ជំពូក ៣
អត្ថរូប
និងអត្ថរស
១. អត្ថរូប
១.១. បច្ចេករូប
ក. ភេទរូប
រឿងទុគ៌តជន គឺជាអក្សរសិល្ប៍បារាំង ដែលបានបកប្រែជាច្រើនភាសាលើពិភពលោក ។ រឿងនេះដែរ គឺជាស្នាដៃបែបប្រលោមលោក ដែលបកប្រែពីអត្ថបទដើមជាភាសាបារាំងទៅជាភាសាអង់គ្លេស។
ខ. និទានរូប
អត្ថបទរឿងនេះសរសេរជាភាសាអង់គ្លេស(ពាក្យរាយ) និងចែកចេញជា ១៥វគ្គ ៖
+
វគ្គទី១ Jean Valjean
+ វគ្គទី២ Fantine
+
វគ្គទី៣ Monsieur Madeleine
+ វគ្គទី៤ The Man in the Long Yellow Coat
+ វគ្គទី៥ Valjean and Cosette
+ វគ្គទី៦
Marius
+ វគ្គទី៧
The
Jondrette
+ វគ្គទី៨
Marius
and Cosette
+ វគ្គទី៩
Monsieur Gillenormand
+ វគ្គទី១០
The
Barricade
+ វគ្គទី១១
The
Letter
+ វគ្គទី១២
Fight
to the Death
+ វគ្គទី១៣
The
Sewers of Paris
+ វគ្គទី១៤ The
Wedding
+ វគ្គទី១៥
The
Truth at Last
គ. បច្ច័យរូប
អ្នកនិពន្ធបានសរសេររឿងនេះទាក់ទងទៅនឹង ៖
-
ផ្នែកវប្បធម៌ ៖
បង្ហាញឲ្យឃើញព្រឹត្តិការណ៍នានា ទីតាំងភូមិសាស្ត្រក្នុងប្រទេសបារាំង
ជាពិសេសផ្លូវមួយចំនួននៅទីក្រុងប៉ារីស។
ទស្សនៈនៃការអប់រំរបស់ពួកគហបតី រួមទាំងការគោរពសាសនារបស់ប្រជាជនបារាំង។
‑
ផ្នែកសង្គមធម៌ ៖ ប្រជាជននាសម័យនោះប្រើរទេះសេះជាមធ្យោបាយក្នុងការធ្វើដំណើរ
ហើយប្រជាជនអាចផ្លាស់ទីចេញទៅប្រកបរបររកស៊ីនៅទីប្រជុំជននានាបាន។ ប្រជាជនភាគច្រើន
ជាកម្មកររោងចក្រឧស្សាហកម្ម។
នៅតំបន់ក្រៅក្រុងមានការពិបាករស់នៅដោយខ្វះខាតទឹកប្រើ ប្រាស់។
ប្រទេសជួបប្រទះនូវវិបត្តិសង្គមជាញឹកញាប់ទាំងក្នុង និងក្រៅប្រទេស។
១.២. បការរូប
ក. វចនរូប
រឿងនេះជាអត្ថបទបកប្រែពីភាសាបារាំងទៅភាសាអង់គ្លេស។
ខ. រចនារូប
ខ.១. អារម្ភវិធី
ជាវិធីដែលអ្នកនិពន្ធប្រើក្នុងការផ្តើមរឿង ។
ដូចយើងដឹងស្រាប់ហើយថា
ប្រលោមលោកបែបទំនើប អ្នកនិពន្ធផ្តើមរឿងដោយសេរីហេតុនេះ នៅក្នុងរឿងទុគ៌តជន ក៏ដូចគ្នា
គឺអ្នកនិពន្ធធ្វើការផ្តើមរឿងរបស់លោកដោយរៀបរាប់ពីភិនភាគបុរសម្នាក់
ដែលមានរូបរាងមិនសមរម្យ ហើយមនុស្សម្នាគ្រប់គ្នាមានការខ្លាចរអារទៀតផង ។
តាមពិតបុរសម្នាក់នោះគឺ Jean Valjean ផ្ទាល់តែម្តង ។ បន្ទាប់ពីនេះ អ្នកនិពន្ធចាប់បន្តដោយសកម្មភាពរបស់ជននេះ
និងមានការរំឭករឿងដើមខ្លះ រួចបន្តសាច់រឿងរហូតចប់ ។
ខ.២. ពិពណ៌នាវិធី
អ្នកនិពន្ធបានធ្វើការពិពណ៌នារៀបរាប់ពីធម្មជាតិ
ឬសកម្មភាពតួអង្គ ។
នៅក្នុងរឿងនេះអ្នកនិពន្ធបានពណ៌នាយ៉ាងច្រើនដូចជា
ប្រវត្តិរឿងរបស់ Jean Valjean
និងសកម្មភាពលួចនំបុ័ង ។ អ្នកនិពន្ធក៏បានរៀបរាប់ពីដំណើរដ៏វែងឆ្ងាយរបស់តួអង្គឯករូបនេះពេលចេញពីពន្ធនាគារ ។ ការពណ៌នាពីសកម្មភាពរបស់ Jean Valjean ដែលស្ថិតក្នុងភាពទុគ៌តនៅក្រុង Digne មុនពេលគាត់បានជួបលោកសង្ឃកាតូលិក Myriel ហើយពេលទៅដល់ផ្ទះជួលត្រូវគេបណ្តេញចេញ ។
ការពណ៌នាពីភាពឯការបស់
Cosette ដែលត្រូវគ្រួសារ Thénadier ធ្វើបាប ។ ការពណ៌នាពីការងារដ៏ធ្ងន់ធ្ងររបស់
