Tuesday, October 13, 2015

The Education in Cambodia Study Of Story Khmer រឿង នេមិរាជជាតក៍ (ត)(សិក្សាអត្ថន័យរបស់រឿង)

IV- សិក្សាអត្ថន័យរបស់រឿង
          ១/ ប្រធានរឿង
          រឿងនេមិរាជ បានបង្ហាញពីការអធិដ្ឋានបារមី គឺការជឿស៊ប់ទៅលើកុសលកម្ម ។
        ២/ មូលបញ្ហារឿង
          ជុំវិញប្រធានរឿងនេះយើងអាចកំណត់នូវបញ្ហាជាច្រើន ជាមែកធាង ដែលស្ថិតនៅជុំ វិញការអធិដ្ឋានបារមី (ការជឿស៊ប់) យើងអាចដឹងនូវបញ្ហាមួយចំនួនដូចជា៖
          - ការចេញទៅសាងផ្នួសរបស់ព្រះអង្គ
          - ការរក្សាសីលឧបោសថ
          - ការធ្វើកុសលបរិច្ចាគទាន
          - ការធ្វើទណ្ឌកម្មចំពោះអ្នកដែលធ្វើអំពើបាបផ្សេងៗ
          - ការសោយសុខលើទិព្វសម្បតិ្ត ដែលបានមកពីការកសាងបុណ្យ
          តាមរយៈការលើកឡើងនេះ ពិតជាបានធ្វើឲ្យយើងដឹងពីមូលហេតុនៃការជឿស៊ប់ទៅ លើការកសាងអំពើ បុណ្យ ដែលផ្តល់ជាកុសល និងការសាងអំពើបាប ។
        ៣/ វិភាគបញ្ហា
          ក. បញ្ហាទី១ ការយាងចេញទៅសាងភ្នួសរបស់ព្រះអង្គ
          ដើម្បីសម្រេចសម្មាសម្ពោធិញាណ  ត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គត្រូវយាងចេញទៅ សាងភ្នួស ស្វែងរកធម៌នៅ ក្នុងព្រៃព្រឹក្សា ។ ព្រះអង្គយល់ថា ការចេញទៅសាងភ្នួសអាច ជួយឲ្យខ្លួនព្រះអង្គផ្ទាល់ និងប្រជារាស្ត្រ បានជ្រះស្រឡះពីកាមកិលេស និងអាច ជំរះអស់ នូវ បាបកម្មទាំងឡាយ ។ ក្នុងពុទ្ធសាសនាគេច្រើននិយាយពីការ ចេញទៅសាងផ្នួសបំពេញ បារមី ដែលអាចរកឃើញនូវផ្លូវត្រឹមត្រូវ វៀរចាកអំពើអកុសល ។ ដូច្នេះការចេញសាងភ្នួស មានសារៈសំខាន់ណាស់ចំពោះព្រះពុទ្ធសាសនា ។ ក្នុងការចេញទៅសាងភ្នួសរបស់ព្រះអង្គ ព្រះអង្គបានរក្សា នូវសីលឧបោសថ និងការធ្វើកុសល បរិច្ចាគទាន ។ ព្រះអង្គបានឲ្យទាន ដល់ជនទុរគតគ្រប់ពេលវេលា ហើយបានយកចិត្តទុកដាក់ទេសនា អប់រំណែនាំអាណា ប្រជានុរាស្រ្ត មន្រ្តីតូចធំ ឲ្យសាងនូវអំពើសុចរិត កុំលោភលន់ កុំកេងប្រវ័ញ្ចគ្នាកុំកាប់ សម្លាប់គ្នា កុំបង្កវិនាសកម្មផ្សេងៗដល់សង្គម ។ ព្រះអង្គបានរក្សានូវព្រហ្មវិហារធម៌ទាំង៤ ក្នុងការ ដឹកនាំចាត់ចែងនគរ ហើយតែងតែរក្សានូវសីលប្រាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីតម្រង់ផ្លូវ ចិត្ត ឲ្យតាំងចិត្តនូវក្នុងផ្លូវល្អ ។ ព្រះអង្គ មិនប្រព្រឹត្តអំពើប្រទូស្តនឹងផលប្រយោជន៍អ្នកដទៃ ដោយព្រះអង្គតែងតែបានណែនាំឲ្យពលរដ្ឋគ្រប់ៗគ្នា កសាងនូវប្រយោជន៍ ជៀសវាងកុំឲ្យ មានការក្តៅក្រហាយដល់ខ្លួនទៅថ្ងៃក្រោយ ។
          ដូចនេះ ការចេញទៅសាងភ្នួស រក្សាសីល និងការធ្វើនូវកុសល អាចធ្វើឲ្យព្រះអង្គ សម្រេចត្រាស់ដឹងជា ព្រះពុទ្ធ ។
