Tuesday, October 13, 2015

The Education in Cambodia Study Of Story Khmer សិក្សាស្នាដៃអក្សរសិល្ប៍រឿង "" កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី "” ត(សិក្សាអត្ថរូប និង សិល្ប៏វិធីរបស់អ្នកនិពន្ធ)

V.  សិក្សាអត្ថរូប និង សិល្ប៏វិធីរបស់អ្នកនិពន្ធ
                ៥.១ / វចនារូប
          តាមវចនារូបចំពោះការប្រើប្រាស់ពាក្យសំដីនៅក្នុងរឿង '' កូនប្រុសក្រោមពន្លឺ ព្រះ ច័ន្ទពេញ បូណ៌មី  ''អ្នកនិពន្ធបានប្រើប្រាស់ពាក្យពេធន៏សម្រាប់ ប្រជារាស្រ្តសម្រាប់ យោធា  សម្រាប់សង្ឈ  សម្រាប់ពេទ្យ   សម្រាប់កម្ពុជាប្រជាធិបតេយ្យនិង ពាក្យរាជសព្ទ ។
  ពាក្យប្រើប្រាស់សម្រាប់ប្រជារាស្រ្ត ( ពាក្យសាមញ្ញ ) ដូចជា ៖
          ម្តាយ , លុយ , កូន , ដេក , គ្រែ , អង្ករ , បបរ , កសិករ ...
          ឧទាហរណ៍   ដូចមានឃ្លាមួយត្រង់ម្តាយសម្តេចប្រគល់ប្រាក់ឲ្យសម្តេច ពេលដែល លោក ឃ្លាតពីស្រុក និង ឪពុកម្តាយទៅរៀននៅក្រុងភ្នំពេញ គឺ ៖
  អ្នកម្តាយប្រគល់ប្រាក់                     ឲ្យទុកដាក់ជាប់នឹងខ្លួន
មានតែត្រឹមចំនួន                               ដប់ពីររៀលជាសោហ៊ុយ ។
  ព្រមទាំងឲ្យអង្ករ                             គ្រាន់បបរមិនចុះលុយ
ដូចដែលដឹងស្រាប់ហើយ                    ឳកូនអើយយើងខ្វះខាត ។ (ទំព័រទី ១៣)
ពាក្យប្រើប្រាស់សម្រាប់យោធាដូចជា ៖ យុទ្ធជន   , មូលដ្ឋាន , សមរភូមិ , រថក្រោះ , កងទ័ព , ចម្បាំង មេបញ្ជាការ  , សឹក ...
          ឧទាហរណ៍            ដូចមានឃ្លាមួយ ដែលបានពោលសរសើរសម្តេចជា យុទ្ធជនដែល មាន  ជំនាញពិសេសខាងផ្នែកច្បាំងគឺ ៖
  យុទ្ធជនរូបនេះ                               ជំនាញពិសេស
ផ្នែកខាងចម្បាំង                                 គ្រប់សមរភូមិ
គឺជាជើងខ្លាំង                                      ធ្វើឲ្យពួកខ្លាំង
ពិបាកតដៃ ។ ( ទំព័រ ទី ២៧ )
ពាក្យប្រើប្រាស់សម្រាប់ព្រះសង្ឈដូចជា៖ ប្រគេន , បិណ្ឌ , ចង្ហាន់ , ឆាន់ , ព្រះករុណា , ខ្ញុំកូណា, សាវ័ក.... ។
          ឧទាហរណ៍         ដូចមានឃ្លាមួយដែលបានលើកឡើងកាលពីសម្តេចនៅជាក្មេងវត្តដើរបិណ្ឌត្យបាត
ជាមួយព្រះសង្ឃគឺ ៖
  ថ្ងៃខ្លះវេនខ្លួនដល់                                     ដើរតាមថ្នល់ក្រោយព្រះសង្ឃ
គ្រប់ផ្ទះតាមលោកចង់                         ទៅស្រោចស្រង់ប្រាស់ពួកសត្វ ។
  ក្មេងវត្តត្រូវដើរបិណ្ឌ                       នូវចង្ហាន់ជាទៀងទាត់
តាមពេលកាលកំណត់                        មុនថ្ងៃត្រង់ព្រះសង្ឃឆាន់ ។
                                         (ទំព័រ ទី ១៦-១៧ )
ពាក្យប្រើប្រាស់សម្រាប់ពេទ្យដូចជា ៖ ជម្ងឺ , មន្ទីរពេទ្យ , គ្រូពេទ្យ , របួស , មេរោគ , ព្យាបាល , គ្រុនចាញ់ , ថ្នាំ , សេរ៉ូម ...
          ឧទាហរណ៍  ដូចមាននៅត្រង់ឃ្លាមួយដែលបង្ហាញពីចិត្តដ៏ប្រពៃរបស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមជាប្រធានពេទ្យមើលថែរក្សា និង ព្យាបាលអ្នកជម្ងឺ គឺ ៖
  ប្រធាននារីមន្ទីរពេទ្យ                      មានបុព្វហេតុដ៏ត្រកាល
រាក់ទាក់យុទ្ធជនទាំងអំបាល                 ដោយក្តីសិ្នទ្ធស្នាលមិនឆ្មើងឆ្មៃ ។
  ថែទាំជម្ងឺទាំងប៉ុន្មាន                       ដ៏មានសន្តានចិត្តប្រពៃ
យុទ្ធជនខ្លះហៅថាបងស្រី                    ខ្លះលេងសំដីហៅថាសោ ។
                                         ( ទំព័រ ៣៧-៣៨ )
          ពាក្យប្រើប្រាស់សម្រាប់សម័យកម្ពុជាប្រជាធិបតេយ្យមាន  ៖  ខ្មាំង , អង្គការ , បដិវត្តន៍,មូលដ្ឋាន , កម្មាភិបាល , មហាលោតផ្លោះ , កម្ទេច  , វិន័យ ... 
          ឧទាហរណ៍   :  ត្រង់ឃ្លាមួយដែលនៅសម័យកម្ពុជា        ប្រជាធិបតេយ្យគេបានប្រើ
ពាក្យនៅ ក្នុងរបបរបស់ពួកគេមានយ៉ាងដូចនេះ  ៖
        ប្រជាជនចាស់នៅមូលដ្ឋាន             ដំបូងវាបានផ្តល់តម្លៃ
ថាជាអ្នកជួយឲ្យបានជ័យ                    អង្គការគប្បីលើកកំពស់  ។
        ក្រោយមកមិនយូរក៏ប្តូរផ្លាស់           គ្មានថ្មីគ្មានចាស់ទេពេលនោះ
ប្រជាធិបតេយ្យមហាលោតផ្លោះ ប្រជាជនរស់ដូចនរក  ។ (ទំព័រទី ៦៦)
ពាក្យប្រើប្រាស់សម្រាប់ពាក្យរាជសព្ទដូចជា ៖ សោយរាជ្យ ,ក្សត្រាថ្វាយ , ព្រះករុណា ,ព្រអង្គ , សម្តេចឪ , ព្រះវរបិតា ...
          ឧទាហរណ៍         ដូចឃ្លាមួយដែលបង្ហាញពីចិត្តអង់អាចរបស់សម្តេចកាលនៅជាយុវជនក្នុងការ ប្រយុទ្ធផ្តូលរំលំមេរដ្ឋប្រហារ លន់ នល់ ដើម្បីយកជ័យជំនះថ្វាយព្រះករុណាឲ្យទ្រង់សោយ រាជ្យ ឡើងវិញគឺ ៖
  យុវជនចង់ផ្តូល                    រំលំលន់នល់
មេរដ្ឋប្រហារ                   ប្រយុទ្ធយកជ័យ
ថ្វាយព្រះករុណា                       ដើម្បីក្សត្រា
សោយរាជឡើងវិញ ។ ( ទំព័រ ទី ២៦ )
                   ៥.២/ សម្ព័ន្ធរូប
        នៅក្នុងរឿង '' កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី '' ដែលមានពីរភាគនោះ អ្នកនិពន្ធបាន សរសេរជាកំណាព្យបទពាក្យប្រាំពីរ  បទព្រហ្មគីតិ   បទកាកគតិ ដែលមាន
ឃ្លោងឃ្លាល្អល្អៈឥតខ្ចោះតាំងពីដើមដល់ចប់ ។   ឃ្លាប្រយោគកាព្យឃ្លោងនៅក្នុងរឿងមាន
សភាពងាយយល់  ព្រោះសរសេរជាបទដូចជា ៖
*    កាព្យពាក្យប្រាំពីរ
  លំដាប់តទៅនេះខ្ញុំបាទ          សូមអនុញ្ញាតថ្លែងពណ៌នា
កូនប្រុសក្រោមពន្លឺចន្ទ្រា             គ្រាន់នឹងបានជាទីសវនា ។
  កូនប្រុសតួអង្គអ្នកសាងបុណ្យ        រកសុខជូនជាតិខេមរា
កូនកសិករស្រែចំការ                 ដែលមានវាសនាស្មានពុំដល់ ។ (ពំទ័រទី ៤)