Fantine ក្រោយពីគេបានបណ្តេញនាងចេញពី រោងចក្រ ដែលនាងធ្វើការច្រើន តែទទួលបានប្រាក់ខែតិចតួចមិនសមនឹងកម្លាំងពលកម្ម ។ លោក Victor Higo
ក៏បានពណ៌នាផងដែរពីជីវិតក្មេងអនាថា
Gavroche និងស្នេហាអណ្តែតអណ្តូងរវាង Marius និង Cosette ។ ការពណ៌នា ដែលធ្វើឲ្យអ្នកអានរឹតតែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គឺទិដ្ឋភាពដែល Jean Valjean ដេកឈឺតែម្នាក់ឯង និងពាក្យបណ្តាំចុងក្រោយប្រាប់ទៅកូនប្រុសស្រីគឺ Marius និង Cosette
។
ខ.៣. វឌ្ឍមានវិធី
គឺជាវិធីដែលអ្នកនិពន្ធតុបតែងឡើង
ដើម្បីផ្តល់នូវការរីកចម្រើនបន្តិចម្តងៗនៃរឿង(សកម្ម
ឧទាហរណ៍
នៅពេលដែល Fantine ឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ពេលនោះគឺនាងចង់ជួបមុខ
Cosette
ដែលជាកូនស្រីនាងជាខ្លាំង ប៉ុន្តែបំណងរបស់នាងមិនបានសម្រេចឡើយ ធ្វើឲ្យនាងស្លាប់ទៅទាំងសោកស្តាយ។
“ ភ្លាមៗនោះ នាងបានបើកភ្នែក
ហើយឃើញលោក Madeleine នាងក៏
បានសួរទៅលោកដោយស្នាមញញឹមយ៉ាងស្រទន់ថាៈ
- ចុះឯណា Cosette ? លោក Madelein ក៏បាននិយាយតបមកវិញដោយទន់ភ្លន់ថាៈ
- ចាំពេលក្រោយ។ ”
( Suddenly, she opened her eyes and saw M. Madeleine.
- 'Cosette'? She asked,
with a soft smile
- 'Later' M.Madeleine
said gently, taking her hand. ) ទំព័រ
២០
លុះក្រោយមក Fantine ក៏បានស្លាប់ទៅដោយមិនបានជួបមុខកូនស្រីរបស់នាងឡើយ ។
Jean Valjean
បានចាប់ដៃលោក Javert រួចរត់សំដៅទៅរកគ្រែ ។ គាត់បានសំឡឹងមើលទៅភ្នែករបស់ Fantine រំពេចនោះគាត់ក៏បានដឹងភ្លាមដែរថា
នាងបានស្លាប់បាត់ទៅហើយ ។
( Jean Valjean “as we must now call him” shook Javert's
hand from his collar and ran to the bed. He gazed into Fantine's eyes and knew
immediately that she was dead. ) ទំព័រ ២១
ខ.៤. សន្ទេហវិធី
គឺជាវិធីដែលអ្នកនិពន្ធប្រើសម្រាប់ធ្វើឲ្យអ្នកអានចង់ដឹងហើយ
ចង់ដឹងទៀតអំពីរឿងណា មួយដោយគេបែងចែករឿងជាខណៈផ្សេងៗគ្នា១៨ ។
ឧទាហរណ៍
-
តើ Jean
Valjean មានជីវភាពរស់នៅយ៉ាងដូចម្តេចបន្ទាប់ពីចេញពីគុក ?
-
តើ Jean
Valjean អាចជួយ Cosette ដោយយកនាងចេញពីផ្ទះ Thénardier តាមវិធី ណា ?
-
តើ Marius អាចជួប Cosette ទៀតទេបន្ទាប់ពីនាង និងឪពុកនាងចាកចេញពីទីក្រុងប៉ារីស ?
-
តើ Marius អាចស្វែងរកអ្នកដែលបានជួយសង្រ្គោះឪពុករបស់ខ្លួនឃើញដែរឬទេ ?
- តើ Marius និងនាង Cosette អាចរៀបការបានគ្នាជាប្តីប្រពន្ធដែរឬទេ ?
- តើចុងបញ្ចប់ជីវិតរបស់
Jean Valjean ទៅជាយ៉ាងណា ?
ខ.៥. សំវាទវិធី
គឺជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គចាប់ពីពីរនាក់ឡើងទៅមានការសន្ទនា
និយាយសារសងគ្នារវាងបញ្ហាអ្វីមួយឬអំពីវិបត្តិទំនាស់ឈ្លោះទាស់ទែងគ្នាដោយពាក្យសម្តី១៩ ។
“អ្នកស្រី Thénardier បាននិយាយទាំងខឹងច្រឡោតនៅពេលដែលឃើញនាងតូចថាៈ
-
តើឯងទៅយកអ្វីបានជាយូរម៉្លេះ?
