្តើមអំណាច តែលោកមិនទទួលបានលទ្ធផល​នោះទេ 
            ទោះជា Napoléon III អនុញ្ញាតនូវការលើកលែងទោសជា​សាធារណៈចំពោះអ្នក​នយោបាយ ដែល​បាននិរទេសទាំងអស់នៅក្នុងឆ្នាំ១៨៥៩ក៏ដោយ ក៏ Hugo បានបដិសេធ​មានន័យថា គាត់ហាក់ដូចជា​មាន​ទស្សនៈធូរស្រាល និងកាត់បន្ថយបន្តិចចំពោះការរិះគន់​ទៅលើ​រដ្ឋាភិបាល ។ បន្ទាប់ពី Napoléon III បាន​ធ្លាក់ពីអំណាច ហើយសាធារណរដ្ឋ​ទី៣​ត្រូវបានប្រកាសជាផ្លូវការ Hugo បានវិលត្រឡប់ទៅរស់នៅ​ស្រុក​កំណើតរបស់គាត់វិញ​នៅ​ឆ្នាំ​១៨៧០ ជាកន្លែងដែលរូបគាត់ត្រូវបានគេបោះឆ្នោតឲ្យធ្វើជាសមាជិក​ព្រឹទ្ធ​សភា ។
            ដោយសារតែការព្រួយបារម្ភពីសិទ្ធិរបស់សិល្បៈករ (រាប់បញ្ចូលអ្នកនិពន្ធដែរ) និង​ការលួចចម្លង លោកបានបង្កើតសមាគមមួយមានឈ្មោះថា សមាគមអក្សរសិល្ប៍ និង​សិល្បៈអន្តរជាតិ (Association Littérature et Artistique Internationale) ដែលការនេះ​នាំឲ្យមានកិច្ចព្រមព្រៀងលើការការពារ អក្សរសិល្ប៍ និងកិច្ចការសិល្បៈ ។
            ទស្សនៈលើផ្នែកសាសនា ១៣
            ទស្សនៈលើផ្នែកសាសនារបស់លោក Hugo បានផ្លាស់ប្តូរតាមបទពិសោធន៍ជីវិត​របស់លោក  ។ នៅក្នុងយុវភាពរបស់លោក លោកបានចាត់ទុកខ្លួនលោកថាជា បរិស័ទ​កាតូលិក និងមានជំនឿជាក់យ៉ាង​មុតមាំ ។ ក្រោយមក គាត់បានប្រែក្លាយទៅជាមនុស្ស​ម្នាក់ដែលផ្ទុយពីមុន គឺលែងគោរពសាសនា​កាតូលិក ហើយថែមទាំងបានបង្ហាញទស្សនៈ​ប្រឆាំងនឹងសាសនានេះកាន់តែខ្លាំងទៀត ព្រមទាំងមាន​ទស្សនៈមិនស្របចំពោះបព្វជិតនៃ​សាសនានេះផងដែរ ។ លោកធ្លាប់បានគោរពសាសនាបែបព្រលឹង​និយមនៅពេលគាត់​ស្ថិតក្នុងការនិរទេស ហើយជាច្រើនឆ្នាំក្រោយមកគាត់បានចូលខ្លួនក្នុងលទ្ធិ Rationalist Deism ដែលស្រដៀងគ្នានឹងទស្សនៈរបស់លោក Voltaire ដែរ ។ នៅឆ្នាំ១៨៧២ មានអ្នក​ធ្វើ​ជំរឿនម្នាក់បាន​សួរទៅ​ Hugo ថា គាត់ជាអ្នកសាសនាកាតូលិកមែនទេ ? តែ​គាត់បាន​ឆ្លើយថា ទេ! ជាអ្នក​ដែលមិនជឿលើអ្វី​ទាំងអស់
            Victor Hugo មិនដែលបោះបង់ចោលនូវទស្សនៈប្រឆាំងនឹងព្រះវិហាររ៉ូម៉ាំង កាតូលិក (Roman Catholic Church) ព្រោះដោយសារតែអ្វី ដែលគាត់បានជួបប្រទះ ដូចជាការមិនយកចិត្តទុកដាក់របស់ព្រះ​វិហារគ្រិស្តសាសនាចំពោះស្ថានភាពដ៏តឹងតែងនៃ​ការងាររបស់វណ្ណៈថ្នាក់ក្រោម ត្រូវទទួលការជិះជាន់​ដោយវណ្ណៈក្សត្រ ។ Hugo បាន​ប្រើ​ពាក្យវាយប្រហារ ៧៤០ឃ្លាចំពោះសាសនាកាតូលិកនៅក្នុងរឿង Les Misérables ។ ពេលកូនប្រុសទាំងពីររបស់គាត់គឺ Charles និង François-Victor បានទទួលមរណភាព គាត់​បានគិតថានឹងបញ្ចុះពួកគេដោយមិនដាក់រូបព្រះយេស៊ូជាប់ឆ្កាង និងសង្ឃកាតូលិក​ទេ ហើយដល់​ពេល​គាត់ទទួលមរណភាពក៏ត្រូវធ្វើដូចគ្នាដែរ ។ បើទោះជា Hugo ជឿលើ​លទ្ធិ Catholic Dogma ដែល​ហួស​សម័យ និងជិតបាត់ឈ្មោះហើយនោះក៏ដោយ ក៏​លោកមិនដែលប្រឆាំងចំៗទៅនឹងទម្លាប់ផ្ទាល់របស់​
លទ្ធិសាសនានោះទេ ។
ជំនឿលើ Rationalism របស់ Hugo ត្រូវរកឃើញនៅក្នុងកំណាព្យមួយចំនួនរបស់គាត់ដូចជាTorquemada (១៨៦៩) The Pape (១៨៧៨) Religions and Religion (១៨៨០) The End of Satan (១៨៨៦) និង God (១៨៩១) ។
មរណភាពរបស់ Victor Hugo ១៤
នៅពេលវិលត្រឡប់ទៅប៉ារីសវិញរបស់ Hugo ក្នុងឆ្នាំ១៨៧០ ប្រទេសបារាំងបាន​ចាត់ទុកគាត់ថា​ជា​វីរបុរសជាតិ ប៉ុន្តែទោះបីប្រជាប្រិយភាពរបស់គាត់បានកើតឡើងទៀតក៏ដោយ តែទោះជាយ៉ាងណា គាត់​បានបាត់បង់ការទុកចិត្តពីប្រជាពលរដ្ឋក្នុងការបោះឆ្នោត​សភាជាតិម្តងទៀតក្នុងឆ្នាំ១៨៧២ ។ ក្នុង​កំឡុង​ពេលដ៏ខ្លីមួយ គាត់បានទទួលទុក្ខសោក​ផ្ទួនៗ ដោយកូនស្រីរបស់គាត់ នាង Adèle មានជម្ងឺដាច់ សរសៃ​ឈាមក្នុងខួរក្បាល និង​មរណភាពរបស់កូនប្រុសពីរនាក់ទៀតរបស់គាត់ ។ ប្រពន្ធរបស់គាត់ Adèle បាន​ទទួល​មរណភាពក្នុងឆ្នាំ១៨៦៨ ។ មិត្តស្រីដែលស្មោះត្រង់របស់គាត់ អ្នកស្រី Juliette Drouet បានទទួល​មរណភាពក្នុងឆ្នាំ១៨៨៣ គឺមុនរូបលោកផ្ទាល់២ឆ្នាំ ។ ទោះបីជារូបគាត់បាន​បាត់បង់រូបរាង​កាយហើយ​ក៏ដោយ ក៏គាត់បានបន្សល់ទុកនូវសក្ខីកម្ម ដែលជាមូលហេតុនៃ​ការផ្លាស់ប្តូររបបនយោបាយ​ផងដែរ ។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨៧៦ Hugo បានទទួល​ការគាំទ្រ ដោយការបោះឆ្នោតជាថ្មីម្តងទៀត ឲ្យធ្វើជា​សមាជិកព្រឹទ្ធសភា​ ។ ដំណាក់កាល​ចុងក្រោយរបស់គាត់ក្នុងមុខរបរជាអ្នកនយោបាយត្រូវទទួល បរាជ័យ។