        ខ. បញ្ហាទី២ ការធ្វើកុសលបរិច្ចាគទាន
        ការធ្វើកុសលបរិច្ចាគទាន វាមានសារៈសំខាន់ណាស់ក្នុងការជួយសង្រ្គោះគ្នាទៅវិញ ទីមក ហើយវាក៏បានបង្ហាញនូវចិត្តមេត្តាសន្តោសប្រោសប្រណី និងចិត្តសប្បរសធម៌ពីសំ ណាក់ព្រះអង្គ។ ព្រះនេមិរាជ ព្រះអង្គបានបរិច្ចាគទានយ៉ាងច្រើនដល់ប្រជានុរាស្រ្ត ដូចជាទ្រង់
ឲ្យកសាងនូវសាលាទានប្រាំខ្នង    ទ្រង់បរិច្ចាគប្រាក់ព្រះរាជទ្រព្យមួយពាន់កហាបណៈ សំរាប់ ព្រះរាជទានដល់អ្នកកំសត់ទុគត៌ ក្នុងសាលានីមួយៗរាល់ៗថ្ងៃ ដោយព្រទ័យជ្រះថ្លា និងសទ្ធាដ៏ មហិមារបស់ព្រះអង្គ។ ការបរិច្ចាគទានរបស់ព្រះ ព្រះអង្គចង់បង្ហាញអោយឃើញនូវកុសល ផលបុណ្យដែលទទួលបានពីផលទាន គឺអោយខិតខំកសាងអំពើល្អ នឹងអាចកើតនៅឋាន សួគ៌ ដែលជាឋានរបស់ទេវតា។
          គ.បញ្ហាទី៣ ការរក្សាសីលឧបោសថ
        ព្រះអង្គបានរក្សាសីល៥ជានិច្ច តែព្រះអង្គក៏មិនភ្លេចការរក្សាសីលឧបោសថផងដែរ ទ្រង់តែងបបួលប្រជានុរាស្រ្តក្នុងការធ្វើបុណ្យជាកុសល ទ្រង់តែងសំដែងធម៌ប្រាប់ផ្លូវឋាន សួគ៌ ព្រមទាំងនាំប្រជានុរាស្រ្តឲ្យចេះខ្លាចនរក។
        ឃ.បញ្ហាទី៤ ការធ្វើទណ្ឌកម្មចំពោះអ្នកដែលធ្វើអំពើបាបផ្សេងៗ  
          មនុស្សម្នាក់ៗ ដែលកសាងអំពើអាក្រក់ តែងតែទទួលបាននូវផលអាក្រក់ជាពុំខាន ហើយក៏មិនអាចទូរទាត់ ដោយអំពើល្អបានឡើយ   ។  តួយាងព្រះអង្គបានយាងទៅដល់ឋាន
នរក នៅទីនោះមាតុលីបានបង្ហាញពីគ្រប់សត្វ នរកដែលទទួលទណ្ឌកម្មសព្វសារពើ ដែលបានធ្វើបាបកាលពីនៅមានជីវិតរស់រាន ជាមនុស្សមិនបានធ្វើបុណ្យ សាងកុសលទេ ដល់ពេលស្លាប់ទៅធ្លាក់ទៅនរក ហើយទទួលទណ្ឌកម្មដែលបានធ្វើ អ្នកដែលមានកម្មច្រើន ទទួល ការធ្វើទារុណកម្មច្រើន ដូចជា ពីដើមជាស្រីលេងល្បែងផ្សេងៗ ដើរលេងមិនឆ្អែត លះបង់ស្វាមី អ្នកសម្លាប់សត្វ កេងបន្លំស្រូវអង្ករ .... ។
          គ. បញ្ហាទី៥ ការសោយសុខលើទិព្វសម្បតិ្ត ដែលបានមកពីការកសាងបុណ្យ
                   ដើម្បីរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល មនុស្សត្រូវកសាងអំពើ ដែលជា កុសល លះបង់នូវកិលេសទាំងឡាយ ប្រកាន់ខ្ជាប់នូវសីលប្រាំ ខិតខំធ្វើបុណ្យទាន ដើម្បីសម្រចបំណងប្រាថ្នារបស់ខ្លួន ។ ព្រះអង្គបានទៅទតនៅ ឋានសួគ៌ ដែលជាឋានដែលល្អ
វិចិត្រ ប្រណិតទៅដោយវិមានដ៏រុងរឿង សំបូរទៅដោយកែវពិទូរ្យសូកាន្ត នេះក៏ដោយការធ្វើ
អំពើរបស់ទេវបុត្រ ទេវធីតាដែលបានធ្វើបុណ្យ នៅពេលដែលព្រះអង្គរស់នៅជាមនុស្សពួក គេខិតខំប្រព្រឹត្ត  និងប្រតិបតិ្តនូវអំពើល្អ កសាងនូវអំពើជាកុសល ចែកទាន កសាងសួនច្បារ ស្រះទឹក អណ្តូងទឹក ផ្លូវថ្នល់ និងស្ពាន ហើយរក្សានូវសីលឧបោសថ ម៉្លោះហើយនៅពេលពួកគេស្លាប់ទៅ ក៏កើតនៅឋានសួគ៌ ដែលមនុស្សជាច្រើនប្រាថ្នា ចង់ទៅ ពីព្រោះនៅទីនោះជាឋានដែលសប្បាយរីករាយ មានគ្រប់អម្ពរគ្រប់បែបយ៉ាង និងសូរតន្រ្តីទិព្វ ជាសំឡេង ដ៏ពិរោះរងំគួរឲ្យចង់ស្តាប់ ។