នាងតូច Cosette បាននិយាយឆ្លើយតបទាំងភ័យខ្លាចថាៈ
-
លោកពូម្នាក់នេះចង់បានបន្ទប់ស្នាក់នៅមួយសម្រាប់យប់នេះ។ ”
អ្នកស្រី Thénardier បានសម្លក់សម្លឹងមើលទៅបុរសចំណាស់នោះដោយគ្មានចំណាប់អារម្មណ៍អ្វីឡើយ ព្រោះយល់ថាបុរសនោះប្រហែលជាគ្មានលុយទេ
ហើយគាត់បាននិយាយថាៈ
“-
ខ្ញុំសូមទោស បន្ទប់ស្នាក់នៅពេញអស់ទៅហើយណាលោក។
បុរសចំណាស់នោះក៏បាននិយាយតបវិញថាៈ
ខ្ញុំអាចចំណាយប្រាក់សម្រាប់ថ្លៃបន្ទប់បានណាអ្នកស្រី។
”
(What took you so
long?" Thennadier said angrily when she saw the little girl
This gentleman want a
room for a night", Cosette said, trembling with fear, expecting to be
beating.
Mme Thenadier glanced
at the old man without interest. She could tell from his clothes that he
probably had no money.
"I'm sorry, that
rooms are full, "She said.
“I can pay the price of
a room,”The old man said ) ទំព័រ ២៤
ខ.៦. ឯកវាទវិធី
គឺជាវិធីដែលធ្វើឲ្យតួអង្គមួយរូបដែលទទួលរងទុក្ខទោសក្តី
មានការឈឺចាប់ទុក្ខព្រួយក្តី ឬកើតមានវិប្បដិសារីអំពីរឿងអ្វីមួយដោយមានការនិយាយរំឭកអំពីហេតុភេទ
ឬរឿងរបស់ខ្លួនតែម្នាក់ឯង ២០។
ឧទាហរណ៍
នៅពេលដែល Fantine បាត់បង់ការងារធ្វើ នាងក៏គ្មានប្រាក់ផ្ញើទៅឲ្យគ្រួសារ Thénardier
ដើម្បីជួយផ្គត់ផ្គង់ដល់ Cosette ជាកូនស្រីរបស់នាង ខណៈពេលនោះដែរ Thénardier បានសរសេរសំបុត្រផ្ញើទៅជំរិតទារលុយពី Fantine ដោយយកលេសថាត្រូវការលុយជាចាំបាច់ ដើម្បីទិញសម្លៀកបំពាក់ និងថ្នាំពេទ្យឲ្យ Cosette ។ ពេលនោះនាងពិបាកចិត្តខ្លាំងណាស់ ហើយក៏សម្រេចចិត្ត កាត់សក់
និងដកធ្មេញរបស់នាងលក់ដើម្បីយកប្រាក់ផ្ញើទៅឲ្យ Thénardier ។
“នាងគិតសញ្ជឹងម្នាក់ឯងថា៖
សក់ខ្ញុំនឹងដុះលូតលាស់សារជាថ្មីម្តងទៀត ប៉ុន្តែធ្មេញខ្ញុំត្រូវបាត់បង់ជារៀងរហូត។ ”
(My hair will grow again," she thought
"but teeth would be gone forever.) ទំព័រ១៤
“នាងនិយាយប្រាប់ខ្លួនឯងថា ៖ ខ្ញុំសប្បាយចិត្តណាស់។ កូនខ្ញុំនឹងមិនស្លាប់ឡើយ។ ”
(I'm so happy, She told herself.
My baby isn't going to
die.) ទំព័រ១៤
ខ.៧. វណ្ណនាវិធី
អ្នកនិពន្ធបាននិយាយរៀបរាប់អំពីទំនាក់ទំនងគ្នានៅក្នុងគ្រួសាររបស់ Marius ថា ៖
Georges Pontmercy បានរៀបការ ហើយមានកូនប្រុសម្នាក់ឈ្មោះ Marius ។ គាត់បានរស់នៅឯ
The Battle
of waterloo ប៉ុន្តែសំណាងមិនល្អនៅឆ្នាំដដែលនោះ ប្រពន្ធរបស់គាត់បានស្លាប់ ។ ឪពុកក្មេក គាត់គឺលោក Gillenormand គឺជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែឪពុកក្មេក និងកូនប្រសារទាំងពីរ គឺស្អប់គ្នាទៅវិញទៅមក ។
(Georges Pontmercy was
married with a young girl. He survived the Battle of Waterllo but
unfortunately, in the same year, his wife died. His father-in-law, M.
Gillenormand, was a very wealthy man, but the two men hated each other.) ទំព័រ៦៧
ខ.៨. ការបង្ហាញតួអង្គ
អ្នកនិពន្ធបានប្រើប្រាស់នូវវិធីច្រើនយ៉ាងក្នុងការបង្ហាញតួអង្គនៅក្នុងរឿងដូចជា៖
+ ការបង្ហាញតួអង្គតាមរយៈអ្នកនិពន្ធ
‑ អ្នកនិពន្ធបានចាប់ផ្តើមនិទានរឿងដោយការពិពណ៌នាតួអង្គ Jean Valjean ដែលជាតួអង្គដ៏សំខាន់នៅក្នុងនេះ។
“នៅវេលាល្ងាចមួយ ក្នុងខែតុលា ឆ្នាំ១៨១៥
រយៈពេលមួយម៉ោង មុនពេលព្រះអាទិត្យ
អស្តង្គតបុរសម្នាក់ ដែលមានពុកចង្កាវែង និងពោរពេញដោយធូលី ជាមួយនឹងសំលៀកបំពាក់រហែកដើរសំដៅទៅទីក្រុង Digne ។ គាត់ស្ថិតក្នុងវ័យប្រហែលជា៤០ឆ្នាំប្លាយ មានកម្ពស់ល្មម មានស្មាទូលាយ
និងមាំមួន។ គាត់ពាក់មួកស្បែកសត្វ បាំងមុខពាក់កណ្តាល ដែលសម្បូរដោយញើស ។ គាត់ពាក់អាវពណ៌ក្រហមលាយលឿង
និងចំហឡេវបង្ហាញឲ្យឃើញដើមទ្រូងសុទ្ធតែឈាម ។
នៅខាងក្រោយខ្នងគាត់មានសាក់កាដូទាហាន
ហើយក្នុងដៃគាត់មានឈើច្រត់ធំមួយ ។ ”
(One evening in the
October 1815, an hour before sunset, a man with a long beard and dusty, torn
clothes walked into the town of Digne .