*    លក្ខណៈកំណាព្យពាក្យ ប្រាំពីរ
ក្នុងមួយវគ្គមានបួនឃ្លា
- ក្នុងមួយឃ្លាមានប្រាំពីព្យាង្គ    
គំនូសតាងចំណាប់ចុងចួនជើងកាព្យ          
  ១  ២  ៣  ៤  ៥  ៦  ៧                         ១  ២  ៣  ៤  ៥  ៦  ៧
 


                   ១  ២  ៣  ៤  ៥  ៦  ៧                          ១  ២  ៣  ៤  ៥  ៦  ៧       ។

  ១  ២  ៣  ៤  ៥  ៦  ៧                         ១  ២  ៣  ៤  ៥  ៦  ៧

១  ២  ៣  ៤  ៥  ៦  ៧                          ១  ២  ៣  ៤  ៥  ៦  ៧      ។    
បំណកស្រាយចំណាប់ចុងចួនក្នុងវគ្គ
ព្យាង្គទី ៧  ឃ្លាទី១  វគ្គទី ១                         ព្យាង្គទី៤ ឃ្លាទី២ វគ្គទី ១
ព្យាង្គទី ៧  ឃ្លាទី២ វគ្គទី១                           ព្យាង្គទី៧ ឃ្លាទី៣ វគ្គទី១                                                                     ព្យាង្គទី៤ ឃ្លាទី៤ វគ្គទី១  ។
បំណកស្រាយចំណាប់ចុងចួនឆ្លងវគ្គ
ព្យាង្គទី ៧  ឃ្លាទី ៤  វគ្គទី ១                         ព្យាង្គទី៧  ឃ្លាទី ២  វគ្គទី ២ ។
           
                        កាព្យបទព្រហ្មគីតិ
  ថ្ងៃមួយជាឳកាស                       ប្រសើរណាស់ខែវស្សា
ដោយពុំនឹកស្មានថា                  បានជួបនារីឧត្តម ។
  នៅឆ្នាំចិតសិបបួន                    ចៃដន្យជួនសំណាងធំ
ឃើញនាងនៅត្បូងឃ្មុំ               គឺត្រង់ម្តុំពាមជីលាំង ។  ( ទំព័រទី ៤២ )


                        +  លក្ខណៈ កំណាព្យបទព្រហ្មគីតិ
        ក្នុងមួយវគ្គមានបួនឃ្លា
        ក្នុងឃ្លាទី១ និង ទី៣ មាន ៥ ព្យាង្គ , ក្នុងឃ្លាទី ២ និង ទី ៤ មាន ៦ ព្យាង្គ  ។
  គំនូសតាងចំណាប់ចុងចួនជើងកាព្យ
 


                        ១  ២  ៣  ៤  ៥                        ១  ២  ៣  ៤  ៥  ៦
 


                        ១  ២  ៣  ៤  ៥                        ១  ២  ៣  ៤  ៥  ៦           ។

                        ១  ២  ៣  ៤  ៥                        ១  ២  ៣  ៤  ៥  ៦
                        ១  ២  ៣  ៤  ៥                        ១  ២  ៣  ៤  ៥  ៦           ។

  បំណកស្រាយចំណាប់ចុងចួនក្នុងវគ្គ
ព្យាង្គទី ៥   ឃ្លាទី ១   វគ្គទី ១                                  ព្យាង្គទី ៣  ឃ្លាទី ២  វគ្គទី ១