        ៤. គំនិតទូទៅរបស់រឿង
          -កុសលកណ្ឌ  ជាការបរិយាយរៀបរាប់ពីការធ្វើបុណ្យ   បរិច្ចាគទានដោយការកសាង
សាលាទានប្រាំខ្នង និង ប្រាក់ផ្ទាល់ព្រះអង្គ សម្រាប់ពួកកំសត់ទុរគតនិងរក្សាសីលឧបោសថ។                 
ការធ្វើអំណោយទានរបស់ទ្រង់បានផ្តល់ ជំនឿ និងសទ្ធាជ្រះថ្លារបស់ប្រជាជន រឹងរិតតែឲ្យ គេមានជំនឿលើពុទ្ធសាសនាកាន់តែខ្លាំង និងមានការកោតខ្លាច គោរពប្រតិបតិ្ត យ៉ាង ខ្ជាប់ ខ្ជួន។ កុសលរបស់ទ្រង់បានធ្វើឲ្យទ្រង់មានសំណាងបានជួបព្រះឥន្ទ្រ ដែលជាស្តេចទេវតា មិន ត្រឹមតែប៉ុណ្ណោះ ព្រះឥន្ទ្របានបំភ្លឺឲ្យឃើញពីព្រហ្មចរិយាធម្មថ្លៃថ្លាជាងផលនៃទានធម្មតា ។ កិត្តិនាមរបស់ទ្រង់     បានល្បីរន្ទឺដល់ឋានលើ   ធ្វើឲ្យទេវតាទាំងឡាយ ចង់ស្តាប់នូវ ពុទ្ធ ឱវាទ របស់ទ្រង់ ធ្វើឲ្យទ្រង់មានភព្វសំណាងបានចុះទតឋាននរក និងឋានសួគ៌ ឃើញពីភាពខុស ប្លែកគ្នារវាងស្ថានទាំងពីរ ។
          - និរយកណ្ឌ ការចុះទតឋាននរករបស់ព្រះបាទនេមិរាជ លោកបានឃើញ នូវសត្វ នរក ទាំងឡាយទទួល ទោសទណ្ឌដែលខ្លួនបានសាង ។ អ្នកណាធ្វើបែបណា នឹងទទួល បាន ផលនោះមកវិញ ។ មាតលី បានរៀបរាប់សព្វគ្រប់នូវសត្វនរក ដែលទទួលរងនូវអំពើ ទារុណកម្មដូច នេះ មកពីជាតិមុនបានសាងអ្វីខ្លះដល់ព្រះបាទនេមិរាជ ។ ការរៀបរាប់ របស់ មាតលី ធ្វើឲ្យយើងមានអារម្មណ៍ព្រឺព្រួចគួរខ្លាច ហើយអំពើទាំងនោះកើតមាន ក្នុងសង្គម មនុស្សជាក់ស្តែង វា កាន់តែធ្វើឲ្យមនុស្សខ្លាចបាបកាន់តែខ្លាំង ។ ដូចនៅក្នុងឃ្លាដែលរៀប រាប់ពីសត្វនរក ដែលត្រូវពួកនិរយកាន់អាវុធ ដេញវាយសំពងធ្លាក់ចុះក្នុងស្ទឹងវេតរណីស្ទឹង នោះដេរដាសដោយព្រៃផ្តៅមានបន្លាប៉ុនៗចំពុះទង់ ។ សត្វនរកទាំងនោះស្ទុះទម្លាក់ធ្លាក់ ទៅលើព្រៃផ្តៅ ត្រូវបន្លាមុតថ្ពក់រយះរយាយដូចគេអង្កន់ ភ័យស្លន់កញ្ជ្រោល ទម្លាក់ខ្លួនទៅ លើ ចម្រួងដែកស្រួចប៉ុនដែមត្នោត ប្រឹងលីច្រឡោតធ្លាក់ទៅលើស្លឹកឈូកដែក មានឡាមមុតដូចកំាបិតកោ ...... ធ្លាក់ក្នុងស្ទឹងនោះទៅទៀត ។ ពួកនេះពីមុនជាមនុស្ស មានកម្លាំង មានអានុភាព មានចិត្តអាក្រក់ បៀតបៀនរំលោភលើអ្នកទន់ខ្សោយ ។       សត្វ នរកដែលធ្វើបាបកម្មអ្វីទទួលផលគួរឲ្យតក់ស្លុត ។ មនុស្សដែលមានជំនឿកាន់ឧបោសថនៅ ពេលស្តាប់ និងទទួលពុទ្ធឱវាទ ពួកគេមានសទ្ធាជ្រះថ្លានឹងទទួលបានផលល្អពីអំពើរបស់គេ ។