He was in late forties, of medium height, broad shouldered and strong. A
leather cap half-hid his face, with was sunburn and sunning with sweat his
rough Yellow shirt was unbuttoned, revealing a hairy chest. On his back was a
heavy soldier's bag, and in his hand was a large wooden stick.)
ទំព័រ១
‑ អ្នកនិពន្ធក៏បង្ហាញពីតួអង្គមួយចំនួនទៀតដូចជា ៖
“មានបុរសម្នាក់ដែលមិនចូលចិត្តលោក Madeleine ។ ឈ្មោះរបស់គាត់ គឺលោកអធិការ Javert ។ ”
(There was one man
however who did not like M. Madeleine. This was the chief of police, Inspector
Javert) ទំព័រ១៥
“Marius គឺជាបុរសសង្ហា
វ័យក្មេង ហើយមានភាពខ្មាសអៀនច្រើន ។ នៅពេលដែលនារីៗមើលមុខ ហើយញញឹមដាក់គាត់ គាត់បែរជាគិតថាពួកនាងសើចចំអកឲ្យគាត់ដែលមាន សម្លៀកបំពាក់ចាស់ៗ ។ ”
(Marius was a handsome
young man, but he was also extremely shy. When girls looked at him and smile,
he thought they were laughing at his old clothes.)
ទំព័រ៣៣
“លោក Gillenormand គឺជាជីតារបស់ Marius គាត់មានអាយុរ៩០ឆ្នាំ ។ គាត់មិនសូវសប្បាយចិត្តជាមួយរឿងជាច្រើនដូចជាអំពីការបាក់ធ្មេញរបស់គាត់
អំពីស្ថានភាពនយោបាយ ជា ពិសេស គឺគាត់ខានឃើញចៅប្រុសគាត់រយៈ៤ឆ្នាំហើយ គឺតាំងពីមានជម្លោះគ្នានឹងគ្នាដ៏ធំមួយ ។ ”
(M. Gillenormand,
Marius's grandfather, was now ninety years old. He was unhappy about many
things- about losing his teeth, about the political situation but, must of all
the face that he had not seen his grandson for four years, since their big
quarrel.) ទំព័រ៥៨
+
ការបង្ហាញតួអង្គតាមរយៈតួអង្គផ្សេងទៀត
‑ Fantine បានណែនាំកូនស្រីខ្លួនឲ្យអ្នកស្រី
Thénardier បានស្គាល់ ។
“អ្នកស្រី Thénardier
បានសួរថា ៖
តើនាងតូចកូនអ្នកស្រីឈ្មោះអ្វី ?
ហ្វង់ទីនបានឆ្លើយថា ៖
នាងឈ្មោះ
Euphrasie
ប៉ុន្តែខ្ញុំហៅនាងថា Cosettle
នាងមានវ័យជិត៣ឆ្នាំហើយ។”
(- What's your little girl
name?" Mme Thenadier asked.
“Euphrasie”– but I call
her Cosette. She's nearly three) ទំព័រ១១
‑
Georges
Pontmercy បានណែនាំប្រាប់កូនគាត់ ឲ្យស្គាល់ Thénardier តាមរយៈសំបុត្រមួយច្បាប់របស់គាត់ ៖
“សំបុត្រសម្រាប់កូនប្រុសខ្ញុំ ។
ជីវិតប៉ាត្រូវបានជួយសង្រ្គោះដោយពលបាលត្រីម្នាក់ ។ គាត់ មានឈ្មោះថា Thénardier ។ ប៉ាជឿថានៅពេលថ្មីៗនេះ គាត់រៀបចំបើកផ្ទះសំណាក់តូចមួយនៅក្នុងភូមិមួយនៃ Montfermeil
ដែលមិនឆ្ងាយប៉ុន្មានពីប៉ារីស ។ ”
(For my son. My life was
saved at Waterloo
by the sergeant. His name was
Thénadier. I
believe that the recently managed a small inn in the Montfermeil, not far from Paris .) ទំព័រ៣២‑៣៣
+
ការបង្ហាញតួអង្គតាមរយៈតួអង្គខ្លួនឯងផ្ទាល់
‑
Fantine បានណែនាំខ្លួនឯងឲ្យអ្នកស្រី
Thénardier ស្គាល់ ។
“ស្រ្តីក្មេងនោះបាននិយាយថា ៖
- ខ្ញុំមានឈ្មោះថា Fantine ។
ខ្ញុំធ្លាប់ធ្វើការនៅប៉ារីស ប្តីខ្ញុំបានស្លាប់បាត់ទៅហើយ ហើយខ្ញុំ
ក៏បានបាត់បង់ការងារធ្វើដែរ ។ ”
("My name's
Fantine," the young woman said. I used to work in Paris , but my husband died and I lost my job.) ទំព័រ១០
-
Jean
valjean ណែនាំខ្លួនឯងឲ្យអ្នកស្រី Magloire និងកញ្ញា
Baptistine បានស្គាល់ ៖
“ជនចម្លែកបាននិយាយមុនគេថា ៖
-
ខ្ញុំមានឈ្មោះថា Jean Valjean ។
ខ្ញុំត្រូវបានជាប់ឃុំឃាំងក្នុងគុកអស់រយៈពេល ១៩ឆ្នាំ ។ពួកគេបានអនុញ្ញាតឲ្យខ្ញុំចេញពីមន្ទីរឃុំឃាំងរយៈពេល៤ថ្ងៃហើយ ។”
("My name is Jean Valjean" the stranger said before
anybody could speak. I've been in prison for nineteen years. They let me out
four days ago.) ទំព័រ៤
ខ.៩.