ក្នុងខែកុម្ភៈ ឆ្នាំ១៨៨១ Hugo បានធ្វើពិធីខួបកំណើតគម្រប់៧៩ឆ្នាំរបស់គាត់  ដើម្បីជាការគោរពចំពោះពិធីនេះ ការសម្តែងការដឹងគុណដ៏ពិសេសបំផុតចំពោះអ្នកនិពន្ធ ដែលនៅរស់រានមានជីវិតបានប្រារព្ធឡើង  ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី២៥ ពេលដែល Hugo មានវត្តមានជាមួយថូ Sèvre មួយ (ជាអំណោយបែបប្រពៃណីសម្រាប់អ្នក​ដែលមានអំណាច ឬអ្នកមានប្រជាប្រិយភាពបំផុត) ។ នៅថ្ងៃ​ទី២៧ ក្បួនព្យុះហយាត្រាដ៏ធំ​បំផុតក្នុងប្រវត្តិសាស្ត្របារាំងបានរៀបចំឡើងដោយលាតសន្ធឹងពី Avenue d’Eylau រហូតដល់វិមាន Champs-Élysées មានទិសដៅសំដៅទៅចំណុចកណ្តាលទីក្រុងប៉ារីស ។ ក្បួន​ព្យុះហយាត្រាមានរយៈពេល៦ម៉ោងកាត់ផ្ទះរបស់ Hugo នៅពេលគាត់អង្គុយនៅមាត់បង្អួច​ផ្ទះរបស់​គាត់ ។ រាល់អ្នកដង្ហែក្បួនម្នាក់ៗគឺសម្រាប់ Hugo ទាំងអស់ អ្នកនាំផ្លូវរបស់ក្បួន​មានពាក់ផ្កាពោត តំណាង​បទ​ចម្រៀងរបស់ Cosette ក្នុងរឿង Les Misérables
 Victor-Marie Hugo បានទទួលមរណភាពនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៨៨៥ ក្នុង​ជន្មាយុ៨៣​ឆ្នាំ ។ លោក Hugo មិនត្រឹមតែត្រូវបានគេទទួលស្គាល់ និងគោរពថាជាអ្នក​អក្សរសិល្ប៍ដ៏កំពូលនោះទេ គាត់គឺជា​បុរសរដ្ឋម្នាក់ ដែលបង្កើតសាធារណរដ្ឋទី៣ និង​ប្រជាធិបតេយ្យក្នុងប្រទេសបារាំង ។ មនុស្សជាង​២លាននាក់ បានចូលរួមក្នុងពិធីបុណ្យ​សពរបស់លោកក្នុងប៉ារីស ដោយចាប់ពី Arc de Triomphe ដល់​វិមាន Panthéon ដែល​ជាកន្លែងបញ្ចុះរូបគាត់ ។ គាត់ត្រូវបានបញ្ចុះក្នុងបន្ទប់ក្រោមដីមួយនៅក្នុងវិមាន Panthéon ជាមួយ Alexandre Dumas និង Émile Zola ។ ភាគច្រើននៃទីក្រុង និងរដ្ឋធានីប្រទេស​បារាំង​មានយកឈ្មោះលោក Hugo ជាឈ្មោះផ្លូវ ។ Avenue ជាកន្លែងដែលគាត់ទទួល​មរណភាព នៅក្នុងទីក្រុង ប៉ារីសនោះ បច្ចុប្បន្ននេះប្តូរជាឈ្មោះគាត់វិញ ។
២.២. ស្នាដៃ
            ស្នាដៃរបស់ Victor Hugo មានដូចជា ៖
§  ស្នាដៃដែលបានបោះពុម្ពនៅពេលដែលគាត់មានជីវិតមាន៖




§  ស្នាដៃដែលបានបោះពុម្ពនៅក្រោយពេលដែលគាត់មានជីវិតមាន៖
  • Théâtre en liberté (១៨៨៦)
  • La fin de Satan(១៨៨៦) ជាកំណាព្យ
  • Choses vues (១៨៨៧) ជារឿងបែបឧស្សាហកថា
  • Toute la lyre (១៨៨៨)
  • Amy Robsart (១៨៨៩)
  • Les Jumeaux (១៨៨៩)
  • Actes et Paroles Depuis l'exil, ១៨៧៦‑១៨៨៥ (១៨៨៩)
  • Alpes et Pyrénées(១៨៩០)
  • Dieu (១៨៩១) ជាកំណាព្យ
  • France et Belgique (១៨៩២)
  • Toute la lyre - dernière série (១៨៩៣)
  • Les fromages (១៨៩៥)
  • Correspondences - Tome I (១៨៩៦)
  • Correspondences - Tome II (១៨៩៨)
  • Les années funestes (១៨៩៨)
  • Choses vues - nouvelle série (១៩០០) ជារឿងបែបឧស្សាហកថា
  • Post-scriptum de ma vie (១៩០១)
  • Dernière Gerbe (១៩០២)
  • Mille francs de récompense (១៩៣៤)
  • Océan. Tas de pierres (១៩៤២)
  • L'Intervention (១៩៥១)
ក្រៅពីស្នាដៃដែលជាប្រលោមលោក ឬកំណាព្យ លោក Hugo ក៏នៅមានស្នាដៃ​សិល្បៈជា​ច្រើនមុខទៀតដូចជា៖
លោក Hugo និងតន្ត្រី ១៥
ទោះបីជាស្នាដៃប្រកបដោយទេពកោសល្យជាច្រើនរបស់លោក Hugo មិនបាន​​បញ្ចូល​តន្ត្រីក៏ដោយ ក៏លោកធ្លាប់ជាអ្នក ដែលចាប់អារម្មណ៍ចំពោះតន្ត្រីផងដែរ តាមរយៈ​គំនិតមិនចេះ​ចប់មិនចេះហើយលើការងារតែងនិពន្ធរបស់គាត់ក្នុងសតវត្សទី១៩ និង​​២០ ។ ចំពោះ Hugo ផ្ទាល់ គាត់ពេញចិត្តយ៉ាងខ្លាំងទៅលើបទភ្លេងរបស់ Gluck និង Weber ហើយ​គាត់បានសរសើរយ៉ាង​ខ្លាំងទៅលើ Beethoven ហើយជាងនេះទៅទៀត គាត់ចូល​ចិត្តចំពោះការងារតែងនិពន្ធរបស់អ្នក​និពន្ធបទភ្លេង ក្នុងកំឡុងដើមសតវត្សទី១៩ ដូចជា លោក Palestrina និង Monteverdi ។ តន្ត្រីករដ៏​ល្បីល្បាញពីររូបក្នុងសតវត្សទី១៩ ជា​មិត្តភក្តិរបស់គាត់ គឺលោក Berlio និងលោក Liszt ។ ការ​ប្រគុំតន្ត្រីចុងក្រោយបង្អស់របស់​លោក Beethoven