                    សគ្គកណ្ឌ បន្ទាប់ពីទតឋាននរក ការរងទារុណរបស់សត្វនរក ដែលប្រព្រឹត្តអំពើ បាប ព្រះនេមិរាជបានទត នូវឋានសួគ៌ ដែលជាឋានរបស់ទេវតាឃើញភាពល្អ ល្អះនៃឋានសួគ៌ និងពពួកទេវតាដែលសោយសុខនៅលើទិព្វ សម្បតិ្ត ។ព្រះបាទនេមិរាជមិនបានភ្លើតភ្លើននឹងភាពឡូយឆាយទាំងនោះឡើយ ទ្រង់នូវតែ ប្រកាន់ខ្ជាប់ការធ្វើកុសលដោយការឲ្យទាន ទ្រង់មិនព្រមទទួលនៅអ្វីដែលគេឲ្យ ឡើយ ។ នៅត្រង់ឃ្លាមួយដែលព្រះបាទនេមិរាជដោះស្រាយប្រស្នាតបនឹងព្រះឥន្រ្ទថា " ខ្ញុំព្រះអង្គ អរព្រះគុណ ណាស់ហើយ ប៉ុន្តែវត្ថុណាដែលបានព្រោះគេឲ្យ វត្ថុនោះមិនខុសពីទ្រព្យដែលខ្ចី គេទេ " ។ នេះជាទស្សនៈ អប់រំដ៏ល្អ ការឲ្យទានរបស់ទ្រង់ដោយកុសលជ្រះថ្លា តែក៏ បង្កប់ទៅដោយខ្លឹមសារអប់រំមួយចំនួន ដូចជាពាក្យដែលទ្រង់និយាយជាមួយព្រះ ឥន្រ្ទ អប់រំដល់មនុស្សទូទៅត្រូវចេះពឹងលើខ្លួនឯងពុំគប្បីពឹងទៅលើការឲ្យទានរបស់គេឡើយ។
ត្រូវសង្វាតស្វាធ្យាយរករបរចិញ្ចឹមជីវិតប្រកបដោយផ្លូវធម៌ មិនគេងប្រវ័ញ្ច ដណ្តើមឈ្នា នីសរបស់ទ្រព្យអ្នកដទៃ ត្រូវស្ថិតនៅក្នុងភាពស្មើភាពនោះ ទើបជីវិតស្លាប់ទៅជួបសុខ      ជួប ឋានសួគ៌ ។
        ៥. ឧត្តមគតិរឿង
          រឿងនេមិរាជជាតក៍ ជារឿងដែលលើកយកទស្សនៈនៃការអប់រំមកពន្យល់បង្ហាញដល់ អ្នកអានឲ្យយល់ច្បាស់ពីចលនាពុទ្ធនិយម ដូចជា៖
          -អប់រំមនុស្សឲ្យកសាងអំពើល្អ ដែលជាកុសលដើម្បីឲ្យខ្លួនវៀរចាកឲ្យផុតពីទុក្ខលំបាក វេទនា ដែលយើង មើលមិនឃើញទៅថ្ងៃអនាគត ។ ជាពិសេសការកសាងអំពើល្អអាចធ្វើ ឲ្យមនុស្សជ្រះស្រឡះពីអំពើបាបផ្សេងៗនិងមានសេចក្តីសុខហើយក៏ជាគំរូដ៏ល្អ មួយសម្រាប់ អ្នកកាន់ពុទ្ធសាសនា ។
          -អប់រំមនុស្សឲ្យប្រកាន់ខ្ជាប់នូវសីលប្រាំ ដែលជាផ្នែកនៃព្រះពុទ្ធសាសនាដែលអប់រំ មនុស្សឲ្យវៀរឆ្ងាយពី អំពើអបាយមុខផ្សេងៗ ដូចជាសម្លាប់សត្វ ផឹកស្រាលួចឆក់ទ្រព្យ សម្បតិ្ត និយាយកុហក និងលួចប្តីប្រពន្ធគេ អ្វីដែល មិនមែនជារបស់ខ្លួនឯង ។
          -អប់រំមនុស្សឲ្យប្រកាន់នូវសីលឧបោសថ (សីលប្រាំបី) ដែលវាបន្ថែមទៅលើសីលប្រាំ ហើយត្រូវតែ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួន     និងប្រតិបតិ្តតាម      ជាពិសេសត្រូវវៀរចាក  នូវការ ស្លៀកពាក់ឆើតឆាយ ពាក់គ្រឿងអលង្កា គ្រែដេកមិនឲ្យលើសពីកន្លះម៉ែត្រ និងមិនត្រូវ លេងល្បែងស៊ីសង ។
          - អប់រំមនុស្សឲ្យចេះបែងចែកខុសត្រូវ អាក្រក់ល្អ សខ្មៅឲ្យដាច់ស្រឡះពីគ្នា ។
V- សិក្សាអត្ថរូប
          យើងដឹងរួចមកហើយថា រាល់ស្នាដៃអក្សរសិល្ប៍ដែលមានចលនាពុទ្ធនិយមនៅខាង ដើមរឿងច្រើនធ្វើបទនមស្សការ រំលឹកគុណព្រះរតនៈត្រៃ លើកសរសើរពី បុណ្យបារមី របស់ព្រះពុទ្ធ ព្រះបរមគ្រូនៃយើងជាភាសាខ្មែរ និង ភាសាបាលី .... ។ ការលើកសរសើរនេះ ដើម្បីឲ្យអ្នកគោរពជៀស៊ប់ គោរពបូជាកាន់តែខ្លាំង ទទួលស្គាល់តួអង្គពិត ជាអ្នកមានបុណ្យ ចាប់កំណើត ដើម្បីរំដោះទុក្ខសោកមនុស្សលោក ។ រឿងនេមិរាជជាជាតិទី៤ នៃព្រះពុទ្ធអ្នក និពន្ធផ្តើម ពីដំណើរនៃការទេសនារបស់ព្រះពុទ្ធ ពីកំណើតកើតជានៃ តំនរាជវង្សរបស់ព្រះ បាទនេមិរាជ ។