អន្តរវិធី
ជាវិធីដែលអ្នកនិពន្ធប្រើដើម្បីបញ្ចប់រឿង។
អ្នកនិពន្ធ Victor Hugo បានបញ្ចប់ស្នាដៃរឿងទុគ៌តជន ដោយធ្វើឲ្យតួអង្គឯកគឺ Jean Valjean ស្លាប់ជាមួយនឹងស្នាមញញឹមនៃសុភមង្គលរបស់ Cosette និង Marius ។
២. អត្ថរស
អត្ថរស គឺជាតម្លៃរបស់រឿង
ដែលអ្នកនិពន្ធបានបង្កប់នៅក្នុងដំណើររឿង ។ អត្ថរសនឹងត្រូវទាញចេញពីអត្ថន័យ
និងអត្ថរូបដែលយើងបានសិក្សាខាងលើរួចមកនេះ ។ អត្ថរស ត្រូវបានគេបែងចែកជាច្រើនផ្នែកដូចជា
កាព្យរស ប្រលោមរស នាដករស កុសលរស ទារុណរស នាដ្យរស វីររស ទស្សនីយរស សោភ័ណរស ហាសរស
តថរស សង្គមរស អច្ឆរិយរស វិសិដ្ឋរស ។ ល ។
ដូចនេះ តើរឿងទុគ៌តជនមានអត្ថរសយ៉ាងដូចម្តេចខ្លះ ?
បើផ្អែកទៅលើការសិក្សារឿងទុគ៌តជន
យើងឃើញថាអត្ថរសរឿងមានដូចតទៅ ៖
២.១. ប្រលោមរស
តម្លៃនេះស្ថិតក្នុងស្នាដៃប្រលោមលោកប្រភេទមនោសញ្ចេតនា
ព្រោះស្នាដៃប្រភេទនេះបានធ្វើឲ្យអ្នកអានរំភើបញាប់ញ័រ កើតនូវអារម្មណ៍សោកសៅ
ភាពទុក្ខព្រួយ សប្បាយជាមួយតួអង្គ ។ បើឆ្លងតាមការសិក្សារឿងទុគ៌តជនរួចមក
យើងឃើញថាអ្នកនិពន្ធ Hugo បានបង្ហាញពីដំណើរជីវិតដ៏សែនលំបាកវេទនា និងភាពអយុត្តិធម៌របស់លោក Jean Valjean ពោល
គឺគ្រាន់តែការលួចនំប៉័ងឈានទៅដល់ការជាប់គុកចំនួនប្រាំឆ្នាំ និងដប់បួនឆ្នាំទៀតចំពោះការព្យាយាមរត់គេចពីគុក ។ បើយើងពិចារណាទៅ ទោសលួចនំប៉័ងមិនគួរជាប់គុកដល់រាប់ឆ្នាំនោះទេ ។
ការលួចនំប៉័ងរបស់គាត់ទៀតសោត
ដើម្បីចំអែតក្រពះរបស់ក្មួយទាំងប្រាំពីរនាក់របស់បងស្រី ។ ដូចនេះ
មិនគួរអីច្បាប់ឥតត្រាប្រណីចំពោះជនក្រីក្របែបនេះសោះ ។ នៅពេលគាត់បានរួចចេញពីគុកមកវិញ
ជីវិតគាត់កាន់តែតែលតោលមិនមានក្តីសង្ឃឹម ព្រោះគ្រាន់តែគេឮឈ្មោះ Jean Valjean អ្នកណាក៏ខ្លាច
អ្នកណាក៏មិនចង់សេពគប់រាប់អានឡើយ ។ ពិសសអាកប្បកិរិយារបស់ម្ចាស់ផ្ទះសំណាក់
គ្រាន់តែអាហារមួយពេលក៏មិនព្រមចំអិនឲ្យដែរ ទោះបីជាមានប្រាក់ក៏ដោយ ។ មិនតែប៉ុណ្ណោះពេលវេលាកន្លងផុតទៅ ហើយជីវិតក្នុងគុកនេះហាក់បីដូចជាតាមយារយីជីវិតគាត់ឥតស្បើយ ដោយមានការឃ្លាំមើលចាំចាប់
កំហុសឆ្គងរបស់គាត់ពីសំណាក់លោកអធិការប៉ូលីស Javert ។ បន្ថែមលើនេះទៀត អ្នកនិពន្ធ Victor Hugo បានឆ្លុះបញ្ចាំងពីខ្សែជីវិត
ដ៏កំសត់របស់នាង Fantine និង Cosette ។ នាង Fantine បានលះបង់អ្វីគ្រប់យ៉ាងដើម្បី
កូន គ្រាន់តែទទួលដំណឹងពី អ្នកស្រី Thénardier ពីទុក្ខលំបាករបស់កូន នាងបានលះបង់ខ្លួនទាំងអស់ដូចជា
លក់សក់ លក់ ធ្មេញ រហូតដល់លក់ខ្លួនដើម្បីកូន ។ ប៉ុន្តែអ្វីគ្រប់យ៉ាងមិនដូចការគិតរបស់នាង
គ្មានប្រយោជន៍ណាមួយបានដល់នាង Cosette នោះទេ ។ ពោលគឺអ្វីៗគ្រប់យ៉ាងដែលនាងបានលះបង់ ត្រូវបានលេបត្របាក់ដោយក្រុមគ្រួសាររបស់