                  -  ព្យាង្គទី ៦   ឃ្លាទី ២  វគ្គទី ១                               ព្យាង្គទី ៥  ឃ្លាទី ៣  វគ្គទី ១                                                                                      ព្យាង្គទី ៣  ឃ្លាទី៤  វគ្គទី ១  ។

  បំណាកស្រាយចំណាប់ចុងចួនឆ្លងវគ្គ
ព្យាង្គទី ៦  ឃ្លាទី ៤  វគ្គទី ១                               ព្យាង្គទី ៦  ឃ្លាទី ២  វគ្គទី ២ ។

កាព្យបទកាកគតិ
-   គួរដឹងឲ្យច្បាស់                      ប្រវត្តិសាស្រ្ត
                      យើងយ៉ាងណាដែរ                       ប្រមុខដឹកនាំ
                      សង្គមជាតិខ្មែរ                     មានមកហូរហែរ
                                                តាមតែជំនាន់  ។
        ឲ្យស្គាល់តួអង្គ                        រាស្រ្ត ឬ  រាជ្យវង្ស
គ្រាមានអាសន្ន                         ទឹកចិត្តហានក្លា
ស្មារតីមាំមួន                             រំដោះជាតិខ្លួន
ឲ្យផុតពីសា្លប់  ។   ( ទំព័រ ទី ៦៤ )      
  លក្ខណៈកំណាព្យបទកាកគតិ
ក្នុងមួយវគ្គមាន ៧ ឃ្លា
- ក្នុងមួយឃ្លា មាន ៤ ព្យាង្គ

  គំនូសតាងចំណាប់ចុងចួនជើងកាព្យ
 


១  ២  ៣  ៤                   ១  ២  ៣  ៤                   ១  ២  ៣  ៤
 


១  ២  ៣  ៤                   ១  ២  ៣  ៤                   ១  ២  ៣  ៤
១  ២  ៣  ៤          ។
 



១  ២  ៣  ៤                   ១  ២  ៣  ៤                   ១  ២  ៣  ៤

១  ២  ៣  ៤                   ១  ២  ៣  ៤                   ១  ២  ៣  ៤
១  ២  ៣  ៤          ។
  បំណកស្រាយចំណាប់ចុងចួនក្នុងវគ្គ
ព្យាង្គទី ៤ ឃ្លាទី១  វគ្គទី ១                          ព្យាង្គទី៤  ឃ្លាទី ២  វគ្គទី ១
ព្យាង្គទី៤  ឃ្លាទី៣  វគ្គទី ១                         ព្យាង្គទី៤  ឃ្លាទី៥  វគ្គទី១ 
                                                          ព្យាង្គទី ៤  ឃ្លាទី ៦  វគ្គទី១ 
ព្យាង្គទី ៤  ឃ្លាទី៣  វគ្គទី                           ព្យាង្គទី ២  ឃ្លាទី៥  វគ្គទី១ ។
  បំណកស្រាយចំណាប់ចុងចួនឆ្លងវគ្គ
ព្យាង្គទី ៤  ឃ្លាទី ៧  វគ្គទី ១                        ព្យាង្គទី ៤  ឃ្លាទី ៣  វគ្គទី ២  ។
                ៥.៣/  សិល្ប៍ វិធីតែងនិពន្ធ
                        ក  .វណ្ណនាវិធី
        គឺជាការរៀបរាប់បង្ហាញពីតួអង្គទីកន្លែងទេសភាព ដែលមាននៅក្នុងដំណើរ​រឿងឲ្យ​កាន់តែងឃើញច្បាស់ហាក់ដូចជា នៅចំពោះមុខយើងផ្ទាល់តែម្តង ដោយអ្នកនិពន្ធ​ចេះ​បង្កើតរូបារម្មណ៏ល្អៗ ធ្វើយ៉ាងណាដើម្បីឲ្យអ្នកអាន អ្នកទស្សនាកាន់តែជក់ចិត្តដិត​អារម្មណ៏ទ្វេឡើង ។
          ឧទាហរណ៍  ជាក់ស្តែងដូចមាននៅក្នុងអត្ថបទរឿង" កូនប្រុសក្រោម​ពន្លឺព្រះ ចន្ទពេញបូរណ៍មី   ” ត្រង់ឃ្លាមួយពោលថា ៖
        សម្តេចប្រសូតិចាកឧទរ                       អំពីព្រះវរនៃមាតា
អង្គារទីប្រាំខែសីហា                             នៅអាធ្រាតនាពេញបូរណ៍មី ។
        ខែស្រាពណ៍ឆ្នាំរោងពុទ្ធសករាជ           ពីរពាន់បួនរយកៅប្រាំមួយ
គ.ស មួយពាន់ប្រាំបួនរយ          ផ្សំនឹងខាងក្រោយហាពីរផង(១៩៥២)
        សម្តេចប្រសូតិខែសីហា                       ភូមិពាមកោះស្នាស្រុកសឹ្ទងត្រង់
ត្រើយខាងកើតទន្លេមេគង្គ                   ក្នុងខេត្តកំពង់ចាមសព្វថ្ងៃ
                                                                                      ( ទំព័រ ទី ៥ )
                   ខ . ឧបមានវិធី
          ក្នុងឧបមានវិធី      អ្នកនិពន្ធបានប្រៀបធៀបតួ   អង្គទៅនឹងធម្មជាតិ    ដើម្បីរំលេច               
ចេញនូវ​​មនោរសពោ្ចនា។
          ឧទាហរណ៍         ដូចមានឃ្លាមួយដែលអ្នកនិពន្ធបៀបធៀបជីវិតយុទ្ធជននៅក្នុងព្រៃដែលឥត ខ្លឹមសារទៅនឹងព្រះសូរិយាដែលគ្មានរស្មីគឺ ៖
        ឋិតក្រោមដំបូលព្រៃសែនជ្រៅ              យុទ្ធជនរស់នៅដូចឯកា
មានតែជីវិតឥតខ្លឹមសារ                      ដូចសុរិយាគ្មានរស្មី ។
        ជីវិតមនុស្សលោកគ្រប់អាត្មា                បើគ្មានស្នេហាគឺគ្មានន័យ
ធម្មជាតិបុរសនិងស្រ្តី                           តែដល់ពេញវ័យតែងប្រាថ្នា  ។
        មិនថាខ្មៅសល្អអាក្រក់                        រស់នៅក្នុងភក់ជ្រាំបែបណា
ទោះបីបើក្រដូចម្តេចម្តា                        បើខ្វះស្នេហានេះមិនបាន។( ទំព័រ៣៦)
                  