          - អតីតេ ភិក្ខវេ វិទេហររដ្ឋ មិថិលាគល មឃទេវោ នាម រាជា អហោសិ
          នៅតួរឿងនិយាយពីការកសាងបារមី កុសលផ្សេងៗ និងការបរិច្ចាគទាន ដើម្បីយោង កំណើតថ្មី បានត្រាស់ ជាព្រះពុទ្ធ ។ ព្រះបាទនេមិរាជកសាងបារមីដោយការធ្វើកុសលដាក់ ទាន បរិច្ចាគទ្រព្យផ្ទាល់ខ្លួន ផ្តល់ឱវាទ កាន់ ឧបោសថ ជាមាគ៌ានាំដល់សេចក្តីសុខស្គាល់ ឋានសួគ៌ ។ រៀបរាប់ពីឋាននរក និងឋានសួគ៌ ផលនៃអំពើដែលខ្លួន បានសាង ។ អប់រំទូន្មាន ផ្តល់ពុទ្ធឱវាទ ឲ្យគេគោរព និងមានជំនឿលើសាសនាកាន់តែខ្លាំង ផ្តល់តម្លៃខ្ពស់លើការ ធ្វើបុណ្យ ស្គាល់បុណ្យបាប ។
          អ្នកនិពន្ធបានប្រើនូវវិធីមួយចំនួន ដើម្បីឲ្យស្នាដៃអក្សរសិល្ប៍ មានលក្ខណៈពេញ លេញ មានអត្ថន័យ និង ខ្លឹមសារ ព្រឹត្តិការណ៍ប្រទាក់ក្រឡាគ្នាមិនដាច់ ។
          . វចនវិធីៈ
          គឺជាការប្រើប្រាស់ពាក្យពេចន៍នៅក្នុងស្នាដៃ។ ពាក្យពេចន៍ទាំងនោះអាស្រ័យលើ ប្រភពដើមរបស់អក្សរ សិល្ប៍ ។ អក្សរសិល្ប៍ដែលមានចលនាព្រាហ្មណ៍និយមអ្នកនិពន្ធ ច្រើនប្រើភាសាសំស្ក្រឹតកា្លយ លាយឡំនឹងភាសា ខ្មែរ ។ ចំពោះអក្សរសិល្ប៍បែបពុទ្ធនិយម ច្រើនមានភាសាបាលី និងភាសាខ្មែរ រីឯអក្សរសិល្ប៍ខេមរនិយម ប្រើពាក្យ ពេចន៍ខ្មែរសុទ្ធ អាចលាយឡំនឹងពាក្យកំចីពីបរទេស និងភាសាខ្មែរទំនើប ។
          ចំពោះស្នាដៃអក្សរសិល្ប៍ដែលយើងលើកយកមកសិក្សា គឺមានចលនាពុទ្ធនិយមតែ ក៏មានលាយឡំនឹង ភាសាសំស្រ្កឹតមួយចំនួនដែរ ។
          - ភាសាបាលីៈ បាបកម្ម, ស្ទឹងវេតរណី, បច្ច័យ, កុសល, ថ្ងៃឧបោសថ ...... ។
          - ភាសាសំស្រ្កឹតៈ ព្រហ្មលោក, សមណៈ ព្រាហ្មណ៍, បាបធម៌ ..... ។
          - ពាក្យរាជសព្ទៈ ព្រះបាទ, ព្រះអង្គ, ទត, ព្រះរាជដំណាក់, ព្រះឱរ៉ា, ព្រះរាជហឬទ័យ... ។
          . ពិពណ៌នាវិធីៈ
          អ្នកនិពន្ធបានធ្វើការពិពណ៌នាអំពីអ្វីមួយ ដោយបញ្ចូលនូវរូបារម្មណ៍ខ្ពស់ធ្វើឲ្យអ្នក អានមានអារម្មណ៍ហាក់ ដូចជា រូបភាពទាំងនោះស្ថិតនៅនឹងមុខ មានភាពរស់រវើក។ជាក់ ស្តែងរឿងនេមិរាជ អ្នកនិពន្ធបានបរិយាយពី ទិដ្ឋភាពគួរឲ្យខ្លាចនៃឋាននរកដែលមានពួក យមបាលជាអ្នកគ្រប់គ្រង ជាកន្លែងសម្រាប់ដាក់ទណ្ឌកម្មដល់សត្វនរក ដែលធ្វើបាបកម្ម ។ អ្នកដែលមានជំនឿលើសាសនា គោរពនឹងជឿកាន់តែខ្លាំង កាន់ខ្ជាប់កុសល ព្រោះខ្លាចចុះ ឋាននរក។ នៅត្រង់ឃ្លាមួយរៀបរាប់ពីការដាក់ទណ្ឌកម្ម ក៏ដូចជារូបភាពខ្លះនៃទីនរក "ស្ទឹងនោះដេរដាសដោយព្រៃផ្តៅ មានបន្លាប៉ុនៗចំពុះទង់ ។ សត្វទាំងនោះស្ទុះ ទម្លាក់ធ្លាក់ទើ លើព្រៃផ្តៅ ត្រូវបន្លាមុតផ្ពក់រយះរយាយដូចគេអង្កន់ ភ័យ ស្លន់កញ្ជ្រោលទម្លាក់ធ្លាក់ខ្លួនទៅ លើចម្រូងដែកប៉ុនៗ ដើមត្នោត ប្រឹងរើច្រឡោតធ្លាក់ទៅលើស្លឹកឈូកដែកមានហាមមុត ដូចមុតកាំបិតកោ ប្រវាប្រចាក់តែគ្នាឯង ស្រែកកញ្ជ្រោលឆោឡោផុតជើងធ្លាក់ទៅក្នុងទឹក ក្រុតប្រៃផ្សា លិច ចុះស្រឹបដល់បាតស្ទឹង ប្រឹងច្រឡោត ... “ ។ តែអ្នកអានបែរជារំភើប និងរីករាយនូវទស្សនីយភាពដែលអ្នកនិពន្ធ បង្ហាញពីទិដ្ឋភាពដ៏ល្អល្អះនៃឋានសួគ៌ជាការជំ រុញទឹកចិត្តឲ្យពុទ្ធសាសនិកជឿលើបុណ្យបាប ប្រឹងធ្វើបុណ្យកុសល វៀរចាកអំពើបាប "ព្រះបាទនេមិរាជស្តេចទៅដល់ទ្រង់រីករាយ ដោយទស្សនីយភាពដ៏ល្អហួសប្រមាណ ទ្រង់ទត ឃើញទិព្វវិមានរបស់ទេនីកាឈ្មោះ វរុណី មានកំពូលប្រាំស្រួចៗ ខ្ពស់លលៃល្អអស្ចារ្យ ប្រដាប់ដោយគ្រឿងអលង្កា សមលំនាំឥតខ្ចោះ នៅកណ្តាលឧទ្យានមានស្លឹក និងផ្លែផ្កាល្អស្រស់ក្បែរព្រះបោក្ខរណី .................. ញុំាងព្រះឱវានៃព្រះរាជាឲ្យញ័រប្រផាប់អស់ អារម្មណ៍" ។
        . បដិវិធីៈ
          គឺជាវិធីមួយដែលអ្នកនិពន្ធប្រើវិធីផ្ទុយគ្នា សម្រាប់បញ្ជាក់ពីលក្ខណៈរបស់តួអង្គជួន កាលមានរូបរាងកាយល្អ តែចិត្តអាក្រក់ ជួនកាលមានរូបរាងកាយអាក្រក់ តែចិត្តល្អ។ អាច ជាទំនាស់កើតឡើងដោយតួអង្គខ្លួនឯង ។ អ្នកនិពន្ធ បានបង្ហាញតាមរយៈតួអង្គនេមិរាជ ក្នុងថ្ងៃឧបោសថ ព្រះបាទនេមិរាជទ្រង់មានព្រះវិតក្តពុំដាច់ស្រេចថា "ផលនៃទាន និងសីល ធម្មតា ថ្លៃថ្លាជាងផលនៃទានព្រហ្មចរិយធម៌ ឬផលនៃព្រហ្មចរិយធម៌ថ្លៃថ្លាជាងផលនៃទាន សីលធម្មតា" ។
        . ឧបមានវិធី
          គឺជាស្នាដៃដែលអ្នកនិពន្ធបង្កើតឲ្យមានឧបមានរូបារម្មណ៍ ជារូបបារម្មណ៍មួយ ប្រភេទ ដែលកើតឡើងតាម រយៈការផ្គូរផ្គងវត្ថុមួយទៅនឹងវត្ថុមួយទៀតដើម្បីបង្ហាញនូវ ភាពស្របគ្នា ដូចគ្នា និងខុសប្លែកគ្នា ។ ការផ្គូរផ្គងនេះ ប្រើប្រាស់នូវពាក្យបច្ច័យ " ធ្នាក់ " សម្រាប់ភ្ជាប់ពាក្យមួយទៅពាក្យមួយទៀត ។ ថ្ងៃដែលទ្រង់ប្រសូត្រ ពួកហោរាទាយ ថាៈ ព្រះរាជកុមារជាអ្នករក្សាព្រះរាជបវេណីតទៅ ។ ព្រះរាជបិតាទ្រង់ព្រះចិន្តាថា " កូននេះជាអ្នក ធ្វើនូវបវេណីនៃវង្ស ត្រកូលឲ្យប្រព្រឹត្តទៅដូចជាដុំនៃកង់រទេះ " ។
          -ជាទិព្វរូបារម្មណ៍ ដូចជាអន្ទាក់ធម្មជាតិទាក់ទាញព្រះនេត្រសម្តេចព្រះភវុនាថឲ្យងាក បែរទៅទតមិនចេះ ឆ្អែត ។
          -ទ្វារមានរូបច្រើនជាអនេក ដូចជារូបព្រះឥន្រ្ទដ៏រុងរឿងវិចិត្រ ដោយរតនវត្ថុផ្សេងៗ ជា ទីគួរស្បើយ ដូចជាព្រៃ ធំដែលពួកខ្លាធំចាំរក្សា តើគេហៅទ្វារនោះថាទ្វារអី្វ ?
        . សន្ទេហវិធី
          គឺជាវិធីមួយដែលអ្នកនិពន្ធធ្វើឲ្យអ្នកអានចង់តាមដាន ចង់ដឹងហើយចង់ដឹងទៀត អំពីបញ្ហាអ្វីមួយដែលកំពុង ចោទក្នុងដំណើររឿង។ ចំណុចនេះអ្នកនិពន្ធបានបង្កើត សន្ទេហវិធីត្រង់ការទទួលទោសទណ្ឌរបស់ពួកសត្វនរកដែលធ្វើបាបកម្មធ្លាក់ក្នុងនរកអវចី ។ អ្នកនិពន្ធបានធ្វើឲ្យអ្នកអានកាន់តែចាប់អារម្មណ៍ចង់ដឹង ចង់តាមដានតាមរយៈការរៀប រាប់យ៉ាងក្បោះក្បាយ និងបង្ហាញប្រាប់សព្វគ្រប់របស់មាតលី ដល់ព្រះបាទនេមិរាជ ។
        . សំវាទវិធីៈ
          គឺជាវិធីដែលអ្នកនិពន្ធ កវីធ្វើឲ្យតួអង្គចាប់ពីពីរនាក់ឡើងទៅ សន្ទនាឆ្លើយឆ្លងគ្នាអំពី អ្វីមួយ ។
          ឧទាហរណ៍ៈ ការសន្ទនារវាងព្រះបាទនេមិរាជ និងព្រះឥន្រ្ទ, ព្រះឥន្រ្ទ និងពួកវេទតា, នេមិរាជ និងមាតលី ។
          បញ្ចប់រឿងៈ
        រឿងដែលមានចលនាពុទ្ធនិយម នៅពេលបញ្ចប់រឿងអ្នកនិពន្ធច្រើនលើកពីការសរ ជាតិ ផល ល្អដែលទទួលបានពីអំពើល្អ ។ ការបញ្ចប់រឿងបែបនេះដើម្បីឲ្យពុទ្ធសាសនិកកាន់ ពុទ្ធសាសនាមាន ជំនឿ លើបុណ្យបាប កម្មផលពិតជាមានពិតប្រាកដមែន ។
VI- អត្ថរស
          - កុសលរសៈ
          គឺជាតម្លៃកុសលទាក់ទងដល់ការអប់រំ ។ រឿងនេះបានបង្ហាញពីការអប់រំឲ្យចេះធ្វើ បុណ្យកុសល កាន់ ឧបោសថ វៀរចាកអំពើបាប ធ្វើតែអំពើល្អ ខ្លាចនរក ។ កុសលដែល ព្រះបាទនេមិរាជបានបរិច្ចាគទាន សង់សាលាសំណាក់ និងផ្តល់ពុទ្ធឱវាទឲ្យមនុស្សកាន់ ឧបោសថរាល់ថ្ងៃសីល ណែនាំឲ្យធ្វើតែអំពើល្អ ។
        - ទារុណរសៈ
          ជាតម្លៃដែលលេចចេញពីទារុណកម្មនៅក្នុងដំណើររឿង  ដែលកើតពីការប្រយុទ្ធ ព្យា បាទសងសឹក និងធ្វើ ទុក្ខទោសដាក់ទណ្ឌកម្មយ៉ាងកាចសាហាវ រហូតដល់បាត់ បង់ ជីវិត នៃ តួអង្គ ។ នៅក្នុងសាច់រឿងទារុណរស កើតឡើងនៅពេលនរិយបាល ធ្វើទោសទណ្ឌដល់ សត្វនរកដែលធ្វើបាបកម្ម ។
        - មហិទិ្ធរស
          គឺជាតម្លៃដែលលេចចេញអំពីការបង្ហាញអច្ឆរិយភាព ដែលមានលក្ខណៈអស្ចារ្យ ហួសពីលក្ខណៈដែល មនុស្សពុំអាចធ្វើបាន ដូចជាការហោះហើរ ដើរលើអាកាស ជ្រែកទឹក ជ្រែកដី ..... ។ មាតលីជិះរាជរថពីលើឋាន សួគ៌មកទទួលព្រះបាទនេមិរាជការយាងមកទត ស្ថាននរក និងស្ថានសួគ៌របស់ព្រះបាទនេមិរាជ ។
          - កំសត់រសៈ
          លេចចេញពីទុក្ខវេទនានៃពួកសត្វនរក ដែលស្រែកទ្រហោយំនៅពេលដែលទទួល ទោស និងបាបកម្ម ផ្សេងៗ ពិបាក និងវេទនាហួសថ្លែង ។
        - ទស្សនីយរស
          គឺជាតម្លៃដែលលេចចេញមកអំពីការបង្ហាញទស្សនីយភាព ដែលធ្វើឲ្យសាច់រឿងកាន់ តែពិរោះក្បោះក្បាយ តាមរយៈការរៀបរាប់ទេសភាព ធម្មជាតិ ព្រៃព្រឹក្សា មច្ឆា បក្សាបក្សី ។ នៅក្នុងសាច់រឿង អ្នកនិពន្ធបាននិយាយ រៀបរាប់ពីទស្សនីយភាពឋាននរក និងភាពដ៏ល្អ ប្រណិត វិសេសវិលាសដ៏ល្អក្រៃលែងនៃឋានសួគ៌ ។
       
        - សង្គមរស
          គឺជាតម្លៃដែលលេចចេញ     មកអំពីដំណើររឿង     ដែលបានលាតត្រដាងអំពីសង្គម
មនុស្ស នៅក្នុងស្នាដៃអក្សរសិល្ប៍ ដែលមានលក្ខណៈជាសង្គមមនុស្សពិតៗ ។ ជាក់ស្តែង សង្គមរសមាននៅត្រង់ការកាន់ និងការគោរពទៅលើ ពុទ្ធសាសនា ការប្រតិបតិ្តឧបោសថ សីល និងការឲ្យទាន ។
VII- សេចក្តីសន្និដ្ឋាន
          តាមរយៈរឿងនេមិរាជជាតក៍ បានដាស់សតិស្មារតីរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ឲ្យយល់ថា កម្មជាបច្ច័យ នៃផល ។ អំពើទាំងឡាយដែលមនុស្សបានប្រព្រឹត្តបែបណាវានឹង ទទួលបានផលបែបនោះ ។ ផលល្អ និងអាក្រក់ប្រៀបបានទឹក និងប្រេងមិនអាចលាយគ្នា បានទេ។ អ្នកសាងអំពើអាក្រក់រមែងតែងជួបនូវសេចក្តីក្តៅក្រហល់ក្រហាយជៀសមិនរួច ។ អំពើដែលខ្លួនបានធ្វើមិនមានអ្នកណាដឹងក្រៅពីម្ចាស់ខ្លួនឡើយ ។ បើមនុស្សសាងអំពើ អាក្រក់ ទោះបីខិតខំប្រើគ្រប់មធ្យោបាយបិទបាំងអំពើរបស់ខ្លួនក៏ដោយ ក៏វាមិនជិតដែរ ។ ផលអាក្រក់រមែងតែងតែ អន្ទោលតាមប្រាណអ្នកនោះជានិច្ច ។ ផ្ទុយទៅវិញ បើមនុស្ស កសាងអំពើល្អ អ្នកនោះតែងតែកើតក្នុងឋានសួគ៌ ពោល គឺអ្នកនោះរស់នៅដោយក្តីសុខ សាន្តត្រាណ សំបូរសប្បាយ ចម្រុងចម្រើន មានកេរ្តិ៍ឈ្មោះពិរោះច្រាសខ្យល់ ។
          ព្រះពុទ្ធសាសនាជាសាសនាដ៏ល្អប្រពៃមួយ   ដែលដឹកនាំមនុស្ស   ឲ្យប្រព្រឹត្តិតែអំពើល្អ
សាងកុសល ។  ដោយសារពុទ្ធសាសនា  ទើបធ្វើឲ្យប្រទេសជាតិ   មានការរីកចំរើន  មានការ
បង្រួបបង្រួម ជាតិ ប្រជាជាតិមានភាពសាមគ្គី ពិសេសគឺក្នុងរាជព្រះបាទជ័យវរ័ន្មទី ៧ សម័យ មហានគរដែលជាសម័យមហារុងរឿងគ្រប់វិស័យ ពិសេសគឺវិស័យសាសនា ធ្វើឲ្យមនុស្ស ជឿលើពុទ្ធសាសនាកាន់តែខ្លាំង ។ ដោយសារទស្សនៈពៀររំងាប់ដោយការមិនចងពៀរ បានធ្វើឲ្យមនុស្សបញ្ឍប់សង្រ្គាមរវាងគ្នាឯង និងគ្នាឯង ព្យាយាមរួបរួមគ្នាកសាងជាតិឲ្យដល់ កំពូល ។ ដូចនេះហើយទើបព្រះពុទ្ធសាសនាក្លាយជាសាសនារបស់រដ្ឋ ពិសេសសាសនានេះ បានចាក់ឬសយ៉ាងជ្រៅ ក្នុងផ្នត់គំនិតរបស់ខ្មែរទូទៅ ។ មិនតែប៉ុណ្ណោះប្រជាជននៅប៉ែក អាស៊ីទាំងមូល ក៏មានជំនឿយ៉ាងមុតមាំលើពុទ្ធសាសនាដែរ ។ អ្វីដែរពុទ្ធសាសនាផ្តល់ឲ្យពុទ្ធ សាសនិក គឺថាមពលនៃការបង្រួបបង្រួមជាតិ ស្វែងរកសុខសុភមង្គលឲ្យមនុស្ស។ អប់រំ មនុស្សឲ្យប្រព្រឹត្តិទាំងកាយវាចារចិត្ត សមស្របទៅនឹង ច្បាប់រស់នៅរបស់មនុស្ស និងសមស្របទៅនឹងលទ្ធិប្រជាធិបតេយ្យ ដើម្បីកសាងសង្គមមួយមានសច្ចៈធម៌    គុណធម៌ តម្លាភាព និងភាពរុងរឿងឆ្ពោះទៅនីតិរដ្ឋ ។ គួរកត់សំគាល់ផងដែរថាដោយសារតែពុទ្ធ សាសនាធ្វើឲ្យកើតមាននូវវត្តអារាមជាច្រើនដែលជាឃ្លាំងស្តុកវប្បធម៌ រក្សាច្បាប់ផ្សេងៗ ទំនៀមទំលាប់ប្រពៃណី និងជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ។ វត្តមានតួនាទី សំខាន់ណាស់  តាំងពីដើមរហូតមកដល់សម័យបច្ចុប្បន្ន ។  យ៉ាងណាមិញការមានជំនឿទៅ
លើអ្វីមួយ   ត្រូវស្ថិតនៅក្នុងភាពពិចារណា ការគិតត្រិះរិះ មិនត្រូវជឿលើអ្វីស៊ប់ ងប់ងល់ពេក
ឡើយ ។
          ដូច្នេះក្នុងនាមជាពុទ្ធសានិក គួរខិតខំប្រកាន់ឲ្យបានខ្ចាប់ខ្ចួន  នូវព្រះពុទ្ធសាសនា ជំរុញ ទឹកចិត្តឲ្យអ្នកជំនាន់ក្រោយស្គាល់បុណ្យបាប ផ្តល់តម្លៃដល់ពុទ្ធសាសនា ឲ្យសាសនាមួយនេះ នៅតែស្ថិតស្ថេគង់វង្សនៅតែជាសាសនានាំមុខជាយានចំលងមនុស្សឲ្យផុតទុក្ខសោកតទៅ។

" សូមឲ្យព្រលឹងវប្បធម៌ អក្សរសាស្រ្តជាតិឋិតថេរគង់វង្សជាអមតៈ  "








ឯកសារពិគ្រោះ
          -ឃីង ហុកឌី  អក្សសិល្ប៍ខ្មែរ ស-វទី២០ កវីនិពន្ធ និងអត្ថបទ ២០០៧
          -បណ្ឌិតមហាឈឹម សុមន៍ សងេ្ខបទសជាតក៍ការផ្សាយរបស់ក្រសួងពុទ្ធសាសន បណ្ឌិត្យ
          -ត្រឹង ងា វប្បធម៌ អរិយធម៌ខ្មែរ ១៩៧៣
          -បណ្ឌិត ធ សោ

          -វចនានុក្រមខែ្មរ សម្តេច សង្ឈ ជួន ណាត

0 comments:

Post a Comment