Thénardier ។ ចំពោះនាង Cosette វិញ ការរស់នៅជាមួយគ្រួសារនេះមិនដែលស្គាល់
សេចក្តីសុខម្តងណាឡើយ ។ នាងទទួលការធ្វើបាបជិះជាន់ឥតឈប់ឈរ និងធ្វើការងារផ្ទះគ្រប់យ៉ាង ។
ជីវិតកុមារភាពរបស់នាងមិនដែលទទួលបាននូវភាពកក់ក្តៅនោះទេខុសពីកូនស្រីរបស់ Thénardier គឺនាង Éponine និងនាង Azelma ។ ដូចនេះ
អ្នកនិពន្ធ Hugo បាននាំអារម្មណ៍អ្នកអានឲ្យមានចិត្តរំជើបរំជួលញាប់ញ័រ សោកសង្រេងជាមួយតួអង្គទាំងអស់នេះ
ពោលគឺមិនអស់ចិត្តនឹងការគាបសង្កត់ធ្វើបានដោយអយុត្តិធម៌។
ជាមួយគ្នានេះដែរ ដំណើររឿងនេះ ក៏បានធ្វើឲ្យអ្នកអានរំភើបញាប់ញ័រជាមួយនឹង ការសាងសងស្នេហាដំបូងរបស់ Marius និង Cosette ។ គ្រាដែលការដើរទៅមករបស់ Marius នៅចំពោះមុខនាង Cosette និង Jean Valjean ។ ការលបលួចមើលគ្នាទៅវិញទៅមករហូតអ្នកទាំងពីរបានជួបជុំគ្នា។
ដូចនេះ Victor Hugo បានសរសេរប្រលោមចិត្តអ្នកអានឲ្យលង់លក់នឹងសាច់
រឿងរបស់គាត់តាមរយៈការបង្កប់នូវប្រលោមរសនេះ គ្រាន់តែគាត់បង្កប់នូវជីវិតទុក្ខសោក
ច្រើនជាងជីវិតសុខសប្បាយ។
២.២. នាដករស
នាដករស ច្រើនស្ថិតនៅក្នុងស្នាដៃរឿងល្ខោន ដែលអ្នកនិពន្ធរៀបរាប់ពីដំណើររឿងឲ្យមានលក្ខណៈឯកភាពទាំងសកម្មភាព
ទីកន្លែង និងពេលវេលា ។ អ្នកនិពន្ធបានចាប់ផ្តើម និងបញ្ចប់រឿងនៅទីក្រុងប៉ារីស ហើយស្ថិតក្នុងអំឡុងពេលដែលមានការរើបម្រះពីវណ្ណៈ អធននិងការធ្វើបដិវត្ត ។ អ្នកនិពន្ធបានលាតត្រដាងសកម្មភាពរើបម្រះរបស់តួអង្គស្របពេល ដែលមានការជិះ
ជាន់ ពោលគឺបើមានការជិះជាន់ទីណា ទីនោះរមែងមានការរើបម្រះ ។
២.៣. កុសលរស
កុសលរស គឺជាតម្លៃមួយទាក់ទងនឹងការអប់រំ ដែលជួនកាលគេហៅថាឧបទេសរស ។
ក្នុងស្នាដៃរឿងទុគ៌តជន អ្នកនិពន្ធ Hugo បានបង្កប់នូវតម្លៃអប់រំសំខាន់ៗដូចជា ៖
- គោរពស្រលាញ់មនុស្ស ដោយមិនការរើសអើងវណ្ណៈ ដូចជាសកម្មភាពរបស់សង្ឃកាតូលិក Myriel ក្នុងការជួយសង្គ្រោះ Jean Valjean ដែលផ្ទុយពីម្ចាស់ផ្ទះសំណាក់មួយចំនួន ។ មួយវិញទៀត
ចំពោះលោក Gillenormand ដែលជាជីតារបស់ Marius ក៏ជាមនុស្សមានការប្រកាន់វណ្ណៈយ៉ាងលើសលប់នោះដែរ ។
ហេតុតែគាត់ជាអ្នកមានទំនោរទៅរករបបរាជានិយម គាត់មានការស្អប់ខ្ពើមចំពោះឪពុករបស់ Marius គឺលោក Pontmercy ដែលមាននិន្នាការទៅខាង សាធារណរដ្ឋ ។
នេះជាការរើសអើងខាងនយោបាយមួយដ៏ធ្ងន់ធ្ងរ ដែលអ្នកទាំងពីរមិនអាចរស់ នៅចុះសំរុងគ្នា ។
- ឲ្យមនុស្សប្រកាន់ខ្ជាប់សីលធម៌ជាចម្បង ។
អ្នកនិពន្ធបានទំលាក់កំហុសដល់ Jean Valjean គ្រប់បែបយ៉ាងស្ទើរគ្មាននរណាគោរពតាមបាន ។
ទោះជាយ៉ាងនេះក្តី ដំណើរជីវិតរបស់ Jean Valjean អ្នកនិពន្ធបានឲ្យតួអង្គនេះប្រកាន់ខ្ជាប់នូវសីលធម៌ជាឧត្តមគតិរបស់ខ្លួនរហូតក្លាយជាមនុស្សមានតម្លៃក្នុងសង្គម