គឺនៅក្នុងផ្ទះរបស់ Hugo ហើយ Hugo បាន​សរសេរអត្ថបទបែប​កំប្លែងទៅមិត្តភក្តិម្នាក់របស់គាត់ Liszt ដើម្បីជាការថ្លែងអំណរគុណចំពោះ​ការបង្រៀន​ព្យាណូ​ដល់រូបគាត់ ។ Hugo បានរៀនពីរបៀបលេងចម្រៀងដ៏ពិរោះមួយបទដោយ​ប្រើ​ព្យាណូ តែគាត់អាចប្រើតែម្រាមមួយតែប៉ុណ្ណោះ ។ Hugo ក៏បានសរសេរសេណារ៉េយោ​ល្ខោន អូប៉េរ៉ាជាមួយ​អ្នកនិពន្ធបទភ្លេងម្នាក់ គឺអ្នកស្រី Louise Bertin សម្រាប់រឿងល្ខោន​អូប៉េរ៉ារបស់​គាត់មាន​ចំណងជើងថា La Esmeralda នៅឆ្នាំ១៨៣៦ ដែលយកតាមលំនាំ​សាច់រឿងនៅក្នុង​ស្នាដៃរឿង The Hunchback​ of Notre Dame ។ តែទោះជាយ៉ាងណា​ក៏ដោយ អូប៉េរ៉ា​​រឿងនេះត្រូវ​បានផ្អាកការសម្តែងយ៉ាងឆាប់រហ័ស បន្ទាប់ពីការសម្តែងលើក​ទី១៥ របស់ខ្លួន ហើយសព្វថ្ងៃនេះ​មានមនុស្សតិចណាស់បានដឹង និងស្គាល់ ។ អូប៉េរ៉ារឿង​នោះ ថ្មីៗនេះ​បានរស់រានមានជីវិតឡើង​វិញ ដោយមានការប្រគុំទាំងព្យ៉ាណូ និងបទ​ចម្រៀងដែលប្រែ​សម្រួលដោយលោក Liszt នៅក្នុង​ពិធីបុណ្យអន្តរជាតិ Victor Hugo​ et Égaux ២០០៧ (Festival international Victor Hugo et Égaux 2007) និងនៅក្នុងការ​ប្រគុំតន្ត្រីដែល រៀបចំឡើងនៅខែកក្កដា ឆ្នាំ២០០៨ នៅពិធីបុណ្យ​វិទ្យុបារាំង និង Montpellier Languedoc-Roussillon (Festival de Radio France et Montpellier Languedoc-Roussillon) ។
ទំនុកចម្រៀងជាង១ពាន់បទត្រូវបានសរសេរដោយលោក Hugo ពីឆ្នាំ១៨០០ ដល់​សព្វថ្ងៃ​នេះ ។ ជាពិសេស ការប្រគុំភ្លេងរបស់ Hugo ដែលបោះបង់ចោលទម្រង់ល្ខោន​បុរាណក្នុងនាដ្យកថា បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកនិពន្ធបទភ្លេងជា​ច្រើន ដែលចូលចិត្តអូប៉េរ៉ា ។ អូប៉រ៉ាជាង១រយរឿងបានកើតពីការងារតែងនិពន្ធរបស់ Hugo ហើយ​ក្នុងចំណោមរឿងទាំងអស់​នោះមានស្នាដៃរបស់ Donizetti គឺ Lucrezia Borgia (១៨៣៣) របស់ Verdi គឺ Rigoletto (១៨៥១) និងជារបស់ Ernani (១៨៤៤) Ponchielli គឺ La Gioconda (១៨៧៦) ។ ប្រលោមលោក ព្រមទាំងបទភ្លេងជាច្រើនរបស់ គាត់អាចថាជាធនធានដ៏សំខាន់សម្រាប់ការបង្កើតបទភ្លេងរបស់​តន្ត្រីករទាំងឡាយ ព្រោះ​វាអាចឲ្យពួកគេមិនត្រឹមតែបង្កើតភ្លេងអូប៉េរ៉ា និងបាឡេនោះទេ តែវា​ថែម​ទាំងបង្កើត​តន្ត្រីសម្រាប់ល្ខោនទៀតផងដូចជារឿង Notre-Dame de Paris និងប្រលោមលោក ដែល​ធ្លាប់មានប្រជាប្រិយភាពគឺរឿង Les Misérables រឿង London និងរឿង West End  ជាង​នេះទៅទៀត កំណាព្យដែលប្រកបដោយសោភ័ណរបស់ Hugo បានទទួលការចាប់អារម្មណ៍​ជាពិសេសពីសំណាក់តន្ត្រីករជាច្រើន ហើយបទភ្លេងជាច្រើនបទទៀតគឺយកតាមលំនាំកំណាព្យ​របស់គាត់ ដូចជាអ្នកនិពន្ធបទភ្លេង លោក Berlioz ដែលបាន​សរសេរបទ Bizet, Fauré, Franck, Lalo, liszt, Massenet, Saint-Saëns, Rachmaninov និងបទ Wagner
សព្វថ្ងៃនេះ ស្នាដៃរបស់ Hugo កំពុងបន្តជម្រុញទឹកចិត្តដល់តន្ត្រីករទាំងឡាយក្នុងការ​បង្កើតបទនិពន្ធថ្មីៗរបស់ខ្លួនថែមទៀត  ឧទាហរណ៍ ប្រលោមលោកមួយរបស់គាត់ ដែលបាន​សរសេរប្រឆាំងនឹងការដាក់ទោសដ៏ធ្ងន់ធ្ងរមួយ គឺរឿង The Last Day of a Condemned Man ថ្មីៗ​នេះត្រូវបានសម្រួលដាក់ទៅជាប្រភេទអូប៉េរ៉ាដោយលោក David Alagna (Libretto by Frédérico Alagna) ។
ផ្នែកគំនូរ ១៦
មានមនុស្សជាច្រើនដែលមិនដឹងថា Hugo មានស្នាដៃជាច្រើនលើផ្នែកសិល្បៈគំនូរ​ដូច​
ឈ្មោះជាអ្នកអក្សរសិល្ប៍របស់គាត់ តែផ្ទុយមកវិញគាត់បានគាត់បានផលិតស្នាដៃគំនូរ​បានជាង​៤០០០ផ្ទាំងក្នុងជីវិតរបស់គាត់ ។ ការពិតកាល ពីដំបូងឡើយ ការគូរគំនូរគឺគ្រាន់​តែជា​ការ​កម្សាន្ត​ជា​ធម្មតានៅពេលទំនេរប៉ុណ្ណោះ (ប៉ុន្តែវាក៏ចាប់មាន​សារៈសំខាន់ចំពោះរូប​គាត់ នៅពេលដែល​គាត់​ស្ថិតក្នុងការនិរទេស) ពេលដែល​គាត់សម្រេចចិត្តឈប់ធ្វើការតែង​និពន្ធ ដើម្បីចូលរួម​កិច្ចការ​នយោបាយ ។ កិច្ចការគូរគំនូរបានក្លាយជាការងារចម្បងរបស់​គាត់ ក្នុងកំឡុងឆ្នាំ១៨៤៨‑១៨៥១ ។
គំនូរទាំងអស់របស់ Hugo នេះមានរូបរាង គឺប្រកបដោយភាពប៉ិនប្រសប់ និងមាន​ភាព​ទំនើបនៅក្នុងស្ទីល និងចំណូលចិត្តរបស់គាត់ ហើយវាក៏បញ្ជាក់ថាជាបច្ចេកទេស​ប្រកបដោយ​បទពិសោធន៍នៃមនោគតិនិយម (Surrealism) និងអរូបីនិយម (Abstract Expressionism) ។