          ឧទាហរណ៏    ដូចត្រង់ឃ្លាមួយថ្ងៃដែលសម្តេចត្រូវឃ្លាតស្រុកកំណើត ឃ្លាតញាតិ ឃ្លាតមាតាបិតា សម្តេចបានសម្តែងនូវសកម្មភាពជាមួយម្តាយគឺ ៖
        ថ្ងៃនោះពេញជាទុក្ខ                   បែកពីស្រុកឆ្ងាយពីញាតិ
ដឹងពេលណាបានឆ្លៀត             មកជួបមាតាបិតា       ។
        ឳនកាយដោយគោរព                ម្តាយស្ទុះឳបប្រាណកុមារ
                   អង្អែលនូវសិរសា                      ហើយវាចាលួងលោមកូន  ។ (ទំព័រទី ១២ )  
                ឃ.  សំវាទវិធី 
          គឺជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គចាប់ពីពីរនាក់ឡើងទៅ សន្ទនាឆ្លើយឆ្លងគ្នា រវាងតួអង្គ និង តួអង្គអំពីបញ្ហាអ្វីមួយ ។
          ឧទាហរណ៍ ដូចមានត្រង់ឃ្លាមួយគេចោទក្រុមសម្តេចថាជាចារកម្ម ហើយក៏​បានសួរដេញ ដោលសម្តេចថា ៖
        គេចោទថាជាចារកម្ម                      បុរសទាំងប្រាំនាក់ក្លាហាន
ហើយក៏គឺ ពិតជាទាហាន                    ធ្លាប់វាយវៀតណាមតាមព្រំដែន ។
        សំនួរគេសួរបានប្រព្រឹត្ត                            ជំរិតលើយុទ្ធជន ហ៊ុន សែន
សង្កត់បញ្ហាការឆ្លងដែន                      ឆ្លងដោយត្រង់មែន ឬ  យ៉ាងណា ។
        យុទ្ធជន ហ៊ុន សែនផ្តល់ចម្លើយ              អ្នកសួរស្តាប់ហើយពិចារណា
យល់ជនភៀសខ្លួនពីអង្គការ                មានចេតនាសង្រ្គោះជាតិ  ។ (ទំព័រទី ៧១ )
                   ង . ឯកវាទវិធី
        គឺជាវិធីដែលធ្វើឲ្យតួអង្គមួយ ដែលទទួលរងទុក្ខទោសមានការ  ឈឺចាប់ក្នុងខ្លួន ឬ វិប្បដិសារី អំពីអ្វីមួយ ដោយការនិយាយរំលឹកអំពីរឿងរបស់ខ្លួនតែម្នាក់ឯង ។
          ឧទាហរណ៍  ក្នុងឃ្លាមួយពេលដែលសម្តេចជាប់ឃុំឃាំងនៅប្រទេសវៀតណាម ហើយ ទទួលរងទុក្ខដូចនេះន័យ ៖
        កាលនៅក្នុងមន្ទីរឃុំឃ្លាំង                         អ្នកយាមរារាំងរៀងរាល់ពេល
ជីវិតគិតស្មានគឺ ប្រហែល                    ទុក្ខទៀតដដែលគ្រប់អន្លើ  ។
        ត្បិតនៅក្នុងគុកស្រុកគេហឹ្នង          មិនដឹងអ្នកណាជួយអើពើ
ជីវិតខ្លួនដូចជាសឹ្លកឈើ                       រសាត់ទៅទើទីដដៃ ។ ( ទំព័រទី ៨១ )
                ច.  បដិវិធី ឬ វិធីផ្ទុយ
        គឺជាវិធីមួយដែលអ្នកនិពន្ធបានប្រើប្រាស់វិធីផ្ទុយគ្នា សម្រាប់បញ្ជាក់ពី​លក្ខណៈ​របស់តួអង្គ ជួនកាលមានរូបរាងកាយល្អតែចិត្តអាក្រក់ ជួនកាលរូបរាង​កាយ​អាក្រក់​តែចិត្តល្អ ។
          ឧទាហរណ៍  នៅក្នុងអត្ថបទរឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី  ”  ត្រង់សម្តេចសុំមេរៀបអាពាហ៍ពិពាហ៍ តែត្រូវមេរារាំងជំទាស់ដោយ​លើកហេតុផល​ផ្សេងៗបដិសេធថា ៖
        នៅចុងឆ្នាំចិតបួន                           យុទ្ធជនសំរេចថា
សុំច្បាប់រៀបអាពាហ៍                ពិពាហ៍មង្គលការ  ។
        តែត្រូវមេជំទាស់                   មិនព្រមចុះហត្ថលេខា
លើកហេតុផលនានា                ក្នុងចេតនាគឺរារាំង  ។  (ទំព័រទី ៤៤ )
                   .  ឧបទេសវិធី
        គឺជាដំណើររឿងកាន់តែតឹងតែងឡើងៗ  ហើយអ្នកនិពន្ធបានបញេ្ចញនូវទស្សនៈ អប់រំ ចំពោះយើងដែលជាអ្នកសិក្សា អ្នកអាន អ្នកស្តាប់ឲ្យកាន់តែច្បាស់លាស់​ជាង​ពីពេលមុនទៀត ។
          ឧទាហរណ៍   ដូចមាននៅក្នុងអត្ថបទរឿង អ្នកនិពន្ធបានបញ្ជក់ឲ្យឃើញការ​ព្រាត់ប្រាស់គ្នា រវាងប្តី និង ប្រពន្ធព្រមទាំងកូនចៅតែក្រោយមកទៀត​អ្នកនិពន្ធបាន​ដោះស្រាយបញ្ហាដ៏តឹងតែនេះ ដោយឲ្យប្តីប្រពន្ធជួបជុំគ្នាវិញ ទោះបីប្តីនិងប្រពន្ធ​បែក គ្នាយូរយ៉ាងណាក៏ដោយ ក៏ទាំងពីរអ្នក នៅតែមានចិត្តភក្តីចំពោះគ្នា ។ ម្យ៉ាងវិញទៀត អ្នកនិពន្ធបានតាក់តែងសមស្របតាមតថភាព និង ស្ថានការណ៏ ជាក់ស្តែងរបស់សង្គម ។ ចំនុចនេះហើយជាតម្លៃអប់រំដ៏ល្អសម្រាប់ប្តីប្រពន្ធទាំងឡាយ ឲ្យរស់នៅប្រកបដោយ​សេចក្តីសុខ ដូចប្តីប្រពន្ធសម្តេចដែលមានសេចក្តីសេ្នហាចិត្តមួយថ្លើមមួយ ។
        សម្តេចជួបជុំក្រុមគ្រួសារ                           នូវភរិយានិងបុត្រហើយ
ក្តុកក្តួលរំជួលចិត្តឥតស្បើយ                ទប់មិនបានឡើយទឹកនេត្រា ។
        ស្រក់ស្រោកហូរមកមិនដឹងខ្លួន                 ព្រោះការជួបជួនពេលនេះណា
គ្រប់ប្រាណប្រៀបបាននឹងទេវតា ជប់ឲ្យសង្ខារស់ជាថ្មី  ។
        ជប់ឲ្យឪពុកបានជួបកូន                            ជប់ឲ្យប្រពន្ធបានជួបប្តី
ជប់ឲ្យជីវិតមានរស្មី                              ក្រោមពន្លឺថ្ងៃប្រាំពីរមករា  ។
        សម្តេច ហ៊ុន សែនលោកជំទាវ                 ក៏បានរស់នៅជួបជុំគ្នា
ដោយសុខដុមរម្យនា                           ដូចជនកម្ពុជាគ្រប់ៗរូប  ។  (ទំព័រទី ១០៤ )
       