ដូចជាករណីការចោទប្រកាន់របស់តុលាការទៅលើបុរសម្នាក់ជា Jean Valjean ។ Jean Valjean បានចេញសារភាពខ្លួនចំពោះមុខតុលាការ ។
ផ្ទុយពី Thénadier ជាមនុស្សខ្វះសីលធម៌រស់នៅ និងធ្វើការជិះជាន់ទៅលើកម្លាំងអ្នកដទៃ ដូចជាករណីនាង
Fantine បានជួលគាត់ចិញ្ចឹមកូនដោយមានប្រាក់ខែត្រឹមត្រូវ តែដោយអំណាចនៃសេចក្តីលោភលន់ គាត់បានបាត់បង់សីលធម៌ទាំងស្រុងដោយកេងប្រវ័ញ្ចកម្លាំង ញើសឈាមរបស់នាង Fantine បាត់បង់ជីវិត ។ បន្ថែមលើសនេះទៀត Thénadier បានធ្វើ បាបលើកុមារ Cosette ឥតត្រាប្រណី ។
- ឲ្យមនុស្សចេះជួយទុក្ខធុរៈគ្នាឥតមានការរើសអើង តួយ៉ាងការជួយរបស់ Myriel ចំពោះ Jean Valjean ការជួយយកអាសាររបស់ Jean Valjean ចំពោះនាង Fantine និង Cosette ។ មួយទៀត ទោះបីជាប៉ូលីស Javert ជាមនុស្សចាំចាប់កំហុស និងស្វែងរកខ្លួនគាត់ដាក់គុកក្តីក៏
Jean Valjean បានព្យាយាមជួយជីវិត Javert ឲ្យផុតពីមរណៈដែរ ។
- ចេះភ្ញាក់រលឹកដឹងកំហុសឆ្គងរបស់ខ្លួនដូចជា
ករណីលោក Jarvert លោក Marius លោក Thénadier តា Gillenormand ជាដើម ។
- ឲ្យមនុស្សមានការគោរពសិទ្ធិ បំបាត់នូវរបបមូលធននិយម ។
ការឆ្លុះបញ្ចាំងពី សកម្មភាពបដិវត្តរបស់ក្រុមនិស្សិតនិងប្រជាជន ។ បើប្រទេសមានការគោរពសិទ្ធិគ្នា
គោរពច្បាប់ត្រឹមត្រូវ មិនផ្តាច់ការ ជីវភាពប្រជាជនរស់នៅដោយសុខសប្បាយ នោះក៏គ្មានបដិវត្តន៍កើតឡើងនោះដែរ ។
តម្លៃអប់រំខាងលើនេះដែលអ្នកនិពន្ធ Hugo ចង់ផ្តល់ឲ្យអ្នកអាន ហើយតម្លៃទាំងនេះ
ទៀតសោត ជាតម្លៃសកលមួយដែលមនុស្សគ្រប់ជាតិសាសន៍រមែងចង់បាន។
២.៤. នាដ្យរស
នាដ្យរស គឺជាតម្លៃដែលលេចចេញពីទារុណកម្មក្នុងដំណើររឿង ដូចជាការប្រយុទ្ធ ព្យាបាទ
សងសឹកនិងធ្វើទុក្ខទោសដាក់ទណ្ឌកម្មយ៉ាងកាចសាហាវរហូតដល់បាត់ជីវិតនៃតួអង្គទន់ ខ្សោយដោយអយុត្តិធម៌ ។ អ្នកនិពន្ធ
Hugo បានបង្កប់នូវនាដ្យរសក្នុងរឿងទុគ៌តជន ដូចជាការ តស៊ូរើបម្រះរបស់តួអង្គ
Jean Valjean ប្រឆាំងនឹងសង្គមអយុត្តិធម៌
ការលះបង់របស់នាង Fantine រហូតនាងបានបាត់បង់ជីវិត ការតស៊ូធ្វើបដិវត្តន៍ដើម្បីលុបបំបាត់របបរាជានិយម និងវណ្ណៈមូលធន ។
រាល់សកម្មភាពរបស់តួអង្គបានរងនូវការគាបសង្កត់ ជិះជាន់ ទារុណគ្រប់បែបយ៉ាងរហូតមានការបាត់បង់ជីវិតទៀតផង ។
២.៥. វីររស
វីររស គឺជាតម្លៃដែលលេចចេញពីវីរសកម្មរបស់តួអង្គណាម្នាក់ ។ បើឆ្លងតាមរយៈការសិក្សារឿងទុគ៌តជន យើងឃើញថាសកម្មភាពរបស់លោក Jean Valjean លោក Pontmercy អាចចាត់ទុកថាជាវីរជនដែលជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយយកជាបទពិសោធន៍ ។
Jean Valjean ជាមនុស្សមានសន្តានចិត្តល្អនិងគុណធម៌ ។
សន្តានចិត្តល្អ ជាហេតុធ្វើឲ្យគាត់ជាប់គុកដូចករណីអាណិតស្រឡាញ់ក្មួយ