លោក Hugo មិនដែលស្ទាក់ស្ទើរក្នុងការប្រើក្រដាសស្តង់សីលកូនរបស់គាត់ ឬការ​ប្រឡាក់​ទឹកខ្មៅ​អ្វីឡើយ ជាញឹកញាប់គាត់ប្រើធ្យូងដែលសល់ពីចំហេះឈើគូស ឬម្រាមដៃ​របស់គាត់ជំនួស​ប៊ិច ឬជ័រលុបទៀតផង ។ ពេលខ្លះគាត់ប្រើកាហ្វេ ឬម្រែងភ្លើងដើម្បីបង្កើតពណ៌ដែលគាត់ចង់​
បាន ។ ការនេះបានបញ្ជាក់ថា លោក Hugo តែងប្រើដៃក្នុងការគូរ​គំនូរ ហើយពេលខ្លះទៀតគាត់​គូរដោយមិនមើលក្រដាសដែលគាត់កំពុងគូរឡើយ ។
Hugo បានរក្សាកិច្ចការសិល្បៈរបស់គាត់នៅក្រៅក្រសែភ្នែករបស់សាធារណជន ហើយ​គាត់មានការបារម្ភ ខ្លាចកិច្ចការតែងនិពន្ធរបស់គាត់បាត់បង់តម្លៃ ។ ទោះបីជាយ៉ាង​ណាក៏ដោយ ក៏គាត់រីករាយក្នុងការចែករំលែកគំនូររបស់គាត់ជាមួយគ្រួសារ និងមិត្តភក្តិ​របស់គាត់ ហើយភាគ​ច្រើននៅក្នុងកាតប៉ូស្តាល់ ដែលគាត់ប្រើសម្រាប់ធ្វើជាអំណោយដល់អ្នកដំណើរពេលដែលគាត់​រស់នៅក្នុងការនិរទេស ។ កិច្ចការខ្លះរបស់គាត់ត្រូវបានបង្ហាញ និងអបអរសាទរដោយសិល្បករ​ដូចជា Van Gogh និង Delacroix ដែលការនេះដែរបាន​បង្ហាញពីទស្សនៈមួយថាតើលោក Hugo សម្រេចចិត្តធ្វើជាវិចិត្រករជំនួសអ្នកនិពន្ធ​ឬក៏​​យ៉ាងណា ហើយថាតើគាត់អាចក្លាយជាវិចិត្រករ​ដែលលេចធ្លោជាងគេក្នុងសតវត្សនោះឬ​យ៉ាងណាដែរ ។
៣. សង្ខេបរឿង
វគ្គទី១ Jean Valjean
            Jean Valjean ជាកូនកំព្រាម្នាក់ប្រកបរបរកាប់ដើមឈើតាមផ្លូវថ្នល់ ដើម្បីយក​ប្រាក់មក​ចិញ្ចឹមបងស្រីបង្កើត ដែលជាស្ត្រីមេម៉ាយមានកូន៧នាក់ ។ ថ្ងៃមួយក្មួយទាររក​ចំណីញ៉ាំ តែ Jean Valjean រកមិនបាន គាត់ក៏សម្រេចចិត្តទៅលួចនំប៉័ងនៅក្នុងហាងមួយ​មកឲ្យក្មួយ តែគាត់ត្រូវ​ប៉ូលីសចាប់ដាក់ពន្ធនាគារចំនួន៥ឆ្នាំ ។ ក្នុងរយៈពេលកំពុងជាប់​គុក គាត់បានលួចរត់ចេញ​ចំនួន​៤លើក ជាហេតុបណ្តាលឲ្យគេពិន័យបន្ថែមទោសជាប់​គុករហូតដល់១៩ឆ្នាំ ។ បន្ទាប់ពី​ចេញ​ពីគុក គាត់បានទៅរកកន្លែងសម្រាក តែនៅក្នុង​ទីក្រុងទាំងមូលគ្មាននរណារាក់ទាក់គាត់នោះទេ  គាត់ក៏​បានទៅរកនៅវិហារមួយ តែអ្នក​ថែរក្សាវិហារនោះមិនអនុញ្ញាតឲ្យស្នាក់ឡើយ តែគេបាន​ប្រាប់​គាត់ឲ្យទៅសុំសង្ឃកាតូលិក​ម្នាក់ ឈ្មោះ Myriel ដែលមានចិត្តល្អស្នាក់នៅផង គាត់ក៏បានធ្វើ​តាម​ហើយសង្ឃកាតូលិកនោះក៏យល់​ព្រមឲ្យស្នាក់នៅមែន តែ Jean Valjean បានលួចយកជើង​ទៀន​ធ្វើអំពីប្រាក់របស់សង្ឃ​នោះទៅ ហើយត្រូវប៉ូលីសចាប់បានយកមកប្រគល់ឲ្យសង្ឃនោះវិញ តែ​មិនត្រឹមតែមិន​ប្រកាន់នោះទេសង្ឃនោះថែមទាំងបានឲ្យជើងទៀនប្រាក់ទៅគាត់ថែមមួយទៀត ដើម្បី​យកទៅលក់ធ្វើដើមទុនរកស៊ីគ្រាន់នឹងចិញ្ចឹមជីវិត ព្រោះតម្លៃរបស់វត្ថុនោះល្មមដើម្បីឲ្យ​ Jean Valjean កែខ្លួនទៅជាមនុស្សល្អបាន ។ និយាយពី Jean Valjean ទោះបីជាសង្ឃ​នោះមិនបានយក​ទោសពីគាត់ក៏ដោយ តែក្រោយពេលគាត់ចេញពីផ្ទះរបស់សង្ឃកាតូលិក​នោះ គាត់បានជួបក្មេង​ប្រុសម្នាក់ឈ្មោះ Gervais ហើយបានលួចយកប្រាក់ពីក្មេងនោះ​ទៀត តែក្រោយមកគាត់សោក​ស្តាយជាខ្លាំង ។
វគ្គទី២ Fantine
            Fantine ជាជាងដេរយ៉ាងចំណានម្នាក់ និងមានរូបសម្ផស្សស្អាត ។ នាងមាន​ចំណង​ស្នេហ៍ជាមួយនិស្សិតម្នាក់ឈ្មោះ Tholomyès រហូតមានផ្ទៃពោះ ហើយនិស្សិត​នោះ​ក៏បោះបង់​នាងចោល ។ នាងបង្កើតបានកូន​ស្រីម្នាក់ឈ្មោះ Cosette ដែលនាងបាន​ជួលក្រុមគ្រួសារ Thénardier ឲ្យមើលថែជំនួស ព្រោះនាងអាចមានពេលទៅធ្វើការនៅ​ក្នុង​រោងចក្រមួយ ដែលជា​របស់លោក Maderlein (ជាឈ្មោះទី២ Jean Valjean) តែនាង​ត្រូវ​បានអនុរក្សរោងចក្រនោះ​បណ្តេញចេញពីការងារ ដោយចោទថានាងមានស្នេហាលួច​លាក់ខុសសីលធម៌ ។ បន្ទាប់ពី​បាត់បង់ការងារ នាងគ្មានលុយសម្រាប់ចាយ និងផ្ញើឲ្យ​គ្រួសារ Thénardier ដើម្បីទិញរបស់របរ​ប្រើប្រាស់ និងថ្លៃឈ្នួលសម្រាប់ការមើលថែរក្សា​កូនរបស់នាង ដែលចេះតែកើនជាលំដាប់នោះ នាងបានសម្រេចចិត្តលក់សក់ ធ្មេញ និង​ធ្វើជាស្រីពេស្យាដើម្បីរកប្រាក់ផ្តល់ឲ្យកូន ។
វគ្គទី៣ លោក Madelein