       


       

        V Iវិភាគអត្ថរសរកតម្លៃរបស់រឿង
  តថរស
          គឺជាដំណើររឿងបានបង្ហាញពីតម្លៃជាក់ស្តែងដូចជា ៖
          - តថភាពទីកន្លែង ( ខេត្ត កំពង់ចាម  , ក្រុងភ្នំពេញ , វត្តនាគវ័ន , ប្រទេសវៀតណាម គុកនៅប្រទេសវៀតណាម ........ )-
          - ពិតក្នុងតួអង្គ ( សម្តេច ហ៊ុន សែន និង លោកជំទាវ ប៊ុនរ៉ានីហ៊ុន សែន ព្រះបាទនរោត្ត មសីហនុ , ឪពុកម្តាយសម្តេច , ប៉ុល ពត , លន់ នល់ ........ )
- ពិតពេលវេលា ( សិ្ថតនៅក្នុងការគ្រប់គ្រងរបស់ ព្រះបាទនរោត្តមសីហនុ
ក្នុងសម័យ សង្គមរាស្រ្តនិយម ក្រោយសេនាប្រមុខ លន់ នល់ ផ្តួលរំលំសម្តេសឪ ពីឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ ហើយបន្ទាប់មកទៀត ប៉ុល ពត និង សម្តេចឪ បានផ្តួលរំលំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាវិញ ប៉ុល ពត ក៏ក្បត់សម្តេចឪ ម្តង ហើយដាក់ឈ្មោះរបបខ្លួនថាកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩)។                                                                                                                       ·     កាព្យរស
        ជាតម្លៃ ដែលលេចចេញពីសម្ជស្សកាព្យ សូរសព្ទសំឡេង ពាក្យពេចន៏ចួនរណ្តំ  ល្គងល្គាយណែងណង ពីរោះជក់ចិត្តដិតអារម្មណ៏ ។ ដូចជាអត្ថបទនៃរឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៌មី  ” បានសរសេរឡើងជាអត្ថបទកាព្យពាក្យប្រាំពីរ បទព្រហ្មគីតិ បទកាកគតិ  ហើយឃ្លានីមួយៗនៃផ្ទៃរឿងទាំងមូលមានលក្ខណៈ ជួន ណ្តំ គ្នា ហើយមានភាពងាយយល់ណាស់ ដែលជាហេតុធ្វើឲ្យអ្នកអាន ក៏ដូចជាអ្នកស្តាប់មាន ការជក់ចិត្តដិតអារម្មណ៏ផងដែរ ។
  កុសលរស
        ក្នុងអត្ថបទរឿងនេះបានអប់រំយើងឲ្យឃើញ ពីតម្លៃនៃសេចក្តីស្នេហាជាតិដ៏ធំធេង របស់ សម្តេច ហ៊ុន សែន   ចំពោះព្រះមហាក្សត្រ    ចំពោះជាតិ   ចំពោះប្រជាជន   និង ចំពោះសាសនាជាដើម ។  អប់រំយុវជនយុវនារីជំនាន់ក្រោយឲ្យចេះមានឧត្តមគតិដូច សម្តេចឲ្យចេះ ស្រលាញ់ជាតិ   ស្រលាញ់   ប្រជាជន   ស្រលាញ់ទឹកដីដូចសម្តេច    ដែល ជាគំរូដ៏បវរ ក្នុងប្រវតិ្តសាស្រ្តខ្មែរ ។
          -  បំភ្លឺឲ្យឃើញនូវរបបសាធារណរដ្ឋប្រជាមានិកកម្ពុជា ដែលជារបបកុំម្មុយនីស ដឹកនាំ ដោយមេក្បត់ជាតិសេនាប្រមុខ លន់ លន់ ធ្វើបដិវត្តន៏ក្បត់ព្រះមហាក្សត្រ ដែលគាំទ្រដោយប្រទេសអាមេរិចកាំង ក្រោយមកទៀតទើបចូលដល់ សម័យកម្ពុជា ប្រជាធិបតេយ្យដែលដឹកនាំដោយ  ប៉ុល ពត ដែលជារបបមួយប្រកាន់យកនូវ    របបផ្តាច់ ការកាប់សំលាប់មនុស្សទាំងអយុត្តិធម៌ គ្មានមេត្តា ។ របបទាំងពីរនេះហើយ ជារបបក្បត់ ជាតិបន្ទាប់ពីរបបទាំងពីរ នេះបានលួចផ្តួលរំលំរបប សង្គមរាស្រ្តនិយមដែលដឹកនាំដោយ ព្រះមហាក្សត្រ  ប៉ុន្តែក្រោយមកដោយសេចក្តីស្នេហាជាតិ  ស្នេហាព្រះមហាក្សត្រ   មហា ពលីកម្មដ៏ធំធេងរបស់សម្តេច ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិត្រឡប់ មកជានាមានសេចក្តី សុខដូចសព្វថ្ងៃ  ។
          -  អប់រំដល់មនុស្សគ្រប់រូប មិនឲ្យមានចិត្តក្បត់ជាតិដូចសេនាប្រមុខ លន់ នល់ និង មេដឹកនាំ ប្រល័យពូជសាសន៍ ប៉ុល ពត ឲ្យងាកមកត្រឡប់ជាស្មោះស្ម័គ្រ មានចិត្តភក្តី ចំពោះជាតិ និង  ព្រះមហាក្សត្រ ដូចសម្តេច គឺ ៖
  អារម្មណ៏ឈឺចាប់                                សុខចិត្តប្តូរស្លាប់
មិននៅព្រងើយ                                   ខឹងនឹងពួកក្បត់