គាត់សុខចិត្តលួចនំប៉័ងគេ និងសកម្មភាពជួយបុរសដែលគេចោទថាជារូបគាត់ចំពោះមុខតុលាការ ។
ជាមួយគ្នានេះដែរ គាត់បានជួយនាង Fantine និង Cosette ។ គាត់បានចិញ្ចឹម Cosette តាំងតែពីក្មេងវ័យរហូតផ្សំផ្គុំនាងរៀបការជាមួយ
Marius ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានជួយ
Javert រួចពីក្តីស្លាប់ទោះបី Javert ជាអ្នកចាំចាប់ទោសទណ្ឌក៏ដោយ ។
ពិសេសនៅដង្ហើមចុងក្រោយទៅហើយគាត់បានរៀបចំសន្សំទ្រព្យដល់ Cosette ទាំងអស់ ទោះបីគាត់បានឃ្លាតឆ្ងាយពីនាងអស់រយៈពេលយូរក៏ដោយ ។
ចំពោះលោក Pontmercy បានតស៊ូជាមួយពួកសាធារណរដ្ឋដើម្បីផ្តួលរំលំរបបរាជានិយម ។
ការតស៊ូរបស់គាត់ឥតរួញរារហូតមិនចុះសម្រុងគ្នាជាមួយឪពុកក្មេកគឺ តា Gillenormand ដែលមានទំនោរទៅរករបបរាជានិយម ។
គាត់បានពលីកម្មជីវិតនៅក្នុងសង្គ្រាម ។ សកម្មភាពតួអង្គទាំងពីរនេះ ឆ្លុះបញ្ចាំងពីវីររសដែលអ្នកនិពន្ធចង់បង្ហាញដល់អ្នកអាន ។
២.៦. តថរស
តថរស គឺជាតម្លៃដែលទាញចេញបានតាមរយៈការឆ្លុះបញ្ចាំងតថភាពនៅក្នុងស្នាដៃអក្សរសិល្ប៍សិល្បៈ ។ ដំណើររឿងនេះ បានពន្លេចឲ្យឃើញពីតម្លៃតថៈមួយនាសម័យមុនបដិវត្តន៍ អំឡុងពេលបដិវត្ត និងក្រោយពេលបដិវត្តន៍បារាំង ។ លោក Hugo បានរំលេចចេញនូវជីវភាព
រស់នៅរបស់ប្រជាជនស្ទើរគ្រប់មជ្ឈដ្ឋានដូចជា មជ្ឈដ្ឋានកម្មករ កសិករ ក្រីក្រ និងអ្នករស់នៅក្នុងមន្ទីរឃុំឃាំង។
ជាពិសេសទៅទៀត លោក Hugo បានយកដំណើរជីវិតពិតរបស់លោក Pierre Maurine ជាកសិករកាប់ឈើជាប់គុកដោយសារតែនំប៉័ងមួយដុំ និងជីវិតពិតនាង Fantine ជាកម្មកររោងចក្រកែវ ។
ចំពោះឈ្មោះលោក Pierre Maurine បានប្តូរមកជា Jean Valjean ចំណែកឈ្មោះនាង Fantine រក្សាទុកនៅដដែល ។
បន្ថែមលើសនេះទៀត លោក Hugo បានបញ្ចូលនូវព្រឹត្តិការណ៍សង្គមសំខាន់ៗចូលទៅក្នុងសាច់រឿងរបស់គាត់
ជាពិសេសព្រឹត្តិការណ៍ បដិវត្តបារាំង ។ ទាំងអស់នេះជាតម្លៃតថៈមួយធ្វើឲ្យរឿងទុគ៌តជនមានតម្លៃរហូតមកដល់សព្វថ្ងៃ ។
២.៧. សង្គមរស
សង្គមរស គឺជាតម្លៃដែលលេចចេញមកពីដំណើររឿងដែលបានលាតត្រដាងអំពីសង្គមមនុស្សនៅក្នុងស្នាដៃអក្សរសិល្ប៍ដែលមានលក្ខណៈជាសង្គមមនុស្សពិត ។ ជាការពិតណាស់ រឿង ទុគ៌តជន ជារឿងមួយបានឆ្លុះបញ្ចាំងពីសង្គមបារាំងនាសម័យបដិវត្តបានយ៉ាងស៊ីជម្រៅ ។ លោក Hugo បានយកបញ្ហានានាដែលកើតមាននៅក្នុងសង្គមនេះមកលាតត្រដាងក្នុងសាច់រឿងប្រកបដោយគំនិតរិះគន់ និងស្ថាបនាសង្គមបារាំង ។ បញ្ហាចម្បងៗទាំងនោះរួមមាន បញ្ហាសាសនា បញ្ហានយោបាយ បញ្ហាជីវភាពរស់នៅរបស់ប្រជាជនបារាំង និងបញ្ហាវណ្ណៈក្នុងសង្គម ។ ការច្របាច់បញ្ចូលបញ្ហាសង្គមទាំងអស់នេះទើបរឿងទុគ៌តជន បានបង្កប់នូវតម្លៃផ្នែកសង្គមយ៉ាងវិសេស។
0 comments:
Post a Comment