IV.
សិក្សាអត្ថរូប
១. ភេទរូប
ក. ផ្ដើមរឿង
អ្នកនិពន្ធបានចាប់ផ្ដើមរឿងដោយធ្វើការរំលឹកដល់ពុទ្ធប្រវត្តិរបស់ព្រះពុទ្ធបរមសាស្ដា កាលដែលទេវទត្តតាមព្យាបាទព្រះអង្គ។
ឧទាហរណ៍៖ កាលព្រះពុទ្ធជាបរមសាស្ដាគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបានសុំនាយខ្មាន់ធ្នូចំនួន ៣១នាក់ពីសំណាក់ព្រះបាទអជាតិសត្រូវ ហៅខ្មាន់ធ្នូម្នាក់មកនិយាយដោយសម្ងាត់ថា ឯងត្រូវទៅបាញ់សម្លាប់សមណគោតមលើភ្នំគិជ្ឈកូដ.......។
ខ. តួរឿង
នៅក្នុងតួរឿងនេះ បានបង្ហាញពីទំនាស់ដែលកើតដោយការគុំគួនរបស់កណ្ឌហាលព្រាហ្មណ៍ចំពោះ ព្រះចន្ទកុមារ ហើយអ្នកនិពន្ធបានបង្ហាញនូវសកម្មភាពដ៏អស្ចារ្យនៃតួអង្គព្រះពោធិសត្វគឺបង្ហាញពីខន្ដីបារមី ការអត់ធ្មត់ អំណត់ក្នុងការសាងបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធ។
គ. បញ្ចប់រឿង
អ្នកនិពន្ធបានបញ្ចប់រឿងដោយឲ្យតួអង្គឯក និងក្រុមគ្រួសារបានជួបជុំគ្នាវិញ គឺព្រះចន្ទកុមារត្រូវបានអភិសេកជាព្រះមហាក្សត្រសោយរាជ្យប្រកបដោយធម៌នៅនគរបុប្ផវតី ហើយក្សត្រទាំងអស់ក្រោយសោយ-ទីវង្គតបានទៅកើតនៅស្ថានសួគ៌តុសិត។ ចំណែកតួអង្គអាក្រក់ដូចជាកណ្ឌហាលព្រាហ្មណ៍ត្រូវស្លាប់ ហើយទៅសោយទុក្ខនៅនរក។ ព្រមជាមួយនេះក៏បានបង្ហាញពីការសជាតិរបស់តួអង្គនីមួយៗផងដែរ។
អ្នកនិពន្ធបានប្រើនូវសិល្ប៍វិធីក្នុងការតែងរឿងដូចខាងក្រោម៖
២. វចនវិធី
វចនវិធីជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទ។
វចនវិធីជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទ។
នៅក្នុងអត្ថបទទសជាតកដែលជាច្បាប់ដើមដែលមានក្នុងគម្ពីរត្រៃបិដកសរសេរឡើងជាភាសាបាលី។
ឧទាហរណ៍៖ រាជាសិ លុទ្ទកកម្មោ ឯករាជា បុប្ផវតិយាយំ សោបុច្ឆិ ព្រហ្មពន្ធុំ ខណ្ឌហាលំ បុរោហិតំ មុឡ្ហំ សក្កាន
មគ្គមាចិក្ខ.......។
ចំណែកនៅទីនេះគឺអត្ថបទរឿងជាស្នាដៃរៀបរៀងដោយបណ្ឌិតមហាឈឹម សុមន៍គឺសរសេរជា ភាសាខ្មែរ ដោយមានលាយឡំនឹងឃ្លាភាសាបាលីខ្លះៗ។