មិនអត់ទ្រាំឡើយ                                 ទោះស្លាប់ក៏ដោយ
ដើម្បីព្រះអង្គ ។ (ទំព័រទី ២៥ )  
  ទារុណរស
        គឺអ្នកនិពន្ធបង្ហាញពីទារុណភាពយ៉ាងឃោរឃៅ ដែលអ្នកកាន់អំណាចនៅសម័យ សាធារណរដ្ឋប្រជានមានិកម្ពុជា និង សម័យកម្ពុជាប្រជាធិបតេយ្យបានប្រើអំណាចគាប សង្កត់   អ្នកតូចតាច  និងធ្វើទារុណកម្មកាប់សំលាប់ខ្មែរគ្នាឯងយ៉ាងព្រៃផ្សៃដូច ​ សម័យ កម្ពុជាប្រជាធិប តេយ្យ ក្រោមការដឹកនាំរបស់ ប៉ុល ពត ខ្មែរជាច្រើនរងនូវទណ្ឌកម្ម និងការកាប់សម្លាប់ផ្តាច់ផ្តឹល ជីវិតងាប់រង្គាល ការរស់នៅរបស់ខ្មែរម្នាក់ៗស្គាល់តែទុក្ខ ពុំដែលស្គាល់អ្វីដែលជាសុភមង្គលជីវិត ឡើយ ។ ការដឹកនាំរបស់ ប៉ុល ពត ធ្វើឲ្យប៉ះពាល់ ទៅដល់មនុស្សជាច្រើននាក់ដែលគ្មានកំហុល ត្រូវស្លាប់និងរស់នៅយ៉ាងវេទនា ។
  កំសត់រស
        គឺបានបង្ហាញពីភាពកំសត់របស់តួអង្គ ដែលបានបង្ហាញពីការព្រាត់ប្រាស់នៅក្នុង សាច់រឿងនេះ ។
          ឧទាហរណ៍  ដូចជាការព្រាត់ប្រាស់ កូនជាទីស្រលាញ់ជារៀងរហូត ត្រង់ឃ្លាមួយ ដែលបាន លើកឡើងថា ៖
        អ្នកម្តាយសែនសោកសៅ ការបាត់នូវកូនសំលាញ់
ក្នុងទ្រូងគឺពោរពេញ                  កី្តអាណោចខ្លោចផ្សាណាស់ ។
        នេះសោកនាដកម្ម                    លោកចងចាំប្រាកដច្បាស់
ក្នុងប្រវត្តិសាស្រ្ត                        មិនអាចឲ្យបំភ្លេចបាន ។
        ក្រោយមកទើបស្វាមី                 បានទៅដល់មន្ទីរស្ថាន
យល់នូវបុត្រកល្យាណ               បានលាចាកលោកទៅហើយ ។ (ទំព័រទី៦០)
  វីររស
        គឺជាការបង្ហាញអំពីភាពអង់អាចក្លាហានរបស់តួអង្គ  ។
          ឧទាហរណ៍   នៅក្នុងឃ្លានៃអត្ថបទរឿង បានលើកពីវីរភាពតស៊ូដ៏អង់អាចក្លាហាន របស់ សម្តេចថា ៖
        វីរភាពតស៊ូ                                បានក្លាយជាគ្រូ
កងទ័ពក្នុងព្រៃ                           បង្រៀនអក្សរ
ហើយនិងទ្រឹស្តី                          បុព្វហេតុដើម្បី
រួមសាងកម្លាំង  ។
        យុវជនរូបនេះ                           ជំនាញពិសេស
ផ្នែកខាងចម្បាំង                        គ្រប់សមរភូមិ
គឺជាជើងខ្លាំង                            ធ្វើឲ្យពួកខ្មាំង
ពិបាកតដៃ  ។  (ទំព័រទី ២៧ )
  ប្រលោមរស
          តម្លៃនៃរឿងលេចឡើងពីភាពប៉ិនប្រសប់របស់អ្នកនិពន្ធក្នុងការតែងនិពន្ធជា ពាក្យកាព្យ យ៉ាងពីរោះរណ្តំ អណ្តែកអណ្តូង ប្រកបដោយភាពរស់រវើក ដែលជាហេតុធ្វើ ឲ្យ អ្នកអានជក់ចិត្ត ដិតអារម្មណ៏ ។
  ទស្សនីយរស
        គឺជាតម្លៃដែលលេចចេញមកអំពីការបង្ហាញទស្សនីយភាព ដែលធ្វើឲ្យសាច់រឿង កាន់តែ ពីរោះក្បោះក្បាយតាមរយៈការរៀបរាប់ពីទេសភាព ធម្មជាតិ ព្រៃព្រឹក្សា មច្ឆា បក្សាបក្សី ប្រកបទៅដោយចុងចួនសូរសព្ទសំឡេងរណ្តំគ្នា ដើម្បីបង្កើតជាបរិយាកាស មួយដែលហៅថា សិល្ប៍បរិយាកាស ។
          ឧទាហរណ៍  នៅក្នុងឃ្លាដែលបញ្ជាក់ពីទស្សនីយភាពថា ៖
        គយគន់មើលផ្ទៃទឹក                  រលកញឹកប្រដេញជាប់
បោកបាចសាចមកផ្ទប់              ជួយបន្លប់ចិត្តកុមារ  ។
        ទូកបើកមិនឈប់ឈរ                តាមលំហផ្ទៃគង្គា
ឃើញស្រុកភូមិនានា                 ហាក់ដូចជាចាំស្វាគមន៏  ។
        រុក្ខជាតិដងទន្លេ                         ស្រស់ម្ល៉េះទេដើមតូចធំ
គួរឲ្យកើតមនោរម្យ          តែរូបខ្ញុំមិនសប្បាយ  ។  ( ទំព័រទី ១៤ )