            ជាអកុសល ក្នុងកំឡុងពេលប្រកប​របរជាស្រីពេស្យានោះ Fantine ត្រូវបាន​ប៉ូលីស ចាប់ខ្លួន តែនាងត្រូវបានលោក Madelein ដែលជា Jean Valjean ពីមុននោះ និងពេល​នេះជាអភិបាលក្រុង ហើយក៏ជាម្ចាស់រោងចក្រដែរ បានជួយធានានាងមិនឲ្យប៉ូលីសដាក់​គុក តែនាងមានជម្ងឺធ្ងន់ធ្ងរ ទៅហើយ ។ នាងត្រូវបានលោកអភិបាលក្រុងយកទៅព្យាបាល​នៅក្នុងមន្ទីរពេទ្យប្រចាំរោងចក្រ របស់គាត់ ។ ក្នុងពេលកំពុងមានជម្ងឺ Fantine តែងតែទារ​រកជួបកូនស្រីសម្លាញ់របស់ខ្លួន ហើយ លោក Madelein ក៏បានសន្យា​នឹងនាងថានាំ Cosette មកជួបនាង តែវាបានអាក់ខានដោយសារ តែសមាសភាពរបស់ Madelein ត្រូវ​បានបែកការដល់អធិការប៉ូលីស Javert ដែលបានមករកចាប់​ខ្លួនលោកនៅចំពោះមុខ Fantine ធ្វើឲ្យនាងមានការតក់ស្លុត និងភ័យខ្លាច ក្នុងពេលមានជម្ងឺធ្ងន់ធ្ងរ​ផងនោះ ធ្វើឲ្យ​នាងដាច់ដង្ហើមតែម្តងទៅ ។ Jean Valjean ត្រូវ Javert ចាប់បញ្ជូនទៅដាក់គុក ប៉ុន្តែ
Jean Valjean បានកាច់បំបាក់ដែលចំរ៉ឹងបង្អួចរត់ចេញពីគុកទៀត ។
វគ្គទី៤ បុរសពាក់អាវវែងពណ៌លឿង
            និយាយពីក្រុមគ្រួសាររបស់ Théandier និង Cosette វិញ ។ នាង Cosette ត្រូវ​រស់នៅ​ដោយទទួលការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់គ្រួសារ Thénardier នាងត្រូវធ្វើការ​ធ្ងន់ៗប្រៀប​ដូចជាទាសីម្នាក់អញ្ចឹង គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ជួនការត្រូវគេបង្អត់​អាហារទៀតផង តែ​បញ្ហានេះត្រូវបានដោះស្រាយ ដោយសារវត្តមានរបស់បុរសអាថ៌កំបាំង​ម្នាក់ ដែលមានពាក់អាវ​ពណ៌លឿងរាងចាស់បន្តិច គេគឺ Valjean ដែលទើបលួចរត់ចេញពី​គុក ហើយបានសុំ Cosette ពី​គ្រួសារ Thénardier ដោយមានការដោះដូរជាប្រាក់១៥០០ Francs
វគ្គទី៥ Valjean និង Cosette
ក្រោយពីយក Cosette ចេញពីក្រុមគ្រួសារ Thénardier រួច ពួកគេទាំងពីរបាន​ទៅ​រស់នៅ​ក្នុងផ្ទះចាស់មួយនៅជាយទីក្រុងប៉ារីសដោយអាថ៌កំបាំង ។ តាមពិត Valjean មានប្រាក់ជាច្រើន​កាលគាត់នៅជាអភិបាលក្រុង និងម្ចាស់រោងចក្រ ហើយបន្ទាប់ពីរត់​ចេញពីគុកនៅ Montreuil គាត់បានយកប្រាក់ទាំងអស់របស់គាត់ពីធនាគាទៅកប់​ទុកនៅក្នុងព្រៃនៅជិត Montreuil  ។ ទោះ​ជាយ៉ាងណាក៏​ដោយ Jean Valjean ត្រូវ​ប៉ូលីសតាមចាប់ខ្លួនដដែល ធ្វើឲ្យគាត់ត្រូវបង្ខំចិត្តរត់ចេញ​
ពីផ្ទះ​ទាំងយប់ជាមួយ Cosette របស់គាត់។
វគ្គទី៦ Marius
            Marius ជាកូនរបស់វរសេនីយ៍ម្នាក់មានឈ្មោះថា Georges Pontmercy ដែល​មាននិន្នាការ​ខាងសាធារណរដ្ឋ តែជីតារបស់គេឈ្មោះថា Gillenormand មាននិន្នាការ​ខាងរាជានិយម​ជាហេតុ​ធ្វើឲ្យឪពុកក្មេក និងកូនប្រសារទាំងពីរនេះមិនចុះសម្រុងគ្នា ហើយ​ក្រោយពីប្រពន្ធរបស់​ខ្លួនស្លាប់ Pontmercy ត្រូវបានលោក Gillenormand បណ្តេញចេញ​ពីផ្ទះធ្វើឲ្យឪពុកកូន​ទាំងពីរត្រូវរស់នៅ​ឆ្ងាយ និងមិនបានជួបគ្នា ។ Marius ត្រូវបានលោក​តា Gillenormand របស់គេបញ្ចូលមនោគមវិជ្ជា​រាជានិយមដល់ខ្លួន និងនិយាយបង្ខូចពីឪពុកគេប្រាប់ដល់គេទៀតផង  ក្រោយមក Marius បាន​ស្រាវជ្រាវពីកន្លែង ដែលឪពុក​របស់ខ្លួនរស់នៅ ដោយមិនប្រាប់លោកតារបស់ខ្លួនទេ បន្ទាប់មករូប​គេក៏ទៅជួប តែវាយឺត​ពេលបន្តិច ពេលគេទៅដល់ឪពុកអភ័ព្វរបស់គេបានលាចាកលោកនេះទៅ​ហើយដោយ​បន្សល់ទុកនូវសំបុត្រមួយសន្លឹកដល់កូនប្រុសរបស់គេ ដែលមានខ្លឹមសារប្រាប់ដល់​កូន​ប្រុសថា ជីវិត​របស់គាត់ធ្លាប់ត្រូវបានជួយសង្គ្រោះដោយមនុស្សម្នាក់ឈ្មោះ Thénardier នៅ​ក្នុងពេល​សង្គ្រាមនៅ Waterloo ។ បុរសម្នាក់នេះមានបើកតៀមលក់ចំណីអាហារ និងផ្ទះសំណាក់​តូចមួយនៅ Montreuil ដែលនៅជិត Paris ហើយឲ្យរូបគេតាមរក និងជួយបុរសនោះតាម​លទ្ធភាពដែលគេអាចជួយបាន  Marius រស់នៅជាមួយជីតារបស់គេរហូតបានចូល រៀននៅក្នុង​មហាវិទ្យាល័យច្បាប់ ហើយបានចូលក្នុងក្រុមនិស្សិតនិយមសាធារណរដ្ឋ ធ្វើនយោបាយប្រឆាំង​និងរដ្ឋាភិបាល ធ្វើឲ្យជីតារបស់គេដឹង ហើយ​ខឹងយ៉ាងខ្លាំង និងបាន​​បណ្តេញគេចេញពីផ្ទះទៀត​ផង ។ ពេលចេញពីផ្ទះជីតារបស់គេ Marius បានចេញទៅរស់​នៅក្នុងតំបន់អ្នកក្រីក្រមួយ​ជាមួយត្រកូល Thénardier ។ ថ្ងៃមួយ​ពេលកំពុងធ្វើដំណើរកំសាន្តនៅក្នុងសួនច្បារ Luxemburg បានជួបនារីដ៏ស្រស់​ស្អាតម្នាក់ ធ្វើឲ្យគាត់ចាប់ចិត្តស្រឡាញ់(តាមពិតនាងម្នាក់នោះគឺ Cosette ជាមួយ Jean Valjean)។ ចាប់តាំងពីពេលដែលដឹងថា មានយុវជនម្នាក់តែងតាមមើល តាមដាន​ខ្លួន​ និង Cosette Valjean ក៏ឈប់មកសួនច្បារ Luxemburg ទៀត ព្រោះគាត់ខ្លាចបុរសម្នាក់​នោះជាគិញ​សម្ងាត់របស់ប៉ូលីស ។ Marius មានការឈឺចាប់ជាខ្លាំងពេល ដែលនារីជាទី​ស្រឡាញ់​របស់គេបានបាត់ស្រមោល គេក៏បានតាមដានអាសយដ្ឋានរបស់នាងរហូត​ស្គាល់ ក្រោយ​មក Valjean Cosette ក៏បានប្តូរផ្ទះជាថ្មី ធ្វើឲ្យ Marius កាន់តែមានការឈឺ​ចាប់កាន់តែ​ខ្លាំងទៀត ។
វគ្គទី៧ គ្រួសារ Jondrettes
            បន្ទាប់ពីតាមស៊ើបសួររកអាសយដ្ឋានរបស់ Cosette ដែលជានារីជាទីស្រឡាញ់​របស់ខ្លួន​មិនឃើញ Marius ក៏មានគំនិតអន្ទះសារជាខ្លាំង ថ្ងៃមួយរូបគេបានទទួលសំបុត្រពីនារីវ័យក្មេង​ម្នាក់ ដែលខ្លឹមសារសំបុត្រមានអត្ថន័យចង់សុំប្រាក់ពីគេ ដែលនេះជាសំបុត្ររបស់ Jondrette ជា​អ្នកជិតខាងរបស់គេ ធ្វើឲ្យគេដឹងថា Jondrette ជាមនុស្សមិនល្អ និង​មានគំនិតបោកប្រាស ។ តាម​ពិតនារីដែលយកសំបុត្រមកឲ្យ Marius ជាកូនរបស់ Jondrette (ជា Thénardier ក្លែងបន្លំ) នាង​មានឈ្មោះថា Éponine ហើយនាងម្នាក់នេះ​ដែរ​មានចិត្តស្រឡាញ់ Marius តែគេមិនដឹងខ្លួន ។ Marius បានឲ្យប្រាក់ទៅនាង ៥ Francs រួចនាងក៏ដើរចេញទៅយ៉ាងក្តីរីករាយ ។ ឃើញបែបនេះ Marius បានយល់ច្បាស់​ពីអ្វី ដែលហៅថាក្រពិត ។ មិនអស់ចិត្តគេក៏បានលបមើលស្ថានភាព​គ្រួសារមួយនេះតាម​ប្រហោង​​រាងត្រីកោណមួយ តែអ្វីដែលគេមិននឹកស្មានដល់នោះ គឺគ្រួសារ​របស់ Jondrette មានភ្ញៀវ​ដែលភ្ញៀវម្នាក់នេះគឺជា Valjean និង Cosette ការនេះធ្វើឲ្យគេមានក្តី​រីករាយជាខ្លាំង  តាមពិតវត្តមានរបស់ Valjean និង Cosette គឺជាល្បិចរបស់ Jondrette ដែលគេ​ស្គាល់​ច្បាស់ពីសមាសភាពរបស់ Valjean និងមានគំនិតបោកប្រាសយកប្រាក់ពីគាត់ តែ Valjean វិញមិនស្គាល់ទេថា Jondrette ជា Thénardier នោះទេ ។
            និយាយពី Jondrette វិញគេមានគំនិតមិនត្រឹមតែចង់បោកប្រាសប្រាក់ពី Valjean ប៉ុណ្ណោះ ថែមទាំងចង់ចាប់ជំរិតប្រាក់ពីខ្លួនរបស់គាត់ទៀតផងនៅព្រឹកបន្ទាប់ តែរឿងនេះត្រូវ Marius ដឹង​មុន និងបានទៅប្តឹងប៉ូលីស ហើយគេបានទទួលកាំភ្លើងពីរដើមពីលោក​អធិការ Javert សម្រាប់​ផ្តល់ដំណឹងនៅពេល ដែល Jondrette ព្រមទាំងបក្ខពួកបញ្ចេញ​សកម្មភាព ។ ក្នុងពេល ដែល​ផែនការចាប់ផ្តើមឡើង Marius ចាប់កាំភ្លើងរៀបបាញ់ដើម្បី​ផ្តល់សញ្ញាដល់ប៉ូលីស ដែលកំពុងពួន​នៅក្បែរជញ្ជាំង តែគេបែរជាអាក់ខានវិញដោយសារ​តែគេឮសំឡេងដែល Jondrette និយាយ​ប្រាប់ពីសមាសភាពរបស់ខ្លួនទៅ Valjean ថាឈ្មោះពិតរបស់គេគឺ Thénardier ជាមនុស្សដែល Marius កំពុងតាមរកព្រោះថាឈ្មោះ​នេះហើយធ្លាប់បានជួយឪពុករបស់គេនៅសមរភូមិ ។ តែ​ទោះ​ជាយ៉ាងណា នៅទីបញ្ចប់កិច្ចការអាក្រក់របស់ Jondrette ត្រូវអាក់ខាន ហើយរូបគេ​ត្រូវ​ប៉ូលីស​
ចាប់ខ្លួន ហើយ Valjean ក៏រួចខ្លួនពីប៉ូលីសដែរ ព្រោះថាប៉ូលីសនោះគឺ Javert ។
វគ្គទី៨ Marius និង Cosette
            ​ ក្រោយពីពេលដែលរឿងហេតុទាំងអស់កើតឡើង Marius នៅតែមានការខកចិត្ត​ម្តង ទៀត ព្រោះថាស្រមោលរបស់ Cosette បាត់សារជាថ្មី តែគេមានសង្ឃឹមជាឡើង វិញបន្ទាប់ពី​បានអាសយដ្ឋានរបស់ Cosette ពីនាង Éponine ។ លើកនេះ ក្រោយពេល​បានដឹងពីកន្លែងដែល​ស្រីជាទីស្រឡាញ់របស់ខ្លួនរស់នៅហើយ Marius ជានិច្ចកាលតែង​បានលបទៅលួចមើលនាង Cosette ជារៀងរាល់យប់ ហើយថ្ងៃមួយគេបានសរសេរ​កំណាព្យមួយស្នេហាដល់នាង ជា​លទ្ធផលរូបគេ និងនាង Cosette បានសម្រេចលទ្ធផល​ដែលគេរំពឹងទុកទីមុនមក តែពួកគេមិន​បានប្រាប់ដល់ Jean Valjean នោះទេ ។ Cosette និង Marius ក្នុងរយៈពេលនោះពិតជាមាន​សេចក្តី​សុខយ៉ាងខ្លាំង តែសុភមង្គលនេះមិន​មានស្ថិរភាពយូរអង្វែងប៉ុន្មាននោះទេ ព្រោះថា Cosette និង Valjean ត្រូវទៅរស់នៅឯ​​ប្រទេសអង់គ្លេសវិញ ។
វគ្គទី៩ លោក Gillenormand
            លោកតា Gillenormand បច្ចុប្បន្ននេះមានអាយុ ៩០ឆ្នាំ គាត់មានការខ្វល់ខ្វាយ​ខ្លាំងណាស់​អំពីការចាកចេញរបស់ចៅប្រុសសម្លាញ់របស់គាត់ ។ ថ្ងៃមួយគាត់បានទទួល​ដំណឹងថា ចៅប្រុស​របស់គាត់ត្រឡប់មកផ្ទះវិញ គាត់មានសេចក្តីត្រេកអរជាខ្លាំង តែការ​វិលត្រឡប់របស់ចៅប្រុសគាត់​លើកនេះមិនមែនមានគោលបំណងមករស់នៅ និងសុំការ​លើកលែងពីគាត់នោះទេ ផ្ទុយមកវិញ Marius ត្រឡប់មកលើកនេះ គឺមានគោលបំណង​សុំការយល់ព្រមពីគាត់ដើម្បីរៀបការជាមួយ​នាង Cosette តែសំណូមពរនេះមិនត្រូវបាន​អនុញ្ញាតនោះទេ ។ ការមិនយល់ព្រមរបស់លោកតា Gillenormand ធ្វើឲ្យ Marius មិនសប្បាយចិត្តទាល់តែសោះ គេក៏ចាកចេញទៅទាំងក្តីអស់​សង្ឃឹម 
            ស្អែកឡើង ពេលគេភ្ញាក់ពីដេក Enjolras និងមិត្តភក្តិពីរបីនាក់ទៀតមក​ដល់ផ្ទះ​របស់គេ ដើម្បីបបួលរូបគេទៅចូលរួមក្នុងពិធីបុណ្យសពរបស់ឧត្តមសេនីយ៍ Lamarque
            ពេលយប់មកដល់ Marius បានទៅផ្ទះរបស់ Cosette ប៉ុន្តែមិនបានជួបនាងទេ ព្រោះថា​នាង និង Valjean បានចេញទៅបាត់ទៅហើយ តែផ្ទុយទៅវិញ គេបែរជាបានជួប​នាង Éponine ទៅវិញ ដែលមកផ្តល់ដំណឹងថាមិត្តភក្តិរបស់គេនៅរង់ចាំរូបគេនៅឯ Barricade គេក៏ប្រញាប់ទៅ​ភ្លាម។
វគ្គទី១០ Barricade
            នៅក្នុងឆ្នាំ ១៨៣២ មានការបះបោរមួយបានត្រៀមរៀបចំឡើង ដើម្បីប្រឆាំងនឹង​រដ្ឋាភិបាល គឺចំពេលដែល Marius បានបាត់បង់នូវរាល់សេចក្តីអស់សង្ឃឹម គេក៏បានចូល​រួមក្នុង​ក្រុមនិស្សិតធ្វើការបះបោរនៅ Barricade ។ ការបះបោរលើកនេះមានការស្លាប់​មនុស្សជាច្រើន រួម​ទាំងនាង Éponine  ផង​ដែរ ដែល​បានរត់ទៅរងគ្រាប់កាំភ្លើងជំនួស Marius គួរឲ្យអាណិតអាសូរ​ជាទីបំផុត ។​ មុន​ពេលស្លាប់ នាងបានផ្តល់អាសយដ្ឋានរបស់ Cosette ដល់ Marius និងបាន​សារភាព​ស្នេហ៍ប្រាប់ដល់ Marius ផងដែរ ធ្វើឲ្យ Marius មានការសោកស្តាយ និងសង្វេគជា​ខ្លាំង ។ បន្ទាប់ពីបានដឹងពីអាសយដ្ឋានរបស់ Cosette រួចមក Marius មានក្តីសង្ឃឹមជាថ្មី និងបាន​សរសេរ​សំបុត្រមួយច្បាប់ទៅឲ្យ នាងដោយ​ផ្ញើ​តាមកុមារម្នាក់ឈ្មោះ Gavroche ដែលជាក្រុមអ្នក​បះបោរដែរ ។
វគ្គទី១១ សំបុត្រ
            បន្ទាប់ពីទទួលបានសំបុត្រពី Marius ហើយ Gavroche បានយកសំបុត្រទៅតាម​អាសយដ្ឋានភ្លាម តែគេបានជួបនឹង Valjean ទៅវិញ ដែលធ្វើឲ្យ Valjean បានដឹងរឿង​ទាំងអស់ ហើយគាត់ក៏មានគំនិតមួយ គឺមកជួយ Marius នៅ Barricade ព្រោះថាគេជា​មនុស្ស ដែល Cosette ស្រឡាញ់ជាទីបំផុត ។
វគ្គទី១២ ឆាកប្រយុទ្ធស្លាប់រស់
            នៅ Barricade ការបះបោរកាន់តែមានសភាពខ្លាំងក្លាឡើងៗ មនុស្សជាច្រើនបាន​ស្លាប់ គឺនៅសល់តែមនុស្សចំនួន ៣៧នាក់ទៀតប៉ុណ្ណោះ ។ Enjolras និងអ្នកដទៃ ទៀតចាប់បាន អធិការប៉ូលីស Javert និងបានចងទុកនៅក្នុងហាងស្រាមួយ ។ ពេលដែលស្ថានការណ៍ចេះតែតាន​តឹងឡើង Enjolras ងាកមករកសម្លាប់ Javert តែ Valjean បានឃាត់ និងសុំខ្លួនជាអ្នកសម្លាប់​អធិការរូបនេះដោយផ្ទាល់ដៃ Enjolras ក៏យល់ព្រម ។ ទី​បំផុត Valjean មិនបានសម្លាប់ Javert នោះទេ តែគេថែមទាំងបានដោះលែង ដោយឲ្យ Javert រត់ទៅឲ្យឆ្ងាយទៅវិញ ។ ការប្រយុទ្ធចេះ​តែបន្ត ហើយទី​បំផុត Enjolras និង​មនុស្ស ដែលនៅសល់បានស្លាប់ទាំងអស់ នៅសល់តែ Marius ម្នាក់​តែប៉ុណ្ណោះនោះទេ ។
វគ្គទី១៣ លូបង្ហូរទឹកស្អុយ
            តាមពិត Marius ត្រូវបាន Jean Valjean ជួយសង្គ្រោះដោយលីដើរកាត់លូ​ទឹកស្អុយ​អស់រយៈពេលយ៉ាងយូរក្នុងពេលដែល Marius កំពុងមានរបួសរហូតដល់កូនទន្លេតូចមួយ ដែល​គេអាចគេចខ្លួនបាន តែគេមិនអាចចេញពីទីនោះបាននោះទេ ដោយសារមានរបងដែកយ៉ាងរឹង​នៅរាំងផ្លូវ តែជា​សំណាងល្អ គេបានជួបនឹង Thénardier ដែលបានបើកសោរឲ្យជាថ្នូរនឹងប្រាក់​៣០ Francs តែពេលនោះ គេក៏បានយកអាវមួយដុំរបស់ Marius មកទុក ។ បន្ទាប់ពីបានចេញ​រួច Valjean បានយក Marius ទៅផ្ទះរបស់ជីតារបស់គេគឺ លោក Gillenormand ព្រោះ​គាត់បានដឹង​ពីអាសយដ្ឋានរបស់ជីតា Marius ដោយសារ​សំបុត្រនៅក្នុងហោប៉ៅរបស់ MariusMarius ត្រូវ​បានទទួលការមើលថែរក្សាពីជីតា​របស់គេយ៉ាងល្អរហូតជាសះ​ស្បើយ ហើយជាងនេះទៅទៀត អ្វី​ដែលមិនអាចនឹកស្មាន​ដល់នោះ គឺជីតារបស់គេបាន​អនុញ្ញាតឲ្យរូបគេរៀបការជាមួយ Cosette ទៀតផង ។
វគ្គទី១៤ អាពាហ៍ពិពាហ៍
            អាពាហ៍ពិពាហ៍របស់ Marius និង Cosette គឺរឿងមួយ ដែលគួរឲ្យសប្បាយរីករាយ​
ណាស់ ប៉ុន្តែចំពោះ Valjean វិញគាត់បែរជាអវត្តមានទៅវិញ មូលហេតុ គឺដោយសារគាត់គិតថា គាត់ជាអ្នកទោស មិនគួររស់នៅជាមួយគ្រួសារត្រកូលអភិជននោះទេ វត្តមាន​របស់គាត់ គឺមានតែ​ធ្វើឲ្យអាប់ឱនកិត្តិយសដ៏ខ្ពង់ខ្ពស់របស់គេប៉ុណ្ណោះ ។ ដោយសារតែ​ទស្សនៈនេះហើយ គាត់បានដក​ខ្លួនចេញពីក្រុមគ្រួសាររបស់នោះ និងបានសុំការអនុញ្ញាត​ពី Marius មកលបមើល Cosette រាល់​ថ្ងៃ ដោយមិនឲ្យនាងដឹងខ្លួនឡើយ ហើយក៏ដោយសាររឿងនេះផងដែរ បានធ្វើ​ឲ្យ  Cosette មិន​សប្បាយ​​ចិត្តទាល់តែសោះ ។
វគ្គទី១៥ រឿងពិតចុងក្រោយ
            Valjean តែមកមើល Cosette ជាសម្ងាត់រាល់ល្ងាច តែថ្ងៃមួយមិនឃើញនាង​ចេញមក​ទាល់តែសោះ ធ្វើឲ្យគាត់មានក្តីកង្វល់ជាខ្លាំង ហើយថ្ងៃក្រោយៗមក ក៏មិនឃើញ​ទៀត ម្តងនេះ Valjean ពិតជាមានការខកចិត្តកាន់តែខ្លាំង ។
            ថ្ងៃមួយ Thénardier បានមកដល់ផ្ទះរបស់ Marius និងបាននិយាយប្រាប់ដល់ Marius នូវ​រឿងរ៉ាវផ្សេងៗជាច្រើនទាក់ទងទៅនឹង Jean Valjean ពោលគឺប្រឌិតភស្តុតាង​បកអាក្រាតពី​សមាសភាព ក៏ដូចជាទង្វើអាក្រក់របស់ Valjean ដោយជាថ្នូរនឹងប្រាក់មួយ​ចំនួន តែ Marius មិន​ជឿឡើយ ប៉ុន្តែគេមិនធ្វើអ្វីចំពោះ Thénardier ទេ ព្រោះថាគេចង់​រក្សាពាក្យសន្យារបស់ឪពុករបស់​គេមុនពេលស្លាប់ ថាឲ្យជួយដល់បុរសម្នាក់នេះផងហើយ​គេមានគំនិតថាចង់ឲ្យបុរសម្នាក់នេះកែ​ខ្លួន ។ ដោយហេតុតែ Marius មិនជឿ គេក៏បាន​យកភស្តុតាងថ្មីមួយទៀតមកបង្ហាញ​ដល់ Marius ដែលភស្តុតាងនោះគឺ ក្រណាត់អាវមួយ​ដុំរបស់ Marius ពេលដែលគេត្រូវរបួស ហើយ Valjean ជួយចេញមកនោះ គេក៏មានការ​ភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាអ្នកដែលជួយគេ គឺជាឪពុកក្មេករបស់​គេសោះ ហើយគេបែរជា​មានទស្សនៈអវិជ្ជមានចំពោះគាត់ទៅវិញ ។ ប៉ុន្តែរឿងមួយដែលគេពុំ​អាច​ភ្លេចបាននោះ គឺចាប់​មនុស្សអាក្រក់ដូចជា Thénardier ទៅដាក់គុកទោះបីជាខុសនឹងពាក្យ​សន្យា​របស់ឪពុកក៏​ដោយ ព្រោះគេបានផ្តល់ឱកាសជាច្រើនដល់រូបគាត់ តែបុរសម្នាក់មិនចេះកែ​ខ្លួន​សោះ ។ ក្រោយពីបានដឹងការពិត Marius ក៏បានបបួលប្រពន្ធឡើងរទេះសេះទៅតាមរក Valjean ភ្លាម តែពេលទៅដល់ Valjean បានធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយ ប៉ុន្តែទោះជាយ៉ាងណា គាត់មាន​តែការសប្បាយចិត្ត ដោយបានជួបនឹង Cosette ហើយគាត់ក៏បានរៀបរាប់ពី​រឿងរ៉ាវ​ទាំងអស់​ប្រាប់ដល់អ្នកទាំងពីរ មិនតែប៉ុណ្ណោះគាត់ក៏បានបានប្រគល់លុយ ដែល​នៅសល់កាលពី​គាត់ធ្វើ​ជាអភិបាលក្រុង និងថៅកែរោងចក្រទៅឲ្យអ្នកទាំងពីរ រួចក៏ដាច់​ដង្ហើមស្លាប់តែម្តងទៅ ។




ចាន់ ហម ទស្សនាវដ្តីអ្នកនិពន្ធខ្មែរ ឆ្នាំទី២ លេខ៥ ខែឧសភា ភ្នំពេញ ១៩៩៦ ទំព័រ ១៤
Victor Hugo Les Misérables Tome I Hachette livre 2003 Page 87
Victor Hugo Les Misérables Tome III Hachette livre 2003 Page 118-120
Les Misérables DVD 2009 Paris ou par www.tflvideo.fr
Victor Hugo Les Misérables Tome III, idem 2003 Page 121-124
ស៊ុំ ឈុំប៊ុន ទស្សនាវដ្តីសង្គមសាស្ត្រ និងមនុស្សសាស្ត្រ លេខត្រីមាសទី១ ២០០១ ទំព័រ ១៤
តាមសៀភៅប្រវត្តិសាស្ត្រ ថ្នាក់ទី៧ ប្រទេសព្រុស គឺជារាជាណាចក្រមួយស្ថិតនៅកភាគខាងជើងប្រទេស​អាឡឺម៉ង់ ។ នៅឆ្នាំ១៩៣៤ រាជាណាចក្រនេះត្រូវរលាយចូលជាប្រទេសអាឡឺម៉ង់
ក្រសួងអប់រំ ប្រវត្តិវិទ្យា ថ្នាកទី៧ ភ្នំពេញ ១៩៨៧ ទំព័រ ៩៥‑៩៦
http://en.wikipedia.org/wiki/Victor_Hugo#Life
១០ http://en.wikipedia.org/wiki/Victor_Hugo#Writtings
១១ គាត ស៊ីជឿន ចាន់ ស៊ីមួន ឈឹម ច័ន្ទតារា ស៊ុំ សុផានី  សាកល្បងសិក្សាប្រៀបធៀបរឿងព្រះអាទិត្យថ្មីរះ​លើផែនដីចាស់ និងរឿងទុគ៌តជន សារណាបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ២០០៧ ទំព័រ២០
១២ http://en.wikipedia.org/wiki/Victor_Hugo#Political_life_and_exile
១៣ http://en.wikipedia.org/wiki/Victor_Hugo#Religious_Views
១៤ http://en.wikipedia.org/wiki/Victor_Hugo#Declining_years_and_death
១៥ http://en.wikipedia.org/wiki/Victor_Hugo#Victor_Hugo_and_music
១៦ http://en.wikipedia.org/wiki/Victor_Hugo#Drawings

0 comments:

Post a Comment