ឧទាហរណ៍៖ “អតីតេ ភិក្ខវេ” ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅហើយព្រះរាជាជាបុត្រព្រះបាទវសវតី គឺព្រះបាទឯករាជសោយរាជ្យក្នុងនគរបុប្ផវតី........។
៣.រចនាវិធី
ជាវិធីដែលអ្នកនិពន្ធប្រើប្រាស់ភាសា របៀបនៃការតែងរឿងដើម្បីឲ្យស្នាដៃ ឬអត្ថបទនោះមានសម្រស់បង្កើតជាភាពអណ្ដែតអណ្ដូងសប្បាយរីករាយ ឬទុក្ខព្រួយ។
ជាវិធីដែលអ្នកនិពន្ធប្រើប្រាស់ភាសា របៀបនៃការតែងរឿងដើម្បីឲ្យស្នាដៃ ឬអត្ថបទនោះមានសម្រស់បង្កើតជាភាពអណ្ដែតអណ្ដូងសប្បាយរីករាយ ឬទុក្ខព្រួយ។
រឿងចន្ទកុមារអ្នកនិពន្ធសរសេរដោយប្រើពាក្យខ្មែរលាយឡំនឹងពាក្យបាលី សំស្រ្កឹត ហើយតែងជាពាក្យរាយសម្រាយងាយអាន ងាយស្ដាប់ និងងាយយល់ តាំងពីដើមដល់ចប់។
ឧទាហរណ៍៖ ព្រាហ្មណ៍ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយ..........។
ជួនកាលអ្នកនិពន្ធប្រើជាពាក្យចួន រណ្ដំណែងណងផងដែរ។
ឧទាហរណ៍៖ ព្រះឥន្ទ្រាធិរាជទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯក-រាជថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក”។(ទំ.២០៣)
ក.
ឯកវាទវិធី
ឯកវាទវិធីគឺជាវិធីដែលអ្នកនិពន្ធប្រឌិតឲ្យតួអង្គនិយាយឬគិតអ្វីមួយតែម្នាក់ឯង
ឬនិយាយរំលឹកពីហេតុភេទ ឬរឿងទុក្ខសោក ការឈឺចាប់របស់ខ្លួនតែម្នាក់ឯង។
ឧទាហរណ៍៖ ព្រះនាងបញ្ចាលរាជធីតារៀបរាប់ទួញសោក សូមសច្ចាដល់អស់ទេវតាពេលដែលគេចាប់យកស្វាមី(ចន្ទកុមារ)ទៅសម្លាប់ថា៖ “ខ្ញុំសូមព្រមព្រៀងស្លាប់ជាមួយនឹងស្វាមី! សច្ចៈវាចានេះសូមពួក-អមនុស្ស សូមពួកទេវតា សូមពួកសត្វដែលកើតហើយ សូមពួកសត្វដែលត្រូវកើត ជួយធ្វើសេចក្ដីខ្វល់ខ្វាយចំពោះខ្ញុំ! សូមជួយថែរក្សាខ្ញុំជាមនុស្សអនាថាកំពុងស្វែងរកទីពឹង!...”។
ខ. សំវាទវិធី
សំវាទវិធីគឺជាវិធីដែលអ្នកនិពន្ធ ឬកវីលើកឡើងដោយឲ្យតួអង្គចាប់ពី២នាក់ឡើងទៅមានសកម្មភាពឆ្លើយឆ្លងគ្នាពីបញ្ហាអ្វីមួយ។
ឧទាហរណ៍៖ “ព្រះបាទឯករាជទ្រង់ដណ្ដឹងសួរទៅកណ្ឌហាលព្រាហ្មណ៍ដើម្បីធ្វើយ៉ាងបានទៅសោយ-សុខនាឋានត្រៃត្រឹង្សថាៈ
ខ្ញុំត្រូវធ្វើបុណ្យដូចម្ដេចដើម្បីឲ្យបានទៅកើតឯស្ថានត្រៃត្រឹង្ស?.................
ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោសជនទាំងឡាយគប្បីឲ្យទានដ៏ក្រៃលែង
សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតឯស្ថានសួគ៌”។
គ. សន្ទេហវិធី
សន្ទេហវិធីជាវិធីដែលកវី អ្នកនិពន្ធធ្វើឲ្យអ្នកអាន អ្នកទស្សនាចង់ដឹងពីរឿងអ្វីមួយដែលនឹងកើតមានតទៅទៀតក្នុងដំណើររឿង។
ឧទាហរណ៍៖ នៅពេលដែលចន្ទកុមារ និងសុរិយកុមារត្រូវគេចាប់យកទៅបូជាយញ្ញមុនគេ ក្រោយពីពួកគេតស៊ូខាងពាក្យសម្ដីអស់ចិត្តអស់ចង់ហើយ អ្នកអានច្បាស់់ជាមានចម្ងល់ខ្លាំងណាស់ថា តើរាជកុមារទំាងពីរអង្គនេះអាចនឹងស្លាប់ដែរឬទេ?
ឃ. ពិពណ៌នាវិធី
ពណ៌នាវិធីជាវិធីដែលអ្នកនិពន្ធធ្វើការរៀបរាប់ពីតួអង្គ ធម្មជាតិ ទេសភាព ឬទីកន្លែងផ្សេងៗ។
ឧទាហរណ៍៖ “ម្នាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយព្រះរាជបុត្រព្រះបាទវសវតីព្រះនាម-ព្រះបាទឯករាជសោយរាជ្យក្នុងនគរបុប្ផវតីមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមចន្ទកុមារជាមហាឧបរាជ”។(ទំ.១៩៣)
ការរៀបរាប់ពីទិដ្ឋភាពនាឋានត្រៃត្រឹង្សដែលបង្ហាញដូចតទៅ៖ “រីក្នុងវិមាននោះដ៏ពេញនីទៅនូវពួកស្រីទេពអប្សរបវរពិចិត្ត រីវិមាននោះសោត គឺដ៏អ្នកប្រដាប់រចនានីទៅនូវត្រីសូលកំពូលគាងឃ្វាយមុខដាច់ស្លឹកខ្នុររ័ត្ននព័ទ្ធជុំវិញប្រពៃ......រីកម្ពស់ត្រីសូលមហាប្រាសាទនោះសោត ៦០យោជន៍។ រីអស់ស្រីទេពអប្សរបវរកញ្ញានោះមានស្រីខ្លះផ្លុំ ខ្លះចេះប្រគុំ ខ្លះចេះរាំបម្រើជាប្រក្រតី”។(ទំ.១៩៥-១៩៦)
ង. វណ្ណនាវិធី
វណ្ណនាវិធីជាការរៀបរាប់របស់អ្នកនិពន្ធលើទេសភាព ឬសកម្មភាពជីវភាពតួអង្គ។
ឧទាហរណ៍៖ ប្រាសាទនេះជាវិការៈនៃមាសដេរដាសដោយផ្កាកម្រង ឥឡូវនេះព្រះរាជបុត្រទាំង ៤ព្រះអង្គត្រូវគេនាំទៅសម្លាប់។ ឧទ្យាននេះមានផ្ការីកសព្វកាលជាទីរីករាយ ឥឡូវព្រះរាជបុត្រទាំង៤ត្រូវគេនាំទៅសម្លាប់។(ទំ.២០១)
ច. ឧបមានវិធី
ឧបមានវិធីជាវិធីដែលអ្នកនិពន្ធប្រើការប្រៀបធៀបតួអង្គ ឬសកម្មភាពនៅក្នុងដំណើររឿងដើម្បីរំលេចចេញនូវជីវរូបារម្មណ៍ ឬមនោរម្មណ៍។
ឧទាហរណ៍៖ ឯងកុំសម្លាប់បុត្រច្បងដែលជាអ្នកអង់អាចដូចរាជសីហ៍......។(ទំ.២០៣)
ឆ. វឌ្ឍមានវិធី