សេចក្តីសន្និដ្ឋាន
          ក្រោយពីបានធ្វើការសិក្សាស្នាដៃរឿងរួចមក យើងអាចទាញសេចក្តីសន្និដ្ឋានបាន ថា រឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី  ”  គឺជាអក្សរសិល្ប៍ សម័យទំនើបមួយ ដែលល្អទាំងផ្នែក អត្ថន័យ អត្ថរូប និង អត្ថរសថែមទៀត ។ រឿងនេះបានផ្តល់គតិល្អៗ សម្រាប់អប់រំមនុស្សទូទៅនៅ   ក្នុងសង្គមឲ្យចេះតស៊ូចំពោះបញ្ហានៃជីវិត   ស្រលាញ់   ការ សិក្សារៀនសូត្រ គោរពព្រះមហាក្សត្រ ស្នេហាប្រទេសជាតិ ស្រលាញ់ប្រជាជន ស្រលាញ់ ទឹកដី និង អប់រំមនុស្សឲ្យមានចិត្តទៀងត្រង់ ស្គាល់គុណ និង ទោស ល្អ និង  អាក្រក់  បុណ្យ និង បាប  ។
          ម្យ៉ាងវិញទៀត រឿងនេះផងដែរ អប់រំមនុស្សឲ្យស្គាល់បាតដៃខ្នងដៃ គឺអប់រំប្រវត្តិពី អតីត កាលដែលជាខ្នងដៃ និង អប់រំមនុស្សឲ្យស្គាល់បច្ចុប្បន្នភាពដែលជាបាត សម្រាប់ យើងទាំងអស់គ្នា ពិចារណាស្គាល់ខុសស្គាល់ត្រូវ ក្នុងនាមយើងទាំងអស់គ្នាជាមនុស្ស សម័យថ្មី ។
          ជាការពិតណាស់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលនិយាយពី ដំណើរជីវិត របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានតម្លៃពិសេសបី ដូចខាងក្រោម ៖
        និយាយខែ្សជីវិតរបស់សម្តេចដែលជាកូនកសិករក្រីក្រ មកជានាយករដ្ឋមន្រ្តី ដែលប្រៀប បានទៅនឹងព្រះចន្ទពេញបូណ៌មី ។
        បង្ហាញពីសមត្ថភាព និង ទេពកោសល្យដ៏មហិមារបស់សម្តេចក្នុងការដឹកនាំ ប្រទេសជាតិពីចំនុចសូន្យ រហូតមានបានដូចសព្វថ្ងៃជាទទ្បី្ហការណ៏ ។
        បង្ហាញពីការផ្តល់កំណើតទីពីរ ឲ្យមនុស្សទូទៅនៅក្នុងសង្គមមានជីវិតសារជាថ្មី តាមការសង្រ្គោះជាតិរបស់សម្តេចនៅ ថ្ងៃទី ០៧  មករា  ១៩៧៩ ។
          ឆ្លងតាមការអប់រំនៃរឿង និង តម្លៃពិសេសទាំងបីនៃរឿងនាំឲ្យយើងអាចព្យាករណ៏ បានថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី គឺជារឿងមានសារៈប្រយោជន៍ ណាស់សម្រាប់មនុស្ស ជំនាន់ក្រោយ សិក្សារៀនសូត្រនិងយកគំរូតាមសម្តេច ព្រោះ សម្តេចជាកុលបុត្រដ៏ ឆ្នើមក្នុងប្រវត្តិ សាស្រ្ត កម្ពុជាដែលយើងជាកូនខ្មែរត្រូវតែ ត្រងត្រាប់ ចាប់យកនូវបទពិសោធល្អៗ របស់សម្តេច ដើម្បីឲ្យសង្គមយើងសម្បូរធនធានមនុស្សពិតៗ ដូចសម្តេច សម្រាប់កសាងប្រទេសជាតិឲ្យមាន គុណភាព ល្អជានិរន្ត ។
          សរុបសេចក្តីមក រឿងនេះជារឿងដ៏ល្អប្រណិតមួយក្នុងចំណោម អក្សរសិល្ប៍ ទំនើប សម័យ ថ្មី ព្រោះរឿងនេះជាឃ្លាំងដែលផ្ទុកមេរៀនជីវិត     ជាច្រើនទុកឲ្យកូនចៅខ្មែរជំនាន់      ក្រោយសិក្សាពិចារណារកខុសត្រូវ ដើម្បីរៀបចំជីវិត និង សង្គមឲ្យមានភាពល្អប្រសើរ ។
          ដូច្នេះក្នុងនាមយើងខ្ញុំជាយុវជន យុវតី សូមកោតសរសើរចំពោះជីវិតដ៏ថ្លៃថ្លារបស់ សម្តេច ដែលជាគំរូដ៏ប្រពៃសម្រាប់កូនខ្មែរឲ្យរៀនសូត្រតាម ដើម្បីជីវិតទៅថ្ងៃក្រោយបាន ជោគជ័យ និង ដើម្បីជាកម្លាំងចលករដ៏សំខាន់សម្រាប់ អភិវឌ្ឍន៏ប្រទេសជាតិឲ្យរីកចំរើន ។




                            









កំណាព្យ              " គុណទាំងបីរបស់សម្តេច ហ៊ុន សែន ”

បទព្រហ្មគីតិ

        កូនខ្មែរអ្នកសិក្សា                      ជាតិខេមរាទាំងប្រុសស្រី
ឲ្យយល់គុណទាំងបី          ដ៏ប្រពៃនៃសម្តេច   ។
        គុណមួយសង្រ្គោះជាតិ              ឈប់មានទៀតបានសូរេច
សង្រ្គាមដែលស៊ីសាច់                 ខ្មែរបានដាច់លែងកើតវិញ  ។
        គុណពីរជួយជីវិត                      ដល់ខ្មែរពិតស្រោចស្រង់ចេញ
ក្តីស្លាប់ទុក្ខទោលម្នេញ               បានរស់វិញលើកទីពីរ  ។
        កូនខ្មែរត្រូវតែចាំ                       ថ្ងៃទីប្រាំបូកនិងពីរ (ថ្ងៃទី ០៧)
មករាខែសំភី                             ជួយជីវីកើតជាថ្មី  ។
        គុណបីកសាងជាតិ                    ខំខ្មីខ្មៀតឥតសំចៃ
មិនថាយប់ ឬ ថ្ងៃ                      អស់ហប្ញទ័យខំធ្វើការ  ។
        តាំងតែជាតិនៅសូន្យ                 ឳ! បងប្អូនជាតិខេមរា
ឥឡូវរីកដុះដាល                        បានផ្លែផ្កាដូចសព្វថ្ងៃ  ។
        រៀបរាប់យ៉ខ្លីខ្លី                           គុណទាំងបីដ៏ក្រាសក្រៃ 
បើខុសអក្សរី                   ឬអត្ថន័យដូចម្តេចម្តា  ។
        សូមសម្តេចសណ្តោះ                 ខ្ញុំផងចុះគ្មានចេតនា
គ្រាន់ចង់ប្រាប់ខេមរា                  ពីគុណានៃលោកទេ  ។
        រឿងរ៉ាវគុណទាំងបី          សូមចប់ខ្លីន័យល្អទ្វេ
តាក់តែងថ្លែងទុកកេរ       ពីគុណេចប់ម្ល៉េះហោង  ។
                   (កំណាព្យនេះនិពន្ធដោយ ក្រុមអក្សរសាស្រ្តខែ្មរជំនាន់ទី១៥)


ឯកសារពិគ្រោះ
        ១. កម្រងកំណាព្យកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី, កែវ ចន្ថា, ២០០៧, ពន្លឺ សុវណ្ណ, ១ ដល់ ១០៩ ។
          ២. ១៣ ទសវត្សនែដំណើរកម្ពុជា, ហ៊ុន  សែន , ភ្នំពេញ ទី ៧ មករា ១៩៩១, ការផ្សាយរបស់ការសែតប្រជាជន ។
          ៣. ស្នាដៃសម្តេច ១០ ឆ្នាំនែដំណើរកម្ពុជា, ហ៊ុន សែន , បោះពុម្ពក្នុងឪកាសខួប ទី១០ទិវាបុណ្យជាតិ ៧ មករា ។
          ៤. តើប៉ុល ពត ឡើងកាន់អំណាចរៀបណា?, បែន គៀរណេន ។
          ៥. ប្រវតិសាស្រ្តានែប្រទេសកម្ពុជា, យ យ បីហេយ៉ែវ ។
          ៦. ពីជ័យជំនះឆ្ពៅទៅការបំផ្លាញខ្លួនឯង កងពលខែ្មរក្រហមលេខ៧០៣,
 ហ៊ុន សែន, មជ្ឈមណ្ឌលឯកសារកម្ពុជា ។
          ៧. កម្រងឯកសារសំខាន់ៗស្តីពីប្រទេសកម្ពុជា, ហ៊ិន ស៊ីថន( អតីតសាស្រ្តាចារ្យ មធ្យមសិក្សាបឋមភូមិ វិទ្យាល័យ ណេតយ៉ង់ បាត់ដំបង,៨ តុលា ១៩៨៦, ក្រុងស៊ីអាថិល
          ៨.សែ្វងយល់ពីរដ្ឋាភិបាលកម្ពុជានីមួយៗក្នុងរយៈពេល៦ទសវត្សចុងក្រោយ, ពុយ គា ( អនុបណ្ឌិតវិទ្យាល័យ ), ឧសភា ២០០៦, រោងពុម្ព ពន្លឺខែ្មរ, ( រដ្ឋាភិបាលកម្ពុជា នានាពីឆ្នាំ ១៩៤៥ – ២០០៥ ) ។
          ៩. របប ប៉ុល ពត ( ពូជសាសន៍ អំណាច អំពើប្រល័យពូជសាសន៍ )ភាគ១និង, ភាគ២ ,ប៊ែន ឃៀរនិន, ប្រែសម្រួល ឡាយ ពុទ្ធារ៉ា, មជ្ឈមណ្ឌលឯកសារកម្ពុជា ។
          ១០. រដ្ឋប្រហារទម្លាក់ លោក លន់ នល់, ឆំាង សុង ។
          ១១. ១០ឆ្នាំនែដំណើរកម្ពុជា, ហ៊ុន សែន , ១៩៧៩- ១៩៨៩, បោះពុម្ពលើកទី២។
          ១២. ប្រវត្តិឈ្មោះភូមិ ក្នុងឃុំ ក្នុងស្រុកនៅក្នុងខេត្តកំពង់ចាម ,ភាគ១ , បោះពុម្ភ, ព.ស ២៥៥១ គ.ស ២០០៧,លី សុវីរ ( អតីតសាស្រ្តាចារ្យមធ្យមសិក្សា) Tel ០១៦ ៨៦២ ៩២៣ ។
          ១៣.សារណាក្រោមប្រធានបទ(ប្រលោមលោកបែបប្រវត្តិសាស្រ្តខ្មែរនៅសម័យ
សង្គមរាស្រ្តនិយម) ,ដឹកនាំដោយ បណ្ឌិត ស៊ុំ ឈុំប៊ុន, និស្សិត កាង ក្យុងហ៊ី , បណ្ឌិត សោម សុមុនី, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៤ , ថ្ងៃទី១៥ កុម្ភៈ ២០០៦
          ១៤. ជីវប្រវត្តិសង្ខេប និង បុព្វហេតុជាតិកម្ពុជា, ប៉ែន សុវណ្ណ និង នង សាវុន, បោះពុម្ពលើកទី១ នៅក្រុងស៊ីអាថុល រដ្ឋវ៉ាស៊ីនតោន. USA, រោងពុម្ពចក្ខុវិស័យខ្មែរ ។
          ១៥. ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា, HUN SEN Strongmen of Cambodia, HARISH C.MEHTA. JULIE B. MEHTA បកប្រែដោយ កែ សឿន,ជួន នឿន, សីហា ១៩៩៩ ។

          ១៦. វចនានុក្រមខ្មែរ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៧, ភាគ១, ភាគ២ ។

0 comments:

Post a Comment