វឌ្ឍមានវិធីជាវិធីដែលអ្នកនិពន្ធបានប្រើដើម្បី ធើ្វឲ្យដំណើររឿងកាន់តែតានតឹងឡើងៗ តាំងពីកម្រិតទាបរហូតដល់កម្រិតខ្ពស់បំផុត។ នៅក្នុងរឿងនេះ អ្នកនិពន្ធបានប្រើវឌ្ឍមានវិធីដោយធ្វើស្ថានភាពរឿងឲ្យកាន់តែតឹងតែងឡើងៗចាប់តាំងពីព្រះរាជាបានបញ្ជាឲ្យគេទៅចាប់បុត្រ ចាប់មហេសី និងអ្នកឯទៀតទៅធ្វើពិធីបូជាយញ្ញ រហូតដល់ពេលដែលមានមនុស្សជាច្រើនត្រូវឈឺចាប់ ស្រែកទួញសោក បោកខ្លួន ខ្លះចង់សម្លាប់ខ្លួន ហើយស្ថានភាពកាន់តែតានតឹងមែនទែនពេលគេចាប់ចងចន្ទកុមារ និងសុរិយកុមារបម្រុងនឹងសម្លាប់។
ឧទាហរណ៍៖ “ព្រះនាងចន្ទាទេវី មហេសីពោធិសត្វប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ទ្រង់ពិលាបថា.........ព្រះនាងកៀកព្រះសុរងជាប់ដើម្បីស្លាប់ជាមួយគ្នា”។(ទំ.២០៣)
V.
សិក្សាអត្ថរស
អត្ថរសជាតម្លៃអប់រំរបស់រឿង។ នៅក្នុងរឿងចន្ទកុមារដែលជារឿងបែបពុទ្ធនិយម តម្លៃជាមូលដ្ឋានគឺសកម្មភាពដ៏ពិសិដ្ឋ ភាពអស្ចារ្យ សេចក្ដីខន្ដី សេចក្ដីព្យាយាមរបស់តួអង្គចន្ទកុមារជាអង្គព្រះពោធិសត្វ។
តាមរយៈរឿងចន្ទកុមារនេះអ្នកនិពន្ធបានស្ដែងឡើងនូវតម្លៃអត្ថរសដូចខាងក្រោម៖
១. វិសិដ្ឋរស
វិសិដ្ឋរសជាតម្លៃដែលលេចចេញតាមរយៈការឆ្លុះបញ្ចាំងរបស់អ្នកនិពន្ធជាសកម្មភាពដ៏អស្ចារ្យរបស់តួអង្គ ដែលកម្រមានតួអង្គមនុស្សណាមួយអាចធ្វើបាន។ រឿងនេះជារឿងបែបសាសនា គឺអក្សរសិល្ប៍ពុទ្ធ-និយមដែលទូន្មានមនុស្សឲ្យប្រព្រឹត្តតែអំពើជាកុសល ដូច្នេះរឿងនេះប្រាកដណាស់គឺមានវិសិដ្ឋរសជាចម្បង។ វិសិដ្ឋរសក្នុងរឿងនេះ គឺចិត្តខន្ដីដ៏អស្ចារ្យរបស់តួអង្គចន្ទកុមារជាព្រះពោធិសត្វដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរហូតដល់ចប់ ពោលគឺព្រះអង្គអត់ធ្មត់ មិនក្រោធខឹង ប្រើពាក្យសម្ដីទ្រគោះបោះបោក បើទោះជាចំពោះអ្នកដែលចង់សម្លាប់ខ្លួនក៏ដោយ។
ឧទាហរណ៍៖ ព្រះចន្ទកុមារអង្វរថាៈ “បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលព្រះបង្គំជាខ្ញុំទាំងឡាយឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ។ ចំណែកទូលព្រះបង្គំជាខ្ញុំទាំងឡាយជាអ្នកជាប់ចំណងហើយ នឹងឃ្វាលដំរី នឹងចាក់ចោលនូវមូលដំរី នឹងចាក់ចោលនូវមូលសេះ(អាចម៍សេះ)របស់កណ្ឌហាលព្រាហ្មណ៍ ឬមួយបំបរបង់ទូលព្រះបង្គំទាំងឡាយចាកផែនដីគឺទូល-ព្រះបង្គំទាំងឡាយសុខចិត្តដើរសុំទានចិញ្ចឹមជីវិតដែរ”។ (ឈឹម សុមន៍ ទសជាតក ទំព័រ២០៩)
២. ទារុណរស
ជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើររឿង ពីការប្រយុទ្ធព្យាបាទ សងសឹក និងធ្វើទុក្ខទោសដាក់ទណ្ឌកម្មយ៉ាងកាចសាហាវរហូតដល់បាត់បង់ជីវិតតួអង្គដែលទន់ខ្សោយដោយអយុត្តិធម៌។
ទារុណរសនៅក្នុងរឿងគឺតាមរយៈតួអង្គចន្ទកុមារ សុរិយកុមារ ព្រះនាងគោត្តមី ព្រះនាងចន្ទាទេវី វសុលរាជកុមារ សេលារាជកុមារី....ដែលសុទ្ធតែរងទុក្ខទោស ដោយការដាក់ទោសទណ្ឌទាំងអយុត្តិធម៌ធ្វើឲ្យពួកគេមានការលំបាកយ៉ាងខ្លាំងទាំងផ្លូវកាយ ពិសេសផ្លូវចិត្ត ហើយសុខចិត្តស្លាប់ទៅតាមគ្នា។
៣. អច្ឆរិយរស
គឺជាតម្លៃដែលលេចចេញមកអំពីការបង្ហាញអច្ឆរិយភាពដែលមានលក្ខណៈអស្ចារ្យ ហួសពីលក្ខណៈដែលមនុស្សអាចធ្វើបានដូចជាការហោះហើរ ដើរលើអាកាស ជ្រែកទឹក ជ្រែកដី......។
អច្ឆរិយរសនៅក្នុងរឿងស្ថិតនៅត្រង់ចុងបញ្ចប់នៃរឿងដែលអ្នកនិពន្ធធ្វើឲ្យមានអច្ឆរិយភាព គឺធ្វើឲ្យមានព្រះឥន្រ្ទាធិរាជចុះមកជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាតាមការបួងសួងរបស់ព្រះនាងចន្ទាទេវី។
ឧទាហរណ៍៖ ព្រះឥន្ទ្រាធិរាជទ្រង់សណ្ដាប់ហើយ ក៏គ្រវីដំបងដែកស្រែកគម្រាមព្រះបាទឯករាជថា “ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក អញនឹងសំពងក្បាលឥឡូវ ឯងមានដែលឃើញពីអង្កាល់អ្នកដែលសម្លាប់បុត្រ មហេសី សេដ្ឋី គហបតី ព្រោះប្រាថ្នាស្ថានសួគ៌នោះ”។
៤. កុសលរស
កុសលរស ឬតម្លៃឧបទេសគឺជាតម្លៃទាក់ទងដល់ការអប់រំ។
កុសលរសនៅក្នុងរឿងគឺកាអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ មានទឹកចិត្តមេត្តាករុណា ចេះឲ្យទាន មានចិត្តខន្ដី យុត្តិធម៌ ពោលគឺចៀសវាងឲ្យបាននូវអំពើអាក្រក់គ្រប់បែបយ៉ាង។
៥. តថរស
តថរសជាតម្លៃដែលលេចចេញមកអំពីការឆ្លុះបញ្ចាំងតថភាពនៅក្នុងស្នាដៃអក្សរសិល្ប៍ និងសិល្បៈ។ គ្រប់ស្នាដៃអក្សរសិល្ប៍ និងសិល្បៈសុទ្ធតែមានតម្លៃតថៈទាំងអស់ ព្រោះថាស្នាដៃអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពនៃសង្គមសត្យានុម័តក្នុងដំណាក់កាលណាមួយ។
រឿងចន្ទកុមារបានឆ្លុះបង្ហាញពីសង្គមឥណ្ឌាសម័យបុរាណ ដែលមានជំនឿលើពិធីយញ្ញគឺការបូជាមនុស្ស និងសត្វទំាងរស់ ដោយគេជឿថានឹងបានទៅកើតនៅសុគតិភព ពិសេសពួកព្រាហ្មណ៍ និងព្រះរាជា។
យើងដឹងហើយថាសម័យបុរាណ ប្រជាជនឥណ្ឌាគេមានជំនឿខ្លាំងណាស់លើព្រហ្មញ្ញសាសនា។ ពួកព្រាហ្មណ៍គឺជាអ្នកប្រៀនប្រដៅសាសនាបានណែនាំឲ្យពួកសាសនិកអនុវត្តពិធីនេះ ដើម្បីធ្វើឲ្យអាទិទេពសប្បាយព្រះទ័យនឹងបានទៅកាន់សុគតិភព។ ផ្ទុយទៅវិញ រឿងនេះបានរិះគន់វាយប្រហារចំៗរបស់ទ្រឹស្ដីព្រះពុទ្ធសាសនា ចំពោះជំនឿបែបល្ងង់ខ្លៅ និងប្រកបដោយបាបកម្មមួយនេះ។
តថភាពមួយទៀតដែលយើងតែងឃើញនៅគ្រប់សង្គម និងគ្រប់សម័យកាលនោះ គឺការកាត់វិនិច្ឆ័យក្ដីនៅតុលាការ ដោយមានទាំងការកាត់ក្ដីដោយអយុត្តិធម៌ព្រោះការសូកប៉ាន់ និងការកាត់ក្ដីដោយគតិយុត្ដិ-ធម៌។
៦. វីររស
វីររសជាតម្លៃដែលចេញពីវីរសកម្មភាពរបស់តួអង្គវីរជនណាម្នាក់។
ក្នុងរឿងបានរៀបរាប់ពីវីរភាពរបស់ព្រះចន្ទកុមារថា តាំងពីកុមាររហូតដល់ពេញកម្លោះ ទ្រង់ឥតដែលមានទោសកំហុសសោះ និងជាមនុស្សពាក់គ្រឿងក្រោះ ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រដោយមិនដែលមានភាពរួញរាសូម្បីបន្ដិចឡើយ ។
សរុបសេចក្ដី
សរុបមក យើងឃើញថារឿងចន្ទកុមារនេះសក្ដិសមជាពុទ្ធវចនៈ ជារឿងមួយដែលមានតម្លៃខាងអប់រំមនុស្សឲ្យមានទឹកចិត្តស្រឡាញ់នូវអំពើជាកុសល និងវៀរចាកអំពើជាអកុសលទាំងពួង។
VI.
សន្និដ្ឋាន
យើងបានដឹងតាមរយៈការបកស្រាយមកហើយថារឿង ចន្ទកុមារជាតកនេះជារឿងបែបសាសនា ក៏ប៉ុន្តែរឿងនេះមិនមែនមានតម្លៃតែចំពោះសាសនានោះទេគឺ មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានអត្ថ-ប្រយោជន៍យ៉ាងច្រើន សម្រាប់សង្គមជាតិគ្រប់សម័យកាលទាំងអស់។ យើងសង្កេតឃើញថា គោលគំនិតមួយដែលបានពន្លេចឡើងនិងមានតម្លៃបំផុតនោះ គឺការប្រកាន់នូវខន្តីជាប់ជានិច្ចក្នុងចិត្ត ព្រោះវាជាទ្រឹស្ដីដ៏សំខាន់នៃវប្បធម៌សន្តិភាព រវាងបុគ្គល គ្រួសារ សង្គម និងពិភពលោកទំាងមូល។ រឿងនេះបានឆ្លុះបញ្ចាំងស្ទើរគ្រប់ទិដ្ឋភាពនៃសង្គម មានទាំងរបបគ្រប់គ្រង ជំនឿសាសនា ការកាត់សេចក្ដីក្នុងតុលាការ សេចក្ដីលោភលន់ ការស៊ីសំណូក ការចងគំនុំតាមផ្ដន្ទា មនោសញ្ចេតនាក្នុងគ្រួសារ -ល- ដែលទាំងនេះសុទ្ធតែជាបញ្ហាដែលមនុស្សនៅជួបប្រទះរហូតមកដល់សព្វថ្ងៃនេះ។
ផ្នត់គំនិតរបស់ប្រជាជនខ្មែរនៅគ្រប់សម័យកាល
អំពីទស្សនៈកម្ម-ផល ក៏ត្រូវបានជះឥទ្ធិពលពីរឿងនេះដែរ
ដោយរឿងបានបង្ហាញថា
បុគ្គលដែលសាងអាក្រក់រមែងទទួលផលអាក្រក់នៅបច្ចុប្បន្នជាតិ
និងតទៅអនាគតជាតិទៀត។ ហេតុដូចបានរៀបរាប់ខាងលើ ទស្សនៈនេះបានចូលរួមវិភាគទានយ៉ាងធំធេងក្នុងការអប់រំមនុស្សឲ្យកសាងតែអំពើល្អជាកុសល ចៀសវាងអំពើអាក្រក់ជាអកុសលគ្រប់បែបយ៉ាង
ដែលជាប្រភពនាំមកនូវក្ដីសុខ
សន្ដិភាព និងសណ្ដាប់ធ្នាប់ដល់សង្គមជាតិ ។
ជារួមមក រឿងនេះធ្វើឲ្យយើងខ្ញុំបានយល់កាន់តែច្រើនពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃស្នាដៃ
ចំពោះវិស័យអក្សរសាស្រ្តជាតិនៅគ្រប់សម័យកាល។
មិនតែប៉ុណ្ណោះ យើងខ្ញុំបានជ្រួតជ្រាបទទួលបាននូវបទពិសោធន៍
គោលគំនិតល្អៗ សម្រាប់ជាទុនជីវិតក្នុងការរស់នៅសំដៅសម្រេចបានជោគជ័យនៅក្នុងជីវិតប្រចំាថ្ងៃ។
ឯកសារពិគ្រោះ
១. ឆវិន សរៈខាំ ប្រែសម្រួលដោយ នៅ សាខន ប្រវត្តិសាស្រ្តនៃព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា
ឆ្នាំ ២០០៦
២. ជួន ណាត វចនានុក្រមខ្មែរ បោះពុម្ភ លើកទី៥ ឆ្នាំ ១៩៦៧
៣.
ឈឹម សុមន៍ សង្ខេបទសជាតក បោះពុម្ពលើកទី៦ រោងពុម្ពតារារស្មី ឆ្នាំ ១៩៧១
៤. ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី ២៨ លេខ ១១ ខែវិច្ឆិកា ព.ស ២៤៩៩ គ.ស ១៩៥៧
៥. ធ សោ វិធីសាស្ត្រនៃការសិក្សាស្នាដៃអក្សរសិល្ប៍ ឆ្នាំ ២០០៩
៦. ពន់ ឆាយ អក្សរសិល្ប៍ខ្មែរ ឆ្នំា ២០០៧-២០០៨
៧. ពន់ ឆាយ ប្រវត្តិអក្សរសាស្ត្រខ្មែរ ឆ្នំា ២០០២
៨. ពុទ្ធសាសនបណ្ឌិត គម្ពីរព្រះត្រៃបិដក ភាគទី ៦២ ភ្នំពេញ ឆ្នាំ ១៩៦១
៩. លាង ហាប់អាន សិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ ភាគ ១-២ ឆ្នាំ ១៩៦៦
១០. លាង ហាប់អាន សិក្សាប្រវត្តិអក្សរសាស្រ្តខ្មែរ ឆ្នាំ ១៩៦៧
0 comments:
Post